
ភ្នំពេញៈ ភាពប្រសើរឡើងនៃស្ថានភាពរស់នៅនិងកម្រិតជីវភាពរបស់ប្រជាជនកាន់តែធូរធារស្របពេលកំណើនរបស់ជនបរទេសចូលមកធ្វើការ ស្នាក់នៅ និងវិនិយោគនៅកម្ពុជាកាន់តែច្រើននោះបានធ្វើឲ្យតម្រូវការលំនៅឋានកើនឡើងយ៉ាងឆាប់រហ័ស ពិសេសនៅរាជធានីភ្នំពេញ។
ជាក់ស្តែងថ្មីៗនេះគេសង្កេតឃើញថា បរិមាណនៃការលក់ខុនដូស្នាក់នៅរួមសហវិជិតរាជ្យ De Castle Royal បានកើនឡើងគួរឲ្យកត់សម្គាល់គឺបន្ទាប់ពីក្រុមហ៊ុនបើកលក់ដំណាក់កាលទី២កាលពីពេលថ្មីនេះ។
លោក Eom Jae-Yoon នាយករងក្រុមហ៊ុន NURI D&C ដែលជាម្ចាស់គ្រប់គ្រងគម្រោងអគារស្នាក់នៅរួមលំដាប់ផ្កាយ ៥ De Castle Royal បានប្រាប់ថា បន្ទាប់ពីបានបញ្ចប់ការសាងសង់អគារដែលមានកម្ពស់ ៣៦ ជាន់ (៤ ជាន់នៅក្រោមដី) ជាស្ថាពរ កាលពីអំឡុង ខែមីនា ឆ្នាំ ២០១៣ មក ការលក់មានសន្ទុះយ៉ាងខ្លាំង ព្រោះការទិញខុនដូ De Castle Royal អតិថិជននឹងមិនមានការព្រួយបារម្ភពីហានិភ័យផ្សេងៗនោះទេ។
បច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការយ៉ាងសស្រោកសស្រាំក្នុងការរៀបចំសោភណភាពអគារនៅផ្នែកខាងក្នុង ដោយក្រុមហ៊ុនបានប្រើប្រាស់សម្ភារដែលមានគុណភាពល្អៗនាំចូលមកពីបរទេស ព្រមទាំងមានប្រព័ន្ធការពារសុវត្ថិភាពយ៉ាងពិសេសៗទៀតផង។
លោកបានថ្លែងថា៖«ការរៀបចំរចនាក្នុងអគារទាំងមូលអាចនឹងបញ្ចប់នៅចុងឆ្នាំ ២០១៣ ប៉ុន្តែដើម្បីឲ្យការចូលទៅរស់នៅរបស់អតិថិជនប្រកបដោយផាសុកភាព និងសុវត្ថិភាពនោះ ក្រុមហ៊ុនអាចនឹងត្រូវការពេលប្រហែល៣ខែបន្ថែមទៀតដើម្បីទុកធ្វើការត្រួតពិនិត្យទៅលើប្រព័ន្ធភ្លើងអគ្គិសនី ទឹកស្អាត ទឹកស្អុយ ប្រព័ន្ធផ្តល់សញ្ញាភ្លើងអគ្គិភ័យ និងប្រព័ន្ធសុវត្ថិភាពផ្សេងៗទៀត»។
លោកបានប្រាប់ទៀតថា ការលក់ខុនដូសហវិជិតរាជ្យ De Castle Royal នៅពេលនេះកំពុងដំណើរការទៅយ៉ាងរលូនដោយមកដល់ពេលនេះក្រុមហ៊ុនទទួលបានអតិថិជនជាង ៦០ ភាគរយ ហើយ។
ការលក់របស់ក្រុមហ៊ុននៅពេលនេះក៏មានដៃគូសហការធំៗជាច្រើនដែរដូចជាក្រុមហ៊ុន ESPA, BESTINVEST, infinity, Sonatra Grand Realty Co.,Ltd, Knight Frank, Secure, Independent Property Services, CBRE Cambodia, informax, CPL Cambodia Property LTD និង Bonna Realty Group។
De Castle Royal មានទីតាំងសមស្របស្ថិតនៅក្នុងសង្កាត់បឹងកេងកង ១ ខណ្ឌចំការមន ដោយបានចាប់ផ្តើមសាងសង់នាអំឡុងឆ្នាំ ២០០៨ លើផ្ទៃដី ៣០០០ ម៉ែត្រការ៉េ។
នៅក្នុងគម្រោងនេះរួមមានផ្សារទំនើបលក្ខណៈគ្រួសារ អាងហែលទឹក កន្លែងហាត់ប្រាណ ស្ទីម-សូណា ព្រមទាំងមានចំណតរថយន្តដ៏ធំទូលាយទៀតផង។
ខុនដូសហវិជិតរាជ្យ De Castle Royal មានផ្ទះសរុបចំនួន ៣៩២ (Unit) ដោយក្នុង ១ Unit មានតម្លៃចាប់ពី ១៣ ទៅជាង ៩០ ម៉ឺនដុល្លារអាមេរិក។ អតិថិជនក៏អាចទិញខុនដូ De Castle Royal តាមរយៈការបង់ប្រាក់រំលស់ផងដែរដោយធនាគារ Canadia ដោយមានអត្រាការប្រាក់ ១០ ភាគរយ ក្នុង ១ ឆ្នាំ និងមានរយៈពេលរហូតដល់ ១៥ ឆ្នាំ។
