The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - De Castle Royal គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០១៤

De Castle Royal គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០១៤

De Castle Royal គ្រោង​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ ២០១៤

Content image - Phnom Penh Post

ភ្នំពេញៈ បើ​ទោះ​បី​ជា​ការ​លក់​លំនៅឋាន​នៅ​រាជធានី​ភ្នំពេញ​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​ធ្លាក់​ចុះ​ដោយ​សារ​ស្ថានភាព​នយោបាយ​មិន​ទាន់​ល្អ​ប្រសើរ ១០០ ភាគរយ ក៏​ដោយ ក៏​សកម្មភាព​នៃ​ការ​សាង​សង់ និង​ការ​លក់​របស់​ខុនដូ De Castle Royal មិន​បាន​ធ្លាក់​ចុះ​នោះ​ទេ នា​អំឡុង​ត្រី​មាស ទី៣ ឆ្នាំ ២០១៣​នេះ។

ការ​ជម្នះ​ខ្លួន​ចេញ​ពី​មហា​វិបត្តិ​ហិរញ្ញវត្ថុ​សាកល កាល​ពី​អំឡុង​ឆ្នាំ ២០០៨ និង​ការ​បន្ថែម​ទុន​វិនិយោគ​ចំនួន ២៨ លាន​ដុល្លារ​អាមេរិក​ពី​ធនាគារ កាណាឌីយ៉ា គឺជា​កត្តា​ដ៏​សំខាន់​ដែល​បាន​ជួយ​ជំរុញ​ឲ្យ​ការ​សាងសង់​អគារ​ខុនដូ De Castle Royal ជិត​ឈាន​ដល់​ដំណាក់កាល​ចុង​ក្រោយ​នា​ពេល​នេះ។

លោក Andrew J. Ahh នាយក​រង Group VP/Sale,Marketing and Development Project បាន​ប្រាប់​ថា ការ​សាង​សង់​ខុនដូ​សហវិជិតរាជ្យ De Castle Royal កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ដោយ​គម្រោង​ទាំង​មូល​គម្រោង​នឹង​បញ្ចប់​នា​អំឡុង​ត្រីមាស ទី១ ឆ្នាំ ២០១៤។ De Castle Royal គឺជា​ខុនដូ​លំដាប់​ផ្កាយ ៥ ដែល​ត្រូវ​បាន​សាង​សង់​ឡើង​ដោយ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​គុណភាព​ជា​សំខាន់។ De Castle Royal មាន​កម្ពស់​ខាង​លើ​ចំនួន ៣២ ជាន់ និង​មាន​ចំណត​រថយន្ត​ដែល​អាច​ចត​រថយន្ត​បាន​ចំនួន ៤៧៤ កន្លែង។

លោក Andrew បាន​អះអាង​ថា៖«ការ​សាង​សង់​របស់​យើង​គឺ​ផ្តោត​សំខាន់​ទៅ​គុណភាព ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រស់​នៅ​ប្រកប​ដោយ​ភាព​ស៊ីវិល័យ​។ ការ​សាងសង់​ខុនដូ De Castle Royal នឹង​មាន​ភាព​ល្អ​ឥត​ខ្ចោះ ពីព្រោះ​អគារ​នេះ​នឹង​ក្លាយ​ជា​និមិត្តសញ្ញា​របស់​ក្រុមហ៊ុន​ទៅ​ថ្ងៃ​អនាគត។ ការ​រស់​នៅ​ខុនដូ De castle Royal គឺ​ប្រៀប​ដូច​ជា​រស់​នៅ​ក្នុង​សណ្ឋាគារ​លំដាប់​ផ្កាយ ៥ អ៊ីចឹង​ដែរ​ទាំង​សម្ភារ និង​សេវាកម្ម»។

De Castle Royal ត្រូវ​បាន​សាងសង់​ឡើង​ដោយ​មាន​ចំនួន ៣២ ជាន់ (៣ ជាន់​នៅ​ក្រោម​ដី) និង​មាន​កន្លែង​ចត​រថយន្ត​ចំនួន ៦ ជាន់ (៣ ជាន់​នៅ​ក្រោម​ដី និង ៣ ជាន់​ទៀត​នៅ​ខាង​លើ) ខណៈ​ជាន់ ទី៤ នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​ពិសេស​សម្រាប់​ធ្វើ​ជា​កន្លែង​កម្សាន្ត កន្លែង​ហាត់​ប្រាណ អាង​ហែល​ទឹក ស្ទីម សូណា ភោជនីយដ្ឋាន ផ្សារ​ទំនើប​គ្រួសារ និង​សេវាកម្ម​ចម្រុះ​ជាច្រើន​ទៀត​។ ចាប់​ពី​ជាន់ ទី៥ រហូត​ដល់​ជាន់ ទី៣២ គឺជា​កន្លែង​ស្នាក់នៅ ដោយ​នៅ​ជាន់ ទី៣២ នោះ​អាច​នឹង​មាន Sky Bar បន្ថែម​ទៀត​ផង។

