ខែមករា
លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល ជាប់ឆ្នោតជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បន្ទាប់ពីលោក ស៊ឹង ប៊ុណ្ណា។ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៨។
ក្រុមហ៊ុនវិនិយោគវិស័យ សំណង់និងសិក្សាគម្រោងប្លង់ ចុះបញ្ជីប្រកបអាជីវកម្មនៅកម្ពុជាចាប់ពីឆ្នាំ២០០០ដល់ចុង ឆ្នាំ២០១២ មានចំនួន១២០៥។
តម្រូវការការិយាល័យជួលក្នុងរាជធានីភ្នំពេញនៅដំណាច់ឆ្នាំ២០១២ បានកើនឡើង១០ទៅ១៥ភាគរយ។
ទុនវិនិយោគវិស័យសំណង់នៅកម្ពុជា ក្នុងឆ្នាំ២០១២ បានកើនជិត៧២ភាគរយ បើធៀបនឹងឆ្នាំ២០១១ នេះបើតាមទិន្នន័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។
ការសិក្សាបង្ហាញថាចំនួនជនបរទេសទិញខុនដូនៅកម្ពុជា បានកើនចន្លោះពី៣០-៤០ភាគរយនៅក្នុងឆ្នាំ២០១២ បើធៀបនឹងឆ្នាំ២០១១ ហើយបើគិតដល់ដើមឆ្នាំ២០១៣នេះ ពួកគេក្លាយជាម្ចាស់កម្មសិទ្ធិលើខុនដូចំនួន៩៩៧យូនីត។
ខែកុម្ភៈ
តម្លៃ ដីធ្លីក្នុងរាជធានីភ្នំពេញ តាមមហាវិថីចំនួន៤(ព្រះមុនីវង្ស ព្រះនរោត្តម ម៉ៅសេទុង និងសហព័ន្ធរុស្ស៊ី)ដើមឆ្នាំ២០១៣នេះបានកើនឡើង១៦ភាគរយ ខណៈតម្រូវការកើនប្រហែល២០ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។
តម្លៃដីតាមតិរវិថីព្រះស៊ីសុវត្ថិ នៅដើមឆ្នាំ២០១៣ នេះមានសន្ទុះកើនឡើង១២ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។
តាមការសិក្សា របស់ក្រុមហ៊ុន អេស៊ា រៀលអេស្ទេត រកឃើញថា សង្កាត់ទួលទំពូង និងផ្សារដើមផ្កូវ មានអាផាតមិនសរុប៣១ ស្មើ៥៧០យូនីត ក្នុងនោះ២២គម្រោងកំពុងដំណើរការ ស្មើ៣៣៩យូនីត និង៩ទៀតកំពុងសាងសង់។
ខែមីនា
តម្លៃដីធ្លីនៅក្រុងបាវិត មានសភាពទ្រឹង បើទោះបីដើមឆ្នាំ២០១៣ នេះសកម្មភាពទិញលក់កើនឡើងក៏ដោយ។
ទីក្រុង រណប ខេមកូស៊ីធី បានចាប់ផ្តើមបើកទំព័រថ្មីរបស់ខ្លួនជាបន្តទៀត បន្ទាប់ពីបានផ្អាកសកម្មភាពមួយរយៈ បើទោះបីជាមានវិវាទមួយចំនួនមិនទាន់ដោះស្រាយចប់ក៏ដោយ។
តម្លៃដីធ្លីនៅខេត្តព្រះសីហនុបានកើនឡើងរង្វង់ពី៥ទៅ១០ភាគរយតែប៉ុណ្ណោះនាដើមឆ្នាំ២០១៣នេះ។
តម្លៃលំនៅឋាននៅរាជធានីភ្នំពេញ មានកំណើនចន្លោះពី១០ទៅ២០ភាគរយ នៅដើមឆ្នាំ២០១៣។
ការ សិក្សាមួយបានរកឃើញថា បើទោះបីជាចំនួនខុនដូ និងអាផាតមិន ក្នុងខណ្ឌចំការមន មានរហូតដល់៣៦កន្លែងរួចក៏ដោយ ក៏តំបន់នេះនៅតែមានសក្តានុពលខ្ពស់ដដែល។
អគារលំនៅឋានថ្មីបំផុត មួយឈ្មោះថា Galaxy ដែលមានទីតាំងនៅតាមផ្លូវជាតិលេខ៦ក្នុងតំបន់ជ្រោយចង្វារ បានចាប់ផ្តើមបើកលក់ជាផ្លូវការ។
ខែមេសា
ក្រុមអ្នកជំនាញផ្នែកអចលនទ្រព្យបាននិយាយថា តម្រូវការឃ្លាំងជួលនាដើមឆ្នាំ២០១៣ មានកំណើនចន្លោះពី១០ទៅ២០ភាគរយ។
