The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ខុនដូ​ក្នុង​គម្រោង អូឡាំព្យា ស៊ីធី ទទួល​លទ្ធផល​ល្អ​លើស​ការ​រំពឹង​ទុក

ខុនដូ​ក្នុង​គម្រោង អូឡាំព្យា ស៊ីធី ទទួល​លទ្ធផល​ល្អ​លើស​ការ​រំពឹង​ទុក

ការ​រចនា​ផ្នែក​ខាង​ក្នុង​នៃ​ខុនដូ អូឡាំព្យា ស៊ីធី របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ OCIC ។
ការ​រចនា​ផ្នែក​ខាង​ក្នុង​នៃ​ខុនដូ អូឡាំព្យា ស៊ីធី របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍ OCIC ។ រូបថត ហ៊ឹន ពិសី

ខុនដូ​ក្នុង​គម្រោង អូឡាំព្យា ស៊ីធី ទទួល​លទ្ធផល​ល្អ​លើស​ការ​រំពឹង​ទុក

បន្ទាប់​ពី​ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ខ្លាំង​ក្នុង​ការ​លក់​បន្ទប់​អគារ​ខុនដូ ទី១ និង ទី២ រួច​មក​ការ​លក់​ខុនដូ ទី៤ នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​អូឡាំព្យា ស៊ីធី ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា បាន​ចាប់​ផ្តើម​បើក​ការ​លក់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​មក។

អូឡាំព្យា ស៊ីធី ដែល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ក្លាយ​ជា​ទីក្រុង​ដ៏​ល្អ​អស្ចារ្យ​មួយ​លេច​ឡើង​នៅ​ចំ​បេះដូង​នៃ​រាជធានី​ភ្នំពេញ​ជាមួយ​នឹង​អគារ​ខ្ពស់ៗ​ជាច្រើន​នេះ ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន OCIC លើ​ផ្ទៃ​ដី​ចំនួន ៦ ហិកតា។

លោក ឡុក វណ្ណឆេង នាយក​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​ក្រុម​ហ៊ុន OCIC ដែល​ជា​ម្ចាស់​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​អូឡាំព្យា បាន​ប្រាប់​ថា ការ​សាង​សង់​អគារ​ខុនដូ​ស្នាក់​នៅ អគារ​ពាណិជ្ជកម្ម អគារ​ការិយាល័យ និង​អគារ អូឡាំព្យា ផ្លាហ្សា ដែល​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​អូឡាំព្យា កំពុង​ដំណើរ​ទៅ​មុខ​យ៉ាង​រលូន។

លោក​បាន​ប្រាប់​ទៀត​ថា នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​អូឡាំព្យា រួម​មាន អគារ​កម្ពស់ ៦០ ជាន់ ១ អគារ អគារ​កម្ពស់ ៥០ ជាន់​មាន ១ អគារ អគារ​កម្ពស់ ៣២ ជាន់​មាន ១ អគារ អគារ​កម្ពស់ ២០ ជាន់​មាន ៥ អគារ​(ខុនដូ និង​ផ្ទះ​ហាង) អគារ​កម្ពស់ ៧ ជាន់​មាន ១ អគារ (អូឡាំព្យា ផ្លាហ្សា) និង​មាន​អគារ​ពាណិជ្ជកម្ម​កម្ពស់ ៤ ជាន់​ផង​ដែរ។

លោក វណ្ណឆេង បាន​ថ្លែង​ថា៖ «ការ​សាង​សង់​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​អូឡាំព្យា កំពុង​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​សកម្ម ដោយ​ការ​សាង​សង់​អគារ​ខុនដូ​កម្ពស់ ២០ ទី១ នៅ​ពេល​នេះ​បាន​ឡើង​ដល់​ជាន់ ទី២០ ហើយ ខណៈ​ខុនដូ ទី២ បាន ១៧ ជាន់ ខុនដូ ទី៣ និង ទី៤ បាន ៦ ជាន់​ដូច​គ្នា»។

លោក​បាន​បន្ត​ថា៖ «សំណង់​ក្នុង​គម្រោង អូឡាំព្យា សុទ្ធ​តែ​មាន​គុណភាព​ល្អ ហើយ​ការ​សាង​សង់​នៅ​ទី​នោះ​ក៏​មាន​សកម្មភាព​មមាញឹក​ផង​ដែរ»។

គម្រោង​អភិវឌ្ឍន៍ ទីក្រុង​អូឡាំព្យា ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ត្រូវ​គេ​ដឹង​ថា មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អតិថិជន ពី​ព្រោះ​ទី​នោះ​ស្ថិត​នៅ​ចំណុច​កណ្តាល​រាជធានី​ភ្នំពេញ ដែល​ជា​កន្លែង​ប្រជុំ​ទៅ​ដោយ​សេវាកម្ម​ចម្រុះ​ជាច្រើន។ គម្រោង​នេះ​បាន​ចាប់​ផ្តើម​សាង​សង់​ដំបូង​ក្នុង ឆ្នាំ​២០១២ ហើយ​គម្រោង​ទាំង​មូល​គ្រោង​នឹង​បញ្ចប់​ក្នុង ឆ្នាំ​២០១៨ ខាង​មុខ ក្រោម​ទឹក​ប្រាក់​វិនិយោគ​ប្រហែល ៤០០ លាន​ដុល្លារ​អាមេរិក។

