ស្រប​ពេល​ដែល​មាន​សំណង់​ធំៗ​និង​​ការដ្ឋាន​សាងសង់​ជាច្រើន​បាន​លេច​ឡើង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​នោះគេ​សង្កេត​ឃើញ​ថា​ សង្កាត់​ទន្លេបាសាក់​គឺជា​កន្លែង​ដែលប្រមូលផ្តុំ​ទៅដោយ​អគារ​ធំៗ​ និង​ខ្ពស់​ៗច្រើន​ជាង​គេ ពិសេស​សំណង់​អគារ​ខុនដូ​ និង​អគារ​ការិយាល័យ​។​ ហេតុ​អ្វីបាន​ទីនោះ​​មាន​ការវិវឌ្ឍ​លឿន​បែប​នេះ​?

លោក ​ស៊ា ឆៃលីន ​អគ្គនាយក​ក្រុមហ៊ុន ​ស៊ីអិល ​រៀល​ធី​ បាន​ប្រាប់​ថា ​ទន្លេ​បាសាក់​ អាច​និយាយ​ថា ជា​កន្លែង​ដែល​វិស័យ​អចលនទ្រព្យ​ស្ទុះ​ងើប​ឡើង​លឿន​បំផុត​ក្នុង​រាជ​ធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន។

ការ​រីក​ចម្រើន​ដ៏​ឆាប់រហ័ស​នេះ​ដោយ​សារ​មាន​កត្តា​មួយចំនួន​ដូចជា ទី១ លក្ខណៈ​អំណោយ​ផល​ដោយ​សារ​មាន​ទីតាំងនៅ​ជិត​មាត់​ទន្លេ ដែល​មាន​ខ្យល់​អាកាស​ល្អ​បរិសុទ្ធ ទី​២ មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ល្អ​ប្រសើរ ទី​៣ ជា​តំបន់​ដែល​មិនមាន​ការ​កំណត់​កម្ពស់​ការ​សាង​សង់ (​តំបន់​មួយ​ចំនួន​នៅ​ជិត​នោះ​ដូចជា ក្បែរ​ព្រះបរម​រាជវាំង និង​វិមាន​ឯករាជ្យ ត្រូវ​បាន​កំណត់​កម្ពស់​ការ​សាងសង់​) ទី៤ កត្តា​សេដ្ឋកិច្ច ដោយ​សារ​ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់ និង​ទី៥ ទាក់ទង​នឹង​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​លើក​ទឹក​ចិត្ត​ឲ្យ​វិនិយោគិន​ចូល​មក​សាងសង់​អគារ​ធំៗ​ក្នុង​តំបន់​នោះ​ផងដែរ​។

លោក​បាន​បញ្ជាក់​ថា​ ៖ «​ទន្លេ​បាសាក់​គឺជា​ទីតាំង​ដែល​មាន​សក្តានុពល​ខ្ពស់ ហើយ​នឹង​មានការ​រីក​ចម្រើន​លឿន​ទៅ​មុខ​ជា​បន្ត​ទៀត​។ ទីនោះ​គឺជា​កន្លែង​ដែល​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​ទាំង​វិនិយោគិន​ក្នុង​ស្រុក និង​ជន​បរទេស​»​។

សម្រាប់​ឱកាស​ក្នុង​ការ​វិនិយោគ​លើ​វិស័យ​ដីធ្លី​នៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​លោក ឆៃ​លីន បាន​បញ្ជាក់ថា មាន​ភាព​តូច​ចង្អៀត​ណាស់​នា​ពេល​នេះ​។ ការ​តូចចង្អៀត​នេះ លោក​ចង់​មាន​ន័យ​ថា ទី១ គឺ​ចង្អៀត​ដោយ​សារ​ពិបាក​ក្នុងការ​ស្វែងរក​អចលនទ្រព្យ​ដែល​ដាក់លក់ និង​ទី​២ គឺ​វា​មាន​តម្លៃ​ខ្ពស់​ខ្លាំង​។

បើ​តាម​អគ្គនាយក​ក្រុមហ៊ុន ស៊ី​អិ​ល​រៀល​ធី ដី​ដែល​នៅ​ផ្លូវធំ អាច​មាន​តម្លៃ​ក្នុង​រង្វង់​ជាង​៦០០០​ដុល្លារ​ក្នុង​១​ម៉ែត្រ​ការ៉េ ខណៈដី​នៅតាម​ផ្លូវ​តូច អាច​មាន​តម្លៃ​ជាង​២០០០​ដុល្លារ​។

