ភ្នំពេញៈ រដ្ឋាភិបាលនឹងជំរុញឲ្យការចុះបញ្ជីដីធ្លីបញ្ចប់នៅក្នុងឆ្នាំ ២០២១ ជាអ្វីដែលរដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អះអាងថា នឹងធ្វើឲ្យជម្លោះដីធ្លីធ្លាក់ចុះ ខណៈរដ្ឋាភិបាលនឹងបានចំណូលពន្ធបន្ថែមពីអចលនទ្រព្យនេះ។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៨ និងលើកទិសដៅការងារឆ្នាំ ២០១៩ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ១២ ខែ មីនា ថា បច្ចុប្បន្នក្រសួងកំពុងខិតខំយ៉ាងខ្លាំងនៅក្នុងការជំរុញការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេសឲ្យចប់រួចរាល់ក្នុងឆ្នាំ ២០២១ ខណៈបច្ចុប្បន្នការចុះបញ្ជីសម្រេចបានប្រមាណ ៧៣ ភាគរយ ដែលស្មើនឹង ៥,១ លានក្បាលដីក្នុងចំណោមក្បាលដីដែលត្រូវចុះបញ្ជីទាំងអស់ប្រមាណ ៧ លានក្បាលដី។
ការចុះបញ្ជីដីធ្លី គឺជាការរៀបចំរបស់រដ្ឋាភិបាល ដើម្បីប្រមូលក្បាលដីទាំងអស់យកមកដាក់នៅក្នុងប្រព័ន្ធត្រួតពិនិត្យរួមមួយ ដែលមានភាពច្បាស់លាស់ និងងាយស្រួលគ្រប់គ្រង។
លោក ជា សុផារ៉ា បានឲ្យដឹងទៀតថា នៅពេលការចុះបញ្ជីដីត្រូវបានបញ្ចប់រួចរាល់ ជម្លោះដីធ្លីត្រូវគេរំពឹងថា នឹងត្រូវកាត់បន្ថយ ហើយរដ្ឋក៏អាចទទួលបានប្រាក់ចំណូលពីការបង់ពន្ធដីផងដែរ។
លោកថ្លែងថា៖ «ការចុះបញ្ជីក្បាលដីគឺមានគោលដៅសំខាន់ណាស់ ព្រោះវានឹងក្លាយជាទុនសម្រាប់ប្រជាពលរដ្ឋដែលមានឯកសារនៅក្នុងដៃ។ ប្រសិនបើយើងគ្មានបណ្ណកម្មសិទ្ធិ ដីនេះគឺងាយរងគ្រោះ ហើយអាចនឹងជួបហានិភ័យច្រើនណាស់»។ លោកបញ្ជាក់ថា៖ «ផែនការរបស់ខ្ញុំ គឺធ្វើឲ្យរួចរាល់នៅក្នុងឆ្នាំ ២០២១»។
លោក ជា សុផារ៉ា ក៏បានស្នើឲ្យក្រសួងមហាផ្ទៃ ជួយជំរុញដល់ដំណើរការចុះបញ្ជីដីធ្លីនេះផងដែរ។ លោកថ្លែងថា៖ «ពីមុនដីហាក់មិនសូវមានតម្លៃទេ តែពេលនេះវាបានក្លាយជាដុំមាស ហេតុនេះការចុះបញ្ជីនឹងជួយកាត់បន្ថយវិវាទដីធ្លី»។
លោករដ្ឋមន្ត្រីបានលើកឡើងពីករណីក្នុងខេត្តព្រះសីហនុជាឧទាហរណ៍ និងជំរុញឲ្យប្រជាពលរដ្ឋគួរដាក់ដីជួលជាជាងលក់។ លោកថ្លែងថា៖ «ជាក់ស្តែងនៅខេត្តព្រះសីហនុ ខ្ញុំបានប្រាប់មន្ទីរជំនាញឲ្យប្រាប់ទៅប្រជាពលរដ្ឋកុំឲ្យលក់ដី តែគួរដាក់ជួលវិញ ព្រោះរយៈពេលតែ ១៥-២០ ឆ្នាំគេនឹងប្រគល់ឲ្យយើងវិញ ដោយម្ចាស់អាចបានទាំងសំណង់ផង តែបើយើងលក់ដីឲ្យគេ គឺចប់ទាំងអស់»។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ថា ការចុះបញ្ជីដី គឺពិតជាមានសារៈសំខាន់ណាស់ ដោយវាមិនត្រឹមតែជួយទប់ស្កាត់ពីជម្លោះដីធ្លីដែលកំពុងកើតមានជាបន្តបន្ទាប់នៅកម្ពុជាប៉ុណ្ណោះទេ តែវាថែមទាំងរួមចំណែកយ៉ាងច្រើនក្នុងការជួយបង្កើនចំណូលជាតិពីការបង់ពន្ធ និងបង្កើនការទាក់ទាញសម្រាប់វិនិយោគិនបរទេសផងដែរ។
លោកបានបញ្ជាក់ថា៖ «វាក៏នឹងក្លាយជាត្រីវិស័យមួយក្នុងការជួយកំណត់តំបន់សម្រាប់អភិវឌ្ឍយូរអង្វែងផងដែរ»។ លោកបន្តទៀតថា ការចុះបញ្ជីដីក៏នឹងជួយធ្វើឲ្យទីផ្សារវិស័យអចលនទ្រព្យកាន់តែមានភាពរឹងមាំផងដែរ៕LA