មានជនជាតិរុស្ស៊ីជាច្រើនបានចាប់អារម្មណ៍ចំពោះការទិញអចលនទ្រព្យនៅក្នុងប្រទេសថៃ។ នេះបើយោងតាមគេហទំព័រអចលនទ្រព្យមួយរបស់រុស្ស៊ីកាលពីពេលថ្មីនេះ។
វិនិយោគិនរុស្ស៊ីជាច្រើនកំពុងផ្តោតទៅលើអចលនទ្រព្យនៅក្នុងតំបន់សំខាន់ៗក្នុងប្រទេសថៃ ដោយមាន៧២ភាគរយនៃអ្នកឆ្លើយតបបាននិយាយថា ពួកគេចូលចិត្តអាកាសធាតុនៅប្រទេសថៃ ដែលនោះគឺជាហេតុផលចម្បងក្នុងការទិញអចលនទ្រព្យនៅទីនោះ។
ផ្អែកលើលទ្ធផលការនៃធ្វើអង្កេតមួយក្នុងឆ្នាំ ២០១៤ ដែលបានសាកសួរចំពោះភ្នាក់ងារផ្នែកអចលនទ្រព្យជនជាតិរុស្ស៊ី ចំនួន ៤៣២ នាក់ និងអ្នករកស៊ីផ្នែកអចលនទ្រព្យមកពីប្រទេសចំនួន ៣៩ បានបង្ហាញថា អចលនទ្រព្យដែលពេញនិយមបំផុតសម្រាប់ពួកគេក្នុងប្រទេសថៃ គឺប្រភេទដែលមានតម្លៃចន្លោះពី ៥៤ ០០០ ទៅដល់ ១៣៥ ០០០ ដុល្លារ។
ហេតុផលសំខាន់មួយចំនួនសម្រាប់ការជ្រើសរើសទិញអចលនទ្រព្យនៅប្រទេសថៃ គឺកត្តាអាកាសធាតុ បរិយាកាស តម្លៃ និងលទ្ធភាពនៃការទទួលបានសិទ្ធិរស់នៅ។
អចលនទ្រព្យនៅតំបន់លម្ហែកាយដែលមានភាពប្រណីត និងតម្លៃខ្ពស់ក៏បានចូលរួមចំណែកក្នុងការលក់ផងដែរ ដូចជាតំបន់ភូកេត ដោយវីឡាក្នុងតំបន់ Karon Beach អាចលក់បានតម្លៃរហូតទៅដល់១,៤លានដុល្លារ។
មានអ្នកឆ្លើយតប៤៣ភាគរយ បាននិយាយថា ពួកគេកំពុងស្វែងរក ឬក៏ទិញអចលនទ្រព្យក្នុងប្រទេសថៃ ដោយសារពួកគេមានសាច់ញាតិ ឬមិត្តភក្តិនៅទីនោះ ប៉ុន្តែក៏មានមួយចំនួននិយាយថា ចូលចិត្តរស់កន្លែងដែលគ្មានអ្នកនិយាយភាសារុស្ស៊ីផងដែរ។
លោក Serey Nesterenko នាយកប្រតិបត្តិក្រុមហ៊ុន Vista del Mar Phuket បានសរសេរនៅក្នុងរបាយការណ៍ថា៖ «អតិថិជនអ្នកមានទ្រព្យសម្បត្តិជាច្រើនចូលចិត្តរស់នៅឆ្ងាយពីជនជាតិខ្លួនឯង។ អតិថិជនរបស់យើងមានចន្លោះពី ១៥ ទៅ ២០ ភាគរយ គឺជាជនជាតិរុស្ស៊ី ហើយអតិថិជនដែលនិយាយភាសារុស្ស៊ីនៅក្នុងតំបន់ភូកេត មានចន្លោះពី ៣០ ទៅ ៥០ ភាគរយ»៕