
ស្លាកបង្ហាញពីទីតាំងដីសម្រាប់លក់ ១ កន្លែងក្នុងរាជធានីភ្នំពេញ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ ការប្រើប្រាស់សេវាកម្មទិញ លក់ ឬជួលអចលនទ្រព្យនៅកម្ពុជាតាមរយៈភ្នាក់ងារ ឬក្រុមហ៊ុនដែលចុះបញ្ជីបានកើនឡើងគួរឲ្យកត់សម្គាល់ ហើយអ្នកនៅក្នុងវិស័យនេះរំពឹងថា ការប្រើប្រាស់សេវាកម្មនេះនឹងបន្តកើនឡើងច្រើននៅឆ្នាំ ២០១៩។ នេះបើតាមការអះអាងរបស់អ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាកាលពីថ្ងៃម្សិលមិញ។
លោក គីម ហ៊ាង ប្រធានសមាគម-អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា ខណៈវិស័យអចលនទ្រព្យមានការរីកចម្រើននិន្នាការនៃការប្រើប្រាស់សេវាផ្លូវការពីភ្នាក់ងារបានកើនឡើង។
លោកមានប្រសាសន៍ថា៖ «សព្វថ្ងៃនេះមានភ្ញៀវជនជាតិខ្មែរទាំងអ្នកទិញ លក់ ឬជួល មានទំនោរកាន់តែច្រើនក្នុងការស្វែងរកភ្នាក់ងារ ឬក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណឲ្យជួយធ្វើការរបស់ខ្លួន»។
លោកប្រាប់ទៀតថាការទទួលយកសេវាកម្មពីអ្នកជំនាញធ្វើឲ្យមានភាពច្បាស់លាស់ ចំណាយថវិកាតិច និងចំណេញពេលវេលាច្រើន។ លោកបន្តថា៖ «វាខុសពីមុនដែលប្រជាជន ឬអ្នកទិញ លក់ ធ្វើការជួញដូរដោយខ្លួនឯង ឬជួលតាមរយៈឈ្មួញកណ្តាលក្រៅផ្លូវការ ប៉ុន្តែពេលនេះភាគច្រើនគេធ្វើតាមរយៈអ្នកជំនាញវិញ»។
ទោះបីជាយ៉ាងនេះក្តីសមាគមនេះមិនមានទិន្នន័យផ្លូវការពីកំណើននៃការប្រើប្រាស់សេវាកម្មទិញ លក់ ឬជួល តាមរយៈភ្នាក់ងារ ឬក្រុមហ៊ុនដែលចុះបញ្ជីនោះទេ។
លោក គីម ហ៊ាង បានឲ្យដឹងទៀតថា៖ «ប៉ុន្តែបើតាមការសង្កេតមើលជាទូទៅ ការប្រើសេវាកម្មនេះក្នុងឆមាសទី ១ ឆ្នាំ ២០១៨ អាចកើនឡើងចន្លោះពី ១០-២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។ លោកបានព្យាករថា ការប្រើប្រាស់សេវាផ្លូវការនេះនឹងកើនឡើងច្រើនបន្ថែមទៀតនៅឆ្នាំ ២០១៩។
លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century21 Dream Property ដែលទើបបានទទួលពានរង្វាន់ជាក្រុមហ៊ុនលក់បានច្រើនជាងគេនៅកម្ពុជាពីក្រុមហ៊ុន Century 21 Real Estate LLC US របស់អាមេរិកបានឲ្យដឹងថា ក្រុមហ៊ុនរបស់លោកទទួលបានកំណើននៃការប្រើប្រាស់សេវាទិញ លក់ ឬ ជួលប្រហែល ៤០ ភាគរយបើធៀបនឹងឆ្នាំមុន។
លោកបានបញ្ជាក់ថា៖ «ការទទួលយកសេវាកម្មពីភ្នាក់ងារ ឬក្រុមហ៊ុនដែលមានជំនាញអាចធ្វើឲ្យអតិថិជនចំណេញពេល ទទួលបានតម្លៃសមរម្យ និងទីតាំងល្អ តាមរយៈការប្រឹក្សាយោបល់ពីអ្នកជំនាញ»។
របាយការណ៍ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៧ កន្លងមកក្រសួងទទួលបានចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យ តាមរយៈអគ្គនាយកដ្ឋានពន្ធដារបានចំនួនប្រហែល ៧៨ លានដុល្លារ៕LA