The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការសាងសង់​អគារ​កម្ពស់ ៦០ ជាន់​ក្នុង​គម្រោង​អូទ្បាំ​ព្យា​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំក្រោយ

ការសាងសង់​អគារ​កម្ពស់ ៦០ ជាន់​ក្នុង​គម្រោង​អូទ្បាំ​ព្យា​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំក្រោយ

Content image - Phnom Penh Post
គំរូ​សំណង់​អគារ​កម្ពស់ ៦០ ជាន់​ក្នុង​គម្រោង​អូឡាំព្យានឹង​លេច​ជារូបរាង​នាពេលខាង​មុខ។ រូបថត​ គេហ​ទំព័រ​ Google

ការសាងសង់​អគារ​កម្ពស់ ៦០ ជាន់​ក្នុង​គម្រោង​អូទ្បាំ​ព្យា​នឹង​ចាប់ផ្តើម​នៅ​ដើម​ឆ្នាំក្រោយ

វា​មិនមែន​ជាការ​ស្រមៃ​ទេ​ហើយ​ក៏​មិនមែន​ជា​សុបិន​នោះ​ដែរ នៅពេល​អគារ​កប់ពពក​ជាច្រើន​បាននិង​កំពុង​បង្ហាញ​ខ្លួន​ជា​បណ្តើរៗ​នៅ​រាជធានី​ភ្នំពេញ ខណៈពេល​ក្រុមហ៊ុន OCIC ​ក៏បាន​ចាប់ផ្តើមសាង​សង់​អគារ​ការិយាល័យ​កម្ពស់ ៦០ ជាន់ និង​អគារ​កប់​ពពក​ជាច្រើន​ទៀត​នៅក្នុង​គម្រោង​នេះ​។​

​អគារ​លំនៅឋាន សណ្ឋាគារ និង​ការិយាល័យ​ដ៏​ប្រណីត​ទាំង​នេះ​បាន​និងកំពុង​ផ្លាស់ប្តូរ​មុខមាត់​រាជធានី​ភ្នំពេញ ដើម្បី​ប្រែ​ក្លាយ​ទីក្រុង​នេះ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​ក្នុង​ល្បឿន​មួយ​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​

​លោក ទូច សំណាង អគ្គនាយក​រង​ក្រុមហ៊ុន​អាណិកជន​ខ្មែរ​នៅក្រៅ​ប្រទេស (OCIC) បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្ប​តិ៍​សប្តាហ៍​មុន​ថា គម្រោង​ដែល​ចំណាយ​ប្រាក់​ពី ៣៥០ ទៅ ៤០០ លាន​ដុល្លារ សម្រាប់តែ​ការ​ចំណាយ​ទៅលើ​ផ្នែក​សំណង់​នេះ​នឹង​បញ្ចប់​ការ​សាងសង់​ទាំងស្រុង​នៅ​ឆ្នាំ ២០១៩ ខាងមុខនេះ ដើម្បី​ប្រែក្លាយ​តំបន់​នេះ ជា​តំបន់​ពាណិជ្ជកម្ម​ប្រកប​ដោយ​ភាព​រស់​រវើក​។

ទីនេះ​ជាទី​តាំង​ដ៏​មាន​សក្តានុពល ព្រោះ​ស្ថិតនៅ​ចំ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​។ លោក​បន្ត​ថា ជាមួយនឹង​ដំណើរការ​សាងស​ង់​អគា​រ​ថ្មី​នេះ ក្រុមហ៊ុន​ក៏​នឹង​អនុ​ញ្ញា​ត​ឲ្យ​​ម្ចាស់​ផ្ទះល្វែង និង​ម្ចាស់​ខុន​ដូ​ទៅ​រស់នៅក្នុង​ឆ្នាំក្រោយ​នេះ​ផងដែរ​។

​​លោក​បន្តថា ចំ​ណែ​ក​ផ្សារ​ទំនើប​កម្ពស់ ៧​ ជាន់​នៅក្នុង​គម្រោង​នេះ​ក៏​បានចាប់ផ្តើម​ធ្វើ​គ្រឹះ ដើម្បី​បញ្ចប់​ការ​សាងសង់​ទាន់ពេលវេលា ព្រោះ​ផ្សារ​នេះ​អាច​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ ២០១៧ ខាងមុខនេះ​។​

