
អគារ Vattanac Capital ក្នុងទីក្រុង ដែលផ្គត់ផ្គង់ការិយាល័យកម្រិត A។ ហុង មិនា
ភ្នំពេញៈ ការផ្គត់ផ្គង់ការិយាល័យនៅទីក្រុងភ្នំពេញបានមើលឃើញកំណើនតិចតួច ១,១ ភាគរយនៅត្រីមាសទី ៤ ឆ្នាំ ២០១៨ ធៀបនឹង ត្រីមាសទី ៣ ដែលបង្កើនទំហំផ្គត់ផ្គង់ការិយាល័យសរុបដល់ ៣៤០ ០០០ ម៉ែត្រការ៉េកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយដែលចេញផ្សាយដោយភ្នាក់ងារអចលនទ្រព្យ CBRE Cambodia។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា កំណើនទាបនេះកើតឡើងក្នុងគ្រាពេលដែលអគារ E.Sun Tower បានចូលទីផ្សារក្នុងអំឡុងពេលត្រីមាសទី ៤ នោះ។
លោកស្រីថ្លែងថា៖ «វត្តមានរបស់អគារ E.Sun Tower បានបន្ថែមផ្ទៃក្រឡាការិយាល័យចំនួន ៣ ៦៩២ ម៉ែត្រការ៉េទៅក្នុងវិស័យការិយាល័យ»។
របាយការណ៍បានឲ្យដឹងថា ការបន្ថែមអគារ E.Sun Tower ទៅក្នុងស្តុកនេះ បានធ្វើឲ្យការផ្គត់ផ្គង់ការិយាល័យកម្រិត B សរុបកើនឡើង ៣,៩ ភាគរយ ធៀបនឹងត្រីមាសទី ៣ ឆ្នាំ ២០១៨។
ក្នុងអំឡុងត្រីមាសទី ៣ កាលពីឆ្នាំមុន ការផ្គត់ផ្គង់ការិយាល័យសរុប មិនត្រូវបានផ្លាស់ប្តូរនោះទេ ទោះបីជាអគារ Keystone ដែលជាទីតាំងអគារការិយាល័យកម្រិត B ស្ថិតនៅខណ្ឌចំការមន បានដាក់ឲ្យប្រតិបត្តិការក្តី។ ការណ៍នេះដោយសារតែការបិទអគារការិយាល័យកម្រិត C ចំនួន ២ ដែលមានផ្ទៃក្រឡាសរុបចំនួន ១៦ ២០០ ម៉ែត្រការ៉េ។
ក្នុងចំណោមការផ្គត់ផ្គង់ការិយាល័យសរុប ៣៤០ ០០០ ម៉ែត្រការ៉េនៅឆ្នាំមុន ការិយាល័យកម្រិត A មាន ១៥,៦ ភាគរយ ខណៈដែលកម្រិត B មាន ២៨ ភាគរយ។ ផ្នែកនៅសល់គឺកម្រិត C។ នេះបើតាមលោកស្រី អាន សុធីតា។
លោកស្រីបញ្ជាក់ថា៖ «ក្នុងអំឡុងត្រីមាសទី ៤ ឆ្នាំ ២០១៨ អគារការិយាល័យកម្រិត B និងកម្រិត C មានអត្រាជួលច្រើនជាងគេ»។
របាយការណ៍ដដែលបង្ហាញថា អត្រាជួលការិយាល័យនៅក្នុងវិស័យនេះបានរក្សាស្ថិរភាពនៅក្នុងត្រីមាសទី ៤ នេះ ដែលមានអត្រាជួល ៨៥,៣៦ ភាគរយនៅដំណាច់ឆ្នាំ ២០១៨។
លោកស្រី អាន សុធីតា បញ្ជាក់ថា បើគិតតាមកម្រិត អត្រាជួលការិយាល័យកម្រិត A មានចំនួនប្រហែល ៦៥ ភាគរយ កម្រិត B មានប្រហែល ៩០ ភាគរយ ខណៈដែលកម្រិត C មានប្រហែល ៨៧ ភាគរយ។
តម្លៃជួល
បើទោះជាវិស័យអគារការិយាល័យ បានដំណើរការល្អប្រសើរនៅត្រីមាសមុន ដោយផ្នែកការិយាល័យកម្រិត A និងកម្រិត C សម្រេចបានអត្រាស្រូបយកសុទ្ធវិជ្ជមានក្តី ក៏ការដាក់ដំណើរការការផ្គត់ផ្គង់ការិយាល័យកម្រិត B បន្ថែមទៅក្នុងស្ដុកបានកាត់បន្ថយអត្រាជួលការិយាល័យជារួម ១ ភាគរយធៀបនឹងត្រីមាសទី ៣។ នេះបើយោងតាមរបាយការណ៍។
របាយការណ៍បានបន្តថា តម្លៃជួលការិយាល័យបានរក្សាស្ថិរភាពនៅពេញមួយត្រីមាសទី ៤ ដោយផ្នែកការិយាល័យកម្រិត B មើលឃើញការកែតម្រូវវិជ្ជមានបន្តិចបន្តួច។ ការកែតម្រូវដំឡើងថ្លៃជួលសម្រាប់ការិយាល័យកម្រិត B ភាគច្រើនគឺដោយសារលទ្ធផលដ៏រឹងមាំនៃអគារ Keystone រួមជាមួយស្ថិរភាពនៃស្ដុកដែលមានស្រាប់នៅក្នុងវិស័យនេះ។
របាយការណ៍នេះ ក៏បានបង្ហាញផងដែរថា ត្រីមាសទី ៤ ឆ្នាំ ២០១៨ បានមើលឃើញការបញ្ចប់គម្រោងខុនដូថ្មីសរុបចំនួន ៨ ដែលមានប្រហែល ២ ២៣៤ យូនីត នៅក្នុងវិស័យខុនដូ ដែលធ្វើឲ្យការផ្គត់ផ្គង់សរុបកើនឡើង ១៨,៩ ភាគរយ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរាយការណ៍កន្លងមកថា ចំនួនគម្រោងសំណង់ដែលអនុម័តហើយបានធ្លាក់ចុះ ១៩ ភាគរយនៅឆ្នាំ ២០១៨ ដោយមានគម្រោងវិនិយោគ ២ ៨៦៧ ធៀបនឹងគម្រោង ៣ ០៥២ កាលពីឆ្នាំ ២០១៧។ ការវិនិយោគសរុបលើគម្រោងសំណង់នៅឆ្នាំមុនមានចំនួនសរុប ៥,២ ពាន់លានដុល្លារ ធ្លាក់ចុះពី ៦,៤ ពាន់លានដុល្លារកាលពីឆ្នាំ ២០១៧៕ LA