The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - បុរី គជ់អាស៊ី ដំណើរការ​បាន ៣០ ភាគរយ

បុរី គជ់អាស៊ី ដំណើរការ​បាន ៣០ ភាគរយ

បុរី គជ់អាស៊ី ដំណើរការ​បាន ៣០ ភាគរយ

131003_02
ផ្ទះល្វែងក្នុងបុរីគជ់អាស៊ី ដំណាក់កាលទី១ដែលបញ្ចប់ការសាងសង់១០០ភាគរយ សហការី

ភ្នំពេញៈ គម្រោង​សាង​សង់​បុរី គជ់អាស៊ី ដែល​គ្រោង​ចំណាយ​ថវិកា​ជាច្រើន​រយ​លាន​ដុល្លារ នោះ នៅ​ពេល​នេះ​ការ​សាង​សង់​សម្រច​បាន​ប្រហែល ៣០ ភាគរយ​ហើយ។

លោក ទូស សាភឿន ប្រធាន​គ្រប់​គ្រង​នៃ​គម្រោង​បុរី គជ់អាស៊ី បាន​និយាយ​ថា គម្រោង​អភិវឌ្ឍន៍​បុរី គជ់​អាស៊ី គឺជា​គម្រោង​ដ៏​ល្អ និង​ធំ​មួយ​នៅ​ខេត្ត​ជាប់​មាត់​សមុទ្រ​ប្រទេស​កម្ពុជា។

លោក​ប្រាប់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ​ការ​សាង​សង់​ក្នុង​ដំណាក់​កាល ទី១ (មាន​ទាំង​អស់ ៦ ដំណាក់កាល) ដែល​មាន​ផ្សារ​ទំនើប ផ្ទះ​ល្វែង វីឡា ប្រព័ន្ធ​ផ្លូវ​ថ្នល់ និង​សួនច្បារ បាន​បញ្ចប់ ១០០ ភាគរយ​ហើយ ខណៈ​ការ​សាង​សង់​ដំណាក់កាល ទី២ ដែល​មាន​ផ្ទះ​ល្វែង វីឡា និង​សណ្ឋាគារ កម្ពស់ ១៧ ជាន់ បាន​បញ្ចប់​ប្រហែល ៨០ ភាគរយ។

លោក​បាន​អះអាង​ថា៖ «បុរី​នេះ​ជា​គម្រោង​ល្អ​បំផុត​នៅ​កម្ពុជា ដែល​អាច​យក​ទៅ​ប្រកួត​ប្រជែង​នៅ​ក្នុង​ទ្វីប​អាស៊ី​នៅ​ពេល​អនាគត​បាន​ពីព្រោះ​ការ​សាង​សង់​នេះ​យើង​ផ្តោត​ជា​សំខាន់​ទៅ​លើ​គុណភាព និង​សោភណភាព»។ លោក​បន្ត​ថា៖ «គម្រោង​នេះ​មាន​លក្ខណៈ​ល្អ​មួយ​ចំនួន​ដូចជា ហេដ្ឋា​រចនា​សម្ព័ន្ធ និង​គុណភាព​សំណង់ បរិស្ថាន​ល្អ​បរិសុទ្ធ មាន​សុវត្ថិភាព និង​មាន​ទីតាំង​នៅ​ជាប់​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង ព្រះ​សីហនុ ទៀត​ផង»។

គម្រោង​បុរី គជ់អាស៊ី សាង​សង់​លើ​ផ្ទៃ​ដី ៦២ ហិកតា និង​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់ មិត្តភាព ក្រុង ព្រះសីហនុ ដែល​ជា​ចំណុច​កណ្តាល​នៃ​ឆ្នេរ​ចំនួន​បី​គឺ ឆ្នេរ សុខា ឆ្នេរ ឯករាជ្យ និង​ឆ្នេរ អូឈើទាល។ លក្ខណ​ពិសេស​របស់​គម្រោង​អភិវឌ្ឍន៍​បុរី គជ់​អាស៊ី គឺ​មាន​ផ្សារ​ទំនើប​ដ៏​ប្រណីត​មួយ​ដែល​មាន​ទំហំ ១២០ ម៉ែត្រ x ៨០ មែត្រ មាន​ដំបូល​ខាង​លើ​អាច​បញ្ជា​បើក​បិទ​បាន។ ផ្សារ​ទំនើប​នេះ​មាន​ចំនួន ២ ជាន់ ក្នុង​មួយ​ជាន់​មាន​តូប​ប្រហែល ៥០០ និង​នៅ​តំបន់​ជុំវិញ​ផ្សារ​មាន​ចំណត​រថយន្ត​ដ៏​ធំ​ដែល​អាច​ចត​រថយន្ត​បាន ចំនួន ២០០០ គ្រឿង។