ការ​សាង​សង់​ខុនដូ De Castle Royal ទាំង​មូល​គ្រោង​នឹង​បញ្ចប់​នៅ​ដើម​ឆ្នាំ ២០១៤។ ប៉ុន្តែ​នៅ​ក្នុង​ដំណាក់កាល​ដំបូង​ក្រុមហ៊ុន​ត្រូវ​ការ​រយៈ​ពេល ២-៣ ខែ​បន្ថែម​ទៀត ដើម្បី​ទុក​ពេល​ធ្វើ​ការ​ត្រួត​ពិនិត្យ​ទៅ​លើ​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ចំនួន​ដូចជា ប្រព័ន្ធ​ភ្លើង​អគ្គិសនី ទឹក​ស្អាត ប្រព័ន្ធ​បង្ហូរ​ទឹក​សម្អុយ ប្រព័ន្ធ​ផ្តល់​ភ្លើង​សញ្ញា​អគ្គិភ័យ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ផ្សេងៗ​ទៀត គឺ​ដូច​ទៅ​នឹង​អ្វីៗ​ដែល​បំពាក់​នៅ​ក្នុង​សណ្ឋាគារ​ផ្កាយ ៥ ដែរ។

131024_03
De Castle Royal មានទាំងអស់៤១៤ Unit ហើយក្នុង១Unit មានតម្លៃចាប់ពី១៣មឺុនដុល្លារដល់ជាង១លានដុល្លារអាមេរិក សហការី

កញ្ញា ឡាច លីនដា ប្រធាន​ផ្នែក​លក់​ក្រុមហ៊ុន NURI D&C បាន​និយាយ​ថា ការ​លក់​របស់​គម្រោង​ខុនដូ De Castle Royal មាន​ដំណើរការ​ទៅ​មុខ​យ៉ាង​ល្អ ដោយ​រហូត​មក​ដល់​ពេល​នេះ​ការ​លក់​សម្រេច​បាន​ជាង ៧០ ភាគរយ។ អតិថិជន​ដែល​ទិញ​ខុនដូ​លំដាប់​ផ្កាយ ៥ De Castle Royal មាន​ប្រជាជន​ខ្មែរ​ប្រហែល ៥០ ភាគរយ និង​ជន​បរទេស ៥០ ភាគរយ​ដែល​មាន​ដូចជា ជប៉ុន ចិន កូរ៉េ សិង្ហបុរី ម៉ាឡេស៊ី និង បារាំង​ជាដើម។

កញ្ញា លីនដា បាន​អះអាង​ថា៖ «ការ​លក់​របស់​យើង​ដំណើរ​ទៅ​មុខ​បាន​ល្អ ពីព្រោះ​អតិថិជន​មាន​ទំនុក​ចិត្ត​លើ​ការ​សាង​សង់​របស់​ក្រុមហ៊ុន ខណៈ​ការ​សាងសង់​កំពុង​មាន​សកម្មភាព​ទៅ​មុខ​ជា​ប្រចាំ។ ម៉្យាង​ទៀត​ការ​លក់​របស់​យើង​មាន​ដំណើរការ​ទៅ​មុខ​បាន​យ៉ាង​ល្អ​នៅ​ពេល​នេះ ក៏​ដោយ​សារ​តែ​ក្រុមហ៊ុន​បាន​ផ្តល់​ឱកាស​ឲ្យ​អតិថិជន​មាន​ដែល​មាន​បំណង​ចង់​ទិញ​ខុនដូ De Castle Royal អាច​បង់​ប្រាក់​រំលស់​តាម​រយៈ​ធនាគារ កាណាឌីយ៉ា ផង​ដែរ​ដោយ​គិត​អត្រា​ទាប បំផុត និង​មាន​រយៈពេល​រហូត​ដល់ ១៥ ឆ្នាំ»។

