ភ្នំពេញៈ កម្ពុជា​កំពុង​ជំរុញ​ការ​បង្កើត​​ឱកាស​វិនិយោគ​ពី​សំណាក់​វិនិយោគិន​​ជប៉ុន​ទៅ​លើ​ការ​អភិវឌ្ឍ​​នគរូបនីយកម្ម​ តាម​រយៈ​​វេទិកា​សាធារណៈ​ឯកជន​ស្តីពី ​«ការ​អភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា-ជប៉ុន»​ កាល​ពី​ថ្ងៃ​ម្សិលមិញ ខណៈ​រាជ​​រដ្ឋាភិបាល​ជប៉ុន បាន​ជ្រើសរើស​យក​កម្ពុជា​ ជា​ប្រទេស​ទី​១ នៅ​ក្នុង​តំបន់​អាស៊ាន​សម្រាប់​វេទិកា​នេះ​។​

វេទិកា​សាធារណៈ​ ឯកជន​លើក​ទី១ ស្តីពី ​«ការ​អភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា-ជប៉ុន» ​(The 1st Meeting of Public​-Private Platform for Urban Development between Cambodia and Japan)​ ដែល​រៀបចំ​ឡើង​​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា កាល​​ពី​ថ្ងៃ​ម្សិលមិញ មាន​ការ​ចូលរួម​ពី​​ក្រុមហ៊ុន​ជប៉ុន​ ចំនួន ៥៨​ និង​ក្រុមហ៊ុន​កម្ពុជា​​ចំនួន ​១២៣។

លោក ជា សុផារ៉ា ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដែល​បាន​អញ្ជើញ​ចូលរួម​នៅ​ក្នុង​វេទិកា​នេះ​​បាន​លើក​ទឹក​ចិត្ត​ដល់​ធុរជន​ និង​ក្រុមហ៊ុន​ជប៉ុន​ក្នុង​ការ​ចូល​មក​វិនិយោគ​ដោយ​ផ្ទាល់ ឬ​​ចាប់​ដៃគូ​ជា​មួយ​អ្នក​​ក្នុង​ស្រុក ក្នុង​ការ​បណ្តាក់​ទុន​នៅ​កម្ពុជា​ ដោយ​អាជ្ញាធរ​កម្ពុជា​នឹង​រង់ចាំ​ផ្តល់​កិច្ច​សហ​ប្រតិបត្តិការ​ និង​សម្រប​សម្រួល​គ្រប់​កាលៈទេសៈ​។

លោក​បាន​បន្ត​ថា ​ការ​រីក​ចម្រើន​របស់​ប្រទេស ​កម្ពុជា ​នា​ពេល​​នេះ គឺ​មាន​ការ​ចូលរួម​ចំណែក​ដ៏​ធំធេង​របស់​រដ្ឋាភិបាល​ ប្រជាជន និង​វិនិយោគិន​ជប៉ុន។

លោក​ថ្លែង​ថា៖ ​«​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​​ចំពោះ​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​​សម្រេច​ជ្រើសរើស​យក​កម្ពុជា​ជា​ប្រទេស​ទី ១ នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​សម្រាប់​រៀបចំ​វេទិកា​សាធារណៈ​ឯកជន​ដំបូង​គេ ស្តីពី​ការ​អភិវឌ្ឍ​នគរូបនីយកម្ម ដែល​បង្ហាញ​ពី​ការ​ជឿជាក់​របស់​អ្នក​វិនិយោគ​ជប៉ុន​​លើ​សក្តានុពល​សេដ្ឋកិច្ច​កម្ពុជា​។ វេទិកា​នេះ​នឹង​កាន់​តែ​ពង្រឹង​បាន​ថែម​ទៀត​នូវ​សាមគ្គីភាព និង​មិត្តភាព​នៃ​ប្រជាជាតិ​យើង​ទាំង ​២»។

