ភ្នំពេញៈ ការកើនឡើងក្នុងវិស័យសំណង់បានធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសនាំចូលដែកពីប្រទេសវៀតណាមធំជាងគេ ដោយមានចំណែកទីផ្សាររហូតដល់ជិត ៤០ ភាគរយនៃការនាំចេញដែកសរុបរបស់វៀតណាមក្នុងរយៈពេល ៧ ខែដំបូងឆ្នាំនេះ។ នេះបើយោងតាមទិន្នន័យរបស់គយវៀតណាម។
ទិន្នន័យគយវៀតណាមបានឲ្យដឹងថាសម្រាប់រយៈពេល ៧ ខែដំបូងឆ្នាំ ២០១៨ វៀតណាមបាននាំចេញដែកសរុប ៣,៤១ លានតោនកើនឡើង ៤០,៤ ភាគរយដែលមានតម្លៃ ២,៥៣ ពាន់លានដុល្លារកើនឡើង ៥៦,៣ ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំទៅ។
របាយការណ៍បង្ហាញថាការនាំចេញមកកម្ពុជាមានចំនួន ៣៧ ភាគរយនៃការនាំចេញសរុបទៅទីផ្សារអន្តរជាតិដែលមានដូចជា អាមេរិក ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ចិន អាល្លឺម៉ង់ កូរ៉េខាងត្បូង និងហ្វីលីពីនជាដើម។
ការនាំចេញដែកពីវៀតណាមមកកម្ពុជាមានបរិមាណ ៧១៧ ៥៧២ តោនកើនឡើង ៤៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ចំណែកចំនួនទឹកប្រាក់បានកើនដល់ ៤៦២,៧៣ លានដុល្លារកើន ៧៧,៩ ភាគរយ។ នេះបើតាមរបាយការណ៍។
វៀតណាមក៏បាននាំចេញដែកទៅប្រទេសមួយចំនួនដូចជា អាមេរិក ចំនួន ៥៣២ ៧៧៩ តោន ម៉ាឡេស៊ី ចំនួន ៣៩១ ៦០៧ តោន និងឥណ្ឌូនេស៊ី ៣៧២ ៥១៤ តោន។
លោក ជីវ ស៊ីវផេង អ្នកចាត់ការទូទៅនៃលេខាធិការដ្ឋានសមាគមអ្នកសាងសង់កម្ពុជានិយាយថាសំណង់ធំៗបានលេចឡើងជាបន្តបន្ទាប់នៅកម្ពុជា ដែលការរីកចម្រើននេះទាមទារជាចាំបាច់ការប្រើប្រាស់ដែក។ កំណើនការនាំចូលដែកសម្រាប់បម្រើឲ្យវិស័យសំណង់គឺបង្ហាញពីភាពរឹងមាំនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោកថ្លែងថា៖ «កំណើននៃការប្រើប្រាស់ដែកក្នុងវិស័យសំណង់កម្ពុជានឹងបន្តកើនឡើងច្រើនទៀតនាពេលខាងមុខ ខណៈពេលនេះមានសំណង់ធំៗជាច្រើនកំពុងសាងសង់ និងត្រៀមសាងសង់»។
លោក ភូ សម្បត្តិ ជំនួយការនាយកក្រុមហ៊ុនអភិវឌ្ឍន៍បុរីភ្នំពេញថ្មី ដែលកំពុងអភិវឌ្ឍន៍បុរីជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញបានប្រាប់ថា កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋខ្មែរបានធ្វើឲ្យតម្រូវការកន្លែងស្នាក់នៅ អគារការិយាល័យ និងផ្សារទំនើបកើនឡើងជាលំដាប់។
លោកបន្តថា៖ «នៅពេលខាងមុខក្រុមហ៊ុនខ្ញុំនឹងត្រូវការដែកច្រើនបន្ថែមទៀតព្រោះគម្រោងអភិវឌ្ឍន៍លំនៅឋានមួយកន្លែងទៀតនឹងចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗ»។
បុគ្គលិកជាន់ខ្ពស់ម្នាក់នៃក្រុមហ៊ុន PEB Steel Buildings Co., Ltd. ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ដែកនាំចូលមកពីប្រទេសវៀតណាមបាននិយាយដោយមិនបញ្ចេញឈ្មោះថា សម្រាប់ក្រុមហ៊ុនលោកការនាំចូលដែកនារយៈពេល ៧ ខែដើមឆ្នាំ ២០១៨ បានកើនលើសពី ៥០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកអះអាងថា៖ «ឆ្នាំនេះមានតម្រូវការប្រើប្រាស់ច្រើន ខណៈកាលពីឆ្នាំមុន ក្រុមហ៊ុនដែលមកទាក់ទងយើងភាគច្រើនគ្រាន់តែមកសិក្សាមុនពេលសាងសង់តែប៉ុណ្ណោះ»។
នៅលើទីផ្សារកម្ពុជាបច្ចុប្បន្នដែកសម្រាប់ប្រើប្រាស់ក្នុងការសាងសង់មានតម្លៃចន្លោះពី ៦២០-៦៥០ ដុល្លារក្នុង ១ តោន។
អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បដិសេធធ្វើអត្ថាធិប្បាយ។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា ក្នុងរយៈពេល ៦ ខែឆ្នាំ ២០១៨ អាជ្ញាធរបានអនុម័តគម្រោងសាងសង់ចំនួន ១ ៦៤៣ គម្រោងលើផ្ទៃក្រឡាសំណង់សរុប ៥,៣៥ លានម៉ែត្រការ៉េ និងមានតម្លៃប៉ាន់ស្មាន ២,១៥ ពាន់លានដុល្លារ៕ LA