តម្លៃ ដីធ្លី និងលំនៅឋាននៅក្រុងបាត់ដំបងមានកំណើនតិចតួចក្នុងឆ្នាំនេះ បើទោះបីជាខេត្តនេះពោរពេញទៅដោយសក្តានុពលផ្នែកកសិកម្មក៏ដោយ។
ពិព័រណ៍អចលនទ្រព្យនិងសំណង់កម្ពុជា លើកទី១ ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៨-១០ ខែមេសា ដោយមានក្រុមហ៊ុនមកពីប្រទេសចំនួន៣០ និងមានស្តង់ចំនួន១៣០។
អគារការិយាល័យនៅកម្ពុជាមានកំណើនទ្វេដងនៅក្នុងត្រីមាសទី១ឆ្នាំ ២០១៣ បើធៀបជាមួយត្រីមាសទី១ កាលពីឆ្នាំ២០១២កន្លងមក។
ជនបរទេសប្រមាណ១០០នាក់បានទិញលំនៅឋានស្នាក់នៅកម្ពុជា ក្នុងត្រីមាសទី១ នាឆ្នាំ២០១៣ ដែលធ្វើឲ្យចំនួនលំនៅឋានគ្រប់គ្រងដោយជនបរទេសនៅកម្ពុជា បានកើនពី៩៩៧យូនីត កាលពីដំណាច់ឆ្នាំ២០១២ មកដល់ប្រមាណ១១០០យូនីត។
ចំនួនប្រជាជនខ្មែរដែលបានទទួលប្រាក់ កម្ចីសម្រាប់ទិញលំនៅឋាន បានកើនរៀងរាល់ឆ្នាំ។ ទិន្នន័យពីធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ចំនួនផលប័ត្រឥណទានសរុបបានកើនពីចំនួន១២០លានដុល្លារ កាលពីឆ្នាំ២០១០ ឡើងដល់២៧៤លានដុល្លារ ក្នុងឆ្នាំ២០១១ ខណៈនៅឆ្នាំ២០១២ ផលប័ត្រឥណទានទិញផ្ទះសរុបមាន៣៣០ លានដុល្លារ។ ទំហំនេះគឺកើនឡើងប្រមាណ២០ភាគរយបើធៀបនឹងឆ្នាំ២០១១។
អ្នក ជំនាញអចលនទ្រព្យបាននិយាយថា ក្នុងត្រីមាសទី១ដើមឆ្នាំ២០១៣ តម្លៃដីនៅរាជធានីភ្នំពេញ ពិសេសតាមផ្លូវធំបានកើនឡើងពី៥ទៅ១០ភាគរយ។
ខែឧសភា
អគារ ខ្ពស់កប់ពពកតម្លៃជាង៧០០លានដុល្លារ ស្ថិតនៅក្នុងគម្រោង Riviera បាននិងកំពុងបន្តសកម្មភាពបុកគ្រឹះទៅតាមផែនការដែលបានគ្រោងទុក។
ម្ចាស់សិប្បកម្មផលិតឥដ្ឋមួយចំនួន បានថ្លែងថា តម្លៃឥដ្ឋក្នុងត្រីមាសទី១ឆ្នាំនេះបានធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។
គម្រោងសាងសង់ អគារខ្ពស់ Diamond Tower ដែលមានកម្ពស់៥៥៥ម៉ែត្រ នៅកោះពេជ្រ នឹងមិនផ្លាស់ប្តូរទេ ខណៈពេលនេះក្រុមវិស្វករជំនាញមកពីប្រទេសចិន និងវៀតណាម កំពុងសិក្សាច្រាំងទន្លេ។
ដីនៅតំបន់ជ្រោយចង្វារ និងតាមបណ្តោយផ្លូវជាតិលេខ៦កំពុងទទួលការចាប់អារម្មណ៍ច្រើន ដោយតម្លៃដីនៅតំបន់នោះមានកំណើនចាប់ពី២០-៣០ភាគរយក្នុងឆ្នាំ ២០១៣។
ការដ្ឋានសាងសង់បុរី រីវើរថោន ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ជិតស្ពានជ្រោយចង្វារ លើផ្ទៃដីជិត២ហិកតា និងមានទុនវិនិយោគប្រហែល៣០លានដុល្លារអាមេរិក កំពុងដំណើរការទៅមុខយ៉ាងសន្សឹមៗ។
ខែមិថុនា
រាជធានី ភ្នំពេញនឹងមានការផ្លាស់ប្តូរបន្ថែមទៀតពេលអគារខ្ពស់កប់ពពក Bali Scenery ដែលស្ថិតនៅជិតស្ពានហង្សនៃទីក្រុងកោះពេជ្រ លេចរូបរាងនាឆ្នាំ២០១៦ ខាងមុខ។
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកំពុងត្រៀមចាត់វិធានការចំពោះក្រុមហ៊ុនដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវទាំងអស់។