ការដ្ឋាន​សាង​សង់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង អូឡាំព្យា ស៊ីធី ដែល​ស្ថិត​នៅ​ជិត​រង្វង់​មូល​ព្រះ នាង​គង្ហីង។
ការដ្ឋាន​សាង​សង់​គម្រោង​អភិវឌ្ឍន៍​ទីក្រុង អូឡាំព្យា ស៊ីធី ដែល​ស្ថិត​នៅ​ជិត​រង្វង់​មូល​ព្រះ នាង​គង្ហីង។ ហុង មិនា

កញ្ញា ឡុង សុភ័ក្រ្ត ប្រធាន​ផ្នែក​លក់​នៃ​គម្រោង​អភិវឌ្ឍន៍ ទីក្រុង​អូឡាំព្យា បាន​និយាយ​ថា ការ​លក់​ខុនដូ ដែល​មាន​ចំនួន ៥ អគារ​នៅ​ក្នុង​គម្រោង អូឡាំព្យា ស៊ីធី កំពុង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង។ ជាក់​ស្តែង​ខុនដូ ទី១ ដែល​មាន​ចំនួន ៤០១ យូនីត រហូត​មក​ដល់​ពេល​នេះ (ថ្ងៃ​សុក្រ) លក់​បាន​ប្រហែល ៩៨ ភាគរយ ខុនដូ ទី២ ដែល​មាន​ចំនួន ៣៧២ យូនីត លក់​បាន​ប្រហែល ៧៨ ភាគ​រយ និង​ខុនដូ ទី៤ ដែល​ទើប​បាន​បើក​លក់​រយៈ​ពេល ៦​ថ្ងៃ (ពី​ថ្ងៃ​អាទិត្យ-សុក្រ) លក់​បាន​ជិត ៥០ ភាគរយ​ហើយ​ដោយ​មាន​តម្លៃ​ចាប់​ពី ៨៦០០០ ដុល្លារ​ឡើង​ទៅ ខណៈ​ខុនដូ ទី៣ និង​ខុនដូ ទី៥ មិន​ទាន់​ត្រូវ​បាន​ប្រកាស​លក់​នោះ​ទេ។

កញ្ញា សុភ័ក្ត្រ បាន​ប្រាប់​ទៀត​ថា អតិថិជន​ដែល​មក​ទិញ​បន្ទប់​ស្នាក់​នៅ​ក្នុង​គម្រោង អូឡាំព្យា មាន​ប្រហែល ៦៥ ភាគរយ​ជា​ជន​ជាតិ​ខ្មែរ និង​ជន​បរទេស​មាន ៣៥ ភាគរយ ដោយ​ពួក​គេ​ភាគ​ច្រើន​មក​ពី ប្រទេស​ចិន សិង្ហបុរី ជប៉ុន ម៉ាឡេស៊ី ថៃ និង​បារាំង ជាដើម។

ប្រធាន​ផ្នែក​លក់​គម្រោង​ខាង​លើ​បាន​អះអាង​ថា៖ «គម្រោង អូឡាំព្យា ស៊ីធី បាន​ទទួល​នូវ​ការ​ចាប់​អារម្មណ៍​ជាច្រើន​ពី​សំណាក់​អតិថិជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។ មាន​កត្តា​ជាច្រើន​ដែល​ធ្វើ​ឲ្យ​ការ​លក់​របស់​គម្រោង អូឡាំព្យា ទទួល​បាន​ជោគ​ជ័យ។ កត្តា​ទាំង​នោះ​មាន​ដូច​ជា ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ សំណង់​មាន​គុណភាព​ល្អ ការ​រចនា​ប្លង់​មាន​សោភណភាព​ល្អ មាន​តម្លៃ​សមរម្យ និង​លក្ខខណ្ឌ​នៃ​ការ​បង់​ប្រាក់​មាន​ភាព​ងាយ​ស្រួល​ផង​ដែរ»។

លោក គីម ហ៊ាង នាយក​ក្រុម​ហ៊ុន​អចលន​ទ្រព្យ ខ្មែរ ធ្លាប់​បាន​និយាយ​ថា គម្រោង​អភិវឌ្ឍន៍ ទីក្រុង​អូឡាំព្យា ស៊ីធី មាន​ភាព​ល្អ​ប្រសើរ ពីព្រោះ​មាន​ទីតាំង​ល្អ ហើយ​ក្រុមហ៊ុន​វិនិយោគ​គម្រោង​នេះ​ក៏​បាន​ផ្តល់​លក្ខខណ្ឌ​បង់​ប្រាក់​រំលស់​ផង​ដែរ។ ម៉្យាង​ទៀត តម្លៃ​ក៏​មាន​ភាព​សមរម្យ​ផង​ដែរ​ដោយ​ក្នុង ១ ម៉ែត្រ​ការ៉េ​មាន​តម្លៃ​មធ្យម​ប្រហែល ១៥០០ ដុល្លារ។

លោក​បាន​ថ្លែង​ថា៖ «គម្រោង​នេះ​ពិត​ជា​មាន​សក្តានុពល​ខ្លាំង ព្រោះ​ស្ថិត​នៅ​ទីតាំង​លេខ ១ ក្រុមហ៊ុន​សាង​សង់​លេខ ១ ប៉ុន្តែ​ចំណុច​ខ្សោយ​របស់​គម្រោង​នេះ​គឺ​ទ្រព្យ​នេះ​មាន​រយៈ​ពេល​ត្រឹម​តែ ៩០ ឆ្នាំ​ប៉ុណ្ណោះ៕

អត្ថបទគួរចាប់អារម្មណ៍