ភ្នំពេញៈ តំបន់​ជាប់មាត់​សមុទ្រ និង​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​ (​បូកគោ​) ខេត្តកំពត​នឹង​ក្លាយជា​ក្រុង​មាត់សមុទ្រ​ថ្មី​មួយ​ដែល​មាន​ការរីកចម្រើន​លើ​គ្រប់វិស័យ បន្ទាប់ពី​រដ្ឋាភិបាល​សម្រេច​កាត់​យក​ឃុំ​ចំនួន​ ៣ ​នៃ​ស្រុក​ទឹកឈូ ទៅ​បង្កើត​ «​ក្រុង​បូកគោ​»​។

រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី​ ១៦ ខែ មីនា ឆ្នាំ​ ២០២១ បានចេញ​អនុក្រឹត្យ​ ១ ​សម្រេច​បង្កើត​ «​ក្រុង​បូកគោ​» នៃ​ខេត្តកំពត​ដោយ​កាត់​យក​ឃុំ​បឹងទូក កោះ​តូច និង​ឃុំ​ព្រែកត្នោត ពី​ស្រុក​ទឹកឈូ​ឱ្យទៅ​ស្ថិតក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ «​ក្រុង​បូកគោ​»​។ ចំណែក​ទីតាំង​រដ្ឋបាល​ក្រុង​បូកគោ​នឹង​ស្ថិតក្នុង​សង្កាត់​បឹងទូក​។

លោក ជាវ តាយ អភិបាល​ខេត្តកំពត​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ពុធ​ថា លោក​ស្វាគមន៍​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាល​ក្នុង​ការបង្កើត​ក្រុង​ថ្មី​មួយ​បន្ថែម​នៅ​ខេត្តកំពត ដែល​ក្រុង​ថ្មី​នេះ​មាន​ទីតាំង​នៅតាម​បណ្តោយ​មាត់សមុទ្រ​។ លោក​បន្តថា តាមពិត​ទៅ​ពាក្យ​ «​ក្រុង​បូកគោ​» នេះ​មាន​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ ប៉ុន្តែ​នៅ​ទីនោះ​មិនមាន​តំបន់​រដ្ឋបាល​ទេ​។ ការសម្រេច​របស់​រដ្ឋាភិបាល​នឹង​ធ្វើឱ្យ​ការអភិវឌ្ឍ​ទីនោះ​មាន​ល្បឿន​ជាង​មុន និង​ប្រកប​ដោយ​សក្តានុពល​។

លោក​បន្ថែមថា ដោយសារ​រដ្ឋាភិបាល​ទើប​ចេញ​អនុក្រឹត្យ ហេតុនេះ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មិនទាន់​មាន​អ្វី​ច្រើន​ទេ​។ ទោះយ៉ាងណា​លោក​បញ្ជាក់ថា​៖ «​ពាក្យ​ថា​ (​ក្រុង​) ​វា​នឹងមាន​ការអភិវឌ្ឍ​លឿន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ប្រព័ន្ធ​រដ្ឋបាល​»​។

លោក សំ សុខនឿន ប្រធាន​សមាគម​អចលនទ្រព្យ​សកល​បាន​ប្រាប់ថា តំបន់​មាត់សមុទ្រ​ខេត្តកំពត​អាច​ចាត់ទុក​ថា ជា​កន្លែង​មាន​អំណោយផល​ខ្លាំង​សម្រាប់​ការវិនិយោគ​លើ​គ្រប់​វិស័យ​បន្ទាប់ពី​ខេត្ត​ព្រះសីហនុ​។ ការប្រែក្លាយ​តំបន់​មាត់សមុទ្រ​កំពត​ឱ្យ​ទៅជា «​ក្រុង​បូកគោ​» នឹង​ក្លាយជា​មេដែក​មួយ​ក្នុង​ការឆក់​ទាញ​វិនិយោគិន​បរទេស​ឱ្យទៅ​បណ្តាក់ទុន​។

លោក​លើកឡើង​ថា ដោយសារ​បច្ចុប្បន្ន​នៅ​ទីតាំង​ខាងលើ​មិនសូវ​មាន​ប្រជាជន​រស់នៅ​ច្រើន និង​នៅជាប់​ខេត្ត​ព្រះសីហនុ ហេតុនេះ​វា​នឹង​ទាក់ទាញ​បាន​នូវ​គម្រោង​វិនិយោគ​ធំៗ​ជាច្រើន​ពី​សំណាក់​វិនិយោគិន​បរទេស ពិសេស​ជនជាតិ​ចិន​។

លោក​អះអាង​ថា​៖ «​នេះ​គឺជា​ទស្សន​វិស័យ​វែងឆ្ងាយ​មួយ​របស់​រដ្ឋាភិបាល​ក្នុងការ​ទាក់​ចំណាប់អារម្មណ៍​វិនិយោគិន​ឱ្យ​បែរ​ឆ្ពោះទៅ​ទីនោះ​។ ទីនោះ​មិន​ត្រឹម​តែ​មាន​សក្តានុពល​សម្រាប់​វិស័យ​ទេសចរណ៍​នោះទេ តែ​សម្រាប់​ការសាងសង់​កំពង់ផែ​ទំនិញ​អន្តរជាតិ​ផងដែរ​។ ​ទីតាំង​នេះ​នឹង​មាន​ភាពទាក់ទាញ​ខ្លាំង​សម្រាប់​វិនិយោគិន​ចិន​»​។

យោងតាម​លោក សុខនឿន បច្ចុប្បន្ននេះ​ដី​នៅជាប់​មាត់សមុទ្រ​ក្នុង​ទីតាំង​ «​ក្រុង​បូកគោ​» អាច​មាន​តម្លៃ​ជា​មធ្យម​ ១០០ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​។

លោក នួន រិទ្ធី អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA បាន​និយាយថា ការបង្កើត​ក្រុង​បូកគោ​នឹង​ផ្តល់នូវ​ភាពវិជ្ជមាន​ជាច្រើន​។ សម្រាប់​រដ្ឋាភិបាល​ការបង្កើត​ក្រុង​ថ្មី​គឺ​មិន​ត្រឹមតែ​ធ្វើឱ្យ​រដ្ឋ​មាន​លទ្ធភាព​កាន់តែច្រើន​ក្នុង​ការផ្តល់​សេវាសាធារណៈ កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការបង្កើត​ប្លង់​មេ​អភិវឌ្ឍន៍​ច្បាស់លាស់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​អាច​បង្កើន​ភាពទាក់ទាញ​វិនិយោគិន​ឱ្យមក​បណ្តាក់ទុន និង​ធ្វើឱ្យ​អចលនទ្រព្យ​មាន​ទីផ្សារ​កាន់តែ​ល្អ​។

លោក​បន្តថា ជាមួយគ្នានេះ​វិនិយោគិន​ក៏​អាច​ទទួលបាន​ភាពងាយស្រួល​ច្រើន និង​ប្រកបដោយ​ទំនុកចិត្ត​ទៀតផង​។

លោក​និយាយថា​៖ «​ការបង្កើត​ក្រុង​បូកគោ​ជា​កាលានុវត្តភាព​ថ្មី​មួយទៀត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការស្រូប​ទាញ​កំណើន​វិនិយោគិន និង​ប្រភព​ចំណូល​សម្រាប់​ប្រទេសជាតិ​»៕LA