The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការដាក់​ពាក្យ​ស្នើ​កម្ចី​ទិញ​ផ្ទះ​ធ្លាក់ចុះ តែ​វិស័យ​ឯកជន​ថា វិស័យ​ផ្ទះសំបែង​នៅតែ​រឹងមាំ

ការដាក់​ពាក្យ​ស្នើ​កម្ចី​ទិញ​ផ្ទះ​ធ្លាក់ចុះ តែ​វិស័យ​ឯកជន​ថា វិស័យ​ផ្ទះសំបែង​នៅតែ​រឹងមាំ

Content image - Phnom Penh Post
គម្រាងផ្ទះល្វែងមួយកន្លែង នៅរាជធានីភ្នំពេញ។ ហ្វេសប៊ុក

ការដាក់​ពាក្យ​ស្នើ​កម្ចី​ទិញ​ផ្ទះ​ធ្លាក់ចុះ តែ​វិស័យ​ឯកជន​ថា វិស័យ​ផ្ទះសំបែង​នៅតែ​រឹងមាំ

ភ្នំពេញ: បើ​ទោះបី​របាយការណ៍​របស់​ការិយាល័យ​ឥណទាន​កម្ពុជា (CBC) បាន​បង្ហាញថា ការដាក់​ពាក្យស្នើសុំ​កម្ចី​ទិញ​ផ្ទះ​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០១៩ ​នេះ​បាន​ធ្លាក់ចុះ​ជិត​ ៤០ ភាគរយ​ក៏ដោយ ក៏​វិស័យ​ឯកជន​បាន​ឲ្យ​ដឹងថា ការធ្លាក់ចុះ​នេះ​មិន​ឆ្លុះបញ្ចាំង​ពី​ភាពអវិជ្ជមាន​នៃ​វិស័យ​លំនៅឋាន​នោះទេ​។

របាយការណ៍ CBC ចេញ​ផ្សាយ​កាលពី​សប្តាហ៍​មុន​បាន​បង្ហាញថា ការដាក់​ពាក្យ​ស្នើសុំ​កម្ចី​ទិញ​ផ្ទះ​នៅ​ត្រីមាស​ទី​ ២ ​ឆ្នាំ​នេះ​បាន​ធ្លាក់ចុះ ៣៦ ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ១ ​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក ហួត អ៊ាងតុង ប្រធាន និង​នាយក​គ្រប់គ្រង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា​កសិករ​លីមីតធីត ដែល​បោះ​លក់​មូលបត្រ​បំណុល​ក្នុង​ផ្សារហ៊ុន​កម្ពុជា​បាន​ឲ្យ​ដឹងថា កម្ចី​ទិញ​ផ្ទះ​នៅ​ក្រុមហ៊ុន​របស់​លោក​នៅតែ​មាន​ការកើនឡើង​។ ​លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិនទាន់​មើល​ឃើញ​ថា ការដាក់​ពាក្យ​ស្នើ​កម្ចី​ទិញ​ផ្ទះ​មាន​ការធ្លាក់ចុះ​នោះ​ទេ តួលេខ​យើង​នៅតែ​មាន​ការកើនឡើង​សម្រាប់​កម្ចី​ទិញ​ផ្ទះ​»​។

លោក​បន្ថែម​ថា​ប្រជាពលរដ្ឋ​នៅតែ​មាន​តម្រូវការ​កម្ចី​ទិញ​ផ្ទះ ហើយ​មិនទាន់​មាន​សញ្ញា​អវិជ្ជមាន​ណាមួយ​បង្ហាញថា វិស័យ​អចលនទ្រព្យ​មាន​ហានិភ័យ​នោះទេ​។ លោក​បាន​បន្ត​​ថា​៖ «​ខ្ញុំ​គិតថា វិស័យ​នេះ​នៅតែ​មាន​កំណើន​ល្អ​គួរសម​ព្រោះ​ពលរដ្ឋ​នៅមាន​ចំណូល​ល្អ ការរកស៊ី​ទទួលទាន​ល្អ ជារួម​សេដ្ឋកិច្ច​យើង​នៅតែ​រក្សា​ស្ថិរភាព​បានល្អ​»​។

លោក ទូច ចៅចេក នាយក​ប្រតិបត្តិ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ការដាក់​ពាក្យ​កម្ចី​ទិញ​ផ្ទះ​ក៏មាន​ការកើនឡើង​ប្រមាណ​ ២៩ ​ភាគរយ​នៅ​ត្រីមាស​ទី​ ២ ​នេះ​ដោយ​កើន​ពី ៨០១ ​នាក់ ដល់ ១ ០៣៦ ​នាក់ បើ​ធៀប​នឹង​ត្រីមាស​មុន​។ ចំណែក​បរិមាណ​កម្ចី​កើនឡើង​ពី ៣០ ​លាន​ដុល្លារ​ដល់ ៣៩ ​លាន​ដុល្លារ​។

