The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វគ្គ​បណ្តុះបណ្តាល​ទាក់ទង​នឹង​វិស័យ​អចលនវត្ថុ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​នេះ

វគ្គ​បណ្តុះបណ្តាល​ទាក់ទង​នឹង​វិស័យ​អចលនវត្ថុ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​នេះ

សិក្ខាកាម ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ផ្នែក​វាយតម្លៃ​អចលនវត្ថុ។
សិក្ខាកាម ដែល​បាន​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ផ្នែក​វាយតម្លៃ​អចលនវត្ថុ។ ហឹុន ពិសី

វគ្គ​បណ្តុះបណ្តាល​ទាក់ទង​នឹង​វិស័យ​អចលនវត្ថុ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​នេះ

ដើម្បី​ឆ្លើយតប​ទៅ​នឹង​កង្វះខាត​ធនធាន​មនុស្ស និង​បំពេញ​បំណង​អ្នក​ដែល​ចង់​បាន​ចំណេះដឹង​ពី​បច្ចេកទេស​ក្នុង​ការ​វាយតម្លៃ និង​ជំនាញ​ធ្វើ​ជា​ភ្នាក់ងារ​អចលនវត្ថុ សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា នឹង​ធ្វើ​ពិធី​បើក​វគ្គ​សិក្សា​មួយ​នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ នៅ​ផាកកាហ្វេ ទល់​មុខ​មន្ទីរពេទ្យ​កាល់ម៉ែត។

លោក សួន សូលេញ នាយកប្រតិបត្តិ​លេខាធិការដ្ឋាន​នៃ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បាន​ប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា វគ្គ​បណ្តុះបណ្តាល​ដែល​មាន​រយៈពេល​៣​ខែ​នេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ ពិសេស​អ្នក​កំពុង ឬ​មាន​បំណង​ចង់​ប្រកប​មុខរបរ​ទាក់ទង​វិស័យ​អចលនទ្រព្យ ព្រោះ​ជា​មុខវិជ្ជា​មួយ​ដែល​ផ្សារភ្ជាប់​នឹង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

វគ្គសិក្សា​នេះ​ត្រូវ​បែងចែក​ចេញ​ជា​២ គឺ​ថ្នាក់​បណ្តុះបណ្តាល​ផ្នែក​វាយតម្លៃ​អចលនវត្ថុ រៀន​៣​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ (ចន្ទ ពុធ និង​សុក្រ​) និង​ថ្នាក់​បណ្តុះបណ្តាល​ទាក់ទង​នឹង​ជំនាញ​ធ្វើ​ជា​ភ្នាក់ងារ​អចលនវត្ថុ រៀន​២​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ (ថ្ងៃ​សៅរ៍​-អាទិត្យ​)។

លោក​បាន​ថ្លែង​ថា​៖​«បន្ទាប់ពី​បញ្ចប់​ការ​សិក្សា​សិក្ខាកាម​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ដ៏​ទូលំទូលាយ ព្រោះ​សមាគម​បាន​អញ្ជើញ​វាគ្មិន​មាន​ជំនាញ​មក​បង្រៀន​ក្នុង​វគ្គ​សិក្សា​នេះ ហើយ​សមាគម​នឹង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ជូន​ផង​ដែរ​»។

វគ្គ​បណ្តុះបណ្តាល​ផ្នែក​វាយតម្លៃ​អចលនវត្ថុ បាន​ចាប់ផ្តើម​សិក្សា​កាលពី​ថ្ងៃ​ទី​២ ខែ​កក្កដា កន្លងមក ខណៈ​ពិធី​បើក​ជា​ផ្លូវការ​ត្រូវ​ធ្វើ​នៅ​រសៀល​ថ្ងៃ​នេះ។ អ្នក​សិក្សា​ក្នុង​វគ្គ​នេះ​តម្រូវ​ឲ្យ​បង់​ប្រាក់​១៧០​ដុល្លារ​សម្រាប់​សមាជិក​សមាគម និង​២២០​ដុល្លារ​សម្រាប់​អ្នក​នៅ​ក្រៅ​វិស័យ។

បើ​តាម​មន្ត្រី​របស់​សមាគម​ខាង​លើ លោក នង ចំរើន បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ មាន​អ្នក​ចុះ​ឈ្មោះ​ចូល​រៀន​ក្នុង​ថ្នាក់​វាយតម្លៃ​អចលនទ្រព្យ​ចំនួន​៣៥​នាក់ ខណៈ​ថ្នាក់​ជំនាញ​ធ្វើ​ជា​ភ្នាក់ងារ​អចលនវត្ថុ មាន​ចំនួន​ជាង​២០​នាក់។

លោក ចេង ខេង ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ធ្លាប់​មាន​ប្រសាសន៍​ថា ការ​បើក​វគ្គ​បណ្តុះបណ្តាល​ទាំង​២​ខាង​លើ គឺ​ក្នុង​គោលបំណង​ផ្តល់​ឲ្យ​អ្នក​ដែល​មាន​បំណង​ចង់​ស្វែងយល់​អំពី​ចំណេះដឹង​នានា​ពាក់ព័ន្ធ​វិស័យ​អចលនវត្ថុ និង​អ្នក​ដែល​កំពុង​ប្រកប​មុខរបរ​ទាក់ទង​ទៅ​នឹង​វិស័យ​អចលនទ្រព្យ។

លោក​បាន​ថ្លែង​ថា៖​«វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​បើកចំហ​ដល់​អ្នក​ដែល​មាន​បំណង​ចង់​ចូល​រៀន និង​ចង់​រកស៊ី​ក្នុង​វិស័យ​អចលនទ្រព្យ​ទាំងអស់។ នៅពេល​អនាគត​អ្នក​រកស៊ី​ក្នុង​វិស័យ​នេះ​ត្រូវ​តែ​ឆ្លងកាត់​ការ​បណ្តុះបណ្តាល ទើប​មាន​សិទ្ធិ​ទទួល​បាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​»។

ការ​ចុះ​ឈ្មោះ​នឹង​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ទីស្នាក់ការ​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ដែល​ស្ថិត​នៅ​ផ្ទះ​លេខ​២០​បេ ផ្លូវ​លេខ​២៩៤ កែង​ផ្លូវ​លេខ​២១ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ឬ​ទូរស័ព្ទ​លេខ ០១២ ៦៥៤ ៦៧១​និង ០១២ ៧៣១ ៧១៩៕

អត្ថបទគួរចាប់អារម្មណ៍