
សកម្មភាពនៃការសាងសង់ផ្ទះល្វែងនៅក្នុងទីក្រុងភ្នំពេញកន្លងមក។ ហុង មិនា
ភ្នំពេញៈ ការទិញលក់អចលនទ្រព្យនៅតែបន្តក្នុងភាពរឹងមាំ ហើយហាក់មិនបារម្ភពីស្ថានភាពទាំងមុន និងក្រោយការបោះឆ្នោតដែលចម្រូងចម្រាស និងរងការរិះគន់ពីអន្តរជាតិនោះទេស្របពេលការគំរាមពីលទ្ធភាពទណ្ឌកម្មក៏នៅតែបន្តធ្លាក់មក ខណៈការបោះឆ្នោតកាន់តែខិតជិតចូលមកដល់។ «ពួកគេមិនយកបញ្ហានយោបាយមកធ្វើជារឿងចម្បងដូចពេលមុនទៀតទេ ដូច្នេះនឹងមិនកើតមានភាពអសកម្មក្នុងសង្គមដែលនាំឲ្យសកម្មភាពសេដ្ឋកិច្ចត្រូវជាប់គាំងទៀតឡើយ»។ នេះបើតាមលោក ម៉ោង ម៉ាតាំង ដែលកំពុងវិនិយោគលើគម្រោងពុះដីឡូត៍លក់ ១ កន្លែងស្ថិតក្នុងឃុំជើងរាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
លោក ម៉ាតាំង បាននិយាយថា បើទោះបីជានៅសល់រយៈពេលមិនដល់ ២ ខែទៀតការបោះឆ្នោតថ្នាក់ជាតិនឹងចូលមកដល់ក៏ដោយ ក៏សកម្មភាពនៃការលក់ដីឡូត៍របស់លោកមិនបានធ្លាក់ចុះនោះទេ។
លោកថ្លែងថា៖ «ខ្ញុំយល់ថាបច្ចុប្បន្ននេះប្រជាជនខ្មែរមានការយល់ដឹងច្រើនពីការបោះឆ្នោតដោយពួកគាត់មិនសូវមានការព្រួយបារម្ភពីរឿងនេះទេ។ ខ្ញុំគិតថាប្រជាជនខ្មែរមិនបានយកចិត្តរបស់ពួកគេទៅដាក់ក្នុងនយោបាយខ្លាំងទៀតទេ តែពួកគាត់បានយកនយោបាយទៅដាក់ក្នុងចិត្តវិញ ដូច្នេះខ្ញុំគិតថានឹងមិនមានបញ្ហាអ្វីរាំងស្ទះដល់ការទិញលក់ដីធ្លី ឬអចលនទ្រព្យនោះឡើយ»។
មិនមែនតែគម្រោងទិញ-លក់ដីទេ សូម្បីគម្រោងអភិវឌ្ឍន៍លំនៅឋាន និងការទិញ-លក់ក៏មិនបានបង្ហាញពីសញ្ញាបារម្ភណាមួយដោយសារតែការបោះឆ្នោតដែរ។
លោក ឡាយ ណារឿន ជំនួយការម្ចាស់គម្រោងអភិវឌ្ឍន៍លំនៅឋាន The River Center City ដែលជាគម្រោងសម្រាប់ផ្ទះអាជីវកម្មឲ្យដឹងថា គម្រោងរបស់ខ្លួនកំពុងដំណើរការទៅមុខជាធម្មតា។
លោក ឡាយ ណារឿន ថ្លែងថា៖ «បើធ្វើការប្រៀបធៀបការលក់នាពេលនេះជាមួយនឹងមុនពេលបោះឆ្នោតជាតិឆ្នាំ ២០១៣ ខ្ញុំយល់ថាការលក់នាពេលនេះមានភាពល្អប្រសើរជាង ព្រោះនៅអំឡុងមុន និងក្រោយការបោះឆ្នោតជាតិឆ្នាំ ២០១៣ ការលក់មានការធ្លាក់ចុះច្រើនដោយនៅពេលនោះប្រជាជនមិនចង់បញ្ចេញប្រាក់យកទៅទិញអ្វីនោះទេ»។
បច្ចុប្បន្នក្រុមហ៊ុនបានលក់លំនៅឋានរបស់ខ្លួនបានជាង ៨០ ភាគរយ។ លោកបន្តថា៖ «ចំពោះអតិថិជនដែលមកទិញលំនៅឋានក្នុងគម្រោងនេះ ពួកគាត់មិនបានសម្តែងនូវការព្រួយបារម្ភអ្វីនោះទេទាក់ទងនឹងការបោះឆ្នោតជាតិនាពេលខាងមុខ»។
