ខេត្តព្រះសីហនុៈ សកម្មភាព​នៃ​ការ​ទិញ​លក់ ​និង​តម្លៃ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ​គិត​ត្រឹម​ពាក់​កណ្តាល​ឆ្នាំ​ ២០១៩ ​នេះ​នៅ​តែ​បង្ហាញ​ពី​កំណើន​ ខណៈ​សកម្មភាព​នៃ​ការ​សាងសង់​សំណង់​ធំៗ​កំពុង​ដំណើរការ​។

អ្នក​នៅ​ក្នុង​វិស័យ​អចលនទ្រព្យ​កម្ពុជា​ ធ្លាប់​បាន​ព្យាករ​ថា ​សកម្មភាព​ទិញ​លក់​ និង​តម្លៃ​អចលន​ទ្រព្យ​នៅ​ខេត្ត​ព្រះសីហនុ​នឹង​ចាប់​ផ្តើម​ឆ្អែត​ ឬ​ថមថយ​ពី​ឆ្នាំ ​២០១៩ ​នេះ​ទៅ ​ដោយសារ​តែ​វា​បាន​ផ្ទុះ​ឡើង​ខ្លាំង​រួច​ហើយ​ក្នុង​អំឡុង​ឆ្នាំ ​២០១៧​-​២០១៨​។ ​

លោក ​ឌឹត ​ចណ្ណា ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ​ ឡាក់គី​ រៀលធី​ បាន​ប្រាប់​ថា ​វិស័យ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ​បាន​បន្ត​កំណើន​​កាន់​តែ​ខ្លាំង​ចាប់​តាំង​ពី​ដើម​ឆ្នាំ ​២០១៩ ​មក​ ដោយ​​សកម្មភាព​ទិញ​លក់​ និង​តម្លៃ​ដី​​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ ​លោក​បន្ត​ថា ដោយសារ​តម្រូវ​ការ​ដី​​មាន​ច្រើន​នោះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​កណ្តាល​ក្រុង​​​ ​កើន​ឡើង​ក្នុង​រង្វង់​ជាង ​១០ ​ភាគរយ​​បើ​ធៀប​ទៅ​នឹង​ដំណាច់​ឆ្នាំ ​២០១៨​។

លោក​ថ្លែង​ថា៖​ «ការ​​រីក​ចម្រើន​​នៃ​វិស័យ​អចលនទ្រព្យ​ក្នុង​ក្រុង​ព្រះសីហនុ​នា​ពេល​នេះ​អាច​និយាយ​ថា​មាន​​ភាព​រឹងមាំ ​ព្រោះ​ដី​ភាគ​ច្រើន​ត្រូវ​បាន​​វិនិយោគិន​យក​ទៅ​សាងសង់ ឬ​បើក​​អាជីវកម្ម​ឡើង​ភ្លាមៗ​ ដោយ​គេ​មិន​សូវ​​ឃើញ​មាន​អ្នក​ទិញ​ដី​យក​មក​ទុក​​រង់ចាំ​លក់​បន្ត ​ដើម្បី​យក​ចំណេញ​ទៀត​ទេ​»​។

បច្ចុប្បន្ន​តម្លៃ​ដី​នៅ​កន្លែង​ល្អ​បំផុត​ក្នុង​ក្រុង​ព្រះសីហនុ ​មាន​តម្លៃ​ក្នុង​រង្វង់ ៤ ៥០០ ​​ដុល្លារ​ក្នុង ​១ ​ម៉ែត្រ​ការ៉េ ​ចំណែក​តំបន់​ជាយ​ក្រុង​អាច​មាន​តម្លៃ​ក្រោម​ ១ ០០០ ​ដុល្លារ​។ ​នេះ​បើ​យោង​តាម​លោក​ ចណ្ណា​។