លោក Andrew J.Ahn អនុប្រធានក្រុមផ្នែកលក់ និងទីផ្សារក្រុមហ៊ុន NURI D&C បានអះអាងថា អតិថិជនដែលទិញខុនដូ De Castle Royal នឹងទទួលបានកន្លែងរស់នៅប្រកបដោយស្តង់ដារកម្រិតខ្ពស់ហើយអគារនោះក៏ស្ថិតនៅចំកណ្តាលបេះដូងរាជធានីភ្នំពេញទៀតផង ព្រមទាំងមាន ផ្លូវធ្វើដំណើរខ្វាត់ខ្វែងផ្សារទំនើប និងសាលារៀនអន្តរជាតិជាច្រើន។
ម៉្យាងទៀតការទិញខុនដូសហវិជិតរាជ្យ De Castle Royal នេះនឹងមិនមានបញ្ហាប្រឈមអ្វីទៀតទេ ដោយអាចនិយាយបានថា ពួកគេរង់ចាំតែពេលចូលទៅស្នាក់នៅតែប៉ុណ្ណោះ។ ពិសេសលើសពីនេះទៅទៀត បើទោះបីការសាងសង់ខុនដូកម្រិតស្តង់ដារនេះជិតបញ្ចប់ទៅហើយក៏ដោយ ក៏ក្រុមហ៊ុនមិនបានដំឡើងថ្លៃដែលបានកំណត់ពីមុនមកនោះទេ។ ដូច្នេះយើងមានជំនឿថា ការលក់នឹងអស់នាពេលឆាប់ៗនេះ ខណៈនយោបាយបើកទូលាយរបស់រាជរដ្ឋាភិបាលក៏បានជួយទាក់ទាញអ្នកវិនិយោគបរទេសមកកាន់កម្ពុជាកាន់តែច្រើនឡើងជារៀងរាល់ថ្ងៃ។
លោកបានបញ្ជាក់ថា៖«អតិថិជនដែលទិញខុនដូ De Castle Royal នឹងទទួលបាននូវភាពរីករាយជាមួយនឹងការរស់នៅក្នុងសំណង់មួយដែលមានគុណភាពល្អប្រណីត មានផាសុកភាព ព្រមទាំងមានទីតាំងស្ថិតនៅក្នុងតំបន់បឹងកេងកង ១ ដែលជាតំបន់អចលនទ្រព្យមានតម្លៃថ្លៃជាងគេនៅក្នុងរាជធានីភ្នំពេញ»។
លោកបានបន្តទៀតថា៖«បច្ចុប្បន្នមានអ្នកវិនិយោគជាច្រើនបានចូលមកបោះទុនវិនិយោគនៅកម្ពុជា ហើយពួកគេទាំងនោះតែងស្វែងរកទីតាំងសម្រាប់ស្នាក់នៅដូច្នេះ De Castle Royal នឹងក្លាយជាកន្លែងដ៏ល្អសម្រាប់ពួកគេ។ ការសាងសង់ខុនដូលំដាប់ផ្កាយ ៥ De Castle Royal គឺមានភាពល្អឥតខ្ចោះព្រោះអគារនេះនឹងក្លាយជានិមិត្តសញ្ញារបស់ក្រុមហ៊ុនទៅថ្ងៃអនាគត»។
លោកបានប្រាប់ទៀតថា៖«នៅដើមឆ្នាំ ២០១៤ ខាងមុខ ក្រុមហ៊ុន NURI D&C ក៏មានគម្រោងនឹងចាប់ផ្តើមគម្រោងថ្មី២បន្ថែមទៀតផងដែរ»។
លោក សេង សុភ័ក្រ្ត ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំបាននិយាយថា ខុនដូ De Castle Royal ពិតជានៅក្នុងទីតាំងដ៏ល្អដែលមានសកម្មភាពពាណិជ្ជកម្មចម្រុះ ចំណែកការលក់ក៏ដំណើរការល្អដែរ ដោយអតិថិជនដែលទិញខុនដូ De Castle Royalភាគច្រើនជាជនជាតិខ្មែរ និងប្រជាជនដែលមកពីប្រទេសនានានៅក្នុងទ្វីបអាស៊ី ។
លោកបានថ្លែងថា៖«ទីតាំងគឺជាកត្តាសំខាន់ ចំណែកតម្លៃក៏ជាឧបសគ្គផងដែរសម្រាប់ការលក់។ De Castle Royal ពិតជាស្ថិតក្នុងទីតាំងល្អដូច្នេះគម្រោងនេះនឹងអាចលក់អស់ក្នុងពេលឆាប់ៗ»។
លោក នួន រិទ្ធី ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ប៊ុណ្ណារៀលធីគ្រុប ធ្លាប់បាននិយាយថា ខុនដូ De Castle Royal មានទីតាំងនៅចំបេះដូងរាជធានីភ្នំពេញប៉ុន្តែបញ្ហាជោគជ័យឬមិនជោគជ័យវាអាស្រ័យទៅលើតម្លៃព្រោះបច្ចុប្បន្ននេះមានគូប្រកួតប្រជែងច្រើន។លោកបានបន្តថាទីផ្សារខុនដូនៅកម្ពុជាកំពុងមានការរីកចម្រើនល្អដោយការលក់មានកំណើនចន្លោះ ២០ ទៅ ៣០ ភាគរយកាលពីឆ្នាំ ២០១២កន្លងមកបើប្រៀបធៀបទៅនឹងឆ្នាំ ២០១១។
លោកបានថ្លែងថា៖«ការវិនិយោគលើខុនដូនៅតែល្អនិងមានភាពវិជ្ជមាន ព្រោះមានក្រុមហ៊ុនបរទេសជាច្រើនចូលមកវិនិយោគនៅកម្ពុជាដែលធ្វើឲ្យតម្រូវការកន្លែងស្នាក់នៅកើនឡើងជាប្រចាំ»៕