
ដែកជាច្រើនតោនត្រូវបានដឹកមកទុកនៅមុខការដ្ឋានសាងសង់ ១ កន្លែង។ ហេង ជីវ័ន
ភ្នំពេញៈ ទោះបីជាស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩ សកលនៅមិនទាន់ថមថយ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាហាក់មិនទទួលរងនូវផលប៉ះពាល់ខ្លាំងក្លាដូចវិស័យកាត់ដេរ វាយនភណ្ឌ និងទេសចរណ៍ឡើយ។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាដែលភ្នំពេញប៉ុស្តិ៍ទទួលបានឲ្យដឹងថា ក្នុងឆមាសទី ១ ឆ្នាំ ២០២០ កម្ពុជាបាននាំចូលសម្ភារសំណង់ (Construction Equipments) ដែក និងស៊ីម៉ងត៍នៅក្នុងតម្លៃសរុប ៥៦៥,៩១ លានដុល្លារ ខណៈការនាំចូលផលិតផលទាំងអស់នេះក្នុងរយៈពេលពេញ ១ ឆ្នាំ ២០១៩ មានតម្លៃរហូតដល់ ១ ៥០៦,៥៥ លានដុល្លារ។
ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែមិថុនា កម្ពុជានាំចូលសម្ភារសំណង់ក្នុងទឹកប្រាក់ ៣៨១,៨៤ លានដុល្លារ ស្មើនឹង ៦៧២ ៧៨៥ តោន ដែកតម្លៃ ១៤០,៨ លានដុល្លារ ក្នុងបរិមាណ ២១៧ ១៥១ តោន និងស៊ីម៉ងត៍តម្លៃ ៤៣,២៧ លានដុល្លារ ស្មើនឹង ៦៨១ ៨១៧ តោន។
យោងតាមទិន្នន័យពីប្រភពខាងលើក្នុងឆ្នាំ ២០១៩ ទាំងមូលការនាំចូលសម្ភារសំណង់មានតម្លៃ ៩០០,៥១ លានដុល្លារ ស្មើនឹង ១,៧ លានតោន ដែកមានតម្លៃ ៤៧៧,១៩ លានដុល្លារ ក្នុងបរិមាណ ៧២២ ៦២១ តោន និងស៊ីម៉ងត៍ មានតម្លៃ ១២៨,៨៥ លានដុល្លារ ស្មើនឹង ១,៩៧ លានតោន។
ប្រធានគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាលោក ជីវ ស៊ីវផេង បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថា ទោះបីក្នុងឆមាសទី ១ ឆ្នាំ ២០២០ ជំងឺកូវីដ ១៩ បានធ្វើឲ្យមានក្តីបារម្ភពីការឆ្លងរាលដាលនៅគ្រប់ប្រទេសលើពិភពលោក ក៏វិស័យសំណង់នៅកម្ពុជាមិនបានជាប់គាំងនោះទេ ជាក់ស្តែងសកម្មភាពសាងសង់គឺនៅតែមានគ្រាន់តែមិនសូវមានសម្ទុះខ្លាំងដូចមុន ជាពិសេសសំណង់ដែលមានម្ចាស់ជាវិនិយោគិនបរទេស។
លោកបន្តថា ចំពោះទឹកប្រាក់នៃការនាំចូលសម្ភារសំណង់ ដែក និងស៊ីម៉ងត៍ ដែលហាក់មានចំនួនមិនច្រើន បើធៀបនឹងឆ្នាំ ២០១៩ ទាំងមូលនោះ វាអាចបណ្តាលពីកត្តាចម្បងៗដូចជា អ្នកវិនិយោគពិបាកធ្វើដំណើរឆ្លងប្រទេស និងសមត្ថភាពផលិតក្នុងស្រុកកើនឡើង។
លោកបានថ្លែងថា៖ «កូវីដ ១៩ ធ្វើឲ្យអ្នកវិនិយោគ និងអ្នកបច្ចេកទេសសាងសង់គម្រោងធំៗមួយចំនួនមិនទាន់វិលចូលមកប្រទេសកម្ពុជា វិញ ហេតុនេះសកម្មភាពសាងសង់ពិតជាធ្លាក់ចុះខ្លះនៅក្នុងឆមាសទី១។ ម្យ៉ាងទៀត បច្ចុប្បន្នចំនួនរោងចក្រសហគ្រាសដែលផលិតសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកក៏កើនឡើងផងដែរ»។
លោកបន្ថែមថា នៅពេលស្ថានភាពជំងឺកូវីដមានភាពធូរស្បើយ វិស័យសំណង់ប្រាកដជាមានសម្ទុះកើនឡើងវិញ ព្រោះផ្អែកលើចំនួនគម្រោង និងទុនវិនិយោគវិស័យសំណង់ ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុម័តក្នុងឆមាសទី ១ គឺនៅតែមានភាពវិជ្ជមានបើធៀបនឹងឆមាសទី១ ឆ្នាំ ២០១៩។ លោកអះអាងថា៖ «ខ្ញុំមានជំនឿថា វិស័យសំណង់កម្ពុជា ប្រាកដជានឹងមានសម្ទុះកើនឡើងវិញជាមិនខាននៅចុងឆ្នាំនេះ»។
របាយការណ៍ឆមាសទី ១ ឆ្នាំ ២០២០ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ទុនវិនិយោគវិស័យសំណង់នៅកម្ពុជាក្នុងរយៈពេលនេះមានតម្លៃជាង ៣,៨៤ ពាន់លានដុល្លារកើនឡើង ១៣,២៦ ភាគរយធៀបនឹងឆមាសទី ១ ឆ្នាំ ២០១៩។
លោក ហ៊ុយ វណ្ណា អគ្គលេខាធិការនៃសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បាននិយាយថា កូវីដ ១៩ គឺជាមូលហេតុចម្បងដែលធ្វើឲ្យវិស័យសំណង់នៅកម្ពុជាមួយចំនួនត្រូវបន្ថយល្បឿន ជាពិសេសសំណង់លក្ខណៈជាអគារខុនដូ និងសំណង់ធំៗមួយចំនួន។
លោកអះអាងថា៖ «ការសាងសង់នៅតែមាន គ្រាន់តែថា បើកាលពីមុនមានជំងឺកូវីដ ១៩ គេរត់ ១០០ ជំហាន បច្ចុប្បន្នគេបន្ថយមកនៅត្រឹម ៥០ ជំហានសិន ដើម្បីរង់ចាំមើលស្ថានភាពទីផ្សារ»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ថា តាមការសង្កេតរបស់លោក ការនាំចូលសម្ភារសំណង់ ដែក និងស៊ីម៉ងត៍ ពិតជាមានការធ្លាក់ចុះខ្លះនៅឆមាសទី ១ ព្រោះមានការរឹតត្បិតការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញធ្វើឲ្យសកម្មភាពសាងសង់ខ្លះត្រូវបានពន្យារពេល។
លោកបញ្ជាក់ថា៖ «ទោះយ៉ាងណាពេលនេះខ្ញុំដឹងថា សកម្មភាពសេដ្ឋកិច្ចលើគ្រប់វិស័យបានចាប់ផ្តើមដំណើរការល្អឡើងវិញជាបណ្តើរៗហើយ ហើយវានឹងមានសម្ទុះខ្លាំងឡើងវិញក្នុងពេលឆាប់ៗនេះ៕ LA