អ្នកជំនាញ ផ្នែកអចលនទ្រព្យ បានអះអាងថា តម្លៃដីនៅក្នុងសង្កាត់បឹងកេងកង១បានឡើងដល់កម្រិតខ្ពស់ដូចមុនពេល មានវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្នាំ២០០៨ហើយ។
កំណើន សេដ្ឋកិច្ច និងនយោបាយមានស្ថិរភាពបានជំរុញឲ្យចលនាទិញដីទុកសម្រាប់លក់យក ចំណេញចាប់ផ្តើមកក្រើកឡើងវិញនៅភ្នំពេញ ព្រោះជាតំបន់ដែលគេមើលឃើញមានហានិភ័យទាប។
ខែកក្កដា
ការ កើនឡើងនៃអ្នកវិនិយោគក្នុងស្រុក និងបរទេសបានធ្វើឲ្យតម្រូវការអគារការិយាល័យជួលលំដាប់ B និង C មានការកើនឡើងយ៉ាងច្រើន ខណៈការផ្គត់ផ្គង់នៅមានចំនួនតិចតួច។
ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានបុរីពិភពថ្មី កំពុងសាងសង់ផ្សារទំនើបមួយដែលស្ថិតនៅតាមផ្លូវ លោក ម៉ុង ឫទ្ធី ដោយរំពឹងថា នឹងបញ្ចប់ការសាងសង់ក្នុងរយៈពេលបីឆ្នាំ។ ក្នុងគម្រោងនោះក៏មានផ្ទះចំនួន៥០០០ល្វែងផងដែរ។
តម្លៃដីធ្លី នៅក្រុងតាខ្មៅ ក្នុងឆមាសទី១ ឆ្នាំនេះមានកំណើនចន្លោះពី១០ទៅ១៥ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
វិស័យអចលនទ្រព្យនៅខេត្តសៀមរាប ក្នុងឆមាសទី១ នេះមានសភាពនៅទ្រឹង។
ខែសីហា
រយៈពេល៦ខែ ឆ្នាំ២០១៣ដំណើរវិវត្តន៍នៃវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុនៅ តែមានភាពល្អប្រសើរដដែល បើទោះបីជាកំណើនតម្លៃដីធ្លីនៅមានកម្រិតក៏ដោយ។
ការផ្តល់ឥណទានលើវិស័យអចលនទ្រព្យពីសំណាក់ធនាគារពាណិជ្ជនានាមានកំណើន ប្រមាណ២០ភាគរយក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៣នេះ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការផ្គត់ផ្គង់ស៊ីម៉ងត៍នៅក្នុងឆមាសទី១ឆ្នាំនេះមានកំណើនចាប់ពី១៥-២០ភាគរយ។
គម្រោង សាងសង់ផ្សារទំនើបដែលមានតម្លៃជាង១០លានដុល្លាររបស់ លោក ភួ ពុយ នឹងបើកដំណើរការនៅឆ្នាំ២០១៤ខាងមុខ។ ផ្សារទំនើបនេះសង់លើផ្ទៃដីជាង១ហិកតា និងមានកម្ពស់៤ជាន់ ស្ថិតក្នុងសង្កាត់អូរចា ក្រុងបាត់ដំបង។
ផ្សារទំនើប យុំាងខមមឺសល ដែលត្រូវបានវិនិយោគដោយវិនិយោគិនក្នុងស្រុកក្នុងទំហំទឹកប្រាក់ ជាង១៥លានដុល្លារស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្បែរគល់ស្ពានជ្រោយចង្វារត្រើយខាងកើត បានបើកដំណើរការកាលពីខែកញ្ញា។
តម្លៃនាំចូលសម្ភារសំណង់នៅក្នុងឆមាសទី១ ឆ្នាំ២០១៣នេះបានកើនឡើងប្រហែល៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម។
ខែកញ្ញា
ដោយ មានកិច្ចគាំទ្រ និងការសហការពីក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈវិស្វករកម្ពុជា និងសមាគមអ្នកសាងសង់កម្ពុជា ក្រុមហ៊ុន AMB Events បានរៀបចំការតាំងពិព័រណ៍អន្តរជាតិមួយដែលមានឈ្មោះថា Cambuild'13 កាលពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០១៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
