ភ្នំពេញៈ កម្ពុជា​បាន​នាំចូល​គ្រឿងសំណង់​មាន​តម្លៃ​សរុប​ជាង​ ៣១៧ ​លាន​ដុល្លារ​កាលពី​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ដែល​ក្នុងនោះ​សម្ភារ​សំណង់​ទូទៅ មាន​តម្លៃ​រហូត​ដល់​ជាង ២២៦ ​លាន​ដុល្លារ​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​។

ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទើប​ទទួលបាន​បង្ហាញថា ចាប់ពី​ខែមករា​ដល់​ខែ មីនា ឆ្នាំ​ ២០២០ កម្ពុជា​នាំចូល​គ្រឿងសំណង់​ពី​បរទេស​មាន​តម្លៃ​សរុប ៣១៧, ៧៤ ​លាន​ដុល្លារ​ ស្មើ​នឹង​បរិមាណ ៨៧៩ ៣៩៤ ​តោន​ក្នុង​នោះ​សម្ភារ​សំណង់​ទូទៅ​មាន​តម្លៃ ២២៦,៣៣ ​លាន​ដុល្លារ​ ក្នុង​បរិមាណ ៣៩៤ ៣៤៥ ​តោន ដែក​មាន​តម្លៃ ៦៦,៨២ ​លាន​ដុល្លារ​ ក្នុង​បរិមាណ​ចំនួន ១០០ ៤៤០ ​តោន និង​ស៊ីម៉ងត៍​មាន​តម្លៃ ២៤,៥៧៣ ​លាន​ដុល្លារ​ និង​មាន​បរិមាណ ៣៨៣ ៦០៣ ​តោន​។

គ្រឿងសំណង់​ដែល​នាំ​ចូលមក​កម្ពុជា ភាគច្រើន​មកពី​ប្រទេស​ចិន​ថៃ វៀតណាម ម៉ាឡេស៊ី អ៊ីតាលី និង​អាល្លឺម៉ង់​ជាដើម​។

លោក ច្រឹក សុខនីម ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​ កាលពី​ថ្ងៃ​ពុធ​ថា ការសាងសង់​នៅ​កម្ពុជា​ក្នុង​ត្រីមាស​ទី​ ១ មាន​ភាពល្អប្រសើរ​នាពេល​ដំបូង ប៉ុន្តែ​វា​បាន​ធ្លាក់​ល្បឿន​ខ្លះ​នៅ​ចុង​ត្រីមាស ដោយសារ​តែ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ ដែល​ធ្វើឲ្យ​ការដ្ឋាន​មួយ​ចំនួន​ត្រូវ​បន្ថយល្បឿន​សាងសង់ និង​មាន​មួយចំនួន​ទៀត​ឈានដល់​ការផ្អាក​ទៀតផង​។

លោក​បន្តថា បើ​និយាយ​ពី​ត្រីមាស​ទី​ ១ គឺ​អ្វីៗ​មាន​ភាពល្អ​ប្រសើរ​ទាំងអស់ ហេតុនេះ​តម្រូវការ​គ្រឿងសំណង់​ក៏មាន​បរិមាណ​ច្រើន​ដែរ​។

ទោះជា​យ៉ាងណា​លោក​អះអាង​ថា​៖ «​ចាប់ពី​ដើម​ខែ​មករា​រហូត​ដល់​ពាក់​កណ្តាល​ខែមីនា សកម្មភាព និង​តម្រូវការ​ប្រើប្រាស់​គ្រឿងសំណង់​គឺ​មាន​ភាពធម្មតា តែ​វា​បាន​ធ្លាក់ចុះ​យ៉ាងច្រើន​ចាប់ពី​ដើម​ខែ​មេសា​មក​»​។

