The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Diamond One ចាប់​ផ្តើម​បើក​លក់​ជា​ផ្លូវ​ការ​

Diamond One ចាប់​ផ្តើម​បើក​លក់​ជា​ផ្លូវ​ការ​

ពិធី​កាត់​ខ្សែ​បូបើក​សម្ពោធ​ការ​លក់ Diamond One ដែល​បាន​ប្រព្រឹត្ត​ទៅ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក។
ពិធី​កាត់​ខ្សែ​បូបើក​សម្ពោធ​ការ​លក់ Diamond One ដែល​បាន​ប្រព្រឹត្ត​ទៅ កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក។ រូបថត ហ៊ឹន ពិសី

Diamond One ចាប់​ផ្តើម​បើក​លក់​ជា​ផ្លូវ​ការ​

បន្ទាប់​ពី​បាន​ដំណើរការ​សាង​សង់​មួយ​រយៈ​មក​គម្រោង Diamond One ដែល​មាន​រាង​ត្រី​កោណ ស្ថិត​នៅ កោះ​ពេជ្រ បាន​ចាប់​ផ្តើម​ប្រកាស​លក់​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​ដើម​សប្តាហ៍​កន្លង​មក។

លោក Zhen Li Qiao ប្រធាន​ក្រុម​ហ៊ុន Xin Tian Jian (Cambodia) Real Estate Development Co., Ltd បាន​និយាយ​ថា Diamond One គឺជា​គម្រោង​សាង​សង់​លំនៅឋាន​ដ៏​ប្រណីត​មួយ​ដែល​មាន​បំពាក់​សម្ភារ និង​គ្រឿង​បរិក្ខារ​ទំនើបៗ​កម្រិត​ស្តង់ដារ ស្ថិត​នៅ​លើ​ទឹក​ដី កោះ​ពេជ្រ ក្នុង​រាជធានី​ភ្នំពេញ ដែល​ត្រូវ​បាន​គេ​ដឹង​ថា ជា​កន្លែង​មួយ​ប្រជុំ​ទៅ​ដោយ​សេវាកម្ម​ចម្រុះ​ជាច្រើន។ កោះ​ពេជ្រ នឹង​ក្លាយ​ជា​កន្លែង​រស់​នៅ​ដ៏​ល្អ​ប្រណីត​មាន​ភាព​ស៊ីវិល័យ និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រស់​រវើក​នា​ពេល​អនាគត​ទៀត​ផង។

ក្នុង​គម្រោង Diamond One មាន​ផ្ទះ​ហាង​ចំនួន ៤៣ ល្វែង​និង​ខុនដូ​មួយ​ដែល​មាន​កម្ពស់ ១៤ ជាន់​ស្មើ​នឹង​បន្ទប់​ស្នាក់​នៅ​ចំនួន ៣៧២ ឯកតា (យូនីត)។ Diamond One គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន ៦០ លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃ​ដី​ចំនួន ៨៦៧០ ម៉ែត្រ​ការ៉េ និង​មាន​ផ្ទៃ​សំណង់ ៥៦៨៤១ ម៉ែត្រ​ការ៉េ។

លោក ពុង ឃាវសែ ប្រធាន​សមាគម​អ្នក​សាង​សង់​កម្ពុជា និង​ជា​ប្រធាន​ក្រុមហ៊ុន​អភិវឌ្ឍន៍​កោះ​ពេជ្រ ដែល​ជា​ដៃគូ​សហការ​ក្នុង​គម្រោង​ខាង​លើ​បាន​និយាយ​ថា បច្ចុប្បន្ន​នេះ​អ្នក​វិនិយោគ​ជន​ជាតិ​ចិន​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​ការ​វិនិយោគ​ទៅ​លើ​ផ្នែក​អចលន​ទ្រព្យ​នៅ​តាម​បណ្តា​ទីក្រុង​ធំៗ​នៅ​លើ​ពិភពលោក​ក្នុង​នោះ​ក៏​មាន​រាជធានី​ភ្នំពេញ​ផង​ដែរ។ ចាប់​តាំង​ពី ឆ្នាំ​២០១០ មក​លោក​បាន​សង្កេត​ឃើញ​ថា មាន​អ្នក​វិនិយោគ​បរទេស​កាន់​តែ​ច្រើន​បាន​ចាប់​អារម្មណ៍​ចំពោះ​ការ​វិនិយោគ​លើ​ផ្នែក​អចលន​ទ្រព្យ នៅ​កម្ពុជា (ច្បាប់​សហកម្ម​សិទ្ធិ​ដែល​អនុញ្ញាត​ឲ្យ​ជន​បរទេស​មាន​សិទ្ធិ​កាន់​កាប់​អចលន​ទ្រព្យ​ចាប់​ពី​ជាន់ ទី១ ឡើង​ទៅ)។

