សក្តានុពលនៃទីតាំងភូមិសាស្ត្រដែលនៅជាប់មាត់សមុទ្រ និងមានរមណីយដ្ឋានធម្មជាតិជាច្រើន ព្រមទាំងការស្ទុះងើបឡើងនៃតម្លៃអចលនទ្រព្យនៅខេត្តព្រះសីហនុនាពេលនេះ កំពុងធ្វើឱ្យវិស័យអចលនទ្រព្យនៅខេត្តកំពតមានការវិវឌ្ឍទៅមុខកាន់តែប្រសើរ។
លោក ពឹង សេរី នាយកប្រតិបត្តិក្រុមហ៊ុន ខេមបូឌា អង្គរ រៀលអ៊ីស្ទេត បាននិយាយថា វិសាលភាពនៃវិស័យអចលនទ្រព្យ និងទេសចរណ៍នៅខេត្តកំពត នាពេលនេះចាប់ផ្តើមមានភាពល្អប្រសើរជាលំដាប់ ជាក់ស្តែងមានគម្រោងអភិវឌ្ឍន៍ថ្មីៗ និងភ្ញៀវទេសចរបរទេសជាច្រើនកំពុងធ្វើដំណើរទៅកាន់ទីនោះ។
លោកបានបន្តថា ភាពល្អប្រសើរនៃវិស័យអចលនទ្រព្យនៅខេត្តកំពត គឺដោយសារតែខេត្តកំពតមានទីតាំងនៅជាប់មាត់សមុទ្រ ដែលបង្កភាពងាយស្រួលសម្រាប់ការធ្វើអាជីវកម្មគ្រប់ប្រភេទទាំងកសិកម្ម ឧស្សាហកម្ម និងការដឹកជញ្ជូនជាដើម។
ជាមួយនឹងសក្តានុពលពីធម្មជាតិទាំងអស់នេះនៅខែមីនាខាងមុខការដ្ឋានសាងសង់កំពង់ផែទេសចរណ៍ក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ក្នុងតម្លៃជាង ១០ លានដុល្លារនៅក្នុងស្រុកទឹកឈូ ខេត្តកំពត ក៏នឹងចាប់ផ្តើមដំណើរការផងដែរ ដោយគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩។ បន្ទាប់ពីសាងសង់រួចរាល់ កំពង់ផែនេះត្រូវបានគេរំពឹងថានឹងចូលរួមចំណែកដ៏ធំក្នុងការជួយលើកកម្ពស់វិស័យទេសចរណ៍ និងដឹកជញ្ជូនទំនិញនៅខេត្តកំពតឲ្យកាន់តែមានភាពមមាញឹក។
លោក សេរី បានប្រាប់ថា៖ «បើនិយាយពីតម្លៃអចលនទ្រព្យនៅខេត្តកំពតនាពេលនេះ គឺវាឡើងក្នុងស្ថានភាពសន្សឹមៗ ដោយមិនបានស្ទុះឡើងខ្លាំងដូចនៅខេត្តព្រះសីហនុឡើយ។ សម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ពិសេសបន្ទាប់ពីកំពង់ផែទេសចរណ៍របស់ ADB សាងសង់រួចរាល់នោះ អចលនទ្រព្យនៅទីនោះនឹងកើនឡើងខ្ពស់ជាមិនខាន»។
បើតាមលោក សេរី ភាពចង្អៀតនៃទីផ្សារអចលនទ្រព្យនៅតំបន់មាត់សមុទ្រនៃខេត្តព្រះសីហនុ ជាចំណែកមួយដែលជំរុញឲ្យសកម្មភាពទិញ លក់ និងតម្លៃអចលនទ្រព្យនៅខេត្តកំពតកើនឡើង។
បច្ចុប្បន្នតម្លៃដីក្នុងក្រុងកំពតចាប់ពីចំណុចរង្វង់មូលផ្លែធទុរេនចម្ងាយ ១០០-២៥០ ម៉ែត្រ ដីមានតម្លៃចាប់ពី ១០០០-១៥០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ចំណែកក្នុងក្រុងកំពតតាមបណ្តោយមាត់ព្រែកមានតម្លៃចាប់ពី ១៥០០-២៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ដីលំនៅឋានក្នុងក្រុងមានតម្លៃ ១៥០០-២៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ (Shophouse) ឯតំបន់ជាយក្រុងមានតម្លៃចន្លោះពី ៥-៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តាមបណ្តោយមាត់សមុទ្រក្នុងស្រុកទឹកឈូដីមានតម្លៃចន្លោះពី ៥០-២០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងតាមបណ្តោយផ្លូវឆ្ពោះទៅកាន់កំពង់ផែទេសចរណ៍របស់ ADB ដីមានតម្លៃដីពី ១០០-៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ហើយចាប់ពីសាលាខេត្តដល់តំបន់ភូមិចាម មានតម្លៃ ១០០-៣០០ ដុល្លារ។ ចំណែកដីចាប់ពីរមណីយដ្ឋានភ្នំបូកគោទៅរមណីយដ្ឋានណាតាយ៉ាអាចមានតម្លៃចន្លោះ ពី ១០០-១៨០ ដុល្លារ និងចូលទៅក្នុងអាចមានតម្លៃពី ៣០ ទៅ ៦០ ដុល្លារ។ ដីកសិកម្មមានតម្លៃចន្លោះពី ០.៤-១ ដុល្លារក្នុងមួយម៉ែត្រការ៉េ។
កាលពីខែតុលាឆ្នាំ ២០១៧ កន្លងមករាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ភ្លើងបៃតងផងដែរដល់គម្រោងអភិវឌ្ឍន៍មួយដែលមានឈ្មោះថា French Riviera Marina ក្រោមទុនវិនិយោគចំនួន ២៣.២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍខេត្តកំពត និងខេត្តកែបឲ្យក្លាយទៅជាតំបន់ដែលមានភាពទាក់ទាញសម្រាប់ការរស់នៅ និងវិនិយោគផ្សេងៗ។ បន្ថែមពីលើនោះទៀតក៏មានគម្រោងអភិវឌ្ឍន៍កំពង់ផែមួយរបស់លោកឧកញ៉ា ទ្រី ភាព ក្នុងតម្លៃ ៣០០ លានដុល្លារផងដែរ។
កំពតជាខេត្តមួយដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា និងមានចម្ងាយប្រមាណ ១៤៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្តកំពតមានស្រុកចំនួន ៧ គឺស្រុកឈូក ស្រុកជុំគិរី ស្រុកកំពង់ត្រាច ស្រុកអង្គរជ័យ ស្រុកបន្ទាយមាស ស្រុកដងទង់ ស្រុកកំពង់បាយ និងក្រុងកំពត។
លោក វ៉ន ចាន់ថន អគ្គនាយកក្រុមហ៊ុនថោនស៊ីធីរៀលអ៊ីស្ទេតខូអិលធីឌីបានអះអាងថា សកម្មភាពដ៏ពុះកញ្ជ្រោល និងការកើនឡើងតម្លៃដីធ្លីដ៏ឆាប់រហ័សនៅក្នុងខេត្តព្រះសីហនុនាពេលនេះបាននិងកំពុងធ្វើឲ្យជះឥទ្ធិពលដល់អចលនទ្រព្យនៅក្នុងខេត្តកំពត។
លោកបានបន្តថា៖ «ដោយសារតែមួយរយៈនេះមានអ្នកវិនិយោគជាច្រើនជាពិសេសជនជាតិចិនបាននាំគ្នាសម្រុកទៅទិញដីនៅខេត្តព្រះសីហនុនោះ បានធ្វើឲ្យអ្នកដែលទើបលក់ដីបាននៅខេត្តព្រះសីហនុមួយចំនួនព្រមទាំងអ្នកដែលចង់បានដីនៅតំបន់មាត់សមុទ្រតែមិនមានថវិកាគ្រប់គ្រាន់បាននាំគ្នាមករកទិញអចលនទ្រព្យនៅខេត្តកែបជំនួសវិញខណៈខេត្តកែបក៏មានទីតាំងស្ថិតនៅជាប់មាត់សមុទ្រដែរ»។
បើតាមលោក ចាន់ថន នៅពេលនេះក៏មានអ្នកវិនិយោគផ្នែកសណ្ឋាគារប៊ូទិកអូតែល និងភោជនីយដ្ឋានមួយចំនួនកំពុងបង្វែរទិសដៅពីខេត្តព្រះសីហនុទៅកាន់តែខេត្តកែបផងដែរ ខណៈដែលតម្លៃដីធ្លីនៅខេត្តព្រះសីហនុកើនឡើងតម្លៃខ្ពស់ពេក និងពិបាករកកន្លែងល្អ។
លោក ចាន់ថន បាននិយាយបែបកំប្លែងលេងថា៖ «នៅខេត្តព្រះសីហនុពេលនេះគឺគេស្ទើរតែអាចនិយាយបានថា អស់ដីលក់ទៅហើយព្រោះទីតាំងល្អៗគឺត្រូវបានគេទិញអស់ហើយ និងមានតម្លៃខ្ពស់ខ្លាំងណាស់។ ចំណែកស្ថានភាព និងតម្លៃដីធ្លីនៅខេត្តកំពត គឺនៅមានភាពសមរម្យល្អ»។
