ភ្នំពេញៈ និន្នាការ​នៃ​ការ​ជួល​អគារ​ធំៗ​​ដើម្បី​យក​ទៅ​ជួល​បន្ត​ពី​សំណាក់​អ្នក​វិនិយោគ​កំពុង​កើន​​ឡើង​ជា​បន្តបន្ទាប់​នៅ​ក្នុង​ទីផ្សារ​អចលន​ទ្រព្យ​​កម្ពុជា​នា​ពេល​បច្ចុប្បន្ន ខណៈ​​ក្រុម​អ្នក​ជំនាញ​អះអាង​ថា ជា​​វិធីសាស្រ្ត​ល្អ​ ដែល​កំពុង​រួម​ចំណែក​ក្នុង​ការ​ទ្រទ្រង់​ដល់​កំណើន​ទីផ្សារ​អចលន​ទ្រព្យ​​​កម្ពុជា​។​

អ្នក​​នៅ​ក្នុង​វិស័យ​អចលន​ទ្រព្យ​បាន​ឲ្យ​ដឹង​ថា ខណៈ​មិន​មាន​ការ​​ចងក្រង​ទិន្នន័យ​ពី​ការ​ជួល​អគារ​បន្ត ប៉ុន្តែ​គេ​បាន​កត់​សម្គាល់​​ថា​សកម្មភាព​នេះ​បាន​កើន​ឡើង​​ច្រើន​នៅ​ក្នុង​រយៈ​ពេល​ជាង ​២ ​ឆ្នាំ​ចុង​ក្រោយ​នេះ។​

លោក សន សៀប អគ្គនាយក​​ក្រុមហ៊ុន​ ឃី រៀល​​អ៊ីស្ទេត បាន​ឲ្យ​ដឹង​​ថា និន្នាការ​​បែប​នេះ​បាន​កើត​មាន​នៅ​កម្ពុជា​ជា​យូរ​មក​ហើយ​​គ្រាន់​តែ​វា​មិន​សូវ​មាន​ច្រើន​ដូច​ពេល​នេះ​។ ការ​មក​ដល់​នៃ​ជនជាតិ​ចិន​ បាន​ធ្វើ​ឲ្យ​ទីផ្សារ​នេះ​មាន​ភាព​រស់​រវើក​យ៉ាង​ខ្លាំង​ពិសេស​នៅ​ក្រុង​ព្រះ​សីហនុ និង​រាជធានី​ភ្នំពេញ​។ ​លោក​បន្ត​ថា ជនជាតិ​ចិន​មាន​ទម្លាប់​រស់​នៅ​បែប​ប្រមូល​ផ្តុំ​គ្នា​ ដែល​មាន​ហាង​ទំនិញ ហាង​ម្ហូប​អាហារ និង​កន្លែង​កម្សាន្ត​​ដទៃ​ទៀត​បែប​ជនជាតិ​ចិន​​។

លោក​បន្ត​ថា៖ ​«​នេះ​ជា​ហេតុផល​​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ ពិសេស​ជនជាតិ​ចិន​ចូលចិត្ត​ជួល​​អគារ​ទាំង​មូល​យក​ទៅ​​រៀបចំ​ជា​របៀប​​ចិន​ ដើម្បី​ដាក់​ជួល​បន្ត​ឲ្យ​ជនជាតិ​របស់​ពួក​គេ​​​​បាន​​រស់​នៅ​ជិតៗ​គ្នា»។​

នៅ​ពេល​សួរ​ថា តើ​ការ​​ជួល​អគារ​ធំៗ​ទៅ​​​ជួល​បន្ត​បែប​នេះ​​បាន​ផ្តល់​ផល​វិជ្ជមាន និង​អវិជ្ជមាន​បែប​ណា​ចំពោះ​សេដ្ឋកិច្ច​​ជាតិ​កម្ពុជា លោក សន សៀប និយាយ​​ថា៖​ ​«​គ្រប់​ការ​វិនិយោគ គឺ​សុទ្ធ​តែ​ផ្តល់​នូវ​ភាព​វិជ្ជមាន​សម្រាប់​​សេដ្ឋកិច្ច»​។

លោក​ពន្យល់​ថា ប្រសិន​បើ​អគារ​មួយ​ត្រូវ​គេ​ទុក​ចោល វា​នឹង​​គ្មាន​ប្រយោជន៍​អ្វី​​នោះ​ទេ។ លោក​​បាន​បញ្ជាក់​ថា៖​​ «​ការ​ទុក​​​អគារ​​នៅ​ទំនេរ​ចោល ឬ​ប្រើប្រាស់​មិន​អស់​សក្តានុពល មិន​អាច​ធ្វើ​ឲ្យ​មាន​ផល​ចំណេញ​ជា​អតិបរមា សម្រាប់​​វិស័យ​សេដ្ឋកិច្ច​ឡើយ​»។

លោក​បញ្ជាក់​ថា ការ​​​ជួល​អគារ​ឲ្យ​គេ​យក​ទៅ​វិនិយោគ​បន្ត នឹង​​ផ្តល់​​ផល​វិជ្ជមាន​ជា​ច្រើន​ដូច​ជា រដ្ឋាភិបាល​អាច​ទទួល​បាន​ចំណូល​ពី​ការ​បង់​ពន្ធ​ បង្កើត​​ឱកាស​ការងារ​ថ្មីៗ និង​ទទួល​បាន​បទ​ពិសោធ​ថ្មីៗ​ជា​ច្រើន​ទៀត​​។​​

