The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គម្រោង​អភិវឌ្ឍន៍​ខុនដូ AXIS កំពុង​ទទួល​នូវ​ការ​ចាប់​អារម្មណ៍​ច្រើន




គម្រោង​អភិវឌ្ឍន៍​ខុនដូ AXIS កំពុង​ទទួល​នូវ​ការ​ចាប់​អារម្មណ៍​ច្រើន

គម្រោងប្លង់​អភិវឌ្ឍន៍​ខុនដូ AXIS។
គម្រោងប្លង់​អភិវឌ្ឍន៍​ខុនដូ AXIS។

គម្រោង​អភិវឌ្ឍន៍​ខុនដូ AXIS កំពុង​ទទួល​នូវ​ការ​ចាប់​អារម្មណ៍​ច្រើន

បើ​ទោះ​បី​ជា​ការ​សាង​សង់ Showroom និង​ពិធី​បើក​លក់​ជា​ផ្លូវ​ការ​នៅ​មិន​ទាន់​ចាប់​ផ្តើម​ដំណើរ​ការ​ក្តី ក៏​គម្រោង​សាងសង់​ខុនដូ AXIS ដែល​ត្រូវ​បាន​វិនិយោគ​ដោយ​អ្នក​វិនិយោគិន​មក​ពី ប្រទេស​សិង្ហបុរី ស្ថិត​នៅ​ក្បែរ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កំពុង​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន​ផង​ដែរ​ពី​សំណាក់​អតិថិជន​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។

តាម​ផែនការ​ការ​សាង​សង់ Showroom (ផ្ទះ​គំរូ) សម្រាប់​ឲ្យ​អតិថិជន​ចូល​ទស្សនា​នឹង​ត្រូវ​បញ្ចប់​ក្នុង ខែ​មករា ឆ្នាំ​២០១៥ ខាង​មុខ ប៉ុន្តែ​ជា​រៀងរាល់​ថ្ងៃ​តែង​តែ​មាន​ភ្ញៀវ​ជាច្រើន​បាន​ទៅ​ទស្សនា​គម្រោង​ប្លង់​នៅ​ការិយាល័យ​របស់​ក្រុម​ហ៊ុន​រួច​មក​ហើយ ខណៈ​ការ​បើក​លក់​ជា​ផ្លូវ​ការ​គ្រោង​នឹង​ចាប់​ផ្តើម​នៅ ខែ​កុម្ភៈ ឬ ខែ​មីនា ឆ្នាំ​២០១៥ ខាង​មុខ។

ភ្ញៀវ​ដែល​មក​ធ្វើ​ទស្សនកិច្ច​នៅ​ស្នាក់ការ​របស់​ក្រុមហ៊ុន​សុទ្ធ​តែ​មាន​សម្តែង​នូវ​ភាព​រីករាយ និង​ពេញ​ចិត្ត​ចំពោះ​ការ​រចនា​ក្នុង​គម្រោង​ខាង​លើ ហើយ​ភាគ​ច្រើន​សុទ្ធ​តែ​បាន​កក់​បន្ទប់​នៅ​ក្នុង​គម្រោង​ខាង​លើ​ទៀត​ផង។

សកម្មភាព​កម្មករ​កំពុង​សាង​សង់​ផ្ទះ​គំរូ​ក្នុង​គម្រោង AXIS។
សកម្មភាព​កម្មករ​កំពុង​សាង​សង់​ផ្ទះ​គំរូ​ក្នុង​គម្រោង AXIS។ សហការី

លោក Edwin Low ប្រធាន​គ្រប់​គ្រង​ទូទៅ​ក្រុម​ហ៊ុន Spring CJW Development ដែល​ជា​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​គម្រោង​ខុនដូ AXIS Residence បាន​ថ្លែង​ថា៖ «មាន​ជន​បរទេស​ជាច្រើន​បាន​ចាប់​អារម្មណ៍​ចំពោះ​គម្រោង AXIS បើ​ទោះ​បី​ជា​ការ​សាង​សង់ Showroom នៅ​មិន​ទាន់​បញ្ចប់​ក៏​ដោយ។ អតិថិជន​ដែល​ទិញ​នៅ​ក្នុង​គម្រោង​ខាង​លើ​នឹង​ទទួល​បាន​ចំណេញ​ជា​ច្រើន​ពី​ការ​វិនិយោគ​ខាង​លើ»។