លោក សាភឿន បាន​ប្រាប់​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ​វីឡា​ដែល​សង់​ក្នុង​ដំណាក់កាល ទី១ លក់​អស់ ១០០ ភាគរយ ហើយ រីឯ​ផ្ទះ​ល្វែង​អស់ ៤០ ភាគរយ ខណៈ​ផ្ទះ​ល្វែង ដំណាក់កាល ទី២ លក់​អស់ ១៥ ភាគរយ និង​វីឡា​លក់​បាន​អស់​ជាង ៣០ ភាគរយ។ ដោយ​ឡែក​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ដែល​មាន​ចំនួន ១៧ ជាន់ ពេល​នេះ​ការ​សាង​សង់​បាន​ចំនួន ៣ ជាន់​ហើយ។

ប្រធាន​គ្រប់​គ្រង​គម្រោង​ខាង​លើ​បញ្ជាក់​ថា៖ «ការ​អភិវឌ្ឍ​បុរី​នេះ​យើង​ធ្វើ​តាម​ជំហានៗ​ស្រប​នឹង ការ​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​នៅ​កម្ពុជា ដោយ​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៥ ខាង​មុខ»។

ផ្ទះ ល្វែង​កម្ពស់ ៣ ជាន់ ក្នុង​បុរី​នេះ​មាន​តម្លៃ​ចាប់​ពី​ជាង ១៣-១៥ ម៉ឺន​ដុល្លារ និង​វីឡា​មាន​តម្លៃ​ចាប់​ពី ២០-៣០ ម៉ឺន​ដុល្លារ​អាមេរិក។

លោក គុយ វ៉ាត អគ្គ​នាយក​ក្រុមហ៊ុន​អចលន​ទ្រព្យ VTrust Group មាន​ប្រសាសន៍​ថា ទាល់​តែ​ស្ថានភាព​អចលន​ទ្រព្យ​នៅ​រាជធានី​ភ្នំពេញ​ល្អ​ខ្លាំង ទើប​នៅ​តាម​បណ្តា​ខេត្ត​នានា​ក៏​ដូច​ជា​ខេត្ត ព្រះ​សីហនុ មាន​សន្ទុះ​កើន​ឡើង តែ​រហូត​មក​ដល់​ពេល​នេះ​ស្ថានភាព​អចលន​ទ្រព្យ​នៅ​តាម​បណ្តា​ខេត្ត​នានា មិន​ទាន់​មាន​សញ្ញា​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ។

លោក នួន រិទ្ធី ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បាន​និយាយ​ថា ការ​អភិវឌ្ឍ​លំនៅឋាន​នៅ​ខេត្ត ព្រះសីហនុ មិន​សូវ​ទទួល​បាន​ជោគជ័យ​នោះ​ទេ ព្រោះ​ការ​ផ្គត់​ផ្គង់​លើស​តម្រូវការ តែ​សម្រាប់​អគារ​ពាណិជ្ជកម្ម​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទេ។ លោក​បន្ត​ថា មាន​អ្នក​វិនិយោគ​ទិញ​ដីធ្លី​នៅ​ទី​នោះ​ច្រើន​ប៉ុន្តែ​អ្នក​ចាប់​អារម្មណ៍​ចង់​ទៅ​រស់​នៅ​ទី​នោះ​ហាក់​មាន​កម្រិត ព្រោះ​ខេត្ត ព្រះសីហនុ ជា​តំបន់​ទេសចរណ៍ ដូច្នេះ​ការ​វិនិយោគ​លើ​លំនៅឋាន​ហាក់​មិន​សូវ​ជោគជ័យ តែ​បើ​ធ្វើ​ជា​បឹង ហ្កាឡូ ឬ​វីឡា​លម្ហែ​ដូចជា បុរី BS គឺ​ទទួល​បាន​ការ​ចាប់​អារម្មណ៍ និង​ទទួល​ជោគជ័យ​ច្រើន៕

អត្ថបទគួរចាប់អារម្មណ៍