The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Galaxy residence នឹង​បើក​ឲ្យ​អតិថិជន​ចូល​ស្នាក់នៅ​នា ខែ​តុលា

Galaxy residence នឹង​បើក​ឲ្យ​អតិថិជន​ចូល​ស្នាក់នៅ​នា ខែ​តុលា

Galaxy Residence នឹង​ធ្វើ​ពិធី​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ដើម ឆ្នាំ​២០១៥ ខាង​មុខ។
Galaxy Residence នឹង​ធ្វើ​ពិធី​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ដើម ឆ្នាំ​២០១៥ ខាង​មុខ។ ភ្នំពេញ ប៉ុស្តិ៍

Galaxy residence នឹង​បើក​ឲ្យ​អតិថិជន​ចូល​ស្នាក់នៅ​នា ខែ​តុលា

អគារ​ស្នាក់​នៅ​រួម​ប្រកប​ដោយ​ភាព​ស៊ីវិល័យ Galaxy Residence នៅ​ពេល​នេះ​កំពុង​ត្រៀម​បើក​ទ្វារ​ទទួល​ស្វាគមន៍​អតិថិជន​ឲ្យ​ចូល​ស្នាក់​នៅ​ជា​បណ្តើរៗ​ហើយ ខណៈ​ការ​បើក​ជា​ផ្លូវ​ការ​គ្រោង​នឹង​ធ្វើ​នៅ​ដើម ឆ្នាំ​២០១៥ ខាង​មុខ។

លោក Chin Seng Kam អគ្គ​នាយក​ក្រុម​ហ៊ុន National 6A Investment Co., Ltd ដែល​វិនិយោគ​សាង​សង់​អគារ​ខុនដូ Galaxy Residence ប្រាប់ ប៉ុស្តិ៍​អចលន​ទ្រព្យ កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ការ​សាង​សង់ Galaxy Residence ជិត​បញ្ចប់ ១០០ ភាគរយ​ហើយ ដោយ​នៅ​ពេល​នេះ​ក្រុម​ហ៊ុន​កំពុង​រៀបចំ​ធ្វើ​ផ្លូវ​ជុំវិញ​អគារ និង​ផ្លូវ​ចេញ​ចូល​ឲ្យ​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ការ​ធ្វើ​ដំណើរ។ លោក​បន្ត​ថា តាម​ផែនការ​ក្រុម​ហ៊ុន​នឹង​អនុញ្ញាត​ឲ្យ​ម្ចាស់​លំនៅឋាន​ដែល​ទិញ​រួច​ឲ្យ​ចូល​ទៅ​ស្នាក់​នៅ​ក្នុង​ជំហាន​ដំបូង​នា​អំឡុង ខែ​តុលា ចំណែក​ការ​បើក​ឲ្យ​ដំណើរ​ការ​ពេញ​លេញ​នឹង​ធ្វើ​នៅ​ដើម​ឆ្នាំ​ក្រោយ។

លោក​បាន​ថ្លែង​ថា៖ «ក្រុម​ហ៊ុន National 6A Investment Co., Ltd គឺ​ជា​ក្រុម​ហ៊ុន​ដែល​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​គម្រោង​ខាង​លើ​ដោយ​ក្រុម​ហ៊ុន​បាន​ដើរ​តួនាទី​ជា​ក្រុម​ហ៊ុន​សាង​សង់ ធ្វើ​ទីផ្សារ​លក់ និង​ជា​អ្នក​គ្រប់​គ្រង​អគារ​នេះ​ដោយ​ខ្លួន​ឯង​ទៀត​ផង។ ការ​ធ្វើ​បែប​នេះ​គឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ផ្តល់​ទំនុក​ចិត្ត​ដល់​អតិថិជន​ព្រោះ​ក្រុម​ហ៊ុន​ធ្លាប់​មាន​បទ​ពិសោធ​ធ្វើ​ការងារ​ទាំង​អស់​នេះ​រួច​មក​ហើយ»។