លោក​បាន​បន្ត​ថា៖ «ភ្នំពេញ គឺ​ជា​ទីតាំង​ដ៏​ល្អ ដែល​នឹង​មាន​ការ​អភិវឌ្ឍ​ខ្លាំង​នា​ពេល​អនាគត ពិសេស​វិស័យ​អចលន​ទ្រព្យ។ ខ្ញុំ​គិត​ថា វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​នឹង​ដើរ​ទៅ​មុខ​ជានិច្ច។ ប្រទេស​កម្ពុជា នឹង​ក្លាយ​ជា​មេ​ដែក​ដ៏​ធំ និង​ខ្លាំង​ក្នុង​ការ​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​វិនិយោគ​និង​ភ្ញៀវ​ទេសចរ​បរទេស»។

លោក Edwin Low បាន​ប្រាប់​ទៀត​ថា ជា​ការ​ពិត​ណាស់​អ្នក​សង្កេត​ទីផ្សារ​មួយ​ចំនួន​បាន​កត់​សម្គាល់​ថា ការ​រីក​ចម្រើន​នៃ​វិស័យ​សេដ្ឋកិច្ច​នៅ​កម្ពុជា​មួយ​ចំណែក​ត្រូវ​បាន​ធ្លាក់​ចុះ​ទៅ​វិញ ដោយ​សារ​តែ​កង្វះ​ខាត​កន្លែង​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព និង​មាន​គុណភាព​ល្អ។ ហេតុ​នេះ​ហើយ​ទើប​ក្រុម​ហ៊ុន Spring CJW Development សម្រេច​ធ្វើ​ការ​អភិវឌ្ឍ​គម្រោង AXIS នេះ​ឡើង​ដើម្បី​បំពេញ​នូវ​កង្វះ​ខាត​ទាំង​អស់​នោះ។

គម្រោង AXIS គ្រោង​នឹង​ចាប់​ផ្តើម​សាង​សង់​នៅ ខែ​មិថុនា ឆ្នាំ​២០១៥ ខាង​មុខ ដោយ​គម្រោង​ទាំង​មូល​នឹង​ត្រូវ​បញ្ចប់​ក្នុង ឆ្នាំ​២០១៨ ក្រោម​ទុន​វិនិយោគ​ប្រហែល​ជាង ៧០ លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃ​ដី​ជាង ២ ហិកតា។

គម្រោងប្លង់​អភិវឌ្ឍន៍​ខុនដូ AXIS។
គម្រោងប្លង់​អភិវឌ្ឍន៍​ខុនដូ AXIS។

ក្នុង​គម្រោង AXIS នឹង​មាន​អគារ​ខុនដូ​កម្ពស់ ១០ ជាន់​ចំនួន ៨ អគារ​ដែល​មាន​បន្ទប់​ស្នាក់នៅ​ចំនួន ៥៦៦ យូនីត និង​មាន​អគារ​កម្ពស់ ៦ ជាន់​ចំនួន ១ ដែល​នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​ចំណត​រថយន្ត។

លោក សំ សុខនឿន ប្រធាន​គ្រប់​គ្រង​ផ្នែក​ទីផ្សារ និង​លក់​នៃ​គម្រោង AXIS បាន​ប្រាប់​ថា បើ​ទោះ​បី​ជា​ក្រុម​ហ៊ុន​មិន​ទាន់​បាន​ធ្វើ​ពិធី​បើក​លក់​ជា​ផ្លូវ​ការ​ក៏​ដោយ​ក៏​មាន​អតិថិជន​ជាច្រើន​បាន​មក​សាក​សួរ​ព័ត៌មាន និង​បាន​កក់​ជា​បណ្តើរៗ​ហើយ។ បច្ចុប្បន្ន​អគារ​ខុនដូ​ចំនួន ២ នៅ​ក្នុង​ចំណោម​អគារ​ទាំង ៨ ដែល​បាន​បើក​ឲ្យ​អតិថិជន​កក់ គឺ​មាន​ចំនួន ៣០ ភាគរយ​ត្រូវ​គេ​កក់។

