The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បឹង​ព្រលឹត កាន់​តែ​ក្លាយ​ជា​តំបន់​មាន​សក្តានុពល

បឹង​ព្រលឹត កាន់​តែ​ក្លាយ​ជា​តំបន់​មាន​សក្តានុពល

បឹង​ព្រលឹត កាន់​តែ​ក្លាយ​ជា​តំបន់​មាន​សក្តានុពល

131121_02
ការិយាល័យជួល ភ្នំពេញ ថោវើរ ដែលស្ថិតក្នុងសង្កាត់បឹងព្រលឹត ហុង មិនា

ភ្នំពេញៈ ភាព​អំណោយផល​នៃ​ទីតាំង​ដោយ​សារ​មាន​មហាវិថី​ធំៗ​នៅ​ព័ទ្ធ​ជុំវិញ និង​មាន​សេវាកម្ម​ចម្រុះ​បាន​ធ្វើ​ឲ្យ​សង្កាត់ បឹង​ព្រលឹត ប្រែ​ក្លាយ​ខ្លួន​បន្តិច​ម្តងៗ​ទៅ​ជា​កន្លែង​រស់​នៅ​ដ៏​ពេញ​និយម​មួយ​នៅ​រាជធានី​ភ្នំពេញ។

ការ​លេច​ឡើង​ជា​បន្ត​បន្ទាប់​របស់​អគារ​ខ្ពស់ៗ​មួយ​ចំនួន​ដូចជា អគារ​ការិយាល័យ​ជួល ភ្នំពេញ ថោវើរ និង​សំណង់​ជាច្រើន​ទៀត​បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ចាប់​ផ្តើម​បែរ​ភ្នែក​ឆ្ពោះ​ទៅ​កាន់​ទី​នោះ។

លោក ស៊ា ឆៃលីន នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ ស៊ីអិល រៀលធី បាន​ប្រាប់​ថា បច្ចុប្បន្ន​សង្កាត់ បឹង​ព្រលឹត កំពុង​ក្លាយ​ជា​កន្លែង​ស្នាក់នៅ​ដ៏​ពេញ​និយម​មួយ​នៅ​រាជធានី​ភ្នំពេញ។ លោក​បន្ត​ថា សំណង់​ថ្មីៗ​ជាច្រើន​កំពុង​បង្ហាញ​រូបរាង​នៅ​ទី​នោះ​ពិសេស​កន្លែង​ស្នាក់នៅ​ដូចជា អាផាតមិន សណ្ឋាគារ និង​ផ្ទះ​សំណាក់​ជាដើម។

លោក ឆៃលីន មាន​ថ្លែង​ថា៖ «ពី​មុន​មក​មនុស្ស​ភាគ​ច្រើន​មិន​សូវ​ចាប់​អារម្មណ៍​ចំពោះ​ដីធ្លី និង​អចលន​ទ្រព្យ នៅ​ទីនោះ​ទេ ប៉ុន្តែ​នៅ​ពេល​គេ​មាន​បំណង​ចង់​ទិញ​ដី ឬ​អចលន​ទ្រព្យ​នៅ​ទី​នោះ​ទើប​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ដី​នៅ​ក្នុង​សង្កាត់ បឹង​ព្រលឹត នា​ពេល​នេះ​មាន​តម្លៃ​មិន​ចាញ់​នៅ​សង្កាត់ បឹងកេងកង ទេ។ ដី​នៅ​ទីនោះ ១ ម៉ែត្រ​ការ៉េ អាច​មាន​តម្លៃ​ដល់ ៤៥០០ ដុល្លារ»។

លោក សន សៀប ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន ឃី រៀល​អេស្ទេត បាន​ប្រាប់​ថា ការ​ពិបាក​ស្វែង​រក​ដី នៅ​សង្កាត់ បឹងកេងកង ១ បាន​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​មួយ​ចំនួន​សម្លឹង​ឆ្ពោះ​ទៅ​រក​ដី​ក្នុង​សង្កាត់ បឹង​ព្រលឹត វិញ ព្រោះ​ដីធ្លី និង​ស្ថានភាព​អចលន​ទ្រព្យ​នៅ​សង្កាត់​ទាំង ២ អាច​មាន​សភាព​ប្រហាក់​ប្រហែល​គ្នា។

ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន ខាង​លើ​បាន​បញ្ជាក់​ថា៖ «ដី​ក្នុង​សង្កាត់ បឹង​ព្រលឹត ពិត​ជា​ល្អ មិន​ចាញ់​សង្កាត់ បឹងកេងកង ១ ឡើយ ហើយ​នៅ​ពេល​នេះ​ការ​សាងសង់​អគារ​សម្រាប់​បម្រើ​ដល់​ការ​ស្នាក់នៅ​ក៏​មាន​កាន់​តែ​ច្រើន​ផង​ដែរ»។

លោក ឌឹត ចណ្ណា ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ វីអឹមស៊ី បាន​ថ្លែង​ថា ដី​នៅ​សង្កាត់ បឹងព្រលឹត ពិត​ជា​មាន​សក្តានុពល ព្រោះ​វា​ស្ថិត​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ ព្រម​ទាំង​មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ខ្វាត់​ខ្វែង​ទៀត​ផង។ ស្ថានភាព​ដី​ទី​នោះ​មាន​កម្ពស់​ខ្ពស់​មិន​សូវ​មាន​បញ្ហា​ទឹក​លិច​ទេ ជា​ពិសេស​នៅ​ទី​នោះ​មាន​ទីតាំង​នៅ​ជិត​ផ្សារ​ធំៗ​ចំនួន ២ គឺ​ផ្សារ អូរឫស្សី និង​ផ្សារ អូឡាំពិក។ លោក​បាន​ប្រាប់​ទៀត​ថា ដី​នៅ​តំបន់​ខាង​ក្នុង​សង្កាត់ បឹង​ព្រលឹត អាច​មាន​តម្លៃ​ចាប់​ពី ២០០០ ទៅ ៣០០០ ដុល្លារ​ក្នុង ១ ម៉ែត្រ​ការ៉េ។

លោក​អះអាង​ថា៖ «ដី និង​អចលន​ទ្រព្យ​នៅ បឹង​ព្រលឹត នា​ពេល​នេះ​មាន​តម្លៃ​មិន​ចាញ់​តំបន់ បឹងកេងកង ១ ទេ បើ​ទោះ​បី​ជា​នៅ​ទី​នោះ​គេ​ពិបាក​រក​ដី​ដែល​មាន​ទំហំ​ធំ​ក៏​ដោយ»។ លោក​បន្ត​ថា៖ «នា​ពេល​ខាង​មុខ​ឆាប់ៗ​នេះ​ខ្ញុំ​គិត​ថា អចលន​ទ្រព្យ​នៅ បឹង​ព្រលឹត និង​កាន់​តែ​អាច​ទាក់​ទាញ»។

លោក វ៉ន ចាន់ថន ប្រធាន​ក្រុមហ៊ុន ថោន ស៊ីធី រៀលអេស្ទេត បាន​អះអាង​ថា ស្ថានភាព​ដី​នៅ​សង្កាត់ បឹង​ព្រលឹត ពិត​ជា​ល្អ ប៉ុន្តែ​ទំហំ​ដី​ពេល​ខ្លះ​បាន​ក្លាយ​ទៅ​ជា​ឧបសគ្គ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​វិនិយោគ​សាង​សង់​អគារ​ធំៗ និង​ខ្ពស់។

លោក ចាន់ថន បាន​ថ្លែង​ថា៖ «ដី​នៅ​សង្កាត់ បឹង​ព្រលឹត ភាគ​ច្រើន​ជា​ដីឡូត៍​ដែល​មាន​ទំហំ​តូចៗ និង​ផ្ទះ​ល្វែង ដែល​បញ្ហា​ទាំង​នេះ​បាន​ជះ​ឥទ្ធិពល​សម្រាប់​គម្រោង​អភិវឌ្ឍន៍​អគារ​ធំៗ»។

តាម​ការ​ស្រាវជ្រាវ​ថ្មីៗ​របស់​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល បាន​រក​ឃើញ​ថា ដី​ក្នុង​សង្កាត់ បឹង​ព្រលឹត ដែល​នៅ​ជាប់​មហាវិថី ព្រះ​មុនីវង្ស​ក្នុង ១ ម៉ែត្រ​ការ៉េ អាច​មាន​តម្លៃ​ចន្លោះ​ពី ៣៧០០ ទៅ ៤៧០០០ ដុល្លារ ខណៈ​ដី​ដែល​ស្ថិត​នៅ​បណ្តោយ​មហា​វិថី ព្រះ​សីហនុ មាន​តម្លៃ​ចាប់​ពី ៣៥០០ ទៅ ៤៥០០ ដុល្លារ​អាមេរិក ក្នុង ១ ម៉ែត្រ​ការ៉េ៕

អត្ថបទគួរចាប់អារម្មណ៍