
លោកស្រី ហ្គ្រែស រចនីហ្វុង ថ្លែងក្នុងពិធីសន្និបាតរបស់ក្រុមហ៊ុន Century 21 Cambodia។ រូបថត ហ៊ឹន ពិសី
ភ្នំពេញៈ សកម្មភាពនៃការទិញ-លក់ផ្ទះតាមរយៈក្រុមហ៊ុនអន្តរការីអចលនទ្រព្យ Century 21 Cambodia ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០១៩ មានកំណើនប្រមាណ ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៨។
ទិន្នន័យដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃអង្គារដើមសប្តាហ៍នេះបានបង្ហាញថា ក្នុងរយៈពេល ១១ ខែ ក្នុងឆ្នាំ ២០១៩ នេះ ក្រុមហ៊ុន Century 21 Cambodia បានធ្វើជាអន្តរការីទិញ-លក់ផ្ទះបានសរុបចំនួន ៥៦៧ ខ្នង ដែលស្មើនឹងកំណើន ១៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះយ៉ាងណាចំនួនទឹកប្រាក់ដែលបានប្រើប្រាស់នៅក្នុងប្រតិបត្តិការទិញលក់នៅក្នុងអំឡុងពេលនេះមិនត្រូវបង្ហាញឲ្យដឹងឡើយ។
ថ្លែងក្នុងឱកាសសន្និបាតប្រចាំឆ្នាំលើកទី ២ នៃគ្រួសារ Century 21 ប្រចាំកម្ពុជាដែលមានការចូលរួមពីអ្នកជំនាញអចលនទ្រព្យជាតិ និងអន្តរជាតិជាង ៧០០ នាក់ កាលពីរាត្រីថ្ងៃចន្ទ លោកស្រី ហ្គ្រែស រចនីហ្វុង អគ្គនាយិកាក្រុមហ៊ុន Century 21 Cambodia បាននិយាយថា សកម្មភាពនៃការទិញ-លក់ផ្ទះ និងអចលនទ្រព្យនៅកម្ពុជាបានបន្តកើនឡើងជាលំដាប់ ហើយបានកើតមាននៅស្ទើរគ្រប់តំបន់ក្នុងប្រទេស។
លោកស្រីបន្តថា ទន្ទឹមនឹងនេះការប្រើប្រាស់សេវាកម្មតាមរយៈក្រុមហ៊ុនអន្តរការីដែលមានជំនាញវិជ្ជាជីវៈក៏បានកើនឡើងផងដែរ ដែលជំរុញឲ្យក្រុមហ៊ុន Century 21 Cambodia គ្រោងនឹងបង្កើតសាខាថ្មីបន្ថែមទៀតនៅឆ្នាំក្រោយ។
ជាមួយនឹងសាខាចំនួន ២៣ នាពេលបច្ចុប្បន្ន លោកស្រី ហ្គ្រែស រចនីហ្វុង បាននិយាយថា៖ «នៅឆ្នាំ ២០២០ យើងនឹងពង្រីកសាខាឲ្យកើនដល់ ៣៨ សាខាដើម្បីគ្របដណ្តប់ខណ្ឌទាំង ១៤ នៅរាជធានីភ្នំពេញ និង ២៤ ខេត្ត ព្រោះតម្រូវការទិញលក់អចលនទ្រព្យល្អៗមានច្រើននៅតាមខេត្តសំខាន់ៗ ដូចជា កំពត កែប ព្រះសីហនុ កំពង់ចាម សៀមរាប បាត់ដំបង និងខេត្តកោះកុង»។
ក្នុងរយៈពេល ៥ ឆ្នាំដែល Century 21 Cambodia បង្ហាញវត្តមាននៅកម្ពុជា បច្ចុប្បន្នក្រុមហ៊ុនមានភ្នាក់ងារជំនាញប្រមាណ ៥០០ នាក់។
សម្រាប់ឆ្នាំ ២០២០ ខាងមុខ លោកស្រីថា៖ «ទីផ្សារអចលនទ្រព្យឆ្នាំ ២០២០ ប្រហែលជាមិនមានបញ្ហាប្រឈមទេ ដូចដែលយើងឃើញមានអ្នកទិញមកពីប្រទេសផ្សេងៗជាច្រើនដូចជា សិង្ហបុរី ជប៉ុន បានចាប់ផ្តើមមកអភិវឌ្ឍខុនដូ និងគម្រោងអភិវឌ្ឍន៍តូច និងមធ្យម»។
លោក Ken Lo នាយកប្រតិបត្តិក្រុមហ៊ុន Century 21 Imperial Realty Co., Ltd បាននិយាយថា កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយ ប្រចាំឆ្នាំនឹងផ្តល់ផលវិជ្ជមានជាច្រើនដល់វិស័យអចលនទ្រព្យនៅកម្ពុជា ស្របពេលកំណើនចំនួនប្រជាជន និងកំណើនគម្រោងវិនិយោគពីក្រៅប្រទេសមកកម្ពុជានឹងបង្កើនតម្រូវការទីតាំងស្នាក់នៅ ទីតាំងអាជីវកម្ម និងទីតាំងសម្រាប់ផលិតកម្ម។
លោកបញ្ជាក់ថា៖ «កំណើនប្រតិបត្តិការនេះបានឆ្លុះបញ្ជាំងថា យើងគឺជាក្រុមហ៊ុនដែលមានវិជ្ជាជីវៈច្បាស់លាស់ និងជាសមាជិកមួយនៃគ្រួសារ Century 21 ដែលល្បីល្បាញជាងគេលើពិភពលោក»។
បច្ចុប្បន្ន Century 21 មានវត្តមានក្នុងប្រទេសចំនួន ៨១ លើពិភពលោក និងមានភ្នាក់ងារប្រហែល ១០០ ០០០ នាក់។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានឲ្យដឹងថា ទន្ទឹមនឹងភាពមមាញឹកនៃការទិញ-លក់ផ្ទះ ការយល់ដឹងពីសារៈសំខាន់នៃការប្រើប្រាស់សេវាកម្មតាមរយៈក្រុមហ៊ុន ឬភ្នាក់ងារដែលមានវិជ្ជាជីវៈត្រឹមត្រូវនៅកម្ពុជាក៏បានកើនឡើងផងដែរ។ លោកបន្ថែមថា នៅពេលដែលការទិញ-លក់ត្រូវបានធ្វើឡើងតាមផ្លូវច្បាប់ត្រឹមត្រូវនោះ វានឹងធ្វើឲ្យការគ្រប់គ្រងកាន់តែមានភាពងាយស្រួល។
លោកមានប្រសាសន៍ថា៖ «តម្រូវការប្រើប្រាស់សេវាកម្មដែលមានវិជ្ជាជីវៈពីសំណាក់អតិថិជនបានធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាមានដំណើរការទៅមុខកាន់តែល្អ»។
បើតាមលោក សុខនីម តម្រូវការប្រើប្រាស់សេវាកម្មរបស់អ្នកជំនាញបានធ្វើឲ្យក្រុមហ៊ុនដែលជាសមាជិករបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកើនដល់ ១២០ ក្រុមហ៊ុន ខណៈកាលពីឆ្នាំមុនមានប្រមាណ ១០០ ក្រុមហ៊ុនតែប៉ុណ្ណោះ»។
លោក ច្រឹក សុខនីម បានប៉ាន់ប្រមាណថា បច្ចុប្បន្ននៅកម្ពុជាអាចមានភ្នាក់ងារអចលនទ្រព្យប្រមាណ ៣០០០ នាក់៕ LA