លោក​បន្ត​ថា អតិថិជន​ដែល​បាន​មក​កក់​ក្នុង​គម្រោង AXIS មាន​ជនជាតិ​ខ្មែរ និង​ជន​បរទេស​ជា​ពិសេស​ជន​ជាតិ​សិង្ហបុរី និង​ជនជាតិ​ម៉ាឡេស៊ី។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​ធ្លាប់​បាន​ឆ្លង​កាត់​នូវ​បទ​ពិសោធ​លក់​ជាច្រើន​គម្រោង​រួច​មក​ហើយ។ ខ្ញុំ​គិត​ថា ការ​លក់​របស់​គម្រោង AXIS មាន​ភាព​ងាយ​ស្រួល​ជាង​គេ ព្រោះ​ការ​រចនា​ក្នុង​គម្រោង AXIS គឺមាន​ភាព​ពិសេស និង​ល្អ​ជាង​គេ។ ការ​រចនា​របស់ AXIS គឺ​មាន​ភាព​ផ្ចិតផ្ចង់ ដែល​នឹង​ធ្វើ​ឲ្យ​ការ​រស់​នៅ​មាន​ភាព​ស៊ី​វិល័យ និង​ទាន់​សម័យ»។

គម្រោងប្លង់​អភិវឌ្ឍន៍​ខុនដូ AXIS។
គម្រោងប្លង់​អភិវឌ្ឍន៍​ខុនដូ AXIS។

ការ​លក់​ដំបូង​របស់​គម្រោង AXIS មាន​តម្លៃ​ចាប់​ពី ១១០០ ទៅ ១៤០០ ដុល្លារ​អាមេរិក​ក្នុង ១ ម៉ែត្រ​ការ៉េ ដោយ​ផ្ទះ​នៅ​ទីនោះ​មាន​ចំនួន ៤ ប្រភេទ​គឺ ១ បន្ទប់​គេង ២ បន្ទប់​គេង ៣ បន្ទប់​គេង និង​ប្រភេទ Penthouse។

AXIS នឹង​នាំ​មក​នូវ​កន្លែង​រស់​នៅ​ដ៏​ប្រណីត និង​ស៊ីវិល័យ​មក​កម្ពុជា ដោយ​មាន​បំពាក់​ម៉ាស៊ីន​ត្រជាក់ ទូ​ដាក់​សម្លៀក​បំពាក់ ចង្ក្រាន​បាយ និង​មាន​បំពាក់​សម្ភារ​ដែល​មាន​គុណភាព​ល្អ​ក្នុង​បន្ទប់​ទឹក​ទៀត​ផង។ សំណង់ AXIS នឹង​មាន​គុណភាព​ល្អ​កម្រិត​ស្តង់ដារ ព្រម​ទាំង​មាន​តម្លៃ​សមរម្យ​ផង​ដែរ។

លោក ស៊ា ឆៃលីន នាយក​ក្រុម​ហ៊ុន ស៊ីអិល រៀល​អេស្ទេត បាន​និយាយ​ថា ការ​សាង​សង់​ខុនដូ គឺជា​រឿង​ល្អ ប៉ុន្តែ​ខុនដូ​ដែល​មាន​រហូត​ដល់​ជាង ៥០០ យូនីត អាច​នឹង​ជួប​បញ្ហា​ពិបាក​រក​អតិថិជន​បន្តិច។ តែ​ទោះ​បី​ជា​យ៉ាង​ណា AXIS អាច​មាន​ភាព​អំណោយ​ផល​ដោយ​សារ​នៅ​ជិត​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ សាលា​រៀន និង​តំបន់​មាន​ប្រជាជន​រស់​នៅ​ច្រើន។