សង្កាត់​ទន្លេ​បាសាក់ គឺជា​ផ្នែក​មួយ​នៃ​ខណ្ឌ​ចំការមន ដែល​មាន​វិសាលភាព​គ្រប​ដណ្តប់​ផ្នែក​ខាងកើត​នៃ​មហាវិថី​ព្រះ​នរោត្តម ចាប់ពី​វិមាន​ឯករាជ្យ រហូត​ទៅ​ដល់​​ក្បាលថ្នល់​។

បច្ចុប្បន្ន​នេះ​មាន​គម្រោង​សាង​សង់​ជាច្រើន​កំពុង​លេច​ឡើង​នៅ​កោះ​ពេជ្រ។ ស្រេង ម៉េងស្រ៊ុន

​អគ្គនាយក​ក្រុមហ៊ុន​ Century 21 Mekong លោក​ ច្រឹក សុខនីម ​បាន​និយាយថា​ សង្កាត់​ទន្លេ​បាសាក់​នា​ពេល​នេះ​គេ​អាច​និយាយ​បាន​ថា​ជា​តំបន់​លេខ1 (Premier) ក្នុង​រាជធានី​ភ្នំពេញ​ព្រោះ​ជា​តំបន់​ដែល​ជន​បរទេស​និយម​ចូលចិត្ត​ស្នាក់​នៅ​ច្រើន ​និង​សកម្មភាព​សេដ្ឋកិច្ច​មមាញឹក​ផង​ដែរ​។ ​នៅ​ពេល​រាត្រី​នៅ​តំបន់​ជិត​កោះ​ពេជ្រ​ម្តុំ​ផ្សារ​កុង​តឺ​ន័​រ គឺមាន​សកម្មភាព​មមាញឹក​យ៉ាង​ខ្លាំង​ទាំង​ហាង​លក់​ទំនិញ​ និង​ភោជនីយដ្ឋាន​។

ទាក់ទង​នឹង​ស្ថានភាព​អចលន​ទ្រព្យ​លោក​ សុខនីម ​បាន​ប្រាប់​ថា បើ​និយាយ​ពី​​អចលនទ្រព្យ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ គឺ​គេ​អាច​និយាយ​ថា​ពិបាក​រក​ដី​ធំ​នៅ​ទំនេរ​ណាស់​ តែបើ​មាន​គឺជា​ដី​តូចៗ​។

សង្កាត់​ទន្លេ​បាសាក់​គឺជា​តំបន់​ដ៏​មាន​សក្តានុពល​ក្នុង​រាជធានី​ភ្នំពេញ​នា​ពេល​បច្ចុប្បន្ន​ដោយ​នៅ​ទីនោះ​មាន​គម្រោង​ធំៗ​ដូច​ជា ផ្សារ​ទំនើប​អ៊ីអន​, The Bridge, Casa Meridian, The Peak, DI Riviera និង ​Rose Condo ជាដើម​។

បុរស​ម្នាក់​ដែល​ប្រាប់​ថា​ឈ្មោះ​ វិចិត្រ​អាយុ​ ៣៩ ​ឆ្នាំ​ជា​អ្នក​រស់​នៅ​ម្តុំ​ផ្សារ​ទំនើប​​ Aeon បាន​និយាយថា​ កាលពី​អំឡុង​ ៥-៦ ​ឆ្នាំ​មុន​តំបន់​ទន្លេ​បាសាក់ មិន​សូវ​មាន​ភាព​អ៊ូអរ ភ្លើង​ភ្លី​ព្រោងព្រាត​នាពេល​រាត្រី​និង​ការ​កក​ស្ទះ​ចរាចរណ៍​ដូច​ពេល​នេះ​ទេហើយ​ទីតាំង​ដែល​គាត់​ជួល​គេ​សម្រាប់​លក់​ទំនិញ​នោះ​ក៏​មិន​ថ្លៃ​ដូច​ពេល​នេះ​ដែរ។​

ទិដ្ឋ​ភាព​នៅ​ផ្សារ​កុងតឺន័រ​មួយ​កន្លែង​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ។ រូបថត SAHIBA CHAWDHARY

លោក​​បាន​បន្តថា បច្ចុប្បន្ន​នេះ​បើ​មើល​ជាទូទៅ​តំបន់​ទន្លេ​បាសាក់ គឺ​ពិតជា​កន្លែង​ដែល​មាន​ភាព​ទាក់ទាញ​ខ្លាំង​ទាំង​សម្រាប់​ប្រជាជន​ខ្មែរ​ និង​ជន​បរទេស​។​ កាល​ពី​មុននៅពេល​មិនទាន់មាន​ផ្សារ​ទំនើប ​Aeon គេ​​អាច​និយាយថា​មាន​ការ​ពិបាក​ខ្លះ​ដែរ​នៅពេល​ត្រូវ​ការទិញ​អ្វីមួយ តែ​នៅពេល​នេះ​មិនមាន​បញ្ហា​ទៀត​ទេ​។