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលន​ទ្រព្យ​ ឡាក់គី រៀលធី លោក ឌឹត ចណ្ណា បាន​ឲ្យ​ដឹង​ថា ប្រភេទ​នៃ​ការ​វិនិយោគ​បែប​នេះ​អាច​និយាយ​ថា ​ថ្មី​​សម្រាប់​ប្រទេស ​កម្ពុជា យើង តែ​សម្រាប់​ប្រទេស​​ជិត​ខាង​ និន្នាការ​បែប​នេះ​បាន​កើត​មាន​ជា​យូរ​​មក​ហើយ​។ និន្នាការ​នេះ​កើត​ឡើង​ច្រើន​នៅ​ពេល​ការ​មក​ដល់​របស់​ជនជាតិ​ចិន ពិសេស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។​

លោក​និយាយ​ថា​៖​​ «​​នៅ​ពេល​​មាន​គេ​ទិញ ឬ​ជួល​ទៅ​វិនិយោគ​បន្ត​នោះ​វា​ធ្វើ​ឲ្យ​ទីផ្សារ​អចលន​ទ្រព្យ​កាន់​តែ​ល្អ​បង្កើន​ការងារ​ដែល​តាម​​ទ្រឹស្តី​សេដ្ឋកិច្ច​គឺ​ល្អ​ណាស់​ ពី​ព្រោះ​ធ្វើ​ឲ្យ​​មាន​លំហូរ​ចរន្ត​សាច់​ប្រាក់»​។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន Emerging Markets Consulting​ (EMC)​ បាន​និយាយ​​​ថា​ គ្រប់​ការ​វិនិយោគ​ទោះ​បី​ក្នុង​រូប​ភាព​ណា​ក៏​ដោយ គឺ​សុទ្ធ​តែ​ផល​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ គ្រាន់​តែ​ដើម្បី​ឲ្យ​ការ​វិនិយោគ​នោះ​អាច​ដំណើរការ​ទៅ​មុខ​ដោយ​រលូន និង​មាន​ភាព​យូរ​អង្វែង​​ រាជ​រដ្ឋាភិបាល​ត្រូវ​តែ​រៀបចំ​​ច្បាប់​គ្រប់គ្រង​​ឲ្យ​បាន​ល្អ​។ លោក​បាន​បន្ត​ថា កម្ពុជា​ជា​ប្រទេស​ទីផ្សារ​សេរី ហេតុ​នេះ​ឱកាស​វិនិយោគ​គឺ​មាន​ច្រើន​ណាស់​។​

លោក​អះអាង​ថា៖​ «​វា​អាច​នឹង​មាន​បញ្ហា​ច្រើន​ផង​ដែរ​ប្រសិន​បើ​យើង​រៀបចំ​មិន​បាន​​ល្អ ពិសេស​ទាក់ទង​នឹង​ច្បាប់​កិច្ចសន្យា»​។

លោក​លើក​ឡើង​ថា អ្នក​វិនិយោគ​ខ្លះ​​គាត់​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ការ​សាងសង់ តែ​គាត់​មិន​សូវ​មាន​សមត្ថភាព​​​ និង​បទ​ពិសោធ​ក្នុង​ការ​អភិវឌ្ឍ​សេវាកម្ម និង​គ្រប់គ្រង ហេតុ​នេះ​​បើ​គាត់​ជួល​បន្ត​ទៅ​ឲ្យ​អ្នក​ដែល​មាន​​សមត្ថភាព​​គ្រប់គ្រង និង​មាន​បណ្តាញ​អតិថិជន​ច្រើន​នោះ វា​នឹង​ជួយ​​ឲ្យ​ភាគី​ទាំង ​២ ទទួល​បាន​នូវ​ប្រាក់​ចំណូល​ខ្ពស់​​ដូច​គ្នា​។​

លោក​បញ្ជាក់​ថា៖​ «​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កម្រិត​នៃ​ការ​ប្រើប្រាស់​អគារ​​​មាន​ច្រើន​ដែល​អាច​ធ្វើ​ឲ្យ​ម្ចាស់​អគារ​និង​​អ្នក​វិនិយោគ​បាន​ចំណេញ​​ប្រាក់​ដូច​​គ្នា​»​។

របាយការណ៍​​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ ​២០១៨ កម្ពុជា​​បាន​ផ្តល់​ការ​អនុញ្ញាត​លើ​គម្រោង​​សាងសង់​​សរុប​ចំនួន ​២ ៨៦៧ ​​គម្រោង ដែល​មាន​​តម្លៃ​ប្រមាណ ៥ ២២៨ លាន​ដុល្លារ​ធ្លាក់ចុះ ​១៨,៦៦​ ភាគរយ​បើ​ធៀប​​ទៅ​នឹង​ឆ្នាំ ​២០១៧ ដែល​មាន​​ចំនួន​ ៦ ៤២៨ ​​លាន​ដុល្លារ។ របាយការណ៍​បាន​បង្ហាញ​ទៀត​ថា ចំនួន​គម្រោង​វិនិយោគ​ដែល​បាន​អនុម័ត​កាល​ពី​ឆ្នាំ ​២០១៧ មាន​ចំនួន​សរុប​ ៣ ០៥២​​ គម្រោង៕​ LA