​អគារ​ខ្ពស់​ជាងគេ​ក្នុង​គម្រោង​នេះ​ដំបូង​ទ្បើ​យ​គ្រោង​សាង​សង់​កម្ពស់ ៥៥ ជាន់ ប៉ុន្តែ​ពេល​នេះ​ក្រុមហ៊ុន OCIC ​បាន​ដំទ្បើង ៥ ​ជាន់ទៀត​ដែល​ធ្វើ​ឲ្យអគារ​ខ្ពស់ជាងគេ​ក្នុង​គម្រោង​នេះ​មាន​កម្ពស់​រហូតដល់ ៦០ ជាន់​។​

​លោក ងួន ហាន់​ឬ​ទ្ឋិ ប្រធាន​គ្រប់​គ្រង​ការដ្ឋាន​ទីក្រុង​អូទ្បាំព្យា​បា​ន​ថ្លែង​ថា ក្រុម​អ្នក​ជំនាញ​បាន​សិក្សា​ដីចប់​ហើយ ហើយ​បច្ចុប្បន្ននេះ​ក្រុមហ៊ុន​កំពុង​ធ្វើតេស្ត​ដី និង​សិក្សា​ពី​គ្រឹះ​របស់​អគារ​នេះ​។​ ​

​កញ្ញា ទ្បុ​ង សុ​ភ័​ក្រ ប្រធាន​ផ្នែក​​លក់ និង​ទីផ្សារ​នៃ​គម្រោង​ទីក្រុង​អូទ្បាំ​ព្យា​បា​ន​ថ្លែងថា បច្ចុប្បន្ននេះ​ក្រុមហ៊ុន​កំពុង​លក់​អគារ​ខុន​ដូ​ទី ៣ ដែលជា​អគារ​បើក​លក់​ក្រោយ​ អគារ​ទី ១ ទី ២ និង​អគារ​ខុនដូទី ៤ ។

កញ្ញា​បន្ត​ថា រហូត​មកទល់​ពេលនេះ​អគារ​ទី ៣ លក់​អស់ ៥០ ភាគរយ​ហើយ ខណៈ​អគារ​ទី ១ លក់​បាន ៩៩ ភាគរយ​អគារ​ទី ២ និង​ទី ៤ លក់បាន ៨៥ ភាគរយ​។​

កញ្ញា​បន្តថា ចំណែក​ផ្សារ​ទំនើប​កម្ពស់ ៧ ជាន់​នៅក្នុង​គម្រោង​នេះ​មិនទាន់​ដាក់​លក់​នៅ​ទ្បើ​យ​ទេ ព្រោះ​ក្រុមហ៊ុន​ចង់​បញ្ចប់ការ ​សាងសង់​អគារ​ជាមុនសិនទើប ចាប់ផ្តើម​សម្រេច​ប្រកាស​លក់ និង​ជួល​ស្តង់​ដល់​អតិថិ​ជន​។​

​​កញ្ញា​បន្តថា ៖«​គម្រោង​នេះ​បាន​និង​កំពុង​ទទួលជោគជ័យ ព្រោះ​ទីតាំង​របស់​គម្រោង​នេះ​ជា​តំបន់​ពាណិជ្ជកម្ម​ស្ថិតនៅ​កណ្តាល​ក្រុង និង​ទទួលបាន​ទំនុកចិត្ត​ពី​អតិថិជន ព្រោះ​យើង​យក​ចិត្ត​ទុកដាក់​ក្នុងការ​សាងសង់ និង​គិត​ពី​គុណភាព​សំណង់​ជា​ចម្បង​»​។​
​ផ្ទះ​ក្នុង​គម្រោង​នេះ​លក់​ក្នុង​តម្លៃ​ចាប់ពីណ ២៣០០ ទៅ​២៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​បើ​គិតជាត​ម្លៃ​ផ្ទះ​គឺមាន​តម្លៃ​ចាប់ពី ១០៣.០០០ ដល់ ៦៦៦.០០០ ដុល្លារ​អាមេរិក​។​

កញ្ញា ទ្បុង សុភ័ក្រ បាន​បន្តថា ៖​«អតិថិជន​ទិញ​ផ្ទះ​ក្នុង​គម្រោង​នេះ​មានចម្រុះ​ជាតិ​សាសន៍​ទាំង​ខ្មែរ និង​បរទេស ហើយ​ជនបរទេស​ដែល​ទិញ​គម្រោង​នេះ​ភាគច្រើន​មាន​ជនជាតិ​ចិន តៃវ៉ាន់ ជប៉ុន សិង្ហបុរី និង​ម៉ាទ្បេស៊ី​ ជាដើម»។​