លោក​បាន​ថ្លែង​ថា៖ «បើ​ទោះ​បី​ជា​ខុនដូ​នោះ​មាន​រហូត​ដល់​ជាង ៥០០ យូនីត​ក៏​ដោយ ក៏​ការ​លក់​អាច​នឹង​ងាយ​ទទួល​ជោគជ័យ​ផង​ដែរ ព្រោះ​អ្វីៗ​វា​ក៏​អាស្រ័យ​ទៅ​លើ​ការ​ដាក់​តម្លៃ​លក់ ការ​រចនា សម្ភារ​បំពាក់​ក្នុង​អគារ និង​គុណភាព​សំណង់»។

ជាមួយ​នឹង​ការ​ផ្តល់​ហិរញ្ញប្បទាន​ពី​ធនាគារ Philip Bank កន្លែង​ស្នាក់​នៅ​ក្នុង​គម្រោង AXIS ត្រូវ​បាន​គេ​ដឹង​ថា នឹង​ផ្តល់​នូវ​ភាព​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​សម្រាប់​ការ​រស់​នៅ​ប្រកប​ដោយ​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់​នៅ​កម្ពុជា។

គម្រោងប្លង់​អភិវឌ្ឍន៍​ខុនដូ AXIS។
គម្រោងប្លង់​អភិវឌ្ឍន៍​ខុនដូ AXIS។

AXIS ត្រូវ​គេ​រំពឹង​ថា នឹង​ធ្វើ​ឲ្យ​កម្រើក​រញ្ជួយ​ក្នុង​ទីផ្សារ​កម្ពុជា​ដោយ​ភ្ជាប់​មក​ជាមួយ​នឹង​ពាក្យ​ស្លោក​ថា «សិល្បៈ​នៃ​ការ​រស់​នៅ​តាម​សហ​សម័យ»។ ក្នុង​គំនិត​នេះ​ហើយ​ទើប​ម្ចាស់​គម្រោង AXIS បាន​ធ្វើ​កិច្ច​សហការ​ជា​មួយ​ក្រុម​ហ៊ុន​ដែល​មាន​បទ​ពិសោធ និង​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ជាច្រើន​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ដើម្បី​សាងសង់​សំណង់​ដ៏​ល្អ​ខាង​លើ។ គម្រោង AXIS រួម​មាន​អាង​ហែល​ទឹក​មួយ​ប្រវែង ៥០ ម៉ែត្រ កន្លែង​លេង​កម្សាន្ត​សម្រាប់​កុមារ កន្លែង​ហាត់​ប្រាណ កន្លែង​វាយ​កូន​បាល់ បាល់​បោះ ... និង​កន្លែង​សម្រាប់​រៀបចំ​ពិធី​ជប់​លៀង​ជាដើម។

ការ​រចនា AXIS នឹង​ត្រូវ​ធ្វើ​ឡើង​ដោយ​ក្រុម​ហ៊ុន AGA Architects Pte Ltd ចំណែក​ការ​សាង​សង់​ត្រូវ​ធ្វើ​ដោយ​ក្រុម​ហ៊ុន KCL Consultants Pte Ltd រីឯ​ផ្នែក​បច្ចេក​ទេស និង​ការ​តភ្ជាប់​ចរន្ត​អគ្គិសនី​ដោយ​ក្រុម​ហ៊ុន ICON Engineers LLP ខណៈ​ក្រុម​ហ៊ុន SANWAH Project Management Pte Ltd នឹង​ត្រូវ​ទទួល​ភារកិច្ច​គ្រប់​គ្រង​ការ​សាង​សង់​សំណង់​ទាំង​មូល​តែ​ម្តង។

គម្រោង AXIS មាន​ទីតាំង​នៅ​តាម​ផ្លូវ ២០០៤ ជិត​ទីតាំង​សំខាន់​ដូច​ជា អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មន្ទីរពេទ្យ សាលារៀន​អន្តជាតិ Northbridge និង​ទីតាំង​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

អត្ថបទគួរចាប់អារម្មណ៍