The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ឃី រៀល អេស្ទេត ទទួល​បាន​ធានា​រ៉ាប់​រង​ពី Forte

ឃី រៀល អេស្ទេត ទទួល​បាន​ធានា​រ៉ាប់​រង​ពី Forte

ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ពិធី​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក។
ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ពិធី​កាល​ពី​ចុង​សប្តាហ៍​កន្លង​មក។ រូបថត ហ៊ឹន ពិសី

ឃី រៀល អេស្ទេត ទទួល​បាន​ធានា​រ៉ាប់​រង​ពី Forte

ការ​រៀបចំ​ខ្លួន​ដើម្បី​ត្រៀម​ចូល​រួម​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​ហ៊ុន​ដែល​មាន​កម្រិត​ស្តង់ដារ នៅ​ពេល​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ឈាន​ចូល​មក​ដល់​នា​ចុង ឆ្នាំ​២០១៥ ខាង​មុខ គឺ​ជា​រឿង​សំខាន់​មួយ​ដែល​ក្រុមហ៊ុន​ក្នុង​ស្រុក​ទាំង​អស់​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​ពេល​នោះ​នឹង​មាន​ក្រុម​ហ៊ុន​បរទេស​ជាច្រើន​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា។

សមត្ថភាព​ទំនុក​ចិត្ត ធនធាន និង​សីលធម៌​វិជ្ជាជីវៈ គឺជា​បញ្ហា​ស្លាប់​រស់​របស់​ក្រុម​ហ៊ុន​នីមួយៗ។

ដោយ​យល់​ពី​បញ្ហា​ទាំង​អស់​នេះ​ទើប​ក្រុម​ហ៊ុន ឃី រៀល អេស្ទេត កាល​ពី​ចុង​សប្តាហ៍​កន្លង​មក​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុមហ៊ុន​ធានា​រ៉ាប់​រង Forte លើ​ការ​ធានា​រ៉ាប់​រង​លើ​ផ្នែក​វាយតម្លៃ​អចលន​វត្ថុ។

ទីប្រឹក្សា​រាជ​រដ្ឋាភិបាល​កម្ពុជា លោក សុក ស៊ីផាន់ណា ដែល​បាន​អញ្ជើញ​ចូល​រួម​នៅ​ក្នុង​ពិធី​នោះ​មាន​ប្រសាសន៍​ថា ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ទៅ​ក្នុង​តំបន់​អាស៊ាន​នៅ​ពេល​ខាង​មុខ គឺ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​កម្ពុជា ក្នុង​ការ​ពង្រឹង​ខ្លួន​ដើម្បី​ប្រកួត​ជាមួយ​ប្រទេស​នានា​នៅ​ក្នុង​តំបន់។

លោក​បាន​លើក​ឡើង​ថា មាន​ប្រទេស​មួយ​ចំនួន​បារម្ភ​ថា កម្ពុជា​នឹង​ជួប​បញ្ហា​ប្រឈម​ច្រើន នៅ​ពេល​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​ចូល​មក​ដល់ ប៉ុន្តែ​សម្រាប់​លោក​មិន​បាន​គិត​ដូច​នោះ​ទេ ព្រោះ​កម្ពុជា​មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ឯង។

លោក​លើក​ឧទាហរណ៍​ថា ជា​បទ​ពិសោធ​នៅ​ពេល​កម្ពុជា​ចូល​ជា​សមាជិក​អាស៊ាន​កាល​ពី ឆ្នាំ​១៩៩៩ និង​ចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក WTO កាល​ពី ឆ្នាំ​២០០៤ មាន​ប្រទេស​ជា​ច្រើន​គិត​ថា​កម្ពុជា​នឹង​ជួប​វិបត្តិ ប៉ុន្តែ​តាម​ពិត​ការ​ចូល​រួម​ក្នុង​ស្ថាប័ន​អន្តរជាតិ​ទាំង ២ ខាង​លើ​បែរ​ជា​រឹត​តែ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់​តែ​រឹង​មាំ​បន្ថែម​ទៀត។

