ភ្នំពេញ: ការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឲ្យប៉ះពាល់ដល់តម្រូវការជួលនៅមជ្ឈមណ្ឌលហាងលក់ដូរ ផ្សារទំនើប និងផ្សារទំនើបសហគមន៍នៅកម្ពុជានៅត្រីមាសទី៣ ឆ្នាំនេះ ដែលបណ្ដាលឱ្យយីហោលក់រាយបរទេសចំនួន ៧ បានចាកចេញពីកម្ពុជា។
យោងតាមទិន្នន័យបានពីក្រុមហ៊ុនដែលភ្នំពេញប៉ុស្ដិ៍ទទួលបានពីថ្ងៃពុធនៅត្រីមាសទី ៣ អត្រាទីតាំងទំនេរ កើនឡើងដល់ ១០,៩៧ ភាគរយ បើធៀបនឹងត្រីមាសមុន ខណៈដែលមានការកើនឡើង ៦,១ ភាគរយ នៅក្នុងការផ្គត់ផ្គង់សរុប។ ក្នុងចំណោមនោះការផ្គត់ផ្គង់ផ្សារទំនើបសហគមន៍កើនឡើង ២៦,១ ភាគរយ។ ទោះយ៉ាងណាមានផ្សារទំនើបសហគមន៍ ២ បានបើកដំណើរការដែលបន្ថែមចំនួន ២១ ៨០០ ម៉ែត្រការ៉េ ដល់ការផ្គត់ផ្គង់ដែលមានស្រាប់នៅក្នុងទីផ្សារនេះ ហើយមានជាង ៤០ ០០០ ម៉ែត្រការ៉េត្រូវបានផ្អាក។
លោកស្រី អាន សុធីតា នាយកក្រុមហ៊ុន CBRE Cambodia បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ការធ្លាក់ចុះការជួលនេះភាគច្រើនបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ ១៩ ដែលប៉ះពាល់ដល់ក្រុមហ៊ុនលក់រាយនៅតាមផ្សារទំនើបទាំងនោះ។
លោកស្រីថា៖ «យើងមើលឃើញការលក់របស់ក្រុមហ៊ុនលក់រាយទាំងនោះមានការធ្លាក់ចុះ ដោយសារតែការរីករាលដាលជំងឺកូវីដ ១៩។ មានក្រុមហ៊ុនលក់រាយមួយចំនួនកាត់បន្ថយការលក់ដូររបស់ពួកគេ ឬផ្លាស់ទៅជួលកន្លែងតូចៗនៅខាងក្រៅផ្សារទំនើបវិញ ខណៈដែលក្រុមហ៊ុនមួយចំនួនកំពុងផ្ដោតការយកចិត្តទុកដាក់លើការលក់អនឡាញ»។
ក្រុមហ៊ុន PAKZONE Property Management Co., Ltd ថ្មីៗនេះបានប្រកាសថា ក្រុមហ៊ុននេះនឹងដំណើរការផ្សារទំនើប View Park Mall មានកម្ពស់ ៤ ជាន់ ដែលមានទីតាំងស្ថិតនៅកណ្ដាលទីក្រុងភ្នំពេញនៅដើមឆ្នាំ ២០២១។ ទីតាំងសម្រាប់ជួលរបស់ផ្សារទំនើបនេះមានចំនួន ៩ ០០០ ម៉ែត្រការ៉េ ខណៈដែលការជួលសម្រេចបាន ៨០ ភាគរយរួចទៅហើយ។
លោក ឡេង ធន់ ប្រធានក្រុមហ៊ុន PAKZONE Property Management Co., Ltd បានថ្លែងថា៖ «យើងមិនអាចស្នើសុំទីតាំងល្អជាងនេះបានទេ»។