កំណើន​នៃ​លំហូរ​ចូល​នៃ​អ្នក​វិនិយោគ​​ចិន ភាព​រឹងមាំ​នៃ​កំណើន​សេដ្ឋកិច្ច ​កំពង់ផែ​សមុទ្រ ​ហេដ្ឋា​រចនា​សម្ព័ន្ធ ​និង​គម្រោង​​​សាងសង់​ផ្លូវ​ល្បឿនលឿន​​ពី​រាជធានី​ភ្នំពេញ​ទៅ​ក្រុង​ព្រះសីហនុ​ លោក​ ចណ្ណា ​រំពឹង​ថា ​វិស័យ​នេះ​នឹង​បន្ត​កើន​ឡើង​ទៀត​​។

លោក ​សន ​សៀប ​អគ្គនាយក​ក្រុមហ៊ុន​​អចលនទ្រព្យ​ ឃី រៀលអ៊ីស្ទេត ​​យល់​ស្រប​នឹង​ការ​លើក​ឡើង​របស់​លោក ឌឹត ​ចណ្ណា ​ដោយ​និយាយ​ថា ​សកម្មភាព​ទិញ​លក់ ​និង​តម្លៃ​ដី​ធ្លី​នៅ​ក្រុង​ព្រះសីហនុ​នៅ​តែ​បន្ត​មាន​កំណើន​។ លោក​​បាន​ថ្លែង​ថា៖ ​«​ឱកាស​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ក្នុង​ក្រុង​ព្រះសីហនុ​នៅ​​តែ​មាន​ច្រើន ​ពិសេស​តំបន់​ជាយ​ក្រុង​​»​។

ទាក់ទង​នឹង​តម្លៃ​ជួល ​លោក​ សន​ សៀប​ បាន​ប្រាប់​ថា ​មិន​សូវ​ប្រែប្រួល​ទេ​ ព្រោះ​អគារ​សម្រាប់​ជួល​ភាគ​ច្រើន​ត្រូវ​បាន​គេ​ជួល​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ​ហើយ​រយៈពេល​នៃ​កិច្ចសន្យា​នោះ​ក៏​មាន​សុពលភាព​យូរ​ដែរ។ ​ទន្ទឹម​​នឹង​នេះ ​អគារ​ថ្មីៗ​ដែល​សាងសង់​រួច​ដាក់​ចូល​ក្នុង​ទីផ្សារ​ក៏​ចាប់​ផ្តើម​មាន​ជា​បណ្តើរៗ​ដែរ​។​

បើ​តាម​លោក ​សន​ សៀប ​បច្ចុប្បន្ន​ផ្ទះ ​១ ​ល្វែង ​ក្នុង​តំបន់​ពាណិជ្ជកម្ម​អាច​មាន​តម្លៃ​ចន្លោះ​ពី​ ៥ ០០០ ​ទៅ ​៨ ០០០ ​ដុល្លារ​ក្នុង ​១ ​ខែ​។​

ទោះបី​យ៉ាង​នេះ​ក្តី ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ ​និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ​លោក ​ច្រឹក ​សុខនីម ​ហាក់​មាន​សុទិដ្ឋិនិយម​ទាប​ជាង​គេ ​ដោយ​លោក​ប្រាប់​ថា ​ដោយសារ​កាល​ពី​ឆ្នាំ​ ២០១៨ ​សកម្មភាព​នៃ​ការ​ទិញ​លក់ ​និង​​តម្លៃ​អចលនទ្រព្យ​នៅ​ក្រុង​ព្រះសីហនុ ​បាន​កើន​ឡើង​ខ្ពស់​រួច​ទៅ​ហើយ​នោះ ​ហេតុ​នេះ​តម្លៃ​មិន​កើនឡើង​លឿន​ទៀត​ទេ​ពេល​នេះ​។​

លោក​បាន​ថ្លែង​ថា៖​ «​នេះ​ជា​ដំណាក់កាល​​​មាន​ការ​សាងសង់​ច្រើន​ ដូច្នេះ​តម្លៃ​ទិញ​លក់​អចលនទ្រព្យ​មិន​សូវ​កើន​ច្រើន​ទេ ​ព្រោះ​តម្លៃ​បាន​កើន​ឡើង​ខ្ពស់​តាំង​ពី​ឆ្នាំ​ ២០១៨ ​មក​ម្ល៉េះ​»​៕​LA