លោក​បន្ត​ថា៖ «ក្រុម​ហ៊ុន National 6A Investment Co., Ltd មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​វិនិយោគ​រយៈ​ពេល​វែង​នៅ​ប្រទេស​កម្ពុជា ខណៈ​ស្ថានភាព​វិស័យ​អចលន​ទ្រព្យ​នៅ​ទីនេះ​កំពុង​មាន​សញ្ញា​វិជ្ជមាន​ល្អ»។

រូបភាព​នៃ​បន្ទប់​គេង​របស់​អគារ Galaxy Residence។
រូបភាព​នៃ​បន្ទប់​គេង​របស់​អគារ Galaxy Residence។ ភ្នំពេញ ប៉ុស្តិ៍

Galaxy Residence គឺជា​គម្រោង​សាង​សង់​ខុនដូ​ដ៏​ល្អ​ប្រណីត​មួយ​ដែល​មាន​កម្ពស់ ១០ ជាន់ និង​មាន ២ ជាន់​នៅ​ក្រោម​ដី ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ ៦ នា​តំបន់​ជ្រោយ​ចង្វារ ហើយ​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុម​ហ៊ុន National 6A Investment Co., Ltd។

លោក Chin Seng Kam ប្រាប់​ទៀត​ថា ក្រុម​ហ៊ុន National 6A Investment Co., Ltd គឺជា​ម្ចាស់​ដី​នៅ​ក្នុង​គម្រោង​ខាង​លើ​ហេតុ​នេះ​អតិថិជន​អាច​មាន​ទំនុក​ចិត្ត និង​មាន​អារម្មណ៍​ជ្រះ​ស្រឡះ។

ទាក់​ទង​ទៅ​នឹង​ផែនការ​និង​គម្រោង​នៅ​ពេល​អនាគត​លោក Chin Seng Kam បាន​ប្រាប់​ថា ការ​ចាប់​ផ្តើម​គម្រោង​ថ្មី​បាន​និង​កំពុង​ដំណើរការ​ទៅ​មុខ​យ៉ាង​រលូន ប៉ុន្តែ​លោក​មិន​ទាន់​បាន​ប្រាប់​ថា គម្រោង​ថ្មី​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា និង​មាន​ទីតាំង​នៅ​ទីណា​នោះ​ទេ ដោយ​លោក​គ្រាន់​តែ​ប្រាប់​ថា ជ្រោយ​ចង្វារ​ជា​តំបន់​ដែល​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​អភិវឌ្ឍ​វិស័យ​អចលន​ទ្រព្យ។

ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​គម្រោង Galaxy Residence លោក Antoine Petit បាន​និយាយ​ថា ខុនដូ Galaxy មាន​បន្ទប់​ស្នាក់​នៅ​ចំនួន ៤០ (យូនីត) និង Shophouse ចំនួន ៩ ដោយ​ការ​លក់​ក្នុង​គម្រោង​នេះ​សម្រេច​បាន​ជាង ៩០ ភាគ​រយ​ហើយ។ បន្ទប់​ក្នុង​ខុនដូ​នេះ​មាន​ច្រើន​ប្រភេទ និង​មាន​តម្លៃ​ចាប់​ពី ៨៨០០០ ដុល្លារ​ឡើង​ទៅ។

លោក​បាន​អះអាង​ថា៖ «ការ​សាង​សង់​របស់​យើង​គឺ​ផ្តោត​ជា​សំខាន់​ទៅ​លើ​ការ​រចនា​ទាំង​ក្នុង និង​ក្រៅ​អគារ​ដោយ​ក្រុម​ហ៊ុន​របស់​យើង​បាន​ប្រើ​ប្រាស់​សម្ភារ​សំណង់ និង​គ្រឿង​បំពាក់​ក្នុង​ផ្ទះ​សុទ្ធ​តែ​មាន​គុណភាព​ឈាន​មុខ​នាំ​ចូល​មក​ពី ប្រទេស​ម៉ាឡេស៊ី កូរ៉េ និង​មួយ​ចំនួន​មក​ពី​ប្រទេស​នៅ​ក្នុង​សហគមន៍​អឺរ៉ុប ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រស់​នៅ​របស់​អតិថិជន​មាន​ផាសុកភាព និង​សុវត្ថិភាព​ខ្ពស់»។