De Castle Royal មាន​បន្ទប់​សរុប​ចំនួន ៤១៤ (Unit) ដោយ​ក្នុង ១ Unit មាន​តម្លៃ​ចាប់​ពី​ជាង ១៣ ម៉ឺន រហូត​ដល់​ជាង ១ លាន​ដុល្លារ​អាមេរិក។

ក្នុង​ការ​លក់​នេះ​ក្រុមហ៊ុន​ក៏​មាន​ដៃ​គូ​សហការ​ធំៗ​ជាច្រើន​ផង​ដែរ​ដូចជា​ក្រុមហ៊ុន CBRE Cambodia, SecureP, L'attrait, SBI Royal Securities និង​ក្រុមហ៊ុន Informax ជាដើម។

លោក សេង សុភ័ក្ត្រ ប្រធាន​គ្រប់​គ្រប់​ទូទៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល ធ្លាប់​បាន​និយាយ​ថា ទីតាំង​របស់​ខុនដូ De Castle Royal ពិត​ជា​ល្អ ដោយ​នៅ​ទីនោះ​ជា​មជ្ឈមណ្ឌល​ប្រមូល​ផ្តុំ​នូវ​សកម្មភាព​ពាណិជ្ជកម្ម​ចម្រុះ ជាច្រើន។ ចំណែក​ឯ​ការ​លក់​វិញ​ក៏​ដំណើរការ​ល្អ​ដែរ ហើយ​អតិថិជន​ដែល​មក​ទិញ​ខុនដូ De Castle Royal ភាគច្រើន​ជា​ជនជាតិ​ខ្មែរ និង​ប្រជាជន​ដែល​មក​ពី​ប្រទេស​នានា​នៅ​ក្នុង​ទ្វីប​អាស៊ី។

លោក សុភ័ក្ត្រ បាន​អះអាង​ថា៖ «ទីតាំង​គឺជា​កត្តា​សំខាន់ ចំណែក​តម្លៃ​ក៏​ជា​ឧបសគ្គ​ផង​ដែរ​សម្រាប់​ការ​លក់។ តែ​ទោះ​បី​ជា​យ៉ាង​ណា De Castle Royal ពិត​ជា​ស្ថិត​នៅ​ក្នុង​ទីតាំង​ល្អ ដូច្នេះ​គម្រោង​នេះ​នឹង​អាច​លក់​អស់​ក្នុង​ពេល​ឆាប់ៗ​នេះ»។

លោក នួន រិទ្ធី ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ធ្លាប់​បាន​និយាយ​ថា ខុនដូ De Castle Royal មាន​ទីតាំង​ស្ថិត​នៅ​ចំ​បេះដូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បញ្ហា​ជោគជ័យ ឬ​មិន​ជោគជ័យ​ក៏​អាស្រ័យ​ទៅ​លើ​តម្លៃ​ផង​ដែរ ព្រោះ​បច្ចុប្បន្ន​នេះ​មាន​គូ​ប្រកួត​ប្រជែង​ច្រើន។ លោក​បាន​ប្រាប់​ទៀត​ថា ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​កំពុង​មាន​ការ​រីក​ចម្រើន​ល្អ ដោយ​ការ​លក់​មាន​កំណើន​ជា​ប្រចាំ។ ជា​ពិសេស​ការ​លក់​ខុនដូ​កាល​ពី​ឆ្នាំ ២០១២ កន្លង​មក​មាន​កំណើន​ចន្លោះ​ពី ២០-៣០ ភាគរយ បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ ២០១១។

លោក​បាន​បញ្ជាក់​ថា៖ «ការ​វិនិយោគ​លើ​ខុនដូ​នៅ​តែ​ល្អ និង​មាន​ភាព​វិជ្ជមាន​ដោយ​សារ​មាន​ក្រុមហ៊ុន​បរទេស​ជាច្រើន​កំពុង​ចូល​មក​វិនិយោគ​នៅ​កម្ពុជា ដែល​ធ្វើ​ឲ្យ​តម្រូវការ​អគារ​ស្នាក់នៅ​មាន​ការ​កើន​ឡើង​ជា​ប្រចាំ»។

ខុនដូ De Castle Royal មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់ បឹងកេងកង ១ ខណ្ឌ ចំការមន ដែល​ជា​តំបន់​អចលន​ទ្រព្យ​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​ក្នុង​រាជធានី ភ្នំពេញ៕

អត្ថបទគួរចាប់អារម្មណ៍