
ភ្នំពេញ: ជាមួយកម្ពស់ ១៥ជាន់ ដែលលេចត្រដែតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ ១ សំណង់អគារខុនដូ វិមានកែវចរណៃ ដែលបានចាប់ផ្តើមសាងសង់កាលពីអំឡុង ឆ្នាំ២០១២ នោះនៅពេលនេះការសាងសង់ជិតបញ្ចប់ទាំងស្រុងហើយ។
លោក ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យកម្ពុជា ស៊ីភីអិល ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិដាច់មុខជួយលក់គម្រោងខុនដូ វិមានកែវចរណៃ បានប្រាប់ថា គម្រោងខុនដូ វិមានកែវចរណៃ អាចនិយាយបានថា ជាគម្រោងដ៏ល្អដាច់គេនៅរាជធានីភ្នំពេញ ដោយនៅទីនោះមានអាងហែលទឹកនៅពីលើ ហើយបើឈរនៅលើដំបូលគេអាចមើលឃើញទិដ្ឋភាពដ៏ស្រស់ត្រកាលរបស់រាជធានីភ្នំពេញទៀតផង។ លោកប្រាប់ទៀតថា ការសាងសង់ និងការលក់របស់គម្រោងខុនដូ វិមានកែវចរណៃ កំពុងមានដំណើរការទៅមុខយ៉ាងលឿន ដោយក្នុង ១ បន្ទប់អាចមានតម្លៃចាប់ពីជាង ៥ ម៉ឺនរហូតដល់ជាង ៨០ ម៉ឺនដុល្លារអាមេរិក ខណៈការលក់នៅពេលនេះបានជិត ៨០ ភាគរយហើយ។
លោកអគ្គនាយកក្រុមហ៊ុនខាងលើមានប្រសាសន៍ថា៖ «គម្រោងខុនដូ វិមានកែវចរណៃ ពិតជាមានលក្ខណពិសេសទាំងទីតាំង និងតម្លៃ ពីព្រោះនៅទីនោះគេអាចចំណាយពេលតែ ១០ ទៅ ១៥ នាទីប៉ុណ្ណោះក្នុងការធ្វើដំណើរមកចំណុចកណ្តាលរាជធានីភ្នំពេញ រីឯតម្លៃរឹតតែមានលក្ខណពិសេសបន្ថែមទៀត ដោយមានតម្លៃត្រឹមតែ ១០០០-១២០០ ដុល្លារប៉ុណ្ណោះក្នុង ១ ម៉ែត្រការ៉េ ខណៈបច្ចុប្បន្ននៅតំបន់ បឹងកេងកង ១ ខុនដូអាចមានតម្លៃចន្លោះពី ២០០០-២៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ អតិថិជនដែលមានបំណងចង់ទិញខុនដូ វិមានកែវចរណៃ ក៏អាចទិញតាមរយៈការបង់រំលស់ដែលមានរយៈពេលវែងរហូតដង ១៣ឆ្នាំ ទៀតផង»។
លោកបានប្រាប់ទៀតថា៖ «សំណង់អគារ វិមានកែវចរណៃ គឺជាគម្រោង ទី១ របស់ក្រុមហ៊ុន ដូច្នេះការសាងសង់ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាព ព្រោះយើងមិនចង់ឲ្យអតិថិជនមានការខកចិត្តទេ។ ពិសេសជាងនេះទៅទៀតអតិថិជនដែលទិញផ្ទះនៅក្នុងខុនដូ វិមានកែវចរណៃ នឹងទទួលបានប្លង់រឹងចាប់ពី ខែមេសា នេះតទៅ»។
អតិថិជនដែលទិញបន្ទប់នៅក្នុងខុនដូ វិមានកែវចរណៃ មានចម្រុះជាតិសាសន៍ដោយក្នុងនោះមានជនជាតិខ្មែរប្រហែល ៥០ ភាគរយ និងជនបរទេសប្រហែល ៥០ ដូចជា សិង្ហបុរី អាមេរិក អូស្រ្តាលី ហូឡង់ ចិន ថៃ តែវ៉ាន់ និងបារាំង ជាដើម។
តាមគម្រោងម្ចាស់គេហដ្ឋានខ្លះអាចចូលទៅរស់នៅក្នុងខុនដូ វិមានកែវចរណៃ បានចាប់ពី ខែឧសភា នេះតទៅ ខណៈការសាងសង់គម្រោងទាំងមូលគ្រោងនឹងបញ្ចប់នៅថ្ងៃ ទី៣១ ខែកក្កដា ខាងមុខ។
អ្នកជំនាញអចលនទ្រព្យជាតិ និងអន្តរជាតិសុទ្ធតែបានអះអាងដូចគ្នាថា អគារខុនដូ វិមានកែវចរណៃ សាងសង់ឡើងនៅក្នុងតំបន់ដែលមានសក្តានុពលដោយនៅទីនោះមានគម្រោងអភិវឌ្ឍន៍ជាច្រើនមានសណ្ឋាគារ គ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ អគារពាណិជ្ជកម្ម សាលារៀនជាដើម។
លោកស្រី កែវ ម៉ាលី ម្ចាស់គម្រោងអភិវឌ្ឍន៍ខុនដូ វិមានកែវចរណៃ ធ្លាប់បានថ្លែងក្នុងឱកាសបើកការដ្ឋានសាងសង់ កាលពីថ្ងៃសៅរ៍ ទី១៤ ខែកក្កដា ឆ្នាំ២០១២ កន្លងមកថា ខុនដូ វិមានកែវចរណៃ នឹងមានកម្ពស់ ១៥ ជាន់ស្មើនឹងផ្ទះសរុប ១៣៣ ដោយគម្រោងនេះនឹងចំណាយទុនសាងសង់ជាង ៨ លានដុល្លារអាមេរិក។
លោកស្រីប្រាប់ទៀតថា ការដែលលោកស្រីសម្រេចសាងសង់ខុនដូនេះឡើង គឺលោកស្រីចង់ឲ្យប្រជាជនខ្មែរមានលំនៅឋានស្អាតដែលមានភាពស៊ីវិល័យ ដូចនៅប្រទេសរីកចម្រើននានាលើសកលលោក ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតគឺតម្រូវការអតិថិជនដែលចង់រស់នៅខុនដូកាន់តែមានការកើនឡើងជាលំដាប់។
លោកស្រីបញ្ជាក់ថា៖ «អគារ ខុនដូ វិមានកែវចរណៃ គឺជាលំនៅឋានកម្រិតស្តង់ដារអន្តរជាតិ ដែលត្រូវបានគូសប្លង់និងប្រឹក្សាយោបល់ដោយក្រុមវិស្វករជំនាញៗមកពី ប្រទេសថៃ»។
ខុនដូ វិមានកែវចរណៃ សាងសង់លើផ្ទៃដីជិត ៣ ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ ក្នុង សង្កាត់និរោធ ខណ្ឌមានជ័យ ដោយមានចម្ងាយពីគល់ស្ពាន ព្រះមុនីវង្ស ប្រហែល ៥០០ម៉ែត្រ។
តាមផែនការគម្រោងដ៏ធំនេះនឹងមានអគារធំៗចំនួន ៥ ដែលការសាងសង់អគារ ទី២ អាចនឹងចាប់ផ្តើមបន្ទាប់ពីការសាងសង់អគារ ទី១ ត្រូវបានបញ្ចប់៕