នៅពេលមិនយូរទៀតទេ ក្នុងសង្កាត់បឹងកេងកង១ នឹងលេចចេញនូវខុនដូ កម្ពស់៣២ជាន់ថ្មីមួយទៀតដែលមានឈ្មោះថា Platinum Bay។ Platinum Bay មានទីតាំងតាមបណ្តោយផ្លូវលេខ២៨២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានផ្ទះសរុបចំនួន១៤៤យូនីត។
គម្រោងកសាងមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងកន្លែងស្នាក់នៅ Booyoung Town តម្លៃជាង១,១ពាន់លានដុល្លារអាមេរិកស្ថិតនៅតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ីក្បែរស្ពានអាកាស៧មករា កំពុងបោះជំហានទៅមុខសន្សឹមៗ។
ខែតុលា
អ្នកគ្រប់គ្រងបុរីមួយ ចំនួនបាននិយាយថា ចាប់តាំងពីការបោះឆ្នោតមកដល់ដំណាច់ខែកញ្ញានេះ ការលក់លំនៅឋានតាមបុរីនានាបានធ្លាក់ចុះក្នុងរង្វង់៦០ភាគរយ។
គម្រោង កសាងបុរីគជ់អាស៊ី ដែលគ្រោងនឹងចំណាយថវិកាជាច្រើនរយលានដុល្លារនោះការសាងសង់ពេល នេះសម្រចបានជាង៣០ភាគរយហើយ។
ក្រុមហ៊ុនវិនិយោគ OCIC នៅពេលនេះកំពុងត្រៀមសាងសង់អគារខុនដូថ្មីដែលមានឈ្មោះ CASA MERIDIAN កម្ពស់៣០ជាន់ចំនួន២អគារបន្ថែមទៀត នៅទីក្រុងកោះពេជ្រ។
ទីផ្សារ ឃ្លាំងជួលនៅភ្នំពេញ ក្នុងឆ្នាំ២០១៣នេះមានភាពល្អប្រសើរ ដោយតម្រូវការបានកើនឡើងយ៉ាងច្រើន ខណៈតម្លៃក៏បានកើនឡើងប្រហែល១០ភាគរយផងដែរ។
គម្រោងស្ថាបនា ផ្លូវហាយវេឆ្ពោះពីច្រមុះជ្រូក ត្រង់ចំណុចប្រសព្វរវាងផ្លូវលេខ២៧១ និងមហាវិថីព្រះមុនីវង្ស ទៅផ្លូវជាតិលេខ២ ត្រង់ព្រែកកំពឹស ការសាងសង់នៅពេលនេះកំពុងដំណើរការទៅមុខសន្សឹមៗ។
តម្រូវការការិយាល័យជួលនាត្រីមាសទី៣ឆ្នាំនេះ បានធ្លាក់ចុះ បើប្រៀបធៀបនឹងត្រីមាសទី១ និងទី២ ឆ្នាំ២០១៣។
ការ រៀបចំរចនាផ្នែកខាងក្នុង និងការលក់របស់ខុនដូលំដាប់ផ្កាយ៥ De Castle Royal កំពុងដំណើរការទៅមុខយ៉ាងល្អ ខណៈអគារនេះគ្រោងនឹងបើកឲ្យអតិថិជនចូលទៅស្នាក់នៅនាអំឡុងចុង ត្រីមាសទី១ឆ្នាំ២០១៤ខាងមុខ។
ក្រុមហ៊ុនអភិវឌ្ឍន៍កោះពេជ្រនឹងសាងសង់ស្ពានថ្មីមួយដែលមានសណ្ឋានដូចរូបមេអំបៅនាពេលខាងមុខនេះ។
ខែវិច្ឆិកា
សាលា ខេត្តកណ្តាល ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការ GIZ ពេលនេះកំពុងធ្វើការសិក្សារៀបចំប្លង់គោលសម្រាប់ក្រុងតាខ្មៅ និងស្រុកស្អាង ដើម្បីធ្វើឲ្យការប្រើប្រាស់ដីកាន់តែមានប្រសិទ្ធភាព។
ក្រុមហ៊ុនសាងសង់ Nikkam Con struction របស់ប្រទេសជប៉ុន បានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ខណៈតំណាងក្រុមហ៊ុននេះបានឲ្យដឹងថា បើទោះបីជាវិស័យអចលនទ្រព្យកម្ពុជាកំពុងមានសន្ទុះ តែការផ្គត់ផ្គង់សេវាកម្មផ្នែកអចលនទ្រព្យ និងសំណង់នៅប្រទេសនេះនៅមានកម្រិតនៅឡើយ។
