ក្រុង​បាងកកៈ ​ការ​ផ្គត់ផ្គង់​ខុនដូ​ថ្មី​ដែល​​កំពុង​​​ចាប់​ផ្តើម​ធ្វើ​ឡើង​​​​​​នៅ​ក្រុង​បាងកក និង​តំបន់​​ជុំវិញ​ (Greater Bangkok) នៅ​ឆ្នាំ​នេះ​ នឹង​ធ្លាក់​ចុះ ​១៣ ​ភាគរយ ​មក​ត្រឹម ៥៣ ០០០ យូនីត ដែល​​​ដូច​គ្នា​ទៅ​នឹង​​បរិមាណ​ជា​មធ្យម​របស់​​​ទីផ្សារ​​ក្នុង​រយៈ​ពេល ​៥​ ឆ្នាំ​ចុង​ក្រោយ​នេះ​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​កាល​​ពី​ចុង​​ខែ​មុន។

លោក​ស្រី Nalinrat Cha-reon​suphong នាយក​គ្រប់គ្រង​​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អចលន​ទ្រព្យ Nexus Property Marketing បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​​ថា​ តម្រូវ​ការ​ខុនដូ​​ក្នុង​ឆ្នាំ ២០១៩​ នឹង​មាន​ចន្លោះ​ពី ៥០ ០០០ ទៅ ​៥៥ ០០០ យូនីត ពោល​គឺ​ជិត​ស្មើ​នឹង​បរិមាណ​លក់​ក្នុង​ឆ្នាំ​ ២០១៨ ដែល​មាន​ចំនួន ​៥២ ០០០​ យូនីត។ ក្នុង​នោះ​ ខុនដូ​ ៣១ ៨០០ យូនីត​បាន​ដាក់​លក់​នៅ​ក្នុង​ឆ្នាំ​ ២០១៨ និង ២០ ៣០០​ យូនីត បាន​ដាក់​លក់​នៅ​ក្នុង​ឆ្នាំ​ ២០១៧​ ឬ​​មុន​នេះ។

លោកស្រី​ថ្លែង​ថា៖ «ក្រុមហ៊ុន​​អភិវឌ្ឍន៍​គួរ​តែ​ផ្តោត​​លើ​ខុន​ដូ​ក្នុង​ទីក្រុង ​និង​ទីផ្សារ​ដែល​មាន​តម្លៃ​មធ្យម ​ដោយ​សារ​​ខុនដូរ​ប្រភេទ​នេះ​ មាន​តម្រូវ​​ការ​ជាក់​លាក់​នឹង​មាន​អ្នក​ទិញ​ច្រើន​បំផុត។

លោក​ស្រី​បន្ត​ថា​៖ «ខុនដូ​​ក្នុង​ផ្នែក​ទាំង​នេះ​មាន​ស្ថិរភាព​ និង​​​និរន្តរ​ភាព​ជាង​អ្នក​ទិញ​ដែល​ជា​ជន​បរទេស​ ឬ​ទីផ្សារ​វិនិយោគ​»។

កាសែត​បាងកក​ប៉ុស្តិ៍​បាន​រាយការណ៍​​​ដោយ​ដក​ស្រង់​ទិន្នន័យ​​ពី​ក្រុមហ៊ុន Nexus ​ថា ខុនដូ​ក្នុង​ទីក្រុង​ដែល​​​មាន​តម្លៃ​​ក្រោម ​៧៥ ០០០ ​បាត​ (ប្រហែល ២ ៣១៥ ​ដុល្លារ) ក្នុង​ ១ ​ម៉ែត្រ​ការ៉េ​ ឬ​ទាប​ជាង​ ២,៥ ​លាន​បាត (ប្រហែល ៧៧ ០០០ ដុល្លារ) ​ក្នុង​ ១ ​យូនីត​មាន​តម្រូវ​ការ​ពិត​ ខណៈ​ដែល​​ខុន​ដូរ​​​តម្លៃ​មធ្យម​​ធ្លាក់​ចុះ​ពី ​៧៥ ០០០ ​ទៅ​ ១១០ ០០០​ បាត​​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ​ឬ ​២,៥ ទៅ ៦ លាន​បាត​ក្នុង​ ១ យូនីត។

