ភ្នំពេញៈ សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​ (CVEA) និង​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សហការគ្នា​បង្កើត​វគ្គ​បណ្តុះបណ្តាល​ជំនាញ​កម្រិត​បរិញ្ញាបត្រ​រង​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ឆ្នាំ​នេះ​ដើម្បី​ពង្រឹង​វិជ្ជាជីវៈ​នេះ​ឱ្យ​បាន​ច្បាស់លាស់​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃ​ពុធ​ថា បើទោះបី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ការរីកចម្រើន ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ជាង​ ២០ ​ឆ្នាំ​នេះ​ក៏ដោយ ក៏​គេ​សង្កេតឃើញថា ចំនួន​អ្នកមាន​ជំនាញ​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យនេះ​នៅមាន​ចំនួន​តិចតួច​នៅឡើយ​បើ​ធៀប​ទៅ​ប្រទេស​ជិតខាង​។

ជាក់ស្តែង​ប្រទេស​សិង្ហបុរី​ ដែល​បច្ចុប្បន្ន​មាន​ប្រជាជន ៥,៧ ​លាន​នាក់​ គឺ​មាន​អ្នក​ជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​ដែល​បាន​ឆ្លងកាត់​ការបណ្តុះបណ្តាល​ចន្លោះ​ពី ៤ ​ទៅ​ ៥ ​ម៉ឺន​នាក់ ខណៈ​កម្ពុជា​នៅពេល​នេះ​គឺ​នៅមានកម្រិត​តិចតួច​បំផុត​។ លោក​បាន​បន្ថែមថា ការបណ្តុះបណ្តាល​អ្នកជំនាញ គឺជា​រឿង​ចាំបាច់​ដើម្បី​ធ្វើឱ្យ​វិស័យ​មួយ​នេះ​មាន​ភាពរឹងមាំ មាន​ទំនុក​ចិត្ត​ពី​អ្នកប្រើប្រាស់ និង​មាន ការទទួល​ស្គាល់​តាមផ្លូវ​ច្បាប់​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​ប្រធាន​សមាគម CVEA ខ្ញុំ​មាន​មហិច្ឆតា​ជំរុញ​ឱ្យ​ការសិក្សា​កម្រិត​បរិញ្ញាបត្រ​រង​លើ​ជំនាញ​ «​អចលនទ្រព្យ និង​ហិរញ្ញវត្ថុ​» (Real Estate and Finance) កើតចេញ​ជា​រូបរាង​នៅ​ដើមឆ្នាំ​ ២០២១ នេះ​តែម្តង​។ ខ្ញុំ​មិន​ចង់ឱ្យ​ពេលវេលា​អូសបន្លាយ​តទៅ​មុខ​ទៀត​ទេ​»​។

លោក​បន្ថែមថា នៅពេល​អ្នក​បម្រើការ​ក្នុង​វិស័យ​អចលនទ្រព្យ​មិន​ទទួលបាន​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​កាន់តែ​ច្រើន បញ្ហា​ជម្លោះ និង​ទំនុកចិត្ត​របស់​អ្នកប្រើប្រាស់​សេវា​ក៏អាច​ធ្លាក់ចុះ​ទៅតាម​នោះដែរ​។

លោក​អះអាង​ថា​៖ «​ជា​ការពិត​បច្ចុប្បន្ន​យើង​បានធ្វើ​ឱ្យមាន​ភាពល្អ​ប្រសើរ​មួយចំនួន​ហើយ ប៉ុន្តែ​ក្នុងនាម​អ្នក​នៅក្នុង​វិស័យនេះ យើង​ពិតជា​ចង់​លើកកម្ពស់​មុខមាត់​ប្រទេស​កម្ពុជា​បន្ថែមទៀត តាមរយៈ​ការផ្តល់​សេវាកម្ម​អចលនទ្រព្យ​មួយ​ប្រកប​ដោយ​កម្រិតស្តង់ដា​អន្តរជាតិ​។ នេះ​ជាការ​បោះជំហាន​ថ្មី​មួយទៀត​របស់​កម្ពុជា​ក្នុង​ការឈាន​ឆ្ពោះទៅ​បង្កើត​ឱ្យ​មាន​ជំនាញ និង​មាន​ក្រមសីលធម៌​ច្បាស់លាស់​សម្រាប់​អ្នកធ្វើការ​ក្នុង​វិស័យ​អចលនទ្រព្យ​»​។

នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ ស៊ីវ៉ុន រៀលធី លោក ស៊ី រតនា បាន​និយាយថា ការបង្កើត​ឱ្យ​មាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការជួយ​លើកកម្ពស់​កម្រិត​សមត្ថភាព​ចំណេះដឹង​របស់​អ្នក​នៅក្នុង​វិស័យនេះ​។

លោក​បាន​បន្តថា នៅពេល​ដែល​អ្នក​ក្នុង​វិស័យនេះ​បានទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​កាន់តែ​ច្រើន ការប្រកួតប្រជែង​នឹង​កាន់​តែមាន​តម្លាភាព ហើយ​ទំនុកចិត្ត​ពី​អ្នកទទួល​សេវាកម្ម​ក៏​កើនឡើង​ទៅតាម​នោះដែរ​។

លោក​អះអាងថា​៖ «​បច្ចុប្បន្ន​ដោយសារ​តែ​អ្នក​កំពុង​ប្រកប​អាជីវកម្ម​ក្នុង​វិស័យ​អចលនទ្រព្យ​ភាគច្រើន​ធ្វើឡើង​តាមតែ​ការចេះ​តៗ​ពីគ្នា​នោះ បានធ្វើ​ឱ្យ​ទីផ្សារ​មួយ​នេះ​មិនទាន់​មាន​ភាពល្អប្រសើរ​ទេ​»​។

លោក​បាន​ឲ្យ​ដឹង​បន្ថែមថា​៖ «​យើង​ពិតជា​ចង់ឱ្យ​វិស័យនេះ​មានដំណើរ​ការទៅមុខ​ដោយ​រលូន និង​ត្រូវគេ​ឱ្យ​តម្លៃ​ខ្ពស់​ដូច​វិជ្ជាជីវៈ​មេធាវី ដែល​តែង​ត្រូវបាន​គេ​មាន​ជំនឿ​នៅពេល​ធ្វើ​កិច្ចការ​អ្វីមួយ​»​។

បើ​យោងតាម​លោក សុខនីម ក្រោម​កិច្ចសហការ​រវាង CVEA ជាមួយនឹង​សាកលវិទ្យាល័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បច្ចុប្បន្ន​ក៏មាន​បើក​វគ្គ​បណ្តុះបណ្តាល​រយៈពេល​ខ្លីៗ​ក្នុង​វិស័យ​អចលនទ្រព្យ​ផងដែរ មានដូចជា វគ្គ​អ្នកជំនាញ​អចលនទ្រព្យ វគ្គ​វាយតម្លៃ​អចលនទ្រព្យ និង​វគ្គ​គ្រប់គ្រង​អចលនទ្រព្យ​។ គ្រប់​ការរៀបចំ​បណ្តុះបណ្តាល គឺ​ត្រូវបាន​ធ្វើឡើង​ដោយ​គោរព​តាមច្បាប់​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។

ទាក់ទង​ទៅនឹង​គ្រូ​បង្គោល​លោក សុខនីម បាន​ប្រាប់ថា គ្រូ​បណ្តុះបណ្តាល​សុទ្ធតែ​ត្រូវបាន​ជ្រើសរើស​យក​អ្នក​ដែលមាន​ចំណេះដឹង និង​បទពិសោធ​ច្រើន ដោយ​មាន​ទាំង​អ្នក​នៅក្នុង​ស្រុក និង​មួយចំនួន​មកពី​បរទេស​។

យោងតាម​លោក សុខនីម នៅ​ជំហាន​បន្ទាប់ សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ក៏​គ្រោង​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​កម្រិត​បរិញ្ញាបត្រ​ផងដែរ​៕ LA