​លោក ច្រឹ​ក សុខ​នី​ម អគ្គនាយក​ក្រុមហ៊ុន​Century21 Mekong​បាន​ថ្លែងថា គម្រោង​នេះ​ស្ថិតនៅ​បេះដូង​នៃ​ក្រុង​ភ្នំពេញ ដូច្នេះ​អ្វីដែល​សំខាន់​ថា តើ​គម្រោង​អភិ​វ​ឌ្ឍ​ន៍​នេះ​មាន​ចំណត​យានយន្ត​គ្រប់គ្រាន់ និង​​មាន​រៀបចំ​ប្រព័ន្ធ​សុវត្ថិភាព​អាច​រំដោះ​មនុស្ស​ចេញ​បានដែរ​ឬទេ នៅពេល​មាន​បញ្ហា​កើត​ទ្បើង​? លោក​បន្តថា វា​ជា​ការ​ផ្តល់​​របៀប​នៃ​​ការ​រស់នៅ​បែប​ស៊ី​វិ​ល័យ​សម្រាប់​មនុស្ស​សម័យថ្មី​មួយ ហើយ​អ្វីដែល​សំខាន់ ថា​តើ​ម្ចាស់​គម្រោង​នេះ​ផ្តោត​ទៅ​លើ​អតិថិជន​លំដាប់​ណា?​

ព្រោះ​បើ​ផ្តោតលើ​អតិថិជន​ក្នុង​ស្រុក​អគារ​នេះ​នឹងមាន​មនុស្ស​រស់នៅ​ច្រើន​នាពេល​អនាគត តែបើ​ផ្តោតលើ​អតិថិជន​លំដាប់​​ខ្ពស់ គឺ​បារម្ភ​ខ្លាច​វា​ក្លាយជា​អគារ​ខ្មោច​ពេលយប់​ទ្បើង​ងងឹត​ឈឹង មិនមាន​មនុស្ស​រស់នៅ តែ​បើ​ពេល​យប់​អាគារ​ណាមួយ​មាន​ពន្លឺ មាន​មនុស្ស​រស់នៅ​ច្រើន មាន​ន័យ​ថា ​គម្រោង​​នោះ​ទទួលបាន​ជោគ​ជ័យ​ហើយ​។​

​លោក​ឲ្យ​ដឹងថា ៖«​ប្រសិនជា​អ្នក​អភិ​វឌ្ឍន៍​ផ្តោតលើ​អ្នកមាន​ប្រាក់​ច្រើន អតិថិជន​លំដាប់​នេះ​​មាន​ចំនួន​តិច និង​ធ្វើ​ឲ្យ​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​នេះ តែ​ទីផ្សារ​ខុន​ដូ​ក៏​មិន​សម្រាប់តែ​ប្រជាជន​ក្នុង​ស្រុក​​ទេ តែ​ក៏​ផ្តោតលើ​ជន​បរទេស​ផងដែរ​»​។ លោក​បន្ត​ថា ៖«​គម្រោង​ដ៏​ធំ​នេះ​បើ​ធៀប​ជាមួយ​នឹង​សេដ្ឋកិច្ច និង​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ​គឺ​វា​លើស​អ្វីដែល​យើង​មាន​»​។​

​នៅពេល​សួរថា​តើ​រយៈពេល ១០ ឆ្នាំ​ខាងមុខ កម្ពុជា​នឹង​អាច​ក្លាយជា​ខ្លាសេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​បានដែរ​​ឬទេ នៅពេល​ទីក្រុង​នេះ​កំពុង​មានការ​អភិវឌ្ឍ​យ៉ាង​​ឆាប់រហ័ស​? លោក​សុខ​នីម​ បាន​ថ្លែងថា ៖«​វា​មិនទាន់​ដល់​ពេល​​នៅ​ទ្បើ​យ​ទេ វា​នៅ​ត្រូវការ​ពេល​វេលា​វែងឆ្ងាយ​ទៀត តែ​ល្បឿន​នៃ​ការ​អភិ​វ​ឌ្ឍ​របស់​យើង​គឺ​លឿន​ជាង​បណ្តា​ប្រទេស​ក្នុង​តំបន់​នេះ​»​៕

