The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - វីឡា​ធំៗ​ក្នុង​ប្លុក បឹងកេងកង ១ ក្លាយ​ជា​ហាង កាហ្វេ

វីឡា​ធំៗ​ក្នុង​ប្លុក បឹងកេងកង ១ ក្លាយ​ជា​ហាង កាហ្វេ

វីឡា​ធំៗ​ក្នុង​ប្លុក បឹងកេងកង ១ ក្លាយ​ជា​ហាង កាហ្វេ

131107_03
វីឡាស្ថិតក្នុងសង្កាត់ បឹងកេងកង ១ មួយចំនួនកំពុងក្លាយជា ភោជនីយដ្ឋាន និងហាងកាហ្វេ ហុង មិនា

ភ្នំពេញៈ អ្នក​ជំនាញ​អចលន​ទ្រព្យ​មួយ​ចំនួន​បាន​លើក​ឡើង​ថា ចំនួន​វីឡា​សម្រាប់​ស្នាក់នៅ និង​បើក​ការិយាល័យ​ក្នុង​សង្កាត់ បឹងកេងកង ១ កំពុង​ប្រែ​រូប​រាង​បន្តិច​ម្តងៗ​ពី​កន្លែង​សម្រាប់​រស់​នៅ​ទៅ​ជា​កន្លែង​សម្រាប់​បម្រើ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​បណ្តើរៗ​ហើយ។

លោក សន សៀប ប្រធាន​គ្រប់​គ្រង​ក្រុមហ៊ុន ឃី រៀល អេស្ទេត បាន​ប្រាប់​ថា ចំនួន​វីឡា​សម្រាប់​ស្នាក់នៅ​ក្នុង​សង្កាត់ បឹងកេងកង ១ កំពុង​ធ្លាក់​ចុះ​ដោយ​សារ​ម្ចាស់​វីឡា​នៅ​ទីនោះ​មួយ​ចំនួន​បាន​បំប្លែង​វីឡា សម្រាប់​ស្នាក់​នៅ ទៅ​ធ្វើ​ជា​ភោជនីយដ្ឋាន ហាង កាហ្វេ និង​មួយ​ចំនួន​ទៀត​បាន​វាយ​កម្ទេច​វីឡា​ចាស់​ចោល​ដើម្បី​សាងសង់​ជា​អគារ​ស្នាក់នៅ​រួម​ដែល​មាន​ដូចជា ខុនដូ និង អាផាតមិន ព្រោះ​ការ​ធ្វើ​ដូច្នេះ​អាច​ធ្វើ​ឲ្យ​ម្ចាស់​អចលន​ទ្រព្យ​ទទួល​ចំណូល ច្រើន​ជាង​មុន។

លោក​ថ្លែង​ថា៖ «និន្នាការ​ដែល​ធ្វើ​ឲ្យ​ម្ចាស់​វីឡា​នៅ​តំបន់​នោះ​ប្តូរ​ពី​ការ​ជួល​វីឡា​ឲ្យ​ភ្ញៀវ​ស្នាក់នៅ ឬ​បើក​ការិយាល័យ ទៅ​ជួល​សម្រាប់​ការ​ប្រើ​ប្រាស់​ធ្វើ​ជា​ភោជនីយដ្ឋាន ឬ​ហាង​កាហ្វេ​វិញ គឺ​ដោយ​សារ​តែ​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​ជួល​ឲ្យ​ភ្ញៀវ​ស្នាក់នៅ មាន​ចំនួន​តិច​ជាង​ការ​ជួល​សម្រាប់​បើក​បម្រើ​សេវាកម្ម​ផ្សេងៗ។ ម៉្យាង​ទៀត ការ​ជួល​សម្រាប់​ស្នាក់នៅ​ក៏​មិន​មាន​រយៈ​ពេល​វែង​ដូច​ការ​ជួល​បើក​បម្រើ​សេវាកម្ម​ផ្សេងៗ​ទេ»។

ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន ខាង​លើ​បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​ផ្ទះ​វីឡា​នៅ​ក្នុង​សង្កាត់ បឹង​កេងកង ១ ដែល​មាន​ទំហំ​ធំ អាច​ជួល​ឲ្យ​ភ្ញៀវ​ស្នាក់នៅ ឬ​បើក​ការិយាល័យ បាន​ក្នុង​តម្លៃ​ចន្លោះ​ពី ៣០០០-៣៥០០ ដុល្លារ​ក្នុង ១ ខែ ប៉ុន្តែ​បើ​គេ​ជួល​សម្រាប់​ធ្វើ​ជា​ភោជនីយដ្ឋាន ហាង កាហ្វេ គេ​អាច​ជួល​បាន​ចាប់​ពី ៣៥០០ ដុល្លារ​ឡើង​ទៅ ហើយ​កិច្ច​សន្យា​អាច​មាន​រយៈ​ពេល​ចាប់​ពី ៥ ទៅ ១០ ឆ្នាំ​ទៀត​ផង។

លោក ស៊ា ឆៃលីន នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ស៊ីអិល រៀលធី បាន​និយាយ​ថា ជន​បរទេស​ភាគ​ច្រើន​ចាប់​អារម្មណ៍​ចំពោះ​ការ​ជួល​វីឡា​ស្នាក់នៅ​ក្នុង សង្កាត់ បឹងកេងកង ១ ដោយ​សារ​ទី​នោះ​ជា​កន្លែង​ដែល​មាន​សេវាកម្ម​ចម្រុះ​ជាច្រើន ដូចជា សាលារៀន អន្តរជាតិ ផ្សារ ទំនើប និង​ភោជនីយដ្ឋាន​ជាដើម។

ទោះ​បី​យ៉ាង​ណា លោក ឆៃលីន បាន​អះអាង​ថា៖ «វីឡា​សម្រាប់​ជួល​ឲ្យ​ភ្ញៀវ​ស្នាក់នៅ​ក្នុង​សង្កាត់ បឹងកេងកង ១ នៅ​ពេល​នេះ​មិន​មាន​ច្រើន​ដូច​ពេល​មុន​នោះ ព្រោះ​វីឡា​ស្នាក់នៅ​ភាគ​ច្រើន​កំពុង​ប្រែ​ក្លាយ​ទៅ​ជា​ភោជនីយដ្ឋាន ហាង កាហ្វេ និង​អគារ​ស្នាក់នៅ​រួម។ វីឡា​ជួល​នៅ​តំបន់ បឹងកេងកេង ១ មាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី ៣០០០-៥០០០ ដុល្លារ​ក្នុង ១ ខែ»។

លោក វ៉ន ចាន់ថន ប្រធាន​ក្រុមហ៊ុន ថោន រៀល អេស្ទេត បាន​និយាយ​ថា ស្ថានភាព​វីឡា​សម្រាប់​ស្នាក់នៅ​ក្នុង​សង្កាត់ បឹងកេងកង ១ មិន​សូវ​មាន​ការ​ប្រែ​ប្រួល​នោះ​ទេ បើ​ទោះ​បី​ជា​វីឡា​មួយ​ចំនួន​កំពុង​ត្រូវ​បាន​អ្នក​មាន​ប្រាក់​ទិញ​យក​ទៅ​វាយ​ចោល​ដើម្បី​សាងសង់​ជា​អាផាតមិន និង ខុនដូ ក៏​ដោយ​។ ចំណែក​និន្នាការ​រស់​នៅ​វីឡា​ក្នុង​តំបន់ បឹងកេងកង ១ ក៏​បាន​ធ្លាក់​ចុះ​ផង​ដែរ ព្រោះ​តែ​នៅ​វីឡា​នៅ​ទី​នោះ​មាន​តម្លៃ​ថ្លៃ។ នៅ​ពេល​នេះ​អ្នក​រស់​នៅ​វីឡា​ក្នុង​សង្កាត់ បឹងកេងកង ១ ខ្លះ​បាន​ផ្លាស់​ប្តូរ​ទៅ​រស់​នៅ​តំបន់​ផ្សេងៗ​ដូចជា ទួលគោក និង​តាម​បុរី​នានា​ដែល​ទើប​សាងសង់​ថ្មីៗ​នៅ​ជាយ​រាជធានី​ភ្នំពេញ ដោយ​នៅ​ទីនោះ​វីឡា​មាន​តម្លៃ​ថោក​ជាង​តំបន់ បឹងកេងកង ១ មាន​បរិយាកាស​ល្អ និង​មិន​សូវ​មាន​សម្លេង​រំខាន​ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