លោក​បាន​អះអាង​ថា​ ៖ «​ការ​រីក​ចម្រើន​ដ៏​ឆាប់រហ័ស​នៅ​តំបន់​ទន្លេ​បាសាក់​អាច​និយាយថា ​ដោយ​សារ​តែ​មាន​ការ​វិនិយោគ​សំណង់​ធំៗ​ជាច្រើន​ពិសេស​ផ្សារទំនើប​ជប៉ុន Aeon តែម្តង​»​។

បច្ចុប្បន្ន​នា​បរិវេណ​ដី​ដ៏​ធំ​មួយ​កន្លែង​ដែល​ស្ថិត​នៅ​ខាង​មុខ​Rose Condo ក៏មាន​​រៀបចំ​ជា​ផ្សារ​កុង​តឺន័រ​​ផងដែរ​។

លើស​ពី​នេះ​ទៀត​ កាល​ពី​ដើម​សប្តាហ៍​នេះ ​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ប្រកាស​ពី​ការ​ចាប់​ផ្ដើម​អនុវត្ត​សិក្សា​​គម្រោង​សាង​សង់​ផ្លូវ​ថ្មើរ​ជើង ស្រប​តាម​មាត់​ទន្លេ​(ទន្លេ​បាសាក់​) ដំណាក់​កាល​ទី​ ២ ដែល​ចាប់ពី​ចំណុច​ស្ពាន​ភ្លោះ​កោះ​ពេជ្រ រហូត​ដល់​​គល់​ស្ពាន​ព្រះមុនីវង្ស ផងដែរ​។

របាយ​ការណ៍​ស្រាវជ្រាវ​ថ្មី​មួយ​របស់​ក្រុមហ៊ុន​VTrust Appraisal Co., Ltd.​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះបាន​ឲ្យ​ដឹង​ថា​ លំនៅឋាន​ថ្មី​ដែលបាន​សាង​សង់​ឡើង​នៅក្នុង​សង្កាត់​ទន្លេ​បាសាក់​គិត​ចាប់ពី​ឆ្នាំ​២០០៣​ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​បាន​កើនឡើង​ចំនួន​១ ៣២២​យូនីត​ដោយ​ភាគច្រើន​ជា​បន្ទប់​ស្នាក់​នៅ​ក្នុង​អគារ​ស្នាក់​នៅ​រួម​។

លោក ​ហ៊ីម សីហា​ នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន​VTrust Appraisal Co., Ltd. បាន​និយាយ​ថា បើ​និយាយ​ជាទូទៅ​ស្ថានភាព​លំនៅឋាន​នៅក្នុង​សង្កាត់​ទន្លេ​បាសាក់ ក្នុង​ឆ្នាំ​ ២០១៧​ កន្លងមក​មិន​សូវ​មាន​អ្វី​ប្រែប្រួល​ច្រើន​នោះទេ​ពិសេស​លំនៅឋាន​ដូចជា​ផ្ទះល្វែង​ឬ​វីឡា​តែ​សម្រាប់​សំណង់​ធំៗ​ដូចជា​ខុន​ដូ​គឺ​មាន​ការ​កើន​ឡើង​ច្រើន។​ ការ​កើន​ឡើង​នៃ​សំណង់​ធំៗ​នៅ​ទីតាំង​នេះ​អាច​និយាយ​ថា​ ដោយ​សារ​ទីនេះ​ គឺ​កន្លែង​ដែល​នៅ​ជិត​តំបន់​មាត់​ទន្លេ​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ សាលារៀន​អន្តរជាតិ​ ស្ថាន​ទូត​ និង​ស្ថាប័ន​ធំៗ​ជាច្រើន​ទៀត​។

សម្រាប់​ស្ថានភាព​ទូទៅ​របស់​សង្កាត់​ទន្លេ​បាសាក់ លោក​ សីហា​ បាន​អះអាង​ថា ​៖ «​តម្រូវ​ការ​លំនៅឋាន​ក្នុង​សង្កាត់​ទន្លេបាសាក់​នឹង​កើន​ឡើង​ច្រើន​បន្ថែម​ទៀត​ពីព្រោះ​តែ​ទីនោះ​មាន​លក្ខណៈ​អំណោយ​ផល​​ច្រើន​ដល់​ការ​រស់​នៅ​ពិសេស​សម្រាប់​អ្នក​ជំនួញ​ធំៗ​ និង​ជន​បរទេស​ដែល​កំពុង​តែ​កើន​ឡើង​យ៉ាង​ច្រើន​នៅ​ប្រទេស​កម្ពុជា​»៕

The Bridge គឺជា​គម្រោង​ដ៏​ធំ ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់។ ស្រេង ម៉េងស្រ៊ុន