អត្ថបទគួរចាប់អារម្មណ៍

  • ជនជាតិ​ភាគតិច និង​សង្គម​ស៊ីវិល​ប្ដឹង​ជំទប់​ឃុំ និង​អភិបាលរង​ខេត្ត ​រឿង​ចេញ​បណ្ណ​សម្គាល់​ដី​ជាន់​លើ​ដី​ព្រៃ

    មណ្ឌលគិរី: ពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ភាគតិច និង​សង្គម​ស៊ីវិល​ចំនួន ៦ ​នាក់​ បាន​ដាក់​ពាក្យបណ្ដឹង​ចំនួន ២ ​ដាច់​ ដោយឡែក​ពី​គ្នា​ប្ដឹង​មនុស្ស ៤ ​នាក់ ​ទៅ​តុលាការខេត្ត​ក្នុង​នោះ​មាន​ជំទប់​ទី​ ១ ​ឃុំ​ប៊ូស្រា​ម្នាក់ និង​អភិបាលរង​ខេត្តមណ្ឌលគិរី​ម្នាក់​ដោយ​ចោទ​ពាក់ព័ន្ធ​ការចេញ​បណ្ណ​សម្គាល់​ម្ចាស់​ដីធ្លី​ជាន់​លើដី​គម្រប​ព្រៃឈើ និង​បទ​ចោទ​ពាក់ព័ន្ធ​លួច​គាស់​យក​ថ្ម​ធម្មជាតិ​

  • កាណាដា​ពិន័យ VW ១៥០ ​លាន​ដុល្លារ

    ក្រុងតូរ៉ុនតូៈ តុលាការ​ក្នុង​ទីក្រុង​តូរ៉ុនតូ​កាលពី​ថ្ងៃ​ពុធ​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Volkswagen (VW) បង់ប្រាក់​ពិន័យ ១៩៦,៥ លាន​ដុល្លារ​កាណាដា (១៥០ ​លាន​ដុល្លារ​អាមេរិក​) បន្ទាប់ពី​ក្រុមហ៊ុន​ផលិត​រថយន្ត​មួយ​នេះ​បាន​សារភាព​កំហុស​ចំពោះ​ការរំលោភច្បាប់​បរិស្ថាន​ក្នុង​រឿងអាស្រូវ​បោក​បន្លំ​ការបញ្ចេញ​កាបូន​។

  • សហជីព​បារាំង​​ព្យាយាម​បន្ត​ការ​តវ៉ា​ប្រឆាំង​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​​ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​​

    ក្រុង​ប៉ារីស៖ ក្រុម​សហជីព​បារាំង​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ធ្វើ​​កូដកម្ម​ជា​ច្រើន​ ដោយ​​មាន​​បំណង​បង្កើន​សម្ពាធ​​​​ទៅ​លើ​រដ្ឋាភិបាល​មុន​នឹង​រដ្ឋាភិបាល​នេះ​ ធ្វើ​ការ​បង្ហាញ​ការ​កែ​ទម្រង់​ប្រាក់​សោធននិវត្តន៍​ចុង​ក្រោយ ​ដែល​បាន​​​ជំរុញ​ឲ្យ​មាន​ការ​តវ៉ា​ពី​បញ្ហា​ការងារ​ធំ​បំផុត​នៅ​បារាំង​ជា​ច្រើន​ទសវត្សរ៍​នោះ​​។ ​

  • លាភ ​រដ្ឋា ​និង ​ផាន់ ​គ្រាន់ ​ប៉ះ​ថៃ​ចំណូល​ថ្មី​

    ភ្នំពេញ៖ ​អ្នក​លេង​កណ្តាប់​ដៃ​របស់​កម្ពុជា​ចំនួន ​២ ​នាក់ គឺ ​លាភ ​រដ្ឋា និង​ ផាន់ ​គ្រាន់​ ​នឹង​​ត្រូវ​បង្ហាញ​ខ្លួន​រួមគ្នា នៅ​​លើ​សង្វៀន​ SEATV នា​រសៀល​ថ្ងៃ​សៅរ៍​ស្អែក​នេះ ​ដោយ​ពួក​គេ​ត្រូវ​ជួប​ជាមួយ​​កីឡាករ​ថៃ​​ចំណូល​ថ្មី​ មិន​ធ្លាប់​មក​ប្រកួត​ក្នុង​សង្វៀន​នៅ​​ប្រទេស ​កម្ពុជា ​នោះ​ទេ​​។