ភ្នំពេញៈ កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ពិព័រណ៍​វិស័យ​សំណង់​កម្ពុជា-អន្តរជាតិ ឆ្នាំ​ ២០១៩ នៅ​ខែធ្នូ​ខាងមុខ ខណៈ​អ្នក​នៅក្នុង​វិស័យនេះ​អះអាង​ថា​នឹង​ផ្តល់​នូវ​ផល​វិជ្ជមាន​ជាច្រើន​សម្រាប់​វិស័យ​សំណង់​នៅ​កម្ពុជា​។

ពិព័រណ៍​ឧស្សាហកម្ម​សំណង់​នៅ​កម្ពុជា អន្តរជាតិ​លើក​ទី​ ៦ ​នេះ​នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​កោះពេជ្រ​ចាប់ពី​ថ្ងៃ​ទី​ ៥-៧ ខែ​ធ្នូ ឆ្នាំ​ ២០១៩ ខាងមុខ​។ ព្រឹត្តិការណ៍​នេះ​នឹង​មាន​ក្រុមហ៊ុន​ចូលរួម​ដូចជា ក្រុមហ៊ុន​ផលិត​សម្ភារ​សំណង់ ​ក្រុមហ៊ុន​សាងសង់ ក្រុមហ៊ុន​អភិវឌ្ឍន៍​លំនៅឋាន ក្រុមហ៊ុន​រចនា​ប្លង់ និង​វិស័យ​ធនាគារ​។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​និយាយ​ថា ការរីកចម្រើន​ដ៏ឆាប់រហ័ស​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​បាន​ធ្វើឲ្យ​ចំនួន​ក្រុមហ៊ុន​ដែល​នឹងចូលរួម​ក្នុង​ព្រឹត្តិការណ៍​នាពេល​ខាង​មុខ​កើនឡើង​ប្រមាណ​ជាង​ ១០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ លោក​បន្តថា នៅ​ឆ្នាំនេះ​នឹង​មាន​ក្រុមហ៊ុន​អន្តរជាតិ​ល្បីៗ​ជាច្រើន​ចូលរួម ព្រម​ជាមួយ​នឹង​ការតាំង​បង្ហាញ​ផលិតផល​ទំនើបៗ និង​មាន​បច្ចេកវិទ្យា​លំដាប់​ខ្ពស់​ផងដែរ​។

លោក​ថ្លែងថា​៖ «​ព្រឹត្តិការណ៍​នេះ​នឹង​ផ្តល់​ឲ្យ​អ្នកចូលរួម​នូវ​គំនិត និង​ទស្សនៈ​វិទ្យាសាស្ត្រ​ថ្មីៗ​ទាក់ទង​នឹង​ការប្រើប្រាស់​សម្ភារ​សំណង់ និង​បច្ចេកទេស​ក្នុងការ​សាងសង់​»​។

លោក​បន្តថា ព្រឹត្តិការណ៍​នេះ​ក៏​នឹង​ក្លាយ​ជា​ឱកាស​សម្រាប់​ក្រុមហ៊ុន​ទាំង​ក្នុងស្រុក និង​បរទេស​ក្នុងការ​ស្វែងរក​​ដៃគូ​វិនិយោគ​ជាមួយគ្នា​ផងដែរ​។

ទិន្នន័យ​ពី​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ឆ្នាំនេះ​បាន​កើនឡើង​ពី​ចំនួន ១៨៦ ក្រុមហ៊ុន​កាលពី​ឆ្នាំ​ ២០១៨ ដល់​ចំនួន ២០៧ ​ក្រុមហ៊ុន​ដែល​មកពី​ប្រទេស​ជាច្រើន​ដូចជា ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ឥណ្ឌា និង​វៀតណាម ជាដើម​។ នេះ​បើតាម​លោក ស៊ីវផេង​។

ទិន្នន័យ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹង​ក្នុង​រយៈពេល​ ១០ ​ខែ​ឆ្នាំ​ ២០១៩ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ ៧,៥៨៤ ​ពាន់​លាន​ដុល្លារ​កើនឡើង​ចំនួន ៥១,៩៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០១៨ ដែលមាន​តម្លៃ ៤,៩៩ ​ពាន់​លាន​ដុល្លារ​៕LA