ភ្នំពេញៈ ការរលំបាក់អគារចំនួន ២ នៅខេត្តជាប់ឆ្នេរសមុទ្ររបស់កម្ពុជាគឺខេត្តកែប និងខេត្តព្រះសីហនុ ជាការដាស់តឿនមួយដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឲ្យប្រុងប្រយ័ត្នបន្ថែមទៀតសម្រាប់គម្រោងរបស់ខ្លួន ដោយយកចិត្តទុកដាក់បន្ថែមលើស្ដង់ដាខ្ពស់ ដើម្បីទទួលបានទំនុកចិត្តពីសាធារណជន និងការជឿជាក់របស់អ្នកទិញ។
កាលពីថ្ងៃទី ៣ ខែមករា អគារកម្ពស់ ៦ ជាន់នៅក្នុងខេត្តកែបបានបាក់រលំ ដែលបណ្ដាលឲ្យមានអ្នកស្លាប់ ៣៦ នាក់ រងរបួស ២៣ នាក់ផ្សេងទៀត ដែលគ្រាន់តែរយៈពេលប្រហែល ៧ ខែ បន្ទាប់ពីអគារកម្ពស់ ៧ ជាន់ បានបាក់រលំកាលពីខែមិថុនាឆ្នាំមុន នៅខេត្តព្រះសីហនុ ដែលសម្លាប់មនុស្ស ២៨ នាក់ និងបណ្ដាលឲ្យរងរបួស ២៦ នាក់ផ្សេងទៀត។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) និងជាអគ្គនាយកក្រុមហ៊ុន Century 21 Mekong ដែលកំពុងអភិវឌ្ឍគម្រោង Luxury Holiday Villas លើផ្ទៃដីទំហំ ៩៧ ហិកតានៅខេត្តកំពតបានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ការបាក់រលំអគារ ២ នៅក្រុងព្រះសីហនុ និងខេត្តកែបគឺជាមេរៀនមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ទាំងអស់ និងអ្នកទិញ ដើម្បីធ្វើឲ្យប្រាកដថា គម្រោងសាងសង់ទាំងអស់ត្រូវតែមានស្ដង់ដាខ្ពស់ និងបង្ការហានិភ័យបានល្អ ដើម្បីចៀសផុតគ្រោះថ្នាក់ណាមួយនៅពេលអនាគត។
លោកថ្លែងថា៖ «មានតម្រូវការឲ្យមានការសហការរួមគ្នាក្នុងចំណោមភាគីពាក់ព័ន្ធ ដូចជាក្រុមហ៊ុនអភិវឌ្ឍន៍ ក្រុមហ៊ុនសាងសង់ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ដើម្បីប្រាកដថា គម្រោងទាំងអស់ត្រូវតែមានការអនុញ្ញាតការសាងសង់មានឈ្មោះក្រុមហ៊ុនសាងសង់ និងភ្នាក់ងារអចលនទ្រព្យដែលគ្រប់គ្រងការលក់គម្រោង»។
លោកបន្តថា៖ «ជាមួយគ្នានេះដែរសម្រាប់អ្នកទិញត្រូវតែប្រាកដថា ពួកគេទទួលបានព័ត៌មានទាំងអស់របស់គម្រោងមុនពេលសម្រេចចិត្ត»។
ប៉ុន្តែលោក សុខនីម មិនបានលើកឡើងនូវក្តីបារម្ភនោះទេថា ការបាក់រលំអគារទាំងនេះនឹងបង្កផលប៉ះពាល់អវិជ្ជមានដល់ឧស្សាហកម្មទាំងមូល។ លោកបន្តថា៖ «ខ្ញុំមិនគិតថា ការណ៍នេះនឹងបង្កើតឲ្យមានរូបភាពមិនល្អសម្រាប់ឧស្សាហកម្មទាំងមូលឡើយ។ ប៉ុន្តែវាផ្ដល់ការដាស់តឿនមួយឲ្យក្រុមហ៊ុនអភិវឌ្ឍន៍គោរពតាមច្បាប់ និងជាការជូនព័ត៌មានដល់សាធារណជន។ ការណ៍នេះគឺជាចំណុចដ៏ល្អក្នុងការបង្កើនទំនុកចិត្តក្នុងចំណោមសាធារណជនផងដែរ»។
បុគ្គលិកម្នាក់របស់គម្រោងវិនិយោគ New Landmark ដែលជាគម្រោងសណ្ឋាគារកន្លែងកម្សាន្ត និងខុនដូដែលវិនិយោគដោយក្រុមហ៊ុន Prince Real Estate Group ដែលជាក្រុមហ៊ុនពហុផលិតផលអចលនទ្រព្យចិន និងមានទីតាំងនៅតាមបណ្ដោយឆ្នេរជ័យជម្នះបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា គម្រោងនេះមិនមើលឃើញផលប៉ះពាល់ណាមួយដោយសារតែការរលំអគារកម្ពស់ ៧ ជាន់កាលពីខែមិថុនាឆ្នាំមុនឡើយ ខណៈដែលការលក់នៅតែកំពុងបន្តទៅមុខ ហើយការសាងសង់នឹងត្រូវបញ្ចប់ត្រឹមឆ្នាំ ២០២៣។
បុគ្គលិកដែលស្នើសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា៖ «គម្រោងរបស់យើង បន្តការរីកចម្រើនល្អ ហើយយើងនឹងទទួលបានអ្នកទិញយូនីតរបស់គម្រោង ដោយសារតែយើងមានក្រុមហ៊ុនសាងសង់ល្បីឈ្មោះ ដែលមានបទពិសោធនៅក្នុងប្រទេសជាច្រើនដូចជាមកពីប្រទេសអូស្ដ្រាលី និងទីក្រុងឡុងដ៍ដែលបង្កើនទំនុកចិត្តដល់អ្នកទិញ»។
