ភ្នំពេញៈ ទំហំ​នៃ​ការជួល​ទីតាំង​អគារ​ការិយាល័យ​នៅក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៨ បាន​កើនឡើង​ក្នុង​អត្រា​ទាប បើ​ធៀប​ទៅ​នឹង​ត្រីមាស​ទី​ ១ ខណៈ​អ្នក​ជំនាញ​លើកឡើង​ថា កំណើន​នេះ​បាន​ឈាន​ដល់​កម្រិត​ជិត​ឆ្អែត​ហើយ​។

របាយការណ៍​ដែល​ភ្នំពេញ ប៉ុស្តិ៍ ទើប​ទទួល​បាន​បង្ហាញ​ថា ទំហំ​នៃ​ការជួល​ទីតាំង​ការិយាល័យ​គិត​ត្រឹម​ដំណាច់​ត្រីមាស​ទី​ ២ បាន​កើន​ដល់​ប្រមាណ​ជាង ២៩៣ ០០០ ម៉ែត្រការ៉េ ខណៈ​កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៨ មាន​ប្រមាណ​ជាង ២៧៧ ០០០ ម៉ែត្រការ៉េ​ដោយ​កើនឡើង​ ៥ ​ភាគរយ​។

របាយការណ៍​របស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​បង្ហាញ​ថា គិត​មក​ដល់​ត្រីមាស​ទី​ ២ ឆ្នាំ​នេះ​ទំហំ​អគារ​ការិយាល័យ​សរុប​មាន​ជាង ៣៣៥ ០០០ ម៉ែត្រការ៉េ​ក្នុង​នោះ​ការជួល​ការិយាល័យ​កម្រិត A មាន​អត្រា ៦៧ ​ភាគរយ កម្រិត B មាន​ ៩៣ ​ភាគរយ និង​កម្រិត C មាន​ចំនួន ៩២ ​ភាគរយ​។

ទោះបី​យ៉ាង​នេះ​ក្តី​ក្នុង​ត្រីមាស​ទី​ ២ មិន​មាន​អគារ​ការិយាល័យ​ថ្មី​ត្រូវ​បាន​ដាក់​ជួល​នោះ​ទេ ខណៈ​កាលពី​ត្រីមាស​ទី​ ១ មាន​អគារ​ការិយាល័យ​ថ្មី ទំហំ ១៤ ៣៥០ ​ម៉ែត្រការ៉េ​ត្រូវ​បាន​ដាក់​ចូល​ក្នុង​ទីផ្សារ​។

លោកស្រី អាន សុធីតា នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា កំណើន​តិចតួច​នេះ​ដោយសារ​ទីផ្សារ​អគារ​ការិយាល័យ​ជួល​នៅពេល​នេះ​ក៏​កំពុង​ឈាន​ទៅ​រក​ភាពឆ្អែត​។

លោកស្រី សុធី​តា មាន​ប្រសាសន៍​ថា​៖ «​ការកើនឡើង​នេះ​ដោយសារ​តែ​កំណើន​ក្រុមហ៊ុន​ក្នុង​ស្រុក​កំណើន​វិនិយោគ​ផ្ទាល់​ពី​បរទេស និង​ការផ្លាស់ប្តូរ​ឥរិយាបថ​របស់​បុគ្គល​ពី​ជួល​ផ្ទះ ឬ​វីឡា​ទៅ​ជួល​អគារ​ការិយាល័យ​»​។

បច្ចុប្បន្ន​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​អគារ​ការិយាល័យ​កម្រិត A ចំនួន​ ១៦ ​ភាគរយ កម្រិត B ២០ ​ភាគរយ និង​កម្រិត C ៦៤ ​ភាគរយ​។ នេះ​បើ​យោង​តាម​លោកស្រី អាន សុធីតា​។

ការិយាល័យ​កម្រិត A មាន​តម្លៃ​ជួល​ចន្លោះ​ពី​ ២៨ ទៅ ៣៨ ​ដុល្លារ​ក្នុង​ ១ ​ម៉ែត្រការ៉េ ការិយាល័យ​កម្រិត B តម្លៃ​ពី​ ១៨ ទៅ ២៨ ​ដុល្លារ និង​កម្រិត C តម្លៃ​ពី​ ១០ ​ទៅ​ ១៨ ​ដុល្លារ​។ តម្លៃ​នេះ​មិន​មាន​ការប្រែប្រួល​នោះ​ទេ​បើ​ធៀប​នឹង​រយៈពេល​ជាង​ ៣ ​ឆ្នាំ​មក​នេះ​។

លោក ណុប យឿន ប្រធាន​គ្រប់គ្រង​អគារ​ការិយាល័យ​ជួល City Tower ដែល​ផ្គត់ផ្គង់​ការិយាល័យ​កម្រិត B បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន City Tower បាន​ជួល​ទីតាំង​ការិយាល័យ​បាន​ ៥០ ​ភាគរយ​ហើយ​ក្នុង​ទំហំ​សរុប ៥ ០០០ ​ម៉ែត្រការ៉េ ដោយ​មិន​មាន​ការជួល​ថ្មី​ទេ​នៅ​ត្រីមាស​ទី​ ២ ​នេះ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​គិត​ថា អត្រា​ប្រើប្រាស់​អគារ​ការិយាល័យ​របស់​ខ្ញុំ​នឹង​មិន​កើន​ច្រើន​ទៀត​ទេ​ក្នុង​ឆ្នាំ​នេះ ព្រោះ​បច្ចុប្បន្ន​មាន​ការិយាល័យ​ជាច្រើន​កំពុង​ដាក់​ជួល​លើ​ទីផ្សារ​»​។

យោង​តាម CBRE Cambodia នៅ​ដំណាច់​ឆ្នាំ​ ២០១៨ គេ​រំពឹង​ថា​នឹង​មាន​អគារ​ការិយាល័យ​ថ្មី​ចំនួន​ ៥ ​ទៀត​ដាក់​ចូល​ក្នុង​ទីផ្សារ ដែល​នឹង​ធ្វើឲ្យ​ទំហំ​អគារ​ការិយាល័យ​សរុប​នឹង​កើន​ដល់​ជិត ៤០០ ០០០ ម៉ែត្រការ៉េ​។ ទាក់ទង​នឹង​កំណើន​នេះ​លោកស្រី សុធីតា បាន​បញ្ជាក់​ថា​អត្រា​នៃ​ការជួល​ទីតាំង​អគារ​ការិយាល័យ​អាច​នឹង​ធ្លាក់​ចុះ​វិញ​នៅ​ឆ្នាំ​ ២០១៩​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ ៦ ​ខែ ឆ្នាំ​ ២០១៨ សមត្ថកិច្ច​ក្រសួង និង​រាជធានី ខេត្ត បាន​ផ្ដល់​លិខិត​អនុញ្ញាត​សាងសង់​បាន​ចំនួន ១ ៦៤៣ ​គម្រោង​លើ​ផ្ទៃក្រឡា​សំណង់​សរុប ៥,៣៥ ​លាន​ម៉ែត្រការ៉េ និង​មាន​តម្លៃ​ប៉ាន់ស្មាន​ប្រមាណ ២,១៥ ពាន់​លាន​ដុល្លារ​អាមេរិក​៕