
ភ្នំពេញៈ ខណៈកម្រិតជីវភាពរបស់ប្រជាជន និងវិស័យសំណង់នៅកម្ពុជាកាន់តែមានដំណើរវិវឌ្ឍន៍ទៅមុខកាន់តែប្រសើរនោះ តម្រូវការសម្ភារប្រើប្រាស់សម្រាប់ការកសាង និងតុបតែង លំនៅឋាន អគារការិយាល័យ សាលារៀន និងកន្លែងកម្សាន្តផ្សេងៗក៏វិវឌ្ឍន៍តាមនោះដែរ។
ដោយមានកិច្ចគាំទ្រ និងសហការពីក្រសួងពាណិជ្ជកម្ម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ គណៈវិស្វករកម្ពុជា និងសមាគមអ្នកសាងសង់កម្ពុជា ក្រុមហ៊ុន AMB Events នឹងរៀបចំព្រឹត្តិការណ៍តាំងពិព័រណ៍អន្តរជាតិមួយដែលមានឈ្មោះថា Cambuild'13 នាថ្ងៃ ទី១០-១២ ខែ កញ្ញា ឆ្នាំ ២០១៣ ខាងមុខនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
លោក នួន វាសនា ប្រធានគ្រប់គ្រងគម្រោងនៃក្រុមហ៊ុន AMB Events បានប្រាប់ថា ការតាំងពិព័រណ៍ពាណិជ្ជកម្មខ្នាតអន្តរជាតិខាងលើរៀបចំឡើងក្នុងគោលបំណងចង់ឲ្យក្រុមហ៊ុនវិនិយោគនានាទាំងក្នុង និងក្រៅប្រទេសដែលបើកបម្រើសេវាកម្មទាក់ទងនឹងវិស័យសំណង់ និងអចលនទ្រព្យ ដាក់បង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួន ហើយព្រឹត្តិការណ៍នេះនឹងក្លាយជាឱកាសសម្រាប់អ្នកវិនិយោគធំៗជួបគ្នាផងដែរ។ ព្រឹត្តិការណ៍នេះក៏នឹងបង្ហាញថា បញ្ហាជាប់គាំងផ្នែកនយោបាយនាពេលនេះមិនបានធ្វើឲ្យប៉ះពាល់ដល់ដំណើររីកចម្រើននៃវិស័យសំណង់នោះទេ។
លោក វាសនា មានប្រសាសន៍ថា៖ «ការតាំងពិព័រណ៍លក្ខណៈអន្តរជាតិនាពេលខាងមុខ នឹងទទួលបានជោគជ័យ ព្រោះមានក្រុមហ៊ុនធំៗក្នុងស្រុក និងក្រៅស្រុកជាច្រើនចូលរួមក្នុងនោះក៏មានខាងអាជ្ញាធរអគ្គិសនីកម្ពុជា រដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញផងដែរ។ លោកបញ្ជាក់ថា៖ «ព្រឹត្តិការណ៍ខាងលើនឹងនាំមកបង្ហាញនូវបច្ចេកវិទ្យាទំនើបៗចុងក្រោយលើពិភពលោកមកកម្ពុជាផងដែរ»។
នៅក្នុងព្រឹត្តិការណ៍ខាងលើនឹងមានការតាំងបង្ហាញគម្រោងសាងសង់អគារខ្ពស់ៗ សម្ភារសំណង់ ឧបករណ៍សម្រាប់សាងសង់ គ្រឿងចក្រ ប្រព័ន្ធទឹកស្អាត សម្ភារអគ្គិសនី និងប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ ជាដើម ដោយមានក្រុមហ៊ុនប្រហែល ៣០០ មកពីបណ្ដាប្រទេសផ្សេងចំនួន ២២ ចូលរួម ដូចជា ជប៉ុន កូរ៉េ ម៉ាឡេស៊ី ចិន សិង្ហបុរី ថៃ វៀតណាម តៃវ៉ាន់ ឥណ្ឌា ហ្វីលីពីន អ៊ីតាលី និង អាល្លឺម៉ង់។
លោក គឹម ហ៊ាង នាយកក្រុមហ៊ុន ខ្មែរ រៀល អេស្ទេត ធ្លាប់ប្រាប់ថា ពិព័រណ៍ Cambuild'13 មានសារៈសំខាន់ណាស់ ទី១-គឺជាព្រឹត្តិការណ៍សម្រាប់អ្នកមានវិជ្ជាជីវៈជួបគ្នាដើម្បីចែករំលែកចំណេះដឹងនិងបទពិសោធ ទី២-ជាជំនួបរវាងអ្នកផលិត និងអ្នកសាងសង់ និង ទី៣-ជាឱកាសរបស់អ្នកលក់ក្នុងការបង្ហាញនូវផលិតផលថ្មីរបស់ដល់អតិថិជន។
លោក សន សៀប នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ឃី រៀលអេស្ទេត មានប្រសាសន៍ថា ពិព័រណ៍ Cambuild'13 ពិតជាល្អ ព្រោះវាជួយលើកស្ទួយវិស័យអចលនទ្រព្យ និងវិស័យសំណង់នៅកម្ពុជា។ ព្រឹត្តិការណ៍នេះជាឱកាសសម្រាប់បង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិ ដើម្បីពួកគេដឹងថា កម្ពុជាកំពុងរីកចម្រើនយ៉ាងខ្លាំងលើផ្នែកសាងសង់ និងអចលនទ្រព្យ។ លោកបានបន្តថា វាក៏ជាឱកាសដែលអ្នកតាំងពិព័រណ៍បង្ហាញផលិតផលថ្មីរបស់ពួកគេទៅ កាន់អតិថិជនដែលជាក្រុមហ៊ុនសំណង់ ឬអ្នកសាងសង់ដើម្បីឲ្យពួកគេអាចសហការគ្នានៅពេលអនាគត។
របាយការណ៍អង្កេតមួយដែលទើបចេញផ្សាយក្នុងសារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ កាលពីពេលថ្មីៗនេះបានបង្ហាញថា ក្នុងចំណោមនាយកប្រតិបត្តិពាណិជ្ជកម្មអាមេរិក ចំនួន ៤៧៥ នាក់នៅទូទាំងតំបន់បង្ហាញថា កម្ពុជាជាប្រទេសមួយដែលមានភាពទាក់ទាញបំផុតសម្រាប់ជនបរទេស ដែលធ្វើការឲ្យក្រុមហ៊ុនអាមេរិកនៅតំបន់អាស៊ាន។
តាមរយៈរបាយការណ៍នេះអាចបញ្ជាក់ថា វិស័យសំណង់នៅកម្ពុជានឹងបន្តការរីកចម្រើនទៅមុខយ៉ាងឆាប់រហ័សជា បន្តទៀត ព្រោះតម្រូវការការិយាល័យ និងកន្លែងស្នាក់នៅនឹងកើនឡើងជាពិសេសនៅឆ្នាំ ២០១៥ខាងមុខ៕