លោក ជា សុផារ៉ា ​ឡើង​ថ្លែង​សុន្ទរកថា​ស្តីពី«ការ​អភិវឌ្ឍ​នគរូបនីយកម្ម​កម្ពុជា-ជប៉ុន» កាល​ពី​ម្សិលមិញ។ហេង ជីវ័ន

លោក YUKI Fumihiko អនុ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ដីធ្លី ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដឹកជញ្ជូន និង​ទេសចរណ៍​ប្រទេស ​ជប៉ុន បាន​ប្រាប់​ថា ស្ថានភាព​របស់​នគរូបនីយកម្ម​នៅ​​កម្ពុជា​​ពេល​នេះ​ គឺ​ប្រហាក់​ប្រហែល​​ទៅ​​នឹង​ប្រទេស ​ជប៉ុន ​​ពេល​ចាប់​ផ្តើម​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​។ នៅ​ពេល​នោះ​​ជប៉ុន​​ជួប​ប្រទះ​នឹង​បញ្ហា​​​ជា​ច្រើន​ដូច​ជា បញ្ហា​លំនៅឋាន ការ​កកស្ទះ​ចរាចរណ៍ និង​បញ្ហា​បរិស្ថាន​ជា​ដើម​។​

លោក​បញ្ជាក់​ថា៖​ «​គោល​បំណង​របស់​ភាគី​ជប៉ុន គឺ​ធ្វើ​កិច្ច​សហការ​ជា​​មួយ​ប្រទេស ​កម្ពុជា ដើម្បី​ធ្វើ​យ៉ាង​ណា​កុំ​​ឲ្យ​ប្រទេស ​កម្ពុជា ​ជួប​នឹង​រឿង​មិន​ល្អ​ដូច​​ប្រទេស ​ជប៉ុន ​នៅ​ពេល​ចាប់​ផ្តើម​រីក​​ចម្រើន​»។

លោក​​បាន​ប្រាប់​ទៀត​​​ថា គោល​ដៅ​ធំ​របស់​យើង​​ ​គឺ​ការ​បង្កើត​ទីក្រុង​ឆ្លាតវៃ (Smart City) ​ដើម្បី​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​ប្រជាជន​ខ្មែរ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ ​សន្សំ​សំចៃ និង​​ផ្សារ​ភ្ជាប់​ជា​មួយ​ធម្មជាតិ​តាម​រយៈ​ការ​ប្រើប្រាស់​​​បច្ចេកវិទ្យា​ទំនើបៗ (ICT និង AI) ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នគរូបនីយកម្ម​ដែល​កំពុង​តែ​ចោទ​ឡើង​នា​ពេល​បច្ចុប្បន្ន​​។

លោក​បញ្ជាក់​ថា៖​​ «ទីក្រុង​ឆ្លាត​វៃ នឹង​​នាំ​​មនុស្ស​ឲ្យ​ឆ្ពោះ​ទៅ​រក​កន្លែង​រស់​នៅ​ដែល​មាន​ភាព​ងាយ​ស្រួល សម្បូរ​បែប និង​មាន​ផាសុកភាព»។

លោក លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា ដែល​តំណាង​ឲ្យ​វិស័យ​ឯកជន​ទាំង​អស់​នៅ​កម្ពុជា បាន​និយាយ​ថា បច្ចុប្បន្ន​វិស័យ​សំណង់ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ គឺ​ជា​វិស័យ​មួយ​ដែល​លេចធ្លោ និង​មាន​ភាព​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​​​ក្នុង​ចំណោម​វិស័យ​អាទិភាព​​​ទាំង​ ៤ ដែល​​ទ្រទ្រង់​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ​រួម​មាន​ វិស័យ​កសិកម្ម វាយនភណ្ឌ ទេសចរណ៍ និង​ហិរញ្ញវត្ថុ។

លោក​បន្ត​ថា វិនិយោគិន​ជប៉ុន បាន​​​រួម​ចំណែក​​យ៉ាង​ច្រើន​ក្នុង​ការ​ជួយ​ជំរុញ​ឲ្យ​វិស័យ​សំណង់​នៅ​កម្ពុជា​រីក​ចម្រើន។ អ្នក​វិនិយោគ​​ជប៉ុន នៅ​លេខ​រៀង​​ទី​៣ សម្រាប់​ការ​វិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា ចាប់​ពី​ឆ្នាំ ​២០០០​ ដល់​ឆ្នាំ ​២០១៨។​

