សិង្ហបុរីៈ ការជួល​ទីតាំង​សម្រាប់​លក់រាយ​នៅ​សិង្ហបុរី ត្រូវ​គេ​រំពឹងថា ធ្លាក់ចុះ​យ៉ាងខ្លាំង​ក្នុង​ឆមាស​ទី​ ២ ​ឆ្នាំ​នេះ ចំពេល​ទីតាំង​ទំនេរ​កាន់តែ​ច្រើន​ឡើង​ពី​ការធ្លាក់ចុះ​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ដោយ​ក្រុមហ៊ុន​ប្រឹក្សា​អចលនទ្រព្យ Cushman & Wakefield (C&W) ដែល​បានចេញ​ផ្សាយ​សប្តាហ៍​មុន​។

របាយការណ៍​នោះ​ឲ្យ​ដឹងថា ទោះបី​ជា​អាជីវកម្ម​លក់រាយ​ភាគច្រើន​នៅទីនេះ​បើក​ដំណើរការ​ឡើងវិញ​ពីថ្ងៃ​ ១៩ ខែមិថុនា​ក្រោយ​សម្រាក​រយៈពេល​ ២ ​ខែ វិធានការ​គម្លាត​សង្គម​នៅតែ​បន្ត​ធរមាន​។ រឿងនេះ​បាន​ធ្វើឲ្យ​ម្ចាស់​អាជីវកម្ម​ជាច្រើន​ដូចជា​ផ្នែក​ម្ហូបអាហារ និង​ភេសជ្ជៈ ផ្នែក​សុខភាព និង​កន្លែង​ហាត់ប្រាណ មិនអាច​ដំណើរការ​ពេញ​សមត្ថភាព​ដែល​បណ្តាល​ឲ្យ​អាជីវកម្ម​ជាច្រើន​បិទទ្វារ​។

ជា​លទ្ធផល​ទីតាំង​ទំនេរ​ក្នុង​តំបន់​មិនសូវ​សំខាន់​មួយ​ចំនួន​ត្រូវគេ​រំពឹងថា​នឹង​កើនឡើង​ក្នុង​ឆមាស​ទី​ ២ ​ឆ្នាំ​នេះ​។

អ្នកស្រី Christine Li ប្រធាន​ក្រុម​អ្នកស្រាវជ្រាវ​នៃ​ក្រុមហ៊ុន C&W ប្រចាំ​ប្រទេស​សិង្ហបុរី និង អាស៊ី​ខាងកើត​បាន​បញ្ជាក់ថា​៖ «​ទីផ្សារ​លក់រាយ​ទាំងមូល​ប្រហែល​ជួបប្រទះ​ការធ្លាក់ចុះ​ការជួល​កាន់តែ​ច្រើន​ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ដោយសារ​ភាព​ទំនេរ​ដែល​ត្រូវគេ​រំពឹង​ខ្ពស់ អ្នកដំណើរ​កាន់តែ​តិច វិធានការ​គម្លាត​សង្គម និង​ភាពមិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច ដោយសារ​កូវីដ​១៩​។

អ្នកស្រី​និយាយ​ថា​៖ «​ថ្មីៗ​នេះ​ម្ចាស់​អគារ​ជាច្រើន​នៅ​តែ​បន្ត​បិទទ្វារ ទាមទារ​តម្លៃ​ជួល​ដូចពេលមុន​កូវីដ ប៉ុន្តែ​ពេលដែល​ទីតាំង​ទំនេរ​កាន់តែ​កើនឡើង ម្ចាស់​អគារ​ត្រូវ​គេ​រំពឹងថា​នឹង​មាន​ភាពបត់បែន​ច្រើនជាង​មុន​»​។

ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា ថ្លៃ​ជួល​ទីតាំង​លក់រាយ​ទីតាំង​ល្អ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​នៅ​ត្រីមាស​ទី​ ២ តាំងពី​ ៣ ​ខែ​មុន​ដែល​នាំឱ្យ​ការជួល​នៅ​តំបន់​ទីក្រុង​ធ្លាក់ចុះ ៣,៥ ​ភាគរយ​ដល់​ថ្លៃ​ ២០,៨៨ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​ក្នុង ១ ខែ​។ ការជួល​នៅ​ទីតាំង​សំខាន់​វិញ​បាន​ធ្លាក់ចុះ ១,៥ ភាគរយ​ដូច​នៅ Orchard (៣៤,៧៣ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​) និង ០,៩ ​ភាគរយ​នៅ​ជាយក្រុង (៣១,៥៦ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ​)​។

សម្រាប់​រយៈពេល​ពេញ​ ១ ​ឆ្នាំ​នេះ C&W រំពឹង​ថា​ទីតាំង​ជួល​ល្អៗ​នៅ​តំបន់ Orchard និង​ទីក្រុង​ដទៃទៀត​ធ្លាក់ចុះ​ប្រហែល​ ១០ ​ភាគរយ ខណៈ​ដែល​ទីតាំង​ជួល​តំបន់​លំដាប់​ទី​ ២ ប្រហែល​ពើបប្រទះ​ការធ្លាក់ចុះ​តិចជាង​ ៥ ​ភាគរយ​។

C&W បាន​និយាយថា ទីធ្លា​ទំនេរ​បន្ថែម​ទៀត​នៅក្នុង​ទីតាំង​មិន​សំខាន់​ត្រូវបាន​គេ​រំពឹងថា​នឹង​ចូល​មក​ក្នុង​ទីផ្សារ​នៅ​ឆមាស​ទី​ ២ នៃ​ឆ្នាំ​ ២០២០ ខណៈ​ដែល​អ្នក​ជួល​ធ្វើ​ប្រកប​អាជីវកម្ម​ជាធម្មតា​ស្ថិត​នៅក្នុង​កន្លែង​មិន​សំខាន់​នៅក្នុង​ផ្សារ​ពីព្រោះ​លក្ខខណ្ឌ​តម្រូវ​ធំ​ជាង​នេះ​។

លោក Mark Lampard នាយក​ប្រតិបត្តិ​នៃ​អ្នកតំណាង​នៃ​អ្នក​ជួល​ប្រចាំ​តំបន់​នៃ​ក្រុមហ៊ុន​ C&W និយាយថា​៖ «​មាន​ឱកាស​ខ្លះ​សម្រាប់​អ្នក​លក់រាយ​ក្នុង​ការស្វែងរក​កន្លែង​លក់រាយ​សំខាន់ៗ​ក្នុង​អំឡុង​ពេលនេះ ដោយសារ​កន្លែង​ទំនេរ​កើនឡើង បើ​មិន​ដូច្នេះ​ទេ ពួកគេ​ក៏​អាច​ស្វែងរក​ជម្រើស​សំខាន់ៗ​នៅ​ជាយក្រុង​សម្រាប់​ស្ថិរភាព​បន្ថែម​ទៀត​៕ Straitstime-ANN/RR