
ថ្នាក់ដឹកនាំក្រុមហ៊ុន និងអ្នកឈ្នះពានរង្វាន់ជាបុគ្គលក្នុងកម្មវិធី «អចលនទ្រព្យកម្ពុជា ២០១៨»។ សហការី
ភ្នំពេញៈ អ្នកនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានឲ្យដឹងថា ការរៀបចំឲ្យមានការប្រកួតប្រជែងក្នុងវិស័យអចលនទ្រព្យនឹងជំរុញឲ្យវិស័យមួយនេះកាន់តែរឹងមាំបន្ថែមទៀត។
ការលើកឡើងនេះធ្វើឡើងក្នុងកម្មវិធី «ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០១៨» ដែលបានធ្វើឡើងជាលើកដំបូងកាលពីសប្តាហ៍មុនដោយមានក្រុមហ៊ុន និងភ្នាក់ងារអចលនទ្រព្យចំនួន ១០ ទទួលបានពានរង្វាន់ឆ្នើមក្នុងវិស័យនេះនៅកម្ពុជា។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia លោកស្រី អាន សុធីតា ដែលទទួលបានពានរង្វាន់អចលនទ្រព្យឆ្នើមចំនួន ៣ ប្រចាំឆ្នាំ ២០១៨ បានប្រាប់ឲ្យដឹងថា ការបង្កើតឲ្យមាន «ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០១៨» នេះនឹងជួយឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាកាន់តែមានភាពរឹងមាំ និងទូលំទូលាយ។
លោកស្រីបន្តថា «ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០១៨» នេះនឹងជួយធ្វើឲ្យអ្នកប្រើប្រាស់សេវាកម្ម (អតិថិជន) មានទំនុកចិត្តកាន់តែខ្លាំងលើក្រុមហ៊ុន ឬភ្នាក់ងារដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ មុនពេលសម្រេចចិត្តជ្រើសរើសយកក្រុមហ៊ុន ឬបុគ្គលណាមួយឲ្យជួយដល់ខ្លួនទាក់ទងនឹងវិស័យអចលនទ្រព្យ»។
លោកស្រីថ្លែងថា៖ « ខ្ញុំគិតថាតាមរយៈពានរង្វាន់នេះនឹងធ្វើឲ្យវិស័យអចលនទ្រព្យកម្ពុជាកាន់តែមានភាពរឹងមាំ និងការទទួលស្គាល់កាន់តែច្រើនលើពិភពលោក»។
ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០១៨ ត្រូវបានរៀបចំឡើងជាលើកដំបូងកាលពីចុងសប្តាហ៍មុនដោយគេហទំព័រ Realestate.com.kh សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
CBRE Cambodia ជាក្រុមហ៊ុនដែលទទួលបានពានរង្វាន់ច្រើនជាងគេក្នុងចំណោមពានរង្វាន់ទាំង ១០ ដែលរួមមានពានរង្វាន់ការគ្រប់គ្រងអចលនទ្រព្យឆ្នើមប្រចាំឆ្នាំ ភ្នាក់ងារអចលនទ្រព្យអាជីវកម្មឆ្នើមប្រចាំឆ្នាំ និង ពានរង្វាន់ក្រុមភ្នាក់ងារឆ្នើមប្រចាំឆ្នាំលោកស្រី សុធីតា បានអះអាងថា៖ «វាមិនមែនជារឿងងាយស្រួលទេក្នុងការទទួលបានពានរង្វាន់នេះ។ ការទទួលបានពានរង្វាន់នេះអាចបញ្ជាក់ឲ្យឃើញពីការខិតខំរបស់ក្រុមការងារក្នុងការថែរក្សា និងគ្រប់គ្រងអគារប្រកបដោយគុណភាពជាមួយបទពិសោធលើការងារនេះចំនួន ១០ ឆ្នាំកន្លងមក»។
លោក សុក ស៊ីផាន់ណា ប្រធានគណៈកម្មការដាក់ពិន្ទុបាននិយាយថានេះជាកម្មវិធីមួយដ៏ល្អ ហើយការផ្តល់ជយលាភីក៏ត្រូវបានធ្វើឲ្យយុត្តិធម៌ផងដែរ។ លោកអះអាងថា៖ «អ្នកឈ្នះរង្វាន់ពិតជាស័ក្តិសម សម្រាប់ធ្វើជាឧត្តមភាព និងជាគំរូដល់អ្នកដទៃ»។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានប្រាប់ថាកម្មវិធីនេះពិតជាមានសារៈសំខាន់ក្នុងការលើកមុខមាត់ និងធ្វើឲ្យគេទទួលស្គាល់ពីភាពរីកចម្រើនក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកថា៖ «យើងត្រូវមានព្រឹត្តិការណ៍នេះបន្ថែមទៀតនៅពេលអនាគត ដើម្បីផ្តល់តម្លៃនិងលើកទឹកចិត្តដល់បុគ្គលឆ្នើមៗនៅក្នុងវិស័យអចលនវត្ថុនៅកម្ពុជា»។
លោក Thomas O''Sullivan នាយកប្រតិបត្តិរបស់គេហទំព័រ Realestate.com. បានលើកឡើងថា វិស័យអចលនទ្រព្យនៅកម្ពុជាទទួលបានភាពជោគជ័យយ៉ាងខ្លាំងនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ វាជាការចាំបាច់ដែលកម្ពុជា ត្រូវតែរៀបចំកម្មវិធីនេះ ដើម្បីបញ្ជាក់កាន់តែច្បាស់ពីភាពឈានមុខរបស់ក្រុមហ៊ុន និងបុគ្គលឆ្នើមក្នុងវិស័យអចលនទ្រព្យ។
លោកនិយាយថា៖ «កិច្ចការនេះនឹងរួមចំណែកធ្វើឲ្យវិស័យអចលនទ្រព្យនៅកម្ពុជាធ្វើការងារប្រកបដោយវិជ្ជាជីវៈ និងភាពប្រកួតប្រជែងគ្នាកាន់តែប្រសើរ»៕LA