លោកបន្តថា៖ «ផ្សារទំនើប View Park Mall គឺស្ទើរតែទទួលបានការជួលទាំងស្រុងពីដៃគូពាណិជ្ជកម្ម ពីព្រោះដៃគូលក់រាយរបស់យើង មើលឃើញពីសារៈសំខាន់នៃទីតាំងដ៏លេចធ្លោរបស់ផ្សារទំនើបរបស់យើងនៅក្នុងរាជធានីភ្នំពេញ។ អ្វីដែលផ្សារទំនើបនេះផ្ដល់ជូនគឺជាបទពិសោធដ៏អស្ចារ្យក្នុងការទិញទំនិញ និងការបរិភោគអាហារដោយមានចំណតរថយន្តធំទូលាយនៅកណ្ដាលទីក្រុងភ្នំពេញ ជាកន្លែងដែលប្រជាជនធ្វើចរាចរណ៍ទៅវិញទៅមកជាប្រចាំអាចមានកន្លែងដើម្បីសម្រាកលម្ហែកាយជាមួយគ្រួសារ និង មិត្តភកិ្ដរបស់ពួកគេ។ យើងសង្ឃឹមយ៉ាងមុតមាំថា ប៉ុន្មានខែខាងមុខទៀតការជួលនឹងពេញ ១០០ ភាគរយពីម៉ាកយីហោផ្សេងៗទៀត»។
ទោះបីជាមានឧបសគ្គទីផ្សារក៏ដោយយោងតាមក្រុមហ៊ុន CBRE តម្លៃការជួលផ្សារទំនើបទីតាំងល្អនៅទ្រឹងដែលតម្លៃជួលគឺ ២៨,៤៦ ដុល្លារក្នុង ១ ម៉ែត្រការ៉េ និងតម្លៃជួលទីតាំងលក់រាយក៏មិនមានភាពផ្លាស់ប្តូរមានតម្លៃ ២៦,២៣ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ប៉ុន្តែការជួលផ្សារសហគមន៍មានការធ្លាក់ចុះយ៉ាងខ្លាំងចំនួន ០,៤ ភាគរយក្នុងតម្លៃ ២២,១៥ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។ ជាមួយគ្នានេះដែរ សម្រាប់ការលក់រាយមានយីហោលក់រាយបរទេសចំនួន ៧ បានចាកចេញពីប្រទេសនេះនៅត្រីមាសទី ៣ ប៉ុន្តែមានការចូលមកវិញចំនួន ១៨។
ក្រុមហ៊ុន CBRE បានផ្ដល់អនុសាសន៍ថា សម្រាប់ម្ចាស់ដីគួរតែពិនិត្យឡើងវិញកិច្ចព្រមព្រៀងជួលតាមរយៈការធ្វើលក្ខខណ្ឌការជួលដែលមានភាពបត់បែនបន្ថែមទៀត និងលើកទឹកចិត្ត ជាពិសេសអ្នកជួល ខណៈដែលត្រូវតែកែលម្អយុទ្ធសាស្ដ្រទីផ្សារតាមរយៈការបង្កើតទំនាក់ទំនងសាធារណៈដ៏ល្អ ព្រឹត្តិការណ៍កាន់តែច្រើន ការផ្សព្វផ្សាយ។ល។ ខណៈដែលក្រុមហ៊ុនលក់រាយគួរតែកែលម្អយុទ្ធសាស្ដ្រទីផ្សាររបស់ពួកគេតាមរយៈការបង្កើតទំនាក់ទំនងសាធារណៈដ៏ល្អ ព្រឹត្តិការណ៍កាន់តែច្រើន និងការផ្សព្វផ្សាយ។ល។
ជាមួយគ្នានេះដែរ ពួកគេក៏ត្រូវប្រើប្រាស់ធ្វើឲ្យមានលក្ខណៈឌីជីថល ដើម្បីកែលម្អបទពិសោធរបស់អតិថិជន តាមរយៈការទូទាត់ដោយគ្មានសាច់ប្រាក់ QR កូដ ការដឹកជញ្ជូនអនឡាញ ទីផ្សារបណ្ដាញសង្គម។ល៕ LA