លោក សន សៀប នាយក​ក្រុម​ហ៊ុន ឃី រៀល​អេស្ទេត បាន​និយាយ​ថា ការ​ទិញ​ធានា​រ៉ាប់​រង​របស់​ក្រុម​ហ៊ុន ឃី រៀល​អេស្ទេត ពី​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង Forte លើ​ផ្នែក «Professional Indemnity insurance» ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​នូវ​ទំនុក​ចិត្ត​ដល់​អតិថិជន​ដែល​ប្រើ​ប្រាស់​សេវាកម្ម​របស់​ក្រុម​ហ៊ុន ជា​ពិសេស​នេះ​ជា​សក្តានុពល​មួយ​របស់​ក្រុម​ហ៊ុន​សម្រាប់​ការ​ត្រៀម​ចូល​រួម​ប្រកួត​ជាមួយ​ក្រុម​ហ៊ុន​អន្តរជាតិ។ ការ​វាយ​តម្លៃ​ទៅ​លើ​អចលន​វត្ថុ គឺ​ជា​ការងារ​មួយ​ដែល​ត្រូវ​ការ​ភាព​ច្បាស់​លាស់ និង​ត្រឹម​ត្រូវ​ប្រកប​ដោយ​វិជ្ជាជីវៈ។

នាយក​ក្រុម​ហ៊ុន ឃី រៀល​អេស្ទេត បាន​ថ្លែង​ថា៖ «វា​ជា​កិត្តិយស​ណាស់​ដែល​ក្រុម​ហ៊ុន ឃី រៀល​អេស្ទេត បាន​ទិញ​ធានា​រ៉ាប់​រង​ពី​ក្រុម​ហ៊ុន Forte លើ​ផ្នែក «Professional Indemnity insurance»។ ការ​ងារ​វាយ​តម្លៃ​លើ​អចលន​វត្ថុ គឺជា​ការងារ​មួយ​ដែល​ទាម​ទារ​នូវ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ព្រោះ​របាយ​ការណ៍​វាយ​តម្លៃ​នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​ឯកសារ​សម្រាប់​វិស័យ​ជាច្រើន ពិសេស​វិស័យ​ធនាគារ។ បើ​កាល​ណា​វាយតម្លៃ​មាន​ភាព​មិន​ត្រឹម​ត្រូវ នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ច្រើន​កើត​ឡើង»។

បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​មាន​ក្រុម​ហ៊ុន​វាយ​តម្លៃ​អចលន​វត្ថុ​ជាង ២០ ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ស្រប​ច្បាប់​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប៉ុន្តែ​មាន​តែ​ក្រុម​ហ៊ុន ៣-៤ ប៉ុណ្ណោះ​ដែល​បាន​ទិញ​ធានា​រ៉ាប់រង​លើ​ការ​វាយ​តម្លៃ។

លោក សៀប បាន​អះអាង​ថា មុន​នឹង​ក្រុម​ហ៊ុន Forte សម្រេច​លក់​ការ​ធានា​រ៉ាប់​រងឲ្យ​ក្រុម​ហ៊ុន ឃី រៀល​អេស្ទេត គេ​បាន​មក​ធ្វើ​ការ​សិក្សា​ពី​បច្ចេកទេស​ក្នុង​ការ​វាយ​តម្លៃ​ពី​ក្រុម​ហ៊ុន​ជាច្រើន​លើក ពីព្រោះ​ការងារ​នេះ​ត្រូវ​ការ​នូវ​ភាព​ជាក់​លាស់​ណាស់។

លោក​បាន​បញ្ជាក់​ថា៖ «ការ​ទិញ​ធានា​រ៉ាប់​រង​លើ​ការ​វាយតម្លៃ​នឹង​រឹត​តែ​ជួយ​ធ្វើ​ឲ្យ​អតិថិជន​មាន​ទំនុក​ចិត្ត​បន្ថែម​ទៀត​មក​លើ​ក្រុម​ហ៊ុន ព្រោះ​បើ​ក្រុម​ហ៊ុន​ធ្វើ​ការ​វាយ​តម្លៃ​ខុស​ពី​តម្លៃ​ទីផ្សារ​ពិត និង​មាន​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង Forte នៅ​ចាំ​ជួយ​ដោះ​ស្រាយ​បញ្ហា​ទាំង​អស់​នោះ។

ក្រុម​ហ៊ុន ឃី រៀល​អេស្ទេត ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​ក្នុង ឆ្នាំ​២០១០។ បច្ចុប្បន្ន​នេះ​ក្រុម​ហ៊ុន​មាន​ស្នាក់ការ​នៅ​រាជធានី​ភ្នំពេញ និង​មាន​សាខា​នៅ ខេត្ត​បាត់ដំបង និង សៀមរាប ផង​ដែរ៕

អត្ថបទគួរចាប់អារម្មណ៍