ក្រុង​បាកកៈ កម្ចី​ថ្មី​សម្រាប់​ទិញ​ផ្ទះ​​ក្នុង​ប្រទេស ​ថៃ ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​​​ ១០ ភាគរយ​នៅ​​​​ឆ្នាំ​នេះ​ ដោយ​សារ​វិធាន​​កម្ចី​ទិញផ្ទះ​តឹងរ៊ឹង​​​​របស់​ធនាគារ​កណ្តាល​ថៃ ​និង​តម្រូវការ​​​​ខុនដូ​តិច​ជាង​មុន​ពី​​អ្នក​ទិញ​ជនជាតិ​ចិន​​។ ​នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​ដែល​រាយការណ៍​នា​ពេល​ថ្មីៗ​នេះ។

លោក Nathapol Luepromchai ​អនុ​ប្រធាន​ប្រតិបត្តិ​​ និង​ប្រធាន​ផ្នែក​កម្ចី​នៃ​​​​ធនាគារ​ Bank of Ayudhya (BAY) បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​ថា ទាំង​កត្តា​​​សកល​លោក ​និង​កត្តា​ក្នុង​ស្រុក ​​កំពុង​​ធ្វើ​ឲ្យ​​តម្រូវការ​​​​​ក្នុង​​​វិស័យ​អចលន​ទ្រព្យ​​ និង​​កម្ចី​ថ្មី​សម្រាប់​ទិញ​ផ្ទះ​​ធ្លាក់​ចុះ។

លោក​បាន​ថ្លែង​ថា​ កម្ចី​ថ្មី​សម្រាប់​ទិញ​ផ្ទះ​​បាន​កើន​ឡើង ​២ ខ្ទង់​ក្នុង​ឆ្នាំ ២០១៨។

លោក Nathapol បាន​បន្ថែម​​ថា ​បទប្បញ្ញត្តិ​ថ្មី​ស្តីពី​អនុបាត​​កម្ចី​ធៀប​នឹង​តម្លៃ​​ (LT​V) របស់​ធនាគារ​ថៃ​សម្រាប់​កម្ចី​ទិញ​ផ្ទះ ​ដែល​នឹង​ចូល​ជា​ធរមាន​ក្នុង​​ខែ​មេសា​នឹង​បង្ក​ ផល​​ប៉ះ​ពាល់​ដល់​តម្រូវ​ការ។ ​

លោក​បាន​បន្ត​ថា ​តម្រូវ​ការ​យ៉ាង​លឿន​នូវ​​កម្ចី​ថ្មី​សម្រាប់​ទិញ​ផ្ទះ​​ក្នុង​អំឡុង​​រយៈ​ពេល ​២ ​ខែ​​ចុង​ក្រោយ​​​កាល​ឆ្នាំ​មុន​ ​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​សេចក្តី​​​​​រាយការណ៍​​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​ស្តីពី​ការ​​អនុវត្ត​​វិធានការ​​តឹងរ៊ឹង​​របស់​ធនាគារ​កណ្តាល​​ថៃ ​គឺ​ជា​បុព្វហេតុ​មួយ​​ទៀត​ដែល​​ធ្វើ​​​ឲ្យ​​មាន​ការ​ថយ​ចុះ​កម្ចី​ថ្មី​សម្រាប់​ទិញ​ផ្ទះ​​ក្នុង​ឆ្នាំ​នេះ​។

តម្រូវការ​ខុនដូ​​ពី​​​ជន​បរទេស​ ជា​ពិសេស​ពី​អ្នក​ទិញ​ជនជាតិ​ចិន​ ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​​ចុង​​ក្រោយ​នេះ​​​ស្រប​ទៅ​នឹង​​កាលៈទេសៈ​សេដ្ឋកិច្ច​​​សកល ​និង​សេដ្ឋកិច្ច​​ក្នុង​ប្រទេស ​ចិន។