ផ្ទះ​បាយ​ដែល​មាន​លក្ខណៈ​ស៊ីវិល័យ​នៅ​ក្នុង​អគារ Galaxy Residence។
ផ្ទះ​បាយ​ដែល​មាន​លក្ខណៈ​ស៊ីវិល័យ​នៅ​ក្នុង​អគារ Galaxy Residence។ ភ្នំពេញ ប៉ុស្តិ៍

ដោយ​ប្រមើល​មើល​ពី​ទីផ្សារ​អចលន​ទ្រព្យ​នៅ​កម្ពុជា​នា​ពេល​អនាគត​លោក Antoine Petit មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​អាច​ប្រមើល​មើល​ឃើញ​ពី​អនាគត​ទេ ហើយ​ខ្ញុំក៏​មិន​អាច​ព្យាករ​អំពី​ទីផ្សារ​នា​ពេល​អនាគត​សម្រាប់​វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​បាន​ទេ។ តែ​ទោះ​បី​ជា​យ៉ាង​ណា​យើង​ធ្លាប់​មាន​បទ​ពិសោធ​រួច​ហើយ ហេតុ​នេះ​ខ្ញុំ​គិត​ថា កម្ពុជា​នឹង​មិន​ជួប​វិបត្តិ​ដូច​កាល​ពី​អំឡុង ឆ្នាំ​២០០៨ ទៀត​ទេ»។

ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​គម្រោង Galaxy Residence ខាង​លើ​បាន​អះអាង​ទៀត​ថា ទោះ​បី​ជា​ការ​លក់​កំពុង​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​រលូន​ក៏​ដោយ ក៏​មក​ទល់​ពេល​នេះ​ផ្ទះ​ក្នុង​គម្រោង Galaxy Residence មិន​ទាន់​លក់​អស់​នោះ​ទេ ដោយ​នៅ​ក្នុង​ចំណោម Shop house ចំនួន ៩ នៅ​សល់​ចំនួន ៥ ចំណែក Pen House ចំនួន ៤ នៅ​សល់​ចំនួន ២ និង​បន្ទប់​ក្នុង​ខុនដូ​ដែល​មាន​ចំនួន ៤០ ពេល​នេះ​សល់​ចំនួន ៦ យូនីត​ទៀត ខណៈ​ការ​លក់​បញ្ចប់​គម្រោង​នេះ​អាច​នឹង​ត្រូវ​បញ្ចប់​នា​ពេល​ឆាប់ៗ​នេះ។

បច្ចុប្បន្ន​នេះ​គេ​សង្កេត​ឃើញ​ថា មាន​គម្រោង និង​ការដ្ឋាន​សាង​សង់​អាផាតមិន និង​ខុនដូ​ជាច្រើន​កំពុង​លេច​ឡើង​នៅ​តំបន់​ទន្លេ​បាសាក់ និង​បឹង​កេង​កង តែ​សម្រាប់​តំបន់​ជ្រោយ​ចង្វារ​ដែល​មាន​ទន្លេ​នៅ​អម​សង​ខាង ហើយ​ត្រូវ​គេ​គិត​ថា នឹង​មាន​សក្តានុពល​ខ្លាំង​នា​ពេល​អនាគត​នោះ​ហាក់​នៅ​មិន​ទាន់​មាន​ការ​ផ្គត់​ផ្គង់​ខុនដូ ឬ​អាផាតមិន​ច្រើន​ទេ។ ហេតុ​នោះ​ហើយ Galaxy Residence ត្រូវ​គេ​គិត​ថា នឹង​ក្លាយ​ជា​កន្លែង​រស់​នៅ​ឈាន​មុខ​គេ​នៅ​តំបន់​ជ្រោយ​ចង្វារ​នៅ​ពេល​បើក​ដំណើរ​ការ។