កំពតមានតំបន់រមណីយដ្ឋានទេសចរណ៍ជាច្រើនដូចជារមណីយដ្ឋាន ឋានសួគ៌បូកគោ រមណីយដ្ឋានទឹកឈូ និងភ្នំកំពង់ត្រាច ជាដើម។
មគ្គុទ្ទេសក៍ទេសចរណ៍មួយរួបដែលនាំភ្ញៀវទេសចរទៅកម្សាន្តនៅខេត្តកំពត បាននិយាយថានាអំឡុងប៉ុន្មានខែចុងក្រោយនេះចំនួនភ្ញៀវទេសចរបរទេស ពិសេសពួកអឺរ៉ុបដែលមកទស្សនាខេត្តកំពតបានកើនឡើងជាលំដាប់។ ការកើនឡើងនៃអ្នកទាំងនោះបានធ្វើឲ្យខេត្តកំពតប្រឈមមុខនឹងកង្វះកន្លែងសម្រាប់ស្នាក់នៅផងដែរ។
កញ្ញាបាននិយាយថា៖ «ខេត្តកំពតនាពេលនេះគឺពិតជាមានការរីកចម្រើនលឿន ប៉ុន្តែទន្ទឹមនឹងការរីកចម្រើននេះកំពតក៏កំពុងប្រឈមមុខនឹងកន្លែងសម្រាប់ឲ្យភ្ញៀវទេសចរ ឬអ្នកវិនិយោគស្នាក់នៅផងដែរ ជាពិសេសនៅពេលមានពិធីបុណ្យជាតិម្តងៗ។ ខ្ញុំសង្ឃឹមថា នៅពេលឆាប់ៗនេះនឹងមានការវិនិយោគសណ្ឋាគារ និងផ្ទះសំណាក់កាន់តែច្រើននៅទីនេះ»។
របាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា កាលពីឆ្នាំ ២០១៧ ខេត្តកំពតទទួលបានភ្ញៀវទេសចរសរុបទាំងអស់ប្រមាណ ១,៦ លាននាក់។
លោក ស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុន ស៊ីអិល រៀលធី បានប្រាប់ថាស្ថានភាពវិស័យអចលនទ្រព្យនៅខេត្តកំពត គឺមានភាពល្អប្រសើរ ពិសេសចាប់ផ្តើមមានគម្រោងអភិវឌ្ឍន៍ច្រើននៅតាមមាត់សមុទ្រដែលភ្ជាប់ពីខេត្តកំពត ទៅរាម។
លោក ឆៃលីន បានអះអាងថា៖ «ទៅថ្ងៃខាងមុខ ខ្ញុំគិតថាវិស័យអចលនទ្រព្យនៅកំពតនឹងបន្តភាពល្អប្រសើររបស់ខ្លួនបន្ថែមទៀត ដោយសារទីនោះមានភាពអំណោយផលដូចជា ទី ១ មានកន្លែងសម្រាកកម្សាន្តច្រើន (Resort) ទី ២ មានលក្ខណៈអំណោយផលសម្រាប់ការដឹកជញ្ជូនទំនិញ ព្រោះជាតំបន់ទឹកជ្រៅ និងទី ៣ ជាតំបន់មានលក្ខណៈអំណោយផលសម្រាប់ការវិនិយោគក្នុងវិស័យកសិកម្ម»។
បើតាមលោក ឆៃលីន តម្លៃដីនៅខេត្តកំពតនាដើមឆ្នាំ ២០១៨ នេះធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០១៧ គឺមានការកើនឡើងក្នុងរង្វង់ពី ១០-១៥ ភាគរយ។
លោក ជាវ តាយ អភិបាលខេត្តកំពតមានប្រសាសន៍ថាខេត្តកំពតនាពេលបច្ចុប្បន្ននេះកំពុងមានការអភិវឌ្ឍមុខលើគ្រប់វិស័យ ខណៈពេលថ្មីៗនេះមានអ្នកវិនិយោគកាន់តែច្រើនចាប់អារម្មណ៍ចំពោះការវិនិយោគលើវិស័យមួយចំនួនដូចជា ការសាងសង់កន្លែងកម្សាន្ត និងសំណង់ធំៗមួយចំនួន។
លោកបានលើកឡើងថា ជាក់ស្តែងក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីចិន វៀតណាម នាពេលថ្មីៗនេះខេត្តកំពតទទួលបានភ្ញៀវទេសចរជាច្រើន។
លោកបានថ្លែងយ៉ាងខ្លីថា៖ «វិស័យសំណង់ និងអចលនទ្រព្យនៅខេត្តកំពតកំពុងមានដំណើរការល្អជាលំដាប់ ដោយពេលថ្មីៗនេះមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងចាប់ផ្តើម និងត្រៀមចាប់ផ្តើមនៅទីនោះ»៕