ទុនវិនិយោគវិស័យ សំណង់រយៈពេល៩ខែ ២០១៣ បានកើនឡើង២៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១២ នេះបើតាមទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កាលពីពេលថ្មីៗនេះ។
ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន បុរី ៩៩៩ ចាប់ផ្តើមបើកការដ្ឋានសាងសង់ផ្សារទំនើប និងខុនដូកម្ពស់១៥ជាន់មួយ ដែលស្ថិតតាមផ្លូវ២៧១។
សមាគមអ្នក សាងសង់កម្ពុជាបានរៀបចំមហាសន្និបាតលើកទី២ និងកម្មវិធីដាក់បង្ហាញផលិតផលសម្ភារ និងសេវាកម្មសំណង់។
សោភណភាពរបស់ រាជធានីភ្នំពេញនឹងរឹតតែមានភាពទាក់ទាញនៅពេលអគារភ្លោះកម្ពស់ ៤៥ជាន់បញ្ចប់ការសាងសង់នាបី ឬបួនឆ្នាំខាងមុខទៀត។
ការរីកចម្រើនវិស័យអចលនទ្រព្យបានធ្វើឲ្យចំនួនក្រុមហ៊ុនដែលបម្រើសេវាកម្មវិស័យអចលនទ្រព្យស្របច្បាប់នៅកម្ពុជា កើនឡើងដល់៥៩ ដោយក្នុងនោះមានក្រុមហ៊ុនចំនួន៣៣ បានចុះឈ្មោះចូលជាសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា។
គម្រោងអភិវឌ្ឍន៍កោះពស់អាចនឹង បង្កើនទុនវិនិយោគរបស់ខ្លួនពីជាង២០០លានទៅដល់១០០០លានដុល្លារអាមេរិក ដើម្បីបញ្ចប់គម្រោង។
ការលក់របស់គម្រោងខុនដូ វិមានកែវចរណៃ ដែលជាលំនៅឋានប្រណីត កម្ពស់១៥ជាន់ ក្នុងសង្កាត់និរោធ ខណ្ឌមានជ័យ កំពុងទទួលបានជោគជ័យលើសពីការរំពឹងទុក។
ខែធ្នូ
តម្រូវការសម្ភារការិយាល័យបានធ្លាក់ចុះ ដោយសារភាពជាប់គាំងនយោបាយចាប់តាំងពីការបោះឆ្នោត។
ក្រុម អាជ្ញាធរ និងអ្នកជំនាញផ្នែកអចលនទ្រព្យសុទ្ធតែមើលឃើញពីផលប្រយោជន៍នៃការ កសាង និងពង្រីកផ្លូវវេងស្រេង ឡើងវិញបន្ទាប់ពីផ្លូវនេះបានរងការខូចខាតជាច្រើនឆ្នាំ។
តម្លៃ ដីនៅបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី មានកំណើនចាប់ពី១៥ទៅ២០ភាគរយក្នុងរយៈពេល១១ខែ ឆ្នាំ២០១៣ នេះបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១២។
តំបន់ ផ្សារអូរឫស្សីនឹងមិនមែនជាទីតាំងសម្រាប់អភិវឌ្ឍន៍ធ្វើជាទីក្រុងចិន «ឆាយណាថោន» Chinatown ដែលបានគ្រោងទុកនោះទេ នេះបើយោងតាមក្រសួងទេសចរណ៍។
តំបន់ភ្នំពេញថ្មី ដែលស្ថិតក្នុងខណ្ឌសែនសុខ កំពុងក្លាយជាតំបន់មានសក្តានុពលខ្លាំងលើសម្រាប់វិស័យអចលនទ្រព្យ។
សង្កាត់ ទន្លេបាសាក់ ត្រូវបានគេដឹងថា កាន់តែមានសក្តានុពល ដោយគេសង្កេតឃើញថាមានខុនដូ និងអាផាតមិនជាច្រើនកំពុងកើតនៅទីនោះ។
ការធ្វើកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប និងក្រុមហ៊ុន AUSWELL Real Estate ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានក្លាយជាការបើកផ្លូវមួយសម្រាប់ប្រជាជនខ្មែរ ដែលមានបំណងចង់ទិញផ្ទះនៅទីក្រុងមែលប៊ឺន ប្រទេសអូស្រ្តាលី៕