គម្រោង New Landmark ដែលបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ចាប់តាំងពីពាក់កណ្ដាលខែមិថុនា ឆ្នាំមុនត្រូវបានសាងសង់ដោយក្រុមហ៊ុនល្បីឈ្មោះ China Construction Fourth Engineering Division (Cambodia) Corp។
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ The Flora ដែលជាក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុកកំពុងចាប់ផ្តើមគម្រោងខុនដូប្រណីតមួយឈ្មោះថា The Flora Suites ដែលមានកម្ពស់ ៣៨ ជាន់នៅសង្កាត់បឹងកេងកង ១ ខណ្ឌបឹងកេងកង ភ្នំពេញ។
លោក លឹម កុកឡុង ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន The Flora បានឲ្យដឹងថា អគារ The Flora Suites នឹងសាងសង់ជាមួយភាពទំនើប ការរចនាស្ទីលតាមបែបប្រទេសលោកខាងលិច ហើយនឹងត្រូវការរយៈពេលប្រហែល ៣ ឆ្នាំដើម្បីបញ្ចប់។ អគារនេះនឹងត្រូវសាងសង់នៅផ្ទៃដីទំហំ ២០ ៧៨៦ ម៉ែត្រការ៉េ ហើយនឹងមាន ១៩៨ យូនីត។ ប៉ុន្តែលោកមិនបានបង្ហាញការវិនិយោគសរុបសម្រាប់គម្រោងនេះទេ។
លោក សាំង សុភ័ក្ដរ៉ាឌី ជំនួយការអនុប្រធានរបស់ក្រុមហ៊ុន The Flora បានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា ក្រុមហ៊ុននឹងចាប់ផ្ដើមការសាងសង់អគារកម្ពស់ ៣៨ ជាន់នេះគ្រោងនឹងចាប់ផ្ដើមនៅពាក់កណ្ដាលឆ្នាំនេះ។
លោកថ្លែងថា៖ «ការសាងសង់របស់យើងត្រូវតែគោរពតាមស្ដង់ដា ហើយយើងទទួលបានការអនុញ្ញាតពីក្រសួងដែនដី។ ជាមួយគ្នានេះដែរ យើងក៏ទិញធានារ៉ាប់រងផងដែរ ដើម្បីធានាឲ្យប្រាកដថា អ្នកទិញមានអារម្មណ៍ទុកចិត្តជាមួយគម្រោងនេះ ប្រសិនបើមានអ្វីមួយកើតឡើង»។
អង្គការអន្តរជាតិខាងការងារ (ILO) កាលពីថ្ងៃអង្គារបានអំពាវនាវឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់កាន់តែខ្លាំងដល់ហានិភ័យដែលកម្មកររាប់ពាន់នាក់ប្រឈមរាល់ថ្ងៃ និងទាមទារឲ្យមានវិធានការជាបន្ទាន់ដើម្បីកែលម្អសុខភាព និងសុវត្ថិភាពការងារ។
អង្គការ ILO បានកត់សម្គាល់ថា នេះជាការរលំលើកទី ២ ដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលមិនដល់ ៧ ខែផង បន្ទាប់ពីការរលំអគារមួយនៅក្រុងព្រះសីហនុកាលពីខែមិថុនា។ អង្គការនេះក៏បានកត់សម្គាល់ថា ឧប្បត្តិហេតុចុងក្រោយនេះគឺជា «គ្រោះថ្នាក់កន្លែងការងារដែលបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបំផុតនៅក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ»។
យោងតាមក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋាភិបាលបានអនុម័តការវិនិយោគមូលធនក្នុងវិស័យសំណងដែលមានទឹកប្រាក់ប្រហែល ៩,៣ ពាន់លានដុល្លារនៅឆ្នាំមុន កើនឡើងជិត ៨០ ភាគរយធៀបនឹងឆ្នាំ ២០១៨ ដោយភាគច្រើននៃកំណើនបានមកពីគម្រោងនៅក្រុងព្រះសីហនុ។
គិតត្រឹមខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុនចុះបញ្ជីដែលធ្វើការងារលើគម្រោងសាងសង់នៅកម្ពុជាមានចំនួន ១០-៨១ ក្រុមហ៊ុន។ ដោយក្នុងនោះ ក្រុមហ៊ុនចំនួន ៤៨៥ គឺជាក្រុមហ៊ុនបរទេសមកពីបណ្ដាប្រទេសជាច្រើនដូចជាចិន កូរ៉េ ថៃ សិង្ហបុរី បារាំង ចក្រភពអង់គ្លេស និងអាមេរិក៕ LA