លោក Nathapol បាន​ថ្លែង​ថា​ វិសោធនកម្ម​បទប្បញ្ញត្តិ​​របស់​​រដ្ឋាភិបាល​ចិន​​​ រារាំង​ប្រជាជន​មិន​ឲ្យ​​ផ្ទេរ​ប្រាក់​ច្រើន​​​​ជាង ​៥ ម៉ឺន​យន់ ( ប្រហែល ៧ ២០០ ​ដុល្លារ​) ​ពី​ប្រទេស ​ចិន​ដី​គោក​ ​ដែល​នេះ​ធ្វើ​​ឲ្យ​ប៉ះពាល់​​ដល់​ទីផ្សារ​អចលន​ទ្រព្យ​​របស់​​ប្រទេស ​ថៃ​​។

បើ​ទោះ​បី​ជា​កម្ចី​ថ្មី​​សម្រាប់​ទិញ​​ផ្ទះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្លាក់​ចុះ​នៅ​​ឆ្នាំ​នេះ​​ក្តី ក៏​កម្ចី​មិន​ទាន់​សង​​​បន្ត​កើន​ឡើង​​ដោយសារ​ផលបត្រ​​កម្ចី​ធំ​ជាង​មុន​។

ធនាគារ BAY ដែល​ជា​ធនាគារ​​ធំ​បំផុត​ទី​៥ ក្នុង​ប្រទេស​ ​ថៃ​ ​​កំណត់​ទិសដៅ​​​កំណើន​ ២ ខ្ទង់​ស្តើង​​​សម្រាប់​កម្ចី​ទិញ​ផ្ទះ​ដែល​មិន​ទាន់​សង​ក្នុង​ឆ្នាំ​នេះ​ ខណៈ​​កម្ចី​ថ្មី​សម្រាប់​ទិញ​ផ្ទះ​​​នឹង​នៅ​ស្ថិតស្ថេរ ​ឬ​ធ្លាក់​ចុះ។

ក្នុង​ឆ្នាំ ​២០១៨ កម្ចី​ទិញ​ផ្ទះ​មិន​​ទាន់​សង​របស់​ធនាគារ​នេះ​កើន​ឡើង​ ១៥,១​ ភាគរយ។

លោកស្រី Kattiya Indaravijaya ប្រធាន​ធនាគារ Kasikornbank (KBank) ​បាន​​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា កម្ចី​ទិញ​ផ្ទះ​សរុប​របស់​ធនាគារ KBank ​ត្រូវ​បាន​រំពឹង​ថា​នឹង​កើន​ឡើង​ពី​ ៦ ភាគរយ ទៅ ៧ ​ភាគរយ​​ក្នុង​ឆ្នាំ ​២០១៩​ ធ្លាក់​ចុះ​ពី​កំណើន​រឹង​ ១១,៨ ភាគរយ​​កាល​ពី​ឆ្នាំ​មុន។

លោក​ស្រី​បាន​ថ្លែង​បន្ត​ថា កំណើន​​ទាប​ជាង​មុន​នេះ​​កើត​មាន​ឡើង​ដោយសារ​​តម្រូវ​ការ​ខុនដូ​​ទាប​ជាង​មុន​ពី​អ្នក​ទិញ​ជនជាតិ​ចិន​។

លោក​ស្រី Kattiya បន្ថែមថា កំណើន​កម្ចី​ទិញ​ផ្ទះ​​ក្នុង​វិស័យ​ធនាគារ​​ត្រូវ​បាន​ព្យាករ​ថា​ មាន​អត្រា ​៥ ភាគរយ​នៅ​​ឆ្នាំ​នេះ​ ទាប​ជាង​​​ឆ្នាំ​មុន​ដែល​មាន​ ៧ ភាគរយ។

