
ភ្នំពេញៈ បន្ទាប់ពីទីផ្សារវិនិយោគវិស័យសំណង់នៅកម្ពុជាកាន់តែរីកចម្រើន ខ្លាំងឡើងៗនោះគេសង្កេតឃើញមានក្រុមហ៊ុនរៀបចំរចនា និងសិក្សាគម្រោងប្លង់អគារមានចំនួនកើនឡើងជាច្រើន ក្នុងនោះក៏មានក្រុមហ៊ុនដែលមានឈ្មោះថា ម៉ាកឃ៍ឌីហ្សាញ ផងដែរ។ លោក ស៊ឺន សុន អ្នកយកព័ត៌មានកាសែតភ្នំពេញប៉ុស្តិ៍ បានជួបសម្ភាសជាមួយលោក Khau Matthieu នាយកប្រតិបតិ្តនៃក្រុមហ៊ុន ម៉ាកឃ៍ឌីហ្សាញ ដើម្បីយល់ដឹងអំពីអាជីវកម្មរៀបចំរចនានិងសិក្សាគម្រោងប្លង់អគារ នៅកម្ពុជា។
តើក្រុមហ៊ុនរបស់លោកបើកពីពេលណាមក? ហេតុអី្វលោកបើកអាជីវកម្មផ្នែកគូរ និងរចនាប្លង់នៅកម្ពុជា?
ខ្ញុំ សម្រេចចិត្តបើកអាជីវកម្មនេះនៅកម្ពុជាតាំងពីឆ្នាំ២០១១ ព្រោះខ្ញុំយល់ឃើញថា ទីផ្សាររចនាប្លង់និងគូរប្លង់នៅប្រទេសកម្ពុជានៅមានកម្រិត ចំណែកការរចនាម៉ូដក៏មិនសូវមានម៉ូដថ្មីៗឡើយ។ ខ្ញុំបង្កើតក្រុមហ៊ុននេះឡើង ក្នុងគោលបំណងអភិវឌ្ឍគំនិតក្នុងការរចនាគម្រោងប្លង់អគារនៅ កម្ពុជា ឲ្យកាន់តែមានលក្ខណៈស្តង់ដារអន្តរជាតិថែមទៀត។ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះនៅមានការខ្វះខាតអ្នករចនាប្លង់អគារល្អៗ បើទោះបីជាសំណង់អគារមានច្រើនក៏ដោយ ក៏លក្ខណៈនៃការរៀបចំប្លង់បានត្រឹមត្រូវមានតែ៧០ភាគរយប៉ុណ្ណោះ ។
ក្រុមហ៊ុនរបស់លោកទើបចាប់ដំណើរការ ដូច្នេះដើម្បីទាក់ទាញអតិថិជន តើលោកមានយុទ្ធសាស្រ្តអ្វីខ្លះ?
ទីផ្សារ នៅកម្ពុជាតូច តែមានក្រុមហ៊ុនប្រកួតប្រជែងច្រើន។ ក្រុមហ៊ុនរបស់យើងមិនមានយុទ្ធសាស្រ្តផ្សព្វផ្សាយពាណិជ្ជកម្មជា សាធារណៈទេ ប៉ុន្តែនាពេលកន្លងមកក្រុមហ៊ុនរបស់យើងត្រូវបានគេទទួលស្គាល់ ច្រើន តាមរយៈការប្រាប់គ្នាបន្តគ្នាពីអតិថិជនមួយទៅមួយ។ យុទ្ធសាស្រ្ត សំខាន់ដើម្បីទាក់ទាញអតិថិជនរបស់យើង គឺផ្តោតជាសំខាន់ទៅលើគុណភាពនៃសេវាកម្មដែលមានលក្ខណៈស្តង់ដារ អាចប្រៀបធៀបជាមួយប្រទេសនានាដូចជា សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសថៃ ជាដើម។
តើលោកគិតថា ការបើកអាជីវកម្ម គូរ និងរចនាប្លង់នៅកម្ពុជា ងាយនឹងទទួលបានជោគជ័យដែរឬទេ?
ខ្ញុំ គិតថា ស្ថានភាពទីផ្សារនៃអាជីវកម្ម គូរ និងរចនាប្លង់នៅកម្ពុជាមើលទៅហាក់ដូចជាមាននិរន្តរភាពល្អ ប៉ុន្តែមិនប្រាកដថានរណាក៏អាចធ្វើបានទេ ព្រោះអ្វីៗវាទាក់ទងជាមួយជំនាញ និងបទពិសោធដែលយើងមានផងដែរ។ នៅកម្ពុជាអ្នកដែលមានជំនាញច្បាស់លាស់នៅមានចំនួនតិចនៅឡើយ នេះជាហេតុផលមួយដែលក្រុមហ៊ុនរបស់យើងមានអាទិភាព។ ខ្ញុំមានជំនឿថា ខ្ញុំអាចប្រជែងយកឈ្នះទីផ្សារនៅកម្ពុជាបាន ដោយពឹងផ្អែកលើបទពិសោធរបស់ខ្ញុំ។
តើលោកគិតថា អាជីវកម្មរចនា និងគូរប្លង់របស់លោកផ្សារភ្ជាប់ជាមួយកំណើនសេដ្ឋកិច្ចដែរឬទេ?