លោក​លើកឡើង​ទៀតថា បច្ចុប្បន្ន​មិន​ត្រឹមតែ​វិស័យ​សាងសង់​ទេ​ដែល​ធ្លាក់ចុះ សូម្បី​តែ​ទីផ្សារ​អចលនទ្រព្យ​ក៏ស្ងប់ស្ងាត់​ដែរ​។ លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ត្រីមាស​ទី​ ២ ​នេះ ខ្ញុំ​គិតថា​នឹង​មាន​ការធ្លាក់ចុះ​គ្រប់​វិស័យ​ដោយ​មិនមែន​តែ​វិស័យ​សំណង់​នោះទេ​»​។

លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​កាលពី​ចុង​សប្តាហ៍​មុន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការសាងសង់​នៅ​កម្ពុជា​មិន​បាន​ធ្លាក់ចុះ​ទេ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ដោយ​តាម​ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទុនវិនិយោគ​ដែល​ក្រសួង​ផ្តល់​ច្បាប់​សាងសង់​បាន​កើនឡើង​ជាង​ ៥០ ​ភាគរយ​។

លោក​បាន​បន្តទៀត​ថា ខណៈ​ជំងឺ​កូវីដ​ ១៩ មិនទាន់​មាន​ការរីករាលដាល​ខ្លាំង សម្ទុះ​ការសាងសង់​គឺមាន​ភាពល្អ​ប្រសើរ​ក្នុង​ត្រីមាស​ទី​ ១ កន្លងមក​។

លោក​ថ្លែងថា​៖ «​ក្នុង​ត្រីមាស​ទី​ ១ ទំហំ​ទុនវិនិយោគ​វិស័យ​សំណង់​ដែល​ក្រសួង​ដែនដី អនុម័ត​មាន​កំណើន​ជាង ៥១ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩»​។

ខណៈ​បច្ចុប្បន្ន​គេ​សង្កេតឃើញ​មាន​ការដ្ឋាន​សាងសង់​មួយចំនួន​មិនមាន​សកម្មភាព​មមាញឹក​ដូច​ត្រីមាស​ទី​ ១ លោក ស៊ីវ ផេង អះអាង​ថា កូវីដ​១៩ កំពុង​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ទៅដល់​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ត្រីមាស​ទី​ ២ នេះ​។

លោក យស មុនីរ៉ាត់ អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​សប្តាហ៍​មុន​បាន​និយាយថា បច្ចុប្បន្ន​កម្ពុជា​មាន​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ចំនួន ៥ ​ដែល​មាន​សមត្ថភាព​អាច​ផលិត​ស៊ីម៉ងត៍​បាន​ដល់​ជាង​ ៨ ​លាន​តោន​ក្នុង​ ១ ​ឆ្នាំ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ន​កម្ពុជា​មាន​លទ្ធភាព​ផលិត​ស៊ីម៉ងត៍​ដោយ​ខ្លួនឯង សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​ដោយ​មិនចាំបាច់​យក​ពី​ប្រទេសក្រៅ​ដូច​មុន​ទៀត​ទេ​»​។ ឥឡូវ​យើង​មាន​រោងចក្រ ផលិត​ស៊ីម៉ងត៍​បម្រើ​សេចក្តីត្រូវការ​គ្រប់គ្រាន់​ពោល​គឺ​មិនចាំបាច់​យក​ថវិកា​ទៅ​ចំណាយ​លើ​ស៊ីម៉ងត៍​ទេ​»​។

យោងតាម​ក្រសួងពាណិជ្ជកម្ម​កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា​បាន​នាំចូល​គ្រឿងសំណង់​មានតម្លៃ​សរុប ១ ៦៩៦,៣១ ​លាន​ដុល្លារ​ កើនឡើង ៥៨,៩៧ ​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែល​មាន​តម្លៃ​ត្រឹម ១ ០៦៧,០៤ ​លាន​ដុល្លារ​។ ចំណែក​បរិមាណ​នៃ​ការនាំ​ចូល​គឺ​មាន​កំណើន ៤៦,៧១ ​ភាគរយ​ ពី​ចំនួន ៣ ១៨១ ១៤១ ​តោន​ ទៅ​ដល់​ចំនួន ៤ ៦៦៧ ៥៥០ ​តោន​៕ LA