
ទិដ្ឋភាពនៃការសាងសង់អគារស្នាក់នៅ និងពាណិជ្ជកម្មនៅបឹងកក់ នៅពេលចុះអ័ព្ទកន្លងមក។ មិនា
ភ្នំពេញៈ កំណើននៃការផ្គត់ផ្គង់អគារស្នាក់នៅក្នុងខណ្ឌទួលគោកត្រូវបានព្យាករថានឹងកើនឡើង ៣ ដងក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ នេះបើយោងតាមការព្យាកររបស់ក្រុមហ៊ុនអចលនទ្រព្យ។
ការសិក្សាមួយរបស់ក្រុមហ៊ុនអចលនទ្រព្យ VTrust Appraisal ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញ បង្ហាញថា នៅដំណាច់ឆ្នាំ ២០១៨ នេះ ចំនួនអាផាតមិនក្នុងខណ្ឌទួលគោកនឹងកើនដល់ប្រមាណ ១ ៤០០ យូនីត ខណៈការព្យាករនឹងកើនឡើងដល់ ៥ ០០០ យូនីតនៅអំឡុងដើម ឆ្នាំ ២០៣០។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវនៃក្រុមហ៊ុន VTrust Appraisal Co., Ltd. បានប្រាប់ថា បន្តិចម្តងៗទួលគោកបានបញ្ចេញនូវភាពទាក់ទាញរបស់ខ្លួនតាមរយៈការស្រូបយកនូវគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនដូចជា សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប លំនៅឋានលក្ខណៈវីឡា បុរី ខុនដូ និងអាផាតមិនជាដើម។
លោកថ្លែងថា៖ «ដីមានតម្លៃខ្ពស់នៅតំបន់កណ្តាលក្រុង និងការអភិវឌ្ឍដ៏ឆាប់រហ័សនៃតំបន់ទួលគោក បានធ្វើឲ្យមនុស្សជាច្រើននាំគ្នាទៅរស់នៅទីនោះ។ ការកើនឡើងនៃចំនួនអ្នកទៅរស់នៅ និងធ្វើការ បានធ្វើឲ្យតម្រូវការកន្លែងស្នាក់កើនឡើងជាលំដាប់។ តាមការព្យាករនៅឆ្នាំ ២០៣០ ខាងមុខចំនួននេះនឹងកើនឡើងប្រហែល ៣ ដង បើធៀបនឹងបច្ចុប្បន្ន»។
មូលហេតុចម្បងនៅពីក្រោយកំ ណើនចំនួនអាផាតមិន ដែលមានរហូតដល់ ៣ ដងនោះ ដោយសារក្នុងរយៈពេលប្រហែល ១០ ឆ្នាំចុងក្រោយនេះ តំបន់ក្នុងខណ្ឌទួលគោកបានទាក់ទាញស្ថាប័នធំៗ និងល្បីៗជាច្រើនឲ្យទៅកាន់ទីនោះ ហើយនិន្នាការនេះនឹងបន្តភាពខ្លាំងបន្ថែមទៀតពេលអនាគត។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia មានបន្ទប់ខុនដូ ២១៨ យូនីត ត្រូវបានដាក់ចូលក្នុងទីផ្សារក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៨ ដែលធ្វើឲ្យបន្ទប់ខុនដូសរុបនៅភ្នំពេញកើនឡើងដល់ ១២ ០៤៨ យូនីត។
របាយការណ៍បង្ហាញថា ៨០ ភាគរយនៃខុនដូប្រណីត ដែលទើបបញ្ចប់ការសាងសង់ស្ថិតក្នុងខណ្ឌចំការមន។
លោក សីហា បានបន្តថា ដោយសារទួលគោក ស្ថិតនៅចន្លោះរវាងតំបន់កណ្តាលក្រុង និងកន្លែងកំពុងមានការអភិវឌ្ឍលឿន (ភ្នំពេញថ្មី) បានធ្វើឲ្យភូមិសាស្រ្តទីនោះក្លាយជាទីដែលមានតម្រូវការកន្លែងស្នាក់នៅច្រើន។
តាម លោក សីហា នាពេលកន្លងមក ខណ្ឌទួលគោក មានអាផាតមិនថ្មីប្រហែលលជាង ១០០ យូនីត ត្រូវបានដាក់ចូលក្នុងទីផ្សារជារៀងរាល់ឆ្នាំ តែចំនួននេះនឹងកើនឡើងខ្ពស់ចាប់ពីឆ្នាំក្រោយតទៅ។
លោកបានថ្លែងថា៖ «តាមការព្យាករ ចាប់ពីឆ្នាំ ២០១៩ ទៅយ៉ាងហោចណាស់អាផាតមិនជាង ២០០ យូនីត នឹងត្រូវដាក់ចូលក្នុងទីផ្សារ»។
របាយការណ៍ស្រាវជ្រាវស្តីពីតម្លៃដីធ្លី ប្រចាំឆមាសទី ១ របស់ក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអីុស្ទេត បានរកឃើញថា ដីក្នុងខណ្ឌទួលគោកដែលថោកជាងគេ គឺស្ថិតក្នុងសង្កាត់បឹងកក់ ១ និងបឹងសាឡាង ដោយមានតម្លៃចាប់ពី ១ ៧០០ ដុល្លារទៅដល់ ៤ ៧០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ខណៈដីថ្លៃជាងគេស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ ទឹកល្អក់ និងផ្សារដើមគ ដែលមានតម្លៃចន្លោះពី ២ ៥០០ ដុល្លារទៅដល់ ៥ ០០០ ដុល្លារ។
លោក សន សៀប អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ ឃី រៀលអុីស្ទេត បាននិយាយថា ដោយសារដីក្នុងនៅខណ្ឌទួលគោលមានតម្លៃខ្ពស់រួចទៅហើយនោះ ដូច្នេះវាមិនសូវបានកើនឡើងច្រើនទេ។ លោកបានលើកឡើងថា៖ «តម្លៃនេះបើធៀបនឹងចុងឆ្នាំ ២០១៧ មានការកើនឡើងចន្លោះពី ៥-១០ ភាគរយតែប៉ុណ្ណោះនាដំណាច់ឆមាសទី ១»។
របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បង្ហាញថា ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជារយៈពេល ៩ ខែ ឆ្នាំ ២០១៨ នេះមានតម្លៃ ៤ ៨២០ លានដុល្លារ ធ្លាក់ចុះជាង ១៤,៤៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧៕LA