លោក​ស្រី​បាន​ថ្លែង​ថា ​តម្រូវការ​ទាប​ជាង​មុន​ពី​អ្នក​ទិញ​​ជនជាតិ​ចិន​​​ចូល​រួម​ចំណែក​ទៅ​នឹង​​តម្រូវ​ការ​កម្ចី​​ទាប​ជាង​មុន​ក្នុង​ចំណោម​​អ្នក​​ទិញ​​ខុនដូ​ក្នុង​ប្រទេស ​ថៃ ​​​ក្នុង​ចំនួន​ច្រើន​ដើម្បី​លក់​​ទៅ​ឲ្យ​ជនជាតិ​​ចិន​​ និង​អ្នក​ទិញ​ក្នុង​ស្រុក​​ដែល​ទិញ​ខុនដូ​​ដើម្បី​ជួល​ឲ្យ​ជនជាតិ​ចិន​។

លោក​ស្រី Kattiya បាន​បន្ត​ថា បទប្បញ្ញត្តិ​​ថ្មី​ស្តីពី​កម្ចី​​​ទិញ​ផ្ទះ​​​របស់​ធនាគារ​កណ្តាល​ថៃ​ ដែល​​​តម្រូវ​ឲ្យ​​បង់​ប្រាក់​ដំបូង​ខ្ពស់​ជាង​មុន​​សម្រាប់​កម្ចី​ទិញ​ផ្ទះ​​​ទី​២ និង​ផ្ទះ​​បន្ត​បន្ទាប់​ ​​ក៏​នឹង​ប៉ះពាល់​ដល់​តម្រូវការ​​ផង​ដែរ។

លោក Predee Daochai ប្រធាន​សមាគម​ធនាគារ​ថៃ បាន​ថ្លែង​ថា តម្រូវ​ការ​ខុនដូ​ទាប​​ជាង​មុន​ពី​អតិថិជន​ជនជាតិ​​ចិន នឹង​មិន​ធ្វើ​ឲ្យ​គុណភាព​ទ្រព្យ​សកម្ម​របស់​ធនាគារ​ធ្លាក់​ចុះ​ទេ ដោយ​សារ​ការ​គ្រប់គ្រង​ហានិភ័យ​ខ្លាំង​របស់​ធនាគារ​ទាំង​នោះ។

លោកថ្លែង​ថា ជន​បរទេស​ជា​ធម្មតា​ប្រើប្រាស់​សាច់​ប្រាក់​សម្រាប់​ទិញ​ខុនដូ​ក្នុង​ទីផ្សារ​ប្រទេស ​ថៃ។

លោក​បាន​​ថ្លែង​ថា សម្រាប់​គម្រោង​​អចលន​ទ្រព្យ​នានា ធនាគារ​ជា​ធម្មតា​ពង្រីក​ជម្រើស​​ឥណទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​ដែល​មាន​ហិរញ្ញវត្ថុ​រឹងមាំ ដែល​ភាគ​ច្រើន​នៃ​​ក្រុមហ៊ុន​ទាំង​នោះ​ គឺ​ជា​ក្រុមហ៊ុន​ចុះ​បញ្ជី​ក្នុង​ផ្សារហ៊ុន​ថៃ។

លោក​កត់​សម្គាល់​ថា បទប្បញ្ញត្តិ​ LTV ថ្មី​របស់​ធនាគារ​កណ្តាល​របស់​ប្រទេស​ ​ថៃ ក៏​ពង្រឹង​ការ​គ្រប់គ្រង​​ហានិភ័យ និង​ជួយ​គ្រប់គ្រង​​គុណភាព​ទ្រព្យ​សកម្ម​ផង​ដែរ។

ថ្មី​ៗ​នេះ ធនាគារ​កណ្តាល​ថៃ​បាន​សម្តែង​ក្តី​បារម្ភ​ពី​ហានិភ័យ​​នៃ​តម្រូវការ​ខុនដូ​ទាប​ពី​ជន​បរទេស ជា​ពិសេស​ជនជាតិ​​ចិន ដោយ​លើក​ឡើង​ពី​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​សកល៕ PS