លោក​បន្ត​ថា​៖ «​ខ្ញុំ​យល់​ថា វា​មិន​​ប៉ះពាល់​ដល់​វិស័យ​អចលនទ្រព្យ​ទេ ព្រោះ​កម្ចី​ទិញ​ផ្ទះ​នៅ​ធនាគារ​យើង​មាន​ការកើនឡើង​ជាធម្មតា​»​។

ទោះបី​យ៉ាងនេះ​ក្តី លោក​មិន​ជំទាស់​នឹង​របាយការណ៍​របស់ CBC ខណៈ​យល់ឃើញ​ថា ការរកឃើញ​នេះ​អាច​បណ្តាល​មកពី​និន្នាការ​តាម​រដូវកាល​ប៉ុណ្ណោះ​។ លោក​ថ្លែង​ថា​៖ «​ថ្ងៃ​ឈប់​សម្រាក​ច្រើន ដូច្នេះ​អ្នក​ចង់​ដាក់ពាក្យ​ស្នើសុំ​កម្ចី​អាច​មិនមាន​ច្រើន​»​។

របាយការណ៍ CBC បាន​បង្ហាញ​ថា ទំហំ​កម្ចី​សម្រាប់​ការប្រើប្រាស់​ផ្ទាល់ខ្លួន​សរុប​នៅ​កម្ពុជា​បាន​បន្ត​កើនឡើង​ដល់ ៧,១៦ ​ពាន់​លាន​ដុល្លារ​នៅ​ចុង​ខែ​មិថុនា​ឆ្នាំនេះ​។ របាយការណ៍​មិនបាន​បង្ហាញ​ទំហំ​កម្ចី​ទិញ​ផ្ទះ​ទេ ប៉ុន្តែ​គិត​ត្រឹម​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៩ កម្ចី​ទិញ​ផ្ទះ​មាន​ជាង ៣ ​ពាន់​លាន​ដុល្លារ ខណៈ​គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០១៨ កម្ចី​ទិញ​ផ្ទះ​មាន​ជាង​ ២,៥០ ​ពាន់​លាន​ដុល្លារ​។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បាន​ឲ្យ​ដឹងថា ជុំវិញ​ការដាក់​ពាក្យស្នើសុំ​កម្ចី​ទិញ​ផ្ទះ​បាន​ធ្លាក់ចុះ​នេះ​អាច​ឆ្លុះបញ្ចាំង​ពី​ភាព​ប្រកួតប្រជែង​ខ្លាំង​នៅក្នុង​វិស័យ​ធនាគារ ខណៈ​បញ្ហា​លំនៅឋាន​មាន​តម្លៃ​ខ្ពស់​ក៏​អាច​នាំ​ឲ្យ​ការដាក់​ពាក្យ​ស្នើសុំ​ធ្លាក់ចុះ​ផងដែរ​។ លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មើលឃើញ ការផ្គត់ផ្គង់​លំនៅឋាន​នៅតែ​មាន​កំណើន​ជាធម្មតា ប៉ុន្តែ​តម្លៃ​ផ្ទះ​ឡើង​ខ្ពស់​ជា​រៀងរាល់​ឆ្នាំ​គឺជា​បញ្ហា​នាំ​ឲ្យ​អ្នក​ចង់​ខ្ចីប្រាក់​ពី​ធនាគារ​គ្មាន​លទ្ធភាព ខណៈ​ចំណូល​ពួកគេ​នៅ​ដដែល​»​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​(CVEA) បាន​ឲ្យ​ដឹងថា ការលក់​ផ្ទះល្វែង​នៅក្នុង​បុរី​មានការ​កើនឡើង ប៉ុន្តែ​ភាគច្រើន​ទិញ​សម្រាប់​វិនិយោគ​។ លោក​ថ្លែងថា​៖ «​អ្នកទិញ​ផ្ទះ​សម្រាប់​វិនិយោគ​ច្រើនជាង​អ្នកទិញ​ផ្ទះ​សម្រាប់​រស់នៅ​។ មូលហេតុ​ស្ថានភាព​ស្ថិរភាព​នយោបាយ សេដ្ឋកិច្ច និង​កំណើន​ផ្ទះ​ធៀប​នឹង​ចំនួន​មនុស្ស​នៅ​តិច​នៅឡើយ ដូច្នេះ​លំនៅឋាន​នៅមាន​តម្រូវការ​ខ្ពស់​»៕LA

អត្ថបទគួរចាប់អារម្មណ៍