លោក​ថ្លែង​ថា៖​​ «​ប្រទេស ​កម្ពុជា ​នៅ​​មាន​ឱកាស​ច្រើន​សម្រាប់​ការ​វិនិយោគ ពិសេស​វិស័យ​សំណង់ និង​ហេដ្ឋា​រចនា​​សម្ព័ន្ធ ហើយ​ក៏​​អាច​ជួយ​​ឲ្យ​វិនិយោគិន​​​បាន​ប្រាក់​ចំណេញ​ខ្ពស់​ផង​ដែរ»។​

លោក អ៊ូក ឆេងលី ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ Century 21 Fuji Realty ដែល​មាន​អតិថិជន​ភាគ​ច្រើន​ជា​ជនជាតិ​ជប៉ុន បាន​ប្រាប់​ថា ចំនួន​អ្នក​​វិនិយោគ​ជប៉ុន​ដែល​ចូល​មក​កម្ពុជា បាន​កើន​ឡើង​ជា​បន្ត​​បន្ទាប់។ ជប៉ុន គឺ​ជា​អ្នក​វិនិយោគ​ដែល​មាន ភាព​ប្រាកដ​ប្រជា ដូច្នេះ​ការ​ទទួល​បាន​ទំនុក​ចិត្ត ​គឺ​ជា​រឿង​សំខាន់​បំផុត។​

លោក​អះអាង​ថា៖​ ​«​វេទិកា​នេះ​ គឺ​ពិត​​ជា​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​នឹង​អាច​ជួយ​ធ្វើ​ឲ្យ​ចំនួន​អ្នក​វិនិយោគ​ជប៉ុន​ចូល​មក​កម្ពុជា​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត»។​

ទោះ​បី​ជា​យ៉ាង​ណា លោក ឆេងលី បញ្ជាក់​​ថា មុន​ពេល​ចូល​ទៅ​វិនិយោគ​នៅ​ប្រទេស​ណា​មួយ ជប៉ុន​អាច​មាន​ដំណើរ​យឺត​ជាង​គេ តែបើ​ពួក​គាត់​ទៅ​ប្រទេស​ណា​មួយ​ទាល់​តែ​​ប្រទេស​នោះ​មាន​ភាព​ច្បាស់​លាស់​ណាស់។

បើ​តាម​ លោក ជា​ សុផារ៉ា កាល​ពី​ឆ្នាំ ​២០១៨ ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៦,២ ​លាន​នាក់ ក្នុង​នោះ​ជនជាតិ​ជប៉ុន​ឈរ​នៅ​លំដាប់​លេខ ៧ ដោយ​មាន​ជាង ២១ ម៉ឺន​នាក់ កើន​ឡើង ៣,៥ ភាគរយ​ ធៀប​នឹង​ឆ្នាំ ២០១៧​។

ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​ កំពុង​បោះ​ទុន​វិនិយោគ​ស្ទើរ​គ្រប់​វិស័យ​​នៅ​កម្ពុជា មាន​ដូច​ជា ​វិស័យ​អេឡិចត្រូនិក វាយនភណ្ឌ ផ្សារទំនើប សំណង់ កសិកម្ម សណ្ឋាគារ ​និង​ទេសចរណ៍។ ជាង​នេះ​ទៀត បច្ចុប្បន្ន​មាន​​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ ៨៦ កំពុង​ប្រតិបត្តិការ​នៅ​តាម​បណ្តា​តំបន់​សេដ្ឋកិច្ច​ពិសេស​នានា ​ដោយ​បង្កើត​ការងារ​បាន​ជាង​ ២ ម៉ឺន​នាក់ និង​មាន​ទុន​វិនិយោគ​ជាង ៤២៥ លាន​ដុល្លារ៕​ LA