លោក​ស្រី​បាន​លើក​ឡើង​ថា ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក៏​បង្តើត​ផលិត​ផល​នានា​​សម្រាប់​តម្រូវ​ការ​ជាក់លាក់​​ផង​ដែរ ដូច​ជា​ខុនដូ​សម្រាប់​អ្នក​ចូលចិត្ត​ហាត់​​ប្រាណ​ ឬ​សម្រាប់​អ្នក​ស្រឡាញ់​​សត្វ​ចិញ្ចឹម​ និង​​ខុនដូ​សម្រាប់​មនុស្ស​ចាស់​​ជា​ដើម​។

យោង​តាម​ការ​ស្រាវជ្រាវ​ទីផ្សារ​របស់​ក្រុមហ៊ុន​ Nexus ​ចំនួន​ផ្គត់ផ្គង់​ខុនដូ​ថ្មី​ដែល​​ចាប់​ផ្តើម​នៅ​ឆ្នាំ​មុន​ ​មាន​ចំនួន​ ៦០ ៩០០ ​យូនីត​​​​​ពី​ ១៣៨​ គម្រោង ដែល​ធ្វើ​ឱ្យ​ការ​ផ្គត់ផ្គង់​សរុប​មាន​​រហូត​ដល់ ​៦១០ ៩០០ យូនីត​។

យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍ បរិមាណ​ផ្គត់ផ្គង់​ខុន​ដូ​ថ្មី​ច្រើន​​បំផុត​ គឺ​ស្ថិត​​​ក្នុង​តំបន់​ Phaya Thai-Ratchadaphisek-Phahon Yothin ដែល​​មាន​ចំនួន ​២១ ១០០ ​យូនីត ស្មើ​នឹង​ ៣៥ ភាគរយ បន្ទាប់​មក​គឺ​តំបន់​ Phra Khanong-Suan Luang មាន​ចំនួន​ ១៣ ៥០០ យូនីត​ដែល​ស្មើ​នឹង​ ២២ ​ភាគរយ និង​​​តំបន់ ​Thon Buri-Petchkasem មាន​ចំនួន ​៨ ៥០០​ យូនីត ស្មើ​នឹង​ ១៤ ភាគរយ។

ទីតាំង​ទាំង​ ៣ នេះ​ក៏​បាន​​មើល​​ឃើញ​​កំណើន​​​ខ្ពស់​បំផុត​នៃ​ការ​ផ្គត់ផ្គង់​ខុនដូ​ថ្មី​ផង​ដែរ​នៅ​ក្នុង​រយៈ​ពេល ៥ ​ឆ្នាំ​កន្លង​មក​នេះ ​ជា​​មួយ​នឹង​កំណើន​ចន្លោះ​ពី​ ៦៥​ ទៅ​ ៧០ ​ភាគរយ​ ដោយ​សារ​​​តំបន់​នេះ​​មាន​ទីតាំង​នៅ​ជិត​ផ្លូវ​​ដឹក​ជញ្ជូន​ធំ​ៗ និង​ងាយ​ស្រួល​ស្វែង​រក​ដី​សម្រាប់​គម្រោង​​អភិវឌ្ឍន៍​ខុន​ដូ​ថ្មី​។

ក្នុង​ចំណោម​ការ​ផ្គត់ផ្គង់​ខុនដូ​​ថ្មី ការ​ផ្គត់​ផ្គង់ ៤១ ភាគរយ​ជា​ខុនដូ​តម្លៃ​​ខ្ពស់​ដែល​មាន​តម្លៃ​ចាប់​ពី​ ១១០ ០០០​ ទៅ​ ១៩០ ០០០​ បាត​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ​ ឬ​​ចាប់​​ពី ​៤ ​ទៅ ​៨ ​លាន​​បាត​ក្នុង​១​យូនីត ​បន្ទាប់​​​មក​គឺ​ខុន​ដូ​​តម្លៃ​​មធ្យម​​​មាន​ ២៧ ​ភាគរយ និង​ខុនដូ​ក្នុង​​ទីក្រុង​មាន ​២១ ភាគរយ​។

លោក​ស្រី​ Nalinrat បន្ថែម​ថា​ ចំនួន​ដ៏ច្រើន​នៃ​ការ​ផ្គត់​ផ្គង់​ខូ​ន​ដូ​តម្លៃ​​ខ្ពស់​ថ្មី​​ដែល​ចាប់​ផ្តើម​នៅ​​ឆ្នាំ​មុន ​​មិន​ស្រប​ជាមួយ​នឹង​​​ចំណូល​របស់​ប្រជា​ពល​រដ្ឋ​​​ក្នុង​ទីក្រុង​បាង​កក​ទេ ដោយ​សារ​តម្លៃ​ដី​កើន​ឡើង​ខ្លាំង​។