លោក​បាន​ថ្លែង​ថា៖ «ក្នុង​នាម​ខ្ញុំ​ជា​ប្រធាន​សមាគម​អ្នក​សាង​សង់​កម្ពុជា ខ្ញុំ​សូម​ចូល​រួម​អបអរ​សាទរ និង​ថ្លែង​អំណរគុណ​ដល់​ក្រុម​ហ៊ុន Xin Tian Jian (Cambodia) Real Estate Development Co., Ltd ដែល​បាន​វិនិយោគ​ក្នុង​គម្រោង Diamond One ខណៈ​ដែល​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​កម្ពុជា​កំពុង​តែ​មាន​ភាព​ល្អ​ប្រសើរ»។

រូបភាព​នៃ​អគារ Diamond One ដែល​មាន​កម្ពស់​១៤​ជាន់ ។
រូបភាព​នៃ​អគារ Diamond One ដែល​មាន​កម្ពស់​១៤​ជាន់ ។ រូបថត សហការី

លោក អៀង អូននី អភិបាល​រង​រាជធានី​ភ្នំពេញ មាន​ប្រាប់​ថា កំណើន​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​បាន​កើន​ឡើង​ជា​មធ្យម​ប្រហែល ២,៣ ភាគ​រយ​ជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​លោក​សង្ឃឹម​ថា ការ​រីក​ចម្រើន​វិស័យ​សំណង់​នា​ពេល​នេះ​ពិត​ជា​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដោះ​ស្រាយ​នូវ​កង្វះ​ខាត​កន្លែង​ស្នាក់​នៅ​បាន​មួយ​ចំណែក។ តែ​ទោះ​បី​ជា​យ៉ាង​ណា​លោក​ក៏​សំណូមពរ​ឲ្យ​ក្រុម​ហ៊ុន​សាង​សង់​ត្រូវ​គិត​អំពី​គុណភាព​សំណង់ បរិស្ថាន និង​បរិយាកាស​ខ្យល់​ចេញ ចូល ឲ្យ​បាន​ល្អ​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា៖ «គម្រោង Diamond One មិន​ត្រឹម​តែ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​កង្វះ​ខាត​កន្លែង​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គម្រោង​នេះ​ក៏​នឹង​ជួយ​បង្កើត​ការងារ​ធ្វើ​សម្រាប់​ប្រជាជន​កម្ពុជា​ផង​ដែរ»។

បច្ចុប្បន្ន​នៅ ទីក្រុង​កោះ​ពេជ្រ គេ​សង្កេត​ឃើញ​មាន​គម្រោង​សាង​សង់​អគារ​ធំៗ​ជា​ច្រើន​ដូច​ជា Riviera, La Seine, Casa Meridian, Elite Town, Elysee និង International Bilingual School ជា​ដើម។

កញ្ញា ជូង ឡៃយ៉ាន់ អនុ​ប្រធាន​ផ្នែក​លក់​នៃ​គម្រោង Diamond One បាន​និយាយ​ថា ការ​លក់​កំពុង​ដំណើរ​ទៅ​មុខ​យ៉ាង​រលូន​ដោយ​បន្ទប់​ខុនដូ Diamond One មាន​តម្លៃ​ចាប់​ពី ៥៩ ៩៩៩ ដុល្លារ​ឡើង​ទៅ​ហើយ​គម្រោង​ទាំង​មូល​នឹង​ត្រូវ​បញ្ចប់​នៅ​ចុង ឆ្នាំ​២០១៦។

លោក លាង សុផល ប្រធាន​ការិយាល័យ​ចាត់​ការ​ទូទៅ​នៃ​ក្រុម​ហ៊ុន Xin Tian Jian (Cambodia) Real Estate Development Co., Ltd បាន​ប្រាប់​ថា ការ​សាង​សង់​ផ្ទៃ​បាត​ខាង​ក្រោម​របស់​គម្រោង Diamond One កំពុង​ដំណើរ​ការ​បាន​ប្រហែល​ជាង ៣០ ភាគរយ​ហើយ ដោយ​ការ​សាង​សង់​ទាំង​មូល​មាន​រយៈ​ពេល ២៨​ខែ (គិត​ពី ខែ​សីហា ឆ្នាំ​២០១៤)។

