The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពន្ធដារ​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​បុរី ផ្ទះ​ល្វែង វីឡា ឬ​អគារ​សម្រាប់​លក់ ធ្វើ​ការ​បង់​ពន្ធ

ពន្ធដារ​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​បុរី ផ្ទះ​ល្វែង វីឡា ឬ​អគារ​សម្រាប់​លក់ ធ្វើ​ការ​បង់​ពន្ធ

ពន្ធដារ​តម្រូវ​ឲ្យ​ម្ចាស់​សំណង់​បុរី ផ្ទះ​ល្វែង វីឡា ឬ​អគារ​សម្រាប់​លក់ ធ្វើ​ការ​បង់​ពន្ធ

131017_16
ជារៀងរាល់ថ្ងៃមានសំណង់ថ្មីៗជាច្រើនបានកើតឡើងនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ហុង មិនា

ភ្នំពេញៈ ដោយ​ឃើញ​ពី​ភាព​យឺត​យ៉ាវ ការ​មិន​គោរព​ច្បាប់ និង​ភាព​អសកម្ម​មួយ​ចំនួន​របស់​ក្រុមហ៊ុន និង​ម្ចាស់​សំណង់​បុរី ផ្ទះ​ល្វែង វីឡា ឬ​អគារ​សម្រាប់​លក់ កំពុង​កើត​មាន​កាន់​តែ​ច្រើន​នោះ អគ្គ​នាយកដ្ឋាន​ពន្ធដារ កាល​ពី​ថ្ងៃ ទី៩ ខែ តុលា កន្លង​មក បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ដល់​ម្ចាស់​សំណង់​បុរី វីឡា ឬ​អគារ​សម្រាប់​លក់​ទាំង​អស់​ទាក់​ទង​នឹង​ការ​បង់​ពន្ធ។ ខ្លឹមសារ​នៃ​សេចក្តី​ជូន​ដំណឹង​មាន​ដូច​ខាង​ក្រោម៖

អនុលោម​តាម​ស្មារតី​អង្គ​ប្រជុំ ថ្ងៃ ទី២៩ ខែ ឧសភា ឆ្នាំ ២០១៣ ជាមួយ​ម្ចាស់ សំណង់​បុរី ផ្ទះ​ល្វែង វីឡា ឬ​អគារ និង​ចំណារ​ឯកភាព​របស់​ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចុះ​ថ្ងៃ ទី៣១ ខែ កក្កដា ឆ្នាំ ២០១៣ លើ​លិខិត​លេខ ១១២៦ អពដ ចុះថ្ងៃ ទី២៤ ខែ មិថុនា ឆ្នាំ ២០១៣ របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ អគ្គ​នាយកដ្ឋាន​ពន្ធដារ​សូម​ជម្រាប​ជូន​ដំណឹង​ដល់​ម្ចាស់​សំណង់​បុរី ផ្ទះ​វីឡា ឬ​អគារ​សម្រាប់​លក់​ទាំង​អស់ ដូច​ខាង​ក្រោម៖

១-ម្ចាស់ សំណង់​ដែល​បាន​បើក​ការដ្ឋាន​សាង​សង់ និង​លក់​ចាប់​ពី​ថ្ងៃ ទី២៩ ខែ ឧសភា ឆ្នាំ ២០១៣ ត្រូវ​ទិញ​គ្រឿង​សំណង់​ពី​អ្នក​ជាប់​ពន្ធ​តាម​របប​ស្វ័យ​ប្រកាស (របប​ពិត) ដើម្បី​ទទួល​បាន​ឥណទាន​លើ​អាករ​ធាតុ​ចូល សម្រាប់​កាត់​កង​ជាមួយ​អាករ​លើ​ធាតុ ចេញ​នៅ​ពេល​លក់​ចេញ។

២-ការ​សាង​សង់​ផ្ទះ​ល្វែង វីឡា ឬ​អគារ​សម្រាប់​លក់​ទាំង​អស់ ត្រូវ​បូក​បន្ថែម​អាករ​លើ​តម្លៃ​បន្ថែម ១០ ភាគរយ លើ​តម្លៃ​សំណង់ តាម​មាត្រា ៦៤ នៃ​ច្បាប់​ស្តីពី​សារពើពន្ធ និង​បូក​បន្ថែម​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់​ចំណេញ ១ ភាគរយ លើ​តម្លៃ​សំណង់ និង​ដី​តាម​មាត្រា ២៨ នៃ​ច្បាប់​សារពើពន្ធ។ ទន្ទឹម​នឹង​នេះ ម្ចាស់​សំណង់​ក៏​មាន​កាតព្វកិច្ច​បង់​ប្រភេទ​ពន្ធ​ផ្សេងៗ​ទៀត តាម​ច្បាប់​ជា​ធរមាន​ផង​ដែរ។

តាម​រយៈ​សេចក្តី​ជូន​ដំណឹង​ខាង​លើ អគ្គ​នាយកដ្ឋាន​ពន្ធដារ​បាន​ធ្វើ​ការ​ព្រមាន​ថា ករណី​ម្ចាស់​សំណង់​មិន​អនុវត្ត​តាម​សេចក្តី​ជូន​ដំណឹង​ខាង​លើ​នេះ​នឹង​ទទួល​រង​ការ​កំណត់​ពន្ធ​ឡើង​វិញ ស្រប​តាម​មាត្រា ១១៦ មាត្រា ១១៧ រួម​ទាំង​ទោសទណ្ឌ​តាម​មាត្រា ១២៨ មាត្រា ១៣០ មាត្រា ១៣១ មាត្រា ១៣២ និង​មាត្រា ១៣៣ នៃ​ច្បាប់​សារពើពន្ធ។

ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច និង​កំណើន​ប្រជាជន បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​កន្លែង​ស្នាក់នៅ​កើន​ឡើង​យ៉ាង​ច្រើន​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ជាក់ស្តែង​តាម​ការ​សិក្សា​កាល​ពី​ដើម​ឆ្នាំ ២០១៣ កន្លង​មក​បាន​រក​ឃើញ​ថា នៅ​កម្ពុជា​ក្នុង ១ ឆ្នាំ​មាន​តម្រូវ​ការ​លំនៅឋាន​ថ្មី​ចន្លោះ​ពី ១០-២០ ម៉ឺន​ខ្នង៕

អត្ថបទគួរចាប់អារម្មណ៍