បន្ទាប់ពីបានដកខ្លួនចេញពីការងារជាអ្នកជំនួញផ្នែកអចលនទ្រព្យអស់រយៈពេល១៨ខែ លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប បានប្រកាសចូលខ្លួនប្រឡូកក្នុងវិស័យនេះជាថ្មីម្តងទៀតហើយ ចាប់ពីដើមខែកក្កដា នេះតទៅ។
នៅក្នុងពិធីជួបជុំបុគ្គលិករបស់ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មប៊ុណ្ណា (BBC) កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមក លោក ប៊ុណ្ណា បាននិយាយថា នៅក្នុងអំឡុងពេលដែលលោកសម្រាកពីការងារចំនួន១៨ខែ លោកបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើននៅលើពិភពលោកទាំងនៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិក។ តាមរយៈការធ្វើដំណើរទាំងនោះធ្វើឲ្យលោកទទួលបានបទពិសោធជាច្រើនពីបណ្តាប្រទេសទាំងនោះ ជាពិសេសវិស័យអចលនទ្រព្យ។
លោកបានថ្លែងថា៖«វិស័យអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះនៅមានកម្រិតនៅឡើយបើប្រៀបធៀបជាមួយប្រទេសជិតខាង ដូច្នេះទាមទារឲ្យប្រជាពលរដ្ឋ និងសហគ្រិនទាំងអស់ត្រូវខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត ហើយការខិតខំប្រឹងប្រែងនោះក៏ត្រូវធ្វើដោយប្រយ័ត្នប្រយែងផងដែរ ដើម្បីដើរឲ្យទាន់ប្រទេសនានាលើពិភពលោក»។
អគ្គនាយកក្រុមហ៊ុនខាងលើបានលើកឡើងថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននាពេលខាងមុខគឺពិតជាមានសារៈសំខាន់ណាស់ ប៉ុន្តែអ្វីៗអាចដំណើរការទៅបានវាទាមទារនូវការខិតខំពង្រឹងសមត្ថភាពខ្លួនឯងផងដែរ។ លោកលើកឡើងថា៖«ប្រទេសគេអាចដើរបាន ប៉ុន្តែកម្ពុជាត្រូវតែប្រឹងរត់»។
ក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប គឺជាក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅកម្ពុជាដែលបានបង្កើតឡើងក្នុងខែកញ្ញា ឆ្នាំ១៩៩៩ ដោយបច្ចុប្បន្ននេះក្រុមហ៊ុន ប៊ុណ្ណា រៀលធី គ្រុប មានបុត្រសម្ព័ន្ធរបស់ខ្លួនចំនួន៤ គឺ ក្រុមហ៊ុន Bonna Real Estate ក្រុមហ៊ុន Bonna Asset Appraisal ក្រុមហ៊ុន Bonna Property Management និងក្រុមហ៊ុន Bonna Investment and Development៕