ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដែលមានទំហំតូចៗ គឺជាបញ្ហាដែលកំពុងកើតមាននៅកម្ពុជានាពេលបច្ចុប្បន្ន ខណៈមន្ត្រីជំនាញបានបន្ទោសបញ្ហាទាំងនោះថា បណ្តាលមកពីការអនុវត្តច្បាប់នៅមានកម្រិត និងកង្វះតម្លាភាព ដែលជាហេតុធ្វើឲ្យផ្លូវមួយត្រូវបានប្រជាពលរដ្ឋទន្ទ្រានយកទៅប្រើប្រាស់ជាកម្មសិទ្ធិផ្ទាល់ខ្លួន។
អ្នកជំនាញផ្នែកអភិវឌ្ឍន៍ទីក្រុងបានជំរុញឲ្យមានប្លង់គោលឱ្យបានលឿន និងត្រូវជំរុញការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
លោកបណ្ឌិត វ៉ាន់ វ៉ាត អ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា ការធ្វើគោលនយោបាយអភិវឌ្ឍន៍ដែលមានដូចជា ការពង្រីកផ្លូវ ការធ្វើផ្លូវ និងការកំណត់តំបន់ប្រើប្រាស់ដីធ្លី ជាដើម គឺសុទ្ធតែស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខណៈការអនុវត្តក៏មានការចូលរួមពីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអាជ្ញាធរមូលដ្ឋានផងដែរ។
លោកបណ្ឌិតមានប្រសាសន៍ថា៖ «ការពង្រីកផ្លូវ ឬការរៀបចំហេដ្ឋារចនាសម្ព័ន្ធ គឺត្រូវធ្វើតាមប្លង់មេរបស់អាជ្ញាធរ ហើយការអនុវត្តនោះត្រូវធ្វើតាមច្បាប់ និងមានតម្លាភាព»។
លោកបានលើកឧទាហរណ៍ថា៖ «រដ្ឋាភិបាលត្រូវពង្រីកផ្លូវមួយឲ្យមានទំហំដល់ ៣០ ម៉ែត្រ ដើម្បីផលប្រយោជន៍រួម។ ការពង្រីកផ្លូវនេះនឹងធ្វើឲ្យមានផលប៉ះពាល់ខ្លះដល់ប្រជាពលរដ្ឋ ដូច្នេះនៅពេលដោះស្រាយគឺត្រូវធ្វើឲ្យមានតម្លាភាព និងអាចទទួលយកបានទាំងអស់គ្នា»។
ការបំពានយកចិញ្ចើមផ្លូវសាធារណៈទៅធ្វើជាកម្មសិទ្ធិឯកជន ក៏ដូចជាការលក់ដូរនៅតាមចិញ្ចើមផ្លូវ គឺជារឿងដែលអាចនិយាយបានថាបណ្តាលមកពីការអនុវត្តច្បាប់នៅមានភាពទន់ខ្សោយ ព្រោះប្រទេសយើងមានច្បាប់ មានសេចក្តីណែនាំ និងមានអនុក្រឹត្យបានចែងច្បាស់លាស់ហើយ។
ជាក់ស្តែងសេចក្តីជូនដំណឹងលេខ ៤៤ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចែងពីការចោលចិញ្ចើមផ្លូវ ៥ ម៉ែត្រសម្រាប់លំនៅឋានធម្មតា ប៉ុន្តែដោយសារការផ្សព្វផ្សាយ និងការអនុវត្តនៅមានកម្រិតទើបប្រជាពលរដ្ឋនៅតែបំពានចិញ្ចើមផ្លូវប្រើប្រាស់ជាកម្មសិទ្ធិ។ លោកបណ្ឌិត វ៉ាន់ វ៉ាត បញ្ជាក់ឲ្យដឹងដូច្នេះ។
លោកបណ្ឌិត វ៉ាន់ វ៉ាត បានថ្លែងថារាជរដ្ឋាភិបាលមិនមែនមិនគិតគូរចំពោះបញ្ហានេះទេ គ្រាន់តែមានភាពខ្វះចន្លោះក្នុងការរៀបចំក្រុងតាមប្លង់គោល។