លោក​ស្រី​ថ្លែង​ថា​៖ «នៅ​តាម​ទី​តាំង​ល្អ​ៗ​ ដូច​ជា​តំបន់ Thong Lor, Phrom Phong និង Ekamai ​តម្លៃ​ខុនដូ​នៅ​ឆ្នាំ​មុន​ ​កើន​​ឡើង​រហូត​ដល់​ ៤០០ ០០០​ បាត​ក្នុង​ ១ ម៉ែត្រ​ការ៉េ​ ហើយ​នៅ​ឆ្នាំ​នេះ​​​នឹង​កើន​ឡើង​ដល់ ​៥០០ ០០០បាត​»។

លោក​ស្រី​បន្ថែម​ថា៖ «ក្នុង​តម្លៃ​នេះ​ តម្រូវ​ការ​នៅ​មាន​កម្រិត​​ខ្លាំង​ណាស់ ហើយ​យើង​ឆ្ងល់​ថា​ តើ​មាន​អ្នក​ទិញ​​​ណា​ដែល​អាច​មាន​លទ្ធភាព​ទិញ»។

មាន​ខុន​ដូ​ចំនួន ​៦២ ៧០០​ យូនីត​​ដែល​មិន​ទាន់​លក់​ដាច់​នៅ​ក្នុង​ទីផ្សារ​ដែល​នឹង​ត្រូវដាក់​លក់​​នៅ​ឆ្នាំ​នេះ។ ដោយ​សារ​​កត្តា​​អវិជ្ជ​មាន​មួយ​ចំនួន​ដូច​ជា​​ការ​កំណត់​ទំហំ​​កម្ចី​ថ្មី ​និង​ការ​កើន​ឡើង​អត្រា​ការ​ប្រាក់​ ទីផ្សារ​​គួរ​​​​ពិនិត្យ​មើល​ទៅ​​លើ​យូនីត​ដែល​​កំពុង​ត្រូវ​បាន​បញ្ចប់ និង​ផ្ទេរ​កម្មសិទ្ធិ​នៅ​ឆ្នាំ​នេះ​។

តម្លៃ​ជា​មធ្យម​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ​នៃ​ការ​ផ្គត់ផ្គង់​ខុនដូ​ថ្មី​ដែល​ចាប់​ផ្តើម​នៅ​ឆ្នាំ​​មុន ​បាន​កើន​ឡើង​ ៧,៦​ ភាគរយ​​​​ទៅ​ដល់​ ១៤០ ៦០០ ​បាត​​ពី ១៣០ ៦០០ បាត​​នៅ​ឆ្នាំ​ ២០១៧។

ការ​កើន​ឡើង​ថ្លៃ​​ខ្ពស់​បំផុត​​កើត​មាន​នៅ​កណ្តាល​​ទីក្រុង​​ដែល​មាន​កំណើន​រហូត​ដល់ ​១០ ភាគរយ ដែល​ស្មើ​នឹង​ ២៣១ ០០០ បាត​ក្នុង​ ១ ​ម៉ែត្រ​ការ៉េ បន្ទាប់​មក​គឺ​តំបន់​ជាយ​ក្រុង​ដែល​មាន​កំណើន​ ​៧ ភាគរយ​​ស្មើ​នឹង ​១១៣ ២០០ បាត។

លោក​ស្រី​ Nalinrat ថ្លែង​ថា ​គម្រោង​ពី​​​ការ​បណ្តាក់​ទុន​រួម​របស់​បរទេស​ជាមួយ​​​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថៃ​ នឹង​បន្ត​កើន​ឡើង​រហូត​ដល់ ​៣០ ភាគរយ​នៃ​ចំនួន​​​ផ្គត់ផ្គង់​ខុនដូ​ថ្មី​សរុប ​ដែល​​នឹង​ចាប់​ផ្តើម​ដាក់​លក់​​នៅ​ឆ្នាំ​នេះ ពោល​​គឺ​កើន​ពី​ ២៦ ភាគរយ​ឬ​ស្មើ​ ​១៥ ៨២០ យូ​នីត​​​​​ពី​ ២៤ ​គម្រោង​នៅ​​ឆ្នាំ​​មុន​៕ NS