ការ រចនាគម្រោងប្លង់អគារ វាមិនអាស្រ័យទៅលើសេដ្ឋកិច្ចល្អ ឬមិនល្អនោះទេ។ តែទោះបីជាយ៉ាងណា បើវិស័យសេដ្ឋកិច្ចមានដំណើរការល្អ ក៏បានចូលរួមចំណែកធ្វើឲ្យមានអតិថិជនប្រើប្រាស់សេវាកម្មនេះកាន់ តែច្រើនផងដែរ។ ទោះបីជាសេដ្ឋកិច្ចពិភពលោកមានដំណើរការមិនសូវល្អ និងទីផ្សារប្រទេសកម្ពុជានៅតូចក៏ដោយ ក៏មានប្រជាពលរដ្ឋខ្មែរច្រើននាក់ដែរ ដែលចាប់អារម្មណ៍ចំពោះក្រុមហ៊ុនរបស់យើងខ្ញុំ។
តើលោកគិតថា ក្រុមហ៊ុនលោកអាចឆ្លើយតបចំពោះការកើនឡើងនៃតម្រូវការទីផ្សារបច្ចុប្បន្នបានដែរឬទេ?
ក្រុមហ៊ុនរបស់ខ្ញុំពិតជាមានសមត្ថភាពអាចឆ្លើយតបចំពោះតម្រូវការរបស់ អតិថិជនបានប្រកបដោយគុណភាពដែលមានលក្ខណៈស្តង់ដារ។ ជាក់ស្តែងក្នុងឆ្នាំដំបូងនេះក្រុមហ៊ុនខ្ញុំទទួលបានអតិថិជនជិត ២០គម្រោង ក្នុងនោះគម្រោងធំៗក៏មានច្រើនដែរ។
តើលោកព្រួយបារម្ភ ពីការប្រកួតប្រជែងរបស់ក្រុមហ៊ុនផ្សេងៗដែរឬទេ?
ខ្ញុំ គ្មានការព្រួយបារម្ភចំពោះក្រុមហ៊ុនប្រកួតប្រជែងឡើយ ព្រោះគ្រប់ក្រុមហ៊ុនគូសប្លង់ និងរចនាគម្រោងប្លង់ ទាំងអស់សុទ្ធតែមានការសហការជួយគ្នាទៅវិញទៅមក។ ម៉្យាងទៀតខ្ញុំគិតថា នៅកម្ពុជាអ្នកដែលអាចប្រកួតប្រជែងជាមួយយើងបានមានចំនួនមិន ច្រើននោះទេ។ សូមបញ្ជាក់ថា មិនមែនសុទ្ធតែអ្នកចេះគូរប្លង់ អាចរចនាអ្វីៗបានទាំងអស់នោះទេ អ្នកដែលមានចំណេះចេះគូរប្លង់ពិតប្រាកដ គឺត្រូវយល់ដឹងឲ្យច្បាស់អំពីប្រភេទនៃអគារ និងការរៀបចំអគារឲ្យមានគុណភាព។ ម៉្យាងទៀតបើយើងចង់ឲ្យក្រុមហ៊ុនរបស់យើងមានដំណើរការល្អ យើងត្រូវតែដឹងអំពីភាពខ្លាំង និងភាពខ្សោយរបស់យើងឲ្យបានច្បាស់។
តើលោកមានគម្រោងពង្រីកអាជីវកម្មរបស់លោកនេះបន្ថែមទៀតដែរ ឬទេ?
ខ្ញុំ មានគោលបំណងចង់ពង្រីកអាជីវកម្មថ្មីៗបន្ថែមជាច្រើនទៀតសម្រាប់ ទីផ្សារប្រទេសកម្ពុជា នារយៈពេល៦ឆ្នាំខាងមុខ ពោលគឺបន្ទាប់ពីយើងទទួលបានជោគជ័យសម្រាប់គម្រោងនេះ។ ទន្ទឹមនឹងនេះ ខ្ញុំក៏មានបំណងចង់បើកក្រុមហ៊ុនច្នៃម៉ូដសម្លៀកបំពាក់ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារអគ្គិសនី និងក្រុមហ៊ុនអចលនទ្រព្យផងដែរ៕