លោក ស៊ា ឆៃលីន នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ ស៊ីអិល រៀលធី ហាក់​មិន​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​គម្រោង​ថ្មី​ខាង​លើ​នោះ​ទេ ដោយ​លោក​បាន​និយាយ​ថា មាន​គម្រោង​សាង​សង់​ខុនដូ​ជា​ច្រើន​នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ​សួរ​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​នឹង​ទៅ​ទិញ​ខណៈ​នា​ពេល​កន្លង​មក​លោក​សង្កេត​ឃើញ​មាន​គម្រោង​ខ្លះ​ការ​លក់​ហាក់​មិន​សូវ​ទទួល​ជោគ​ជ័យ​នោះ​ទេ។ តែ​ទោះ​បី​ជា​យ៉ាង​ណា លោក​បាន​បញ្ជាក់​ថា៖ «អ្វីៗ​នឹង​អាច​ដឹង​ច្បាស់​នៅ​ដើម ឆ្នាំ​២០១៥ ខាង​មុខ»។

អគ្គ​នាយក​ក្រុម​ហ៊ុន ថោន ស៊ីធី រៀល​អេស្ទេត ធ្លាប់​បាន​ប្រាប់ ប៉ុស្តិ៍ អចលន​ទ្រព្យ នា​ពេល​កន្លង​មក​ថា ទីផ្សារ​ខុនដូ​បច្ចុប្បន្ន​នេះ​មាន​ភាព​ល្អ​តាម​តំបន់ ខណៈ​ការ​សាង​សង់​ខុនដូ​កំពុង​មាន​ការ​កើន​ឡើង​នៅ​រាជធានី​ភ្នំពេញ។ តំបន់​កោះ​ពេជ្រ និង​ទីតាំង​ស្ថិត​នៅ​ម្តុំ​ស្ថានទូត​រុស្ស៊ី សុទ្ធ​តែ​ជា​ទីតាំង​មួយ​ល្អ​ប្រសើរ​សម្រាប់​ការ​សាង​សង់​ខុនដូ​ព្រោះ​អ្នក​រស់​នៅ​ខុនដូ​ផ្តោត​សំខាន់​លើ​ពីរ​ចំណុច ទី១ តំបន់​មាន​ទេសភាព​ល្អ បរិស្ថាន និង​ខ្យល់​អាកាស​បរិសុទ្ធ និង ទី២ ជា​តំបន់​ងាយ​ស្រួល​សម្រាប់​ការ​រស់​នៅ ពោល​គឺ​ជា​តំបន់​មាន​ផ្សារ​ទំនើប ធនាគារ​សាលា​រៀន និង​ភោជនីយដ្ឋាន​ជាដើម។

លោក​បាន​ថ្លែង​ថា៖ «អ្នក​រស់​នៅ​តាម​ខុនដូ​ភាគ​ច្រើន​មិន​មែន​ជា​គ្រួសារ​ធំ​ទេ ពួក​គេ​ច្រើន​តែ​ស្នាក់​នៅ​ម្នាក់​ឯង ឬ​ពីរ​នាក់​ហើយ​រស​និយម​របស់​ពួក​គេ​ចូល​ចិត្ត​ដើរ​កម្សាន្ត​ច្រើន»។ លោក​បន្ត​ថា៖ «គ្រួសារ​ដែល​រស់​នៅ​តាម​ខុនដូ​យ៉ាង​ច្រើន​មាន​កូន​ម្នាក់ ហើយ​បើ​គ្រួសារ​មាន​កូន​បី​នាក់​ឡើង​ទៅ​ពួក​គេ​មិន​រស់​នៅ​តាម​ខុនដូ​នោះ​ទេ ព្រោះ​អ្នក​រស់​នៅ​ខុនដូ​មិន​សូវ​ចម្អិន ឬ​ធ្វើ​ម្ហូប​នៅ​ផ្ទះ​នោះ​ទេ ពួក​គេ​ច្រើន​ទទួល​ទាន​នៅ​ខាង​ក្រៅ»៕

អត្ថបទគួរចាប់អារម្មណ៍