លោកបានបន្តថា នៅប្រទេសអភិវឌ្ឍន៍គេអនុវត្តតាមប្លង់គោលប្រើប្រាស់ដីធ្លីជាមុន ទើបក្រុមការងារចុះបញ្ជីដីធ្លីចុះធ្វើការងាររបស់ខ្លួនដោយអនុវត្តតាមប្លង់គោលលម្អិតដែលបានរៀបចំរួចហើយ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកបណ្ឌិត គីម ហ៊ាង បាននិយាយថា ព័ត៌មានដែលទាក់ទងទៅនឹងប្លង់មេសម្រាប់រាជធានីភ្នំពេញត្រូវបានលេចឮជាយូរមកហើយ ប៉ុន្តែជាក់ស្តែងរហូតមកដល់ពេលនេះប្លង់មេនោះមិនទាន់ត្រូវបានធ្វើការផ្សព្វផ្សាយជាសាធារណៈនោះទេ។ នៅពេលមានប្លង់មេច្បាស់លាស់ វានឹងធ្វើឲ្យការអភិវឌ្ឍកាន់តែមានភាពងាយស្រួល និងដំណើរការលឿនទៅមុខបន្ថែមទៀត។

លោកបណ្ឌិតមានប្រសាសន៍ថា៖ «ខ្ញុំបានឮព័ត៌មានប្លង់មេនោះជាយូរមកហើយ តែរហូតមកដល់ពេលនេះខ្ញុំមិនដែលឃើញប្លង់មេនោះត្រូវបានផ្សព្វផ្សាយជាផ្លូវការឡើយ។ ការអូសបន្លាយពេលវេលានេះ ខ្ញុំគិតថាប្រហែលជាអាជ្ញាធរត្រូវការពេលវេលាកែលម្អបន្ថែមទៀត ដើម្បីឲ្យស្របទៅតាមការរីកចម្រើននៃរាជធានីភ្នំពេញដែលកាន់តែរីកធំឡើងជាបន្តបន្ទាប់»។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើងថា ការមានប្លង់មេ គឺជារឿងដ៏ល្អសម្រាប់ទីក្រុង ឬប្រទេស ដោយវានឹងផ្តល់ភាពងាយស្រួលសម្រាប់ការអភិវឌ្ឍ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ដូចជាកម្ពុជា។ ប្លង់មេនឹងជួយឲ្យអ្នកវិនិយោគ មានភាពងាយស្រួលក្នុងការតម្រង់ទិសអាជីវកម្មរបស់គាត់ ព្រោះនៅក្នុងប្លង់មេនឹងមានការកំណត់ទីតាំងដីធ្លី (តំបន់) សម្រាប់អភិវឌ្ឍច្បាស់លាស់។ ប្រសិនបើក្នុងប្លង់មេកំណត់យកតំបន់ណាជាតំបន់ឧស្សាហកម្ម គឺគេនឹងមិនអនុញ្ញាតឲ្យសង់អ្វីដែលខុសពីឧស្សាហកម្មនោះទេ។
លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា៖ «ការសាងសង់ដែលមិនមានប្លង់មេ គឺប្រៀបដូចជាការរាវរកអ្វីមួយដែលមិនមានទិសដៅច្បាស់លាស់។ ការសាងសង់ខ្លះអាចនឹងមានបញ្ហាប្រឈមជាមួយច្បាប់ ឬការវាយកម្ទេចផងដែរ ក្នុងករណីខុសពីអ្វីដែលបានកំណត់នៅក្នុងប្លង់មេ។ ដូច្នេះប្លង់មេ គឺជាអ្វីដែលអ្នកវិនិយោគចង់បានបំផុត»។
បច្ចុប្បន្នការរំលោភបំពានចិញ្ចើមផ្លូវពីសំណាក់ម្ចាស់លំនៅឋាន ពិសេសម្ចាស់ផ្ទះល្វែងបានកើតមានជាទូទៅនៅតាមសង្កាត់នានាក្នុងរាជធានីភ្នំពេញ ដោយមានខ្លះបានសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន និងខ្លះទៀតមិនបានសុំអាជ្ញាធរមូលដ្ឋានទេ។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាលោកឧកញ៉ា លី ហួរ បានប្រាប់ថាការសាងសង់ផ្លូវនៅតាមបុរីនានារដ្ឋាភិបាលមិនបានជួយឧបត្ថម្ភមូលធននោះទេ គឺម្ចាស់បុរីនីមួយៗជាអ្នករៀបចំ និងធ្វើ Master Plan ដោយខ្លួនឯង ប៉ុន្តែគម្រោងសាងសង់ផ្លូវនានានៅក្នុងបុរីក៏ត្រូវតែដាក់ឆ្លងក្រសួងរៀបចំដែនដី ពិនិត្យផងដែរ។
លោកឧកញ៉ាថ្លែងថា៖ «គម្រោងលំនៅឋានទាំងអស់ លើកលែងតែគម្រោងលំនៅឋានសម្រាប់ប្រជាជនមានប្រាក់ចំណូលទាប ទើបរដ្ឋាភិបាលជួយសាងសង់ ផ្លូវ តភ្ជាប់បណ្តាញទឹក និងអគ្គិសនីជូន»។
លោកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ដែលកំពុងវិនិយោគលំនៅឋានមានតម្លៃទាបស្ថិតក្នុងឃុំកោះរកា ស្រុកស្អាង ខេត្តកណ្តាល បានថ្លែងថាជាគោលការណ៍របស់រាជរដ្ឋាភិបាល គឺនឹងជួយតភ្ជាប់បណ្តាញផ្លូវ ទឹក ភ្លើងចូលក្នុងបុរី ប៉ុន្តែបច្ចុប្បន្ននេះយើងកំពុងរង់ចាំការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះផ្លូវនៅតាមបុរីនីមួយៗ លោកឧកញ៉ាបានអះអាងថា ផ្លូវក្នុងបុរីគឺក្រុមហ៊ុនធ្វើដោយខ្លួនឯង និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រសួងដែនដី។
លោកមានប្រសាសន៍ថា៖ «ពេលណាយើងដាក់ប្លង់ស្នើសុំទៅក្រសួងជាធម្មតាក្រសួងនឹងពិនិត្យមើលមុនសម្រេចឲ្យសាងសង់ ឬអត់។ បើទំហំផ្លូវតូចពេកក្រសួងអាចស្នើសុំឲ្យយើងពង្រីកបន្ថែម»។

មេភូមិវិហារសួគ៌ខាងត្បូងស្ថិតក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលដែលជាតំបន់កំពុងមានការអភិវឌ្ឍលឿនលោក ប៉ាន សេង បាននិយាយថា ការសាងសង់ផ្លូវក្នុងមូលដ្ឋានកន្លងមកតែងតែជួបការលំបាក ដោយសារប៉ះពាល់ផលប្រយោជន៍ប្រជាជនមូលដ្ឋាន ដែលធ្វើឲ្យការពង្រីក និងទុកចំណីផ្លូវពីអ័ក្សផ្លូវ (ចំណុចកណ្តាលផ្លូវ) មិនអាចធ្វើតាមផែនការបាន ១០០ ភាគរយនោះទេ ទោះជារដ្ឋាភិបាលបានផ្តល់សំណងដល់ពួកគាត់ក្តី។
លោកបន្តថា៖ «ជាគោលការណ៍ណែនាំពីក្រសួង គឺទុកចំណីផ្លូវ ២៥ ម៉ែត្រពីអ័ក្សផ្លូវក្នុងឃុំ និង ៣០ ម៉ែត្រពីអ័ក្សផ្លូវជាតិ ប៉ុន្តែការធ្វើជាក់ស្តែងមិនបានតាមផែនការទេ ដោយសារប៉ះប្រយោជន៍ប្រជាជន»។ លោកបន្តថា៖ «កន្លងមកការទុកចំណីផ្លូវទំហំ ២៥ ម៉ែត្រក្នុងឃុំ គឺធ្វើបានតែ ១០ ម៉ែត្រប៉ុណ្ណោះ ដោយសារបញ្ហាខាងលើនេះ»។
លោកបន្តថា៖ «មូលនិធិសម្រាប់ប្រើប្រាស់ក្នុងការកសាងផ្លូវក្នុងមួយឆ្នាំៗមានតិចណាស់ មិនអាចធ្វើអ្វីបានឡើយ ប៉ុន្តែលោកមិនបង្ហើបឲ្យដឹងពីចំនួនទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍កន្លងមកនៅពេលអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធឱ្យដំណើរការជាផ្លូវការនូវរោងចក្រផលិតស៊ីម៉ងត៍ ជីបម៉ុង អ៊ិនស៊ី ស៊ីមិន នៅខេត្តកំពតបានបានប្រសាសន៍ថា កំណើនប្រជាជន និងសេដ្ឋកិច្ចបានធ្វើឲ្យកម្ពុជាត្រូវការការពង្រីកផ្លូវជាបន្តបន្ទាប់ ជាក់ស្តែងផ្លូវជាតិដែលពេលស្ថាបនាដំបូងមានទទឹង ៦-៧ ម៉ែត្រត្រូវបានពង្រីកឡើងជាបន្តបន្ទាប់ដោយបច្ចុប្បន្ននេះមានមួយចំនួនត្រូវបានពង្រីករហូតដល់ទទឹង ៣០ ម៉ែត្រ។
អ្នកនាំពាក្យនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត មិនលើកទូរស័ព្ទ ទោះទូរស័ព្ទចូលជាច្រើនដងក្តី៕