បុគ្គលិក​ផ្នែក​ទីផ្សារ និង​លក់​ក្នុង​គម្រោង Galaxy Residence កញ្ញា ញឹម ពេជ្របញ្ញា បាន​និយាយ​ថា មាន​អតិថិជន​ជាច្រើន​បាន​ចាប់​អារម្មណ៍​ចំពោះ​ខុនដូ Galaxy Residence ដោយ​មាន​ទាំង​ជន​បរទេស និង​ជន​ជាតិ​ខ្មែរ។ ជន​បរទេស​ដែល​បាន​មក​ទិញ​លំនៅឋាន​នៅ​ក្នុង​គម្រោង Galaxy Residence មាន​ដូច​ជា ម៉ាឡេស៊ី ជប៉ុន ចិន ហុងកុង សិង្ហបុរី កូរ៉េ និង​មួយ​ចំនួន​មក​ពី​តំបន់​អឺរ៉ុប។

កញ្ញា​បន្ត​ទៀត​ថា ដើម្បី​សម្រួល​ដល់​អតិថិជន​ក្រុម​ហ៊ុន National 6A Investment Co., Ltd ក៏​មាន​សេវា​ជួយ​ស្វែង​រក​អតិថិជន​មក​ជួល​ផ្ទះ​ដល់​ម្ចាស់​ផ្ទះ​ដែល​បាន​ទិញ​លំនៅឋាន​ក្នុង​គម្រោង​នេះ​ទុក​សម្រាប់​ជួល​ផង​ដែរ។

ផ្នែក​ខាង​ក្នុង​នៃ​បន្ទប់​ទឹក​របស់​អគារ Galaxy Residence។
ផ្នែក​ខាង​ក្នុង​នៃ​បន្ទប់​ទឹក​របស់​អគារ Galaxy Residence។ ភ្នំពេញ ប៉ុស្តិ៍

លោក ចេង ខេង ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន​អចលន​ទ្រព្យ​កម្ពុជា ស៊ីភីអិល មាន​ប្រសាសន៍​ថា គម្រោង Galaxy Residence ជិត​បញ្ចប់​ការ​សាង​សង់​ហើយ ហើយ​គម្រោង​នេះ​អាច​ទទួល​បាន​ជោគ​ជ័យ ពីព្រោះ​គម្រោង​នេះ​នៅ​ចំ​ទីតាំង​ល្អ ជិត​ផ្សារ និង​មាន​ធនាគារ​ជាច្រើន​កំពុង​ពង្រីក​សាខា​ទៅ​កាន់​តំបន់​នោះ។

លោក​បន្ត​ថា តំបន់​នេះ​ចាប់​ផ្តើម​មាន​ការ​រីក​ចម្រើន​ខ្លាំង និង​មាន​មនុស្ស​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​ទៅ​រស់​នៅ​តំបន់​នោះ ដោយ​សារ​តំបន់​នេះ​ជា​ជម្រើស​ល្អ សម្រាប់​ការ​រស់​នៅ​ព្រោះ​អ្វីៗ​ស្ទើរ​ទាំង​អស់​ចាប់​ផ្តើម​មាន​នៅ​តំបន់​នេះ។

លោក​បាន​ថ្លែង​ថា៖ «ភាព​ទាក់​ទាញ​របស់​តំបន់​នេះ​ដោយ​សារ​មាន​ទន្លេ​នៅ​សង​ខាង​មាន​ស្ពាន​ពីរ​ឆ្លង​កាត់​ងាយ​ស្រួល​ធ្វើ​ដំណើរ និង​មាន​បរិយាកាស​អំណោយ​ផល។ ពេល​នេះ​មាន​អគារ​ខ្ពស់ៗ​ជាច្រើន​ចាប់​ផ្តើម​លេច​ឡើង​នៅ​ទីនោះ​ហេតុ​នេះ​តំបន់​ជ្រោយ​ចង្វារ នឹង​ក្លាយ​ជា​តំបន់​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​រស់​នៅ​នាពេល​អនាគត»៕

អត្ថបទគួរចាប់អារម្មណ៍