The River Center City ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Tang Kung Group ក្រោមទុនវិនិយោគជាង ១០០ លានដុល្លារលើផ្ទៃដីទំហំជាង ១៥ ០០០ ម៉ែត្រការ៉េនាមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល។ គម្រោងនេះរួមមានផ្ទះពាណិជ្ជកម្ម ផ្សារទំនើប និងខុនដូកម្ពស់ ២៧ ជាន់ចំនួន ២ អគារ។
សម្រាប់អ្នករកស៊ីផ្សេងទៀតបានចាត់ទុកឱកាសនេះជាពេលវេលាសម្រាប់ការចំណេញនៅពេលខាងមុខ។
លោក ជាតិ សម្បត្តិ ដែលប្រកបរបរទិញ-លក់រថយន្ត និងតែងឆ្លៀតពេលទំនេរទិញ-លក់ដីធ្លីផងដែរនោះបាននិយាយថា ពេលខ្លះហានិភ័យគឺជាឱកាសទៅវិញ។ លោកថ្លែងថា៖ «គេមិនហ៊ាន ខ្ញុំហ៊ាន។ នេះជាឱកាសល្អសម្រាប់ខ្ញុំក្នុងការទិញបានកន្លែងល្អ និងមានតម្លៃសមរម្យ»។ លោក សម្បត្តិ បានកត់សម្គាល់ឃើញថាតម្លៃដីធ្លីនៅពេលនេះមិនបានធ្លាក់ចុះនោះទេ បើធៀបនឹងដើមឆ្នាំ។
ខណៈការបោះឆ្នោតកាន់តែខិតជិតមកដល់គេក៏សង្កេតឃើញមានគម្រោងធំៗជាច្រើនបានប្រកាសពីការចាប់ផ្តើមរបស់ខ្លួនផងដែរដូចជា The Palm,Yuetai The Garden និង Royal One ជាដើម។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ឲ្យដឹងថា ក្នុងឆ្នាំ ២០១៧ កន្លងមកក្រសួងទទួលបានចំណូលពីពន្ធលើការផ្ទេរអចលនទ្រព្យតាមរយៈអង្គភាពពន្ធដារចំនួនប្រហែល ៧៨ លានដុល្លារ។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បាននិយាយថា ជារឿងដ៏ចម្លែកសម្រាប់រូបលោកដែលបានចូលប្រឡូកក្នុងវិស័យនេះរយៈពេលជាង ២ ទសវត្សរ៍កន្លងមកព្រោះលោកតែងសង្កេតឃើញថា សកម្មភាពក្នុងវិស័យអចលនទ្រព្យតែងតែស្ងប់ស្ងាត់ ឬលក់មិនចេញតែម្តងពេលការបោះឆ្នោតជាតិជិតឈានចូលមកដល់ តែពេលនេះអ្វីៗបែរជាប្រែប្រួលទាំងស្រុង។
លោកបានថ្លែងថា៖ «ពីមុនមកឲ្យតែជិតដល់បោះឆ្នោតការទិញ-លក់ដីធ្លីត្រូវជាប់គាំងទាំងស្រុង ហើយតម្លៃត្រូវធ្លាក់ចុះទៀតផងតែពេលនេះអ្វីៗមិនដូចពេលមុនទៀតទេ។ សព្វថ្ងៃនេះមានតម្លៃដីបានកើនឡើងជាបន្តបន្ទាប់ ហើយខ្ញុំមិនអាចរកដីសម្រាប់លក់ឲ្យអតិថិជនទៀតផង។ វាពិតជាចម្លែក! សូម្បីតែខ្ញុំក៏មិនអាចវិភាគចេញដែរ»។
លោកអះអាងថា៖ «ខ្ញុំគិតថា វិស័យនេះនឹងវិវឌ្ឍទៅមុខដោយរលូន តែខ្ញុំមិនអាចវាយតម្លៃថាវានឹងកើនឡើងកម្រិតប៉ុន្មានភាគរយបើធៀបនឹងពេលនេះណាស់»៕LA