ភ្នំពេញៈ ការផ្តល់​កម្ចី​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​ពី​សំណាក់​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា​គិត​ត្រឹម​ចុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​មាន​ទឹកប្រាក់​ប្រមាណ​ជិត ៧,៦៩ ពាន់​លាន​ដុល្លារ​ កើនឡើង ១៦,២៣ ​ភាគរយ​ពី​ចំនួន​ប្រមាណ​ជាង ៦,៦១ ពាន់​លាន​ដុល្លារ​ កាលពី​ដំណាច់ឆ្នាំ​ ២០១៩​។

របាយការណ៍ NBC ដែល​ចេញផ្សាយ​កាលពី​សប្តាហ៍​មុន​ឲ្យ​ដឹងថា គិត​ត្រឹម​ចុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ទំហំ​នៃ​ការផ្តល់​ឥណទាន​អតិថិជន​របស់​គ្រឹះស្ថាន​ធនាគារ​នៅ​កម្ពុជា​មាន​ទឹកប្រាក់​សរុប ២៦,៧ ​ពាន់​លាន​ដុល្លារ​ក្នុង​នោះ​ការផ្តល់​កម្ចី​នៅក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​មាន​សរុប ២៨,៨ ​ភាគរយ ដែល​ស្មើនឹង​ទឹកប្រាក់​ប្រមាណ​ជិត ៧,៦៩ ​ពាន់​លាន​ដុល្លារ​។

ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​ទាំងនោះ​រួមមាន​ការ​ឲ្យ​កម្ចី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មាន​ចំនួន​ ១១,៦ ​ភាគរយ​ (​ប្រហែល ៣ ០៩៧ ​លាន​ដុល្លារ​) សំណង់ ៩,២ ​ភាគរយ​ (​ប្រហែល ២ ៤៥៦ ​លាន​ដុល្លារ​) និង​ការជួញដូរ​អចលនទ្រព្យ មាន​ចំនួន ៨ ​ភាគរយ​ (​ប្រហែល ២ ១៣៦ ​លាន​ដុល្លារ​)​។

ដោយឡែក​កាលពី​ដំណាច់ឆ្នាំ​ ២០១៩ ក្នុងចំណោម​ការផ្តល់​ឥណទាន​អតិថិជន​ពី​សំណាក់​ធនាគារ​ដែល​មាន​ទឹកប្រាក់​សរុប ២៤,៥ ​ពាន់​លាន​ដុល្លារ គឺ​ការផ្តល់​កម្ចី​ក្នុង​វិស័យ​អចលនទ្រព្យ និង​សំណង់​មាន​ចំនួន​សរុប ២៧ ​ភាគរយ​ដែល​ស្មើនឹង​ប្រមាណ​ជាង ៦,៦១ ពាន់​លាន​ដុល្លារ​។ ឥណទាន​ទាំងនោះ​មាន​ការឲ្យ​កម្ចី​ទិញ​ផ្ទះ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​មាន ១០ ​ភាគរយ (​ប្រហែល ២៤៥០ ​លាន​ដុល្លារ​) សំណង់ ១០ ​ភាគរយ​ (​ប្រហែល​ ២ ៤៥០ ​លាន​ដុល្លារ​) ​និង​ការជួញដូរ​អចលនទ្រព្យ​មាន​ចំនួន ៧ ​ភាគរយ​ (​ប្រហែល ១ ៧១៥ ​លាន​ដុល្លារ​)​។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ក្នុង​របាយការណ៍​ប្រចាំ​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ ថា ទោះបី​ជា​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​មួយចំនួន​ដើម្បី​គ្រប់គ្រង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ នេះហើយ​ក៏ដោយ ក៏​ផល​អវិជ្ជមាន​មួយចំនួន​បាននិង​កំពុង​កើត​រួច​មក​ហើយ​ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​។

លោក​បន្តថា ហានិភ័យ​ចម្បងៗ​ដែល​អាច​កើតមាន​ពី​ការបន្ត​អូសបន្លាយ​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ មាន​ដូចជា ការធ្លាក់ចុះ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ និង​អាជីវកម្ម ការធ្លាក់ចុះ​នៃ​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​ការថយចុះ​នៃ​លំហូរ​មូលធន​ពី​ក្រៅប្រទេស​មក​ក្នុង​វិស័យ​ធនាគារ​។

លោក​លើកឡើង​ថា​៖ «​បើ​ទោះបី​កម្ពុជា​បាន​ចាត់វិធានការ​គ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូវីដ ​១៩ ប្រកប​ដោយ​ប្រសិទ្ធភាព​ក៏ដោយ វិស័យ​សំណង់​នៅ​កម្ពុជា​ក៏​ប្រឈមមុខ​នឹង​ការថយចុះ​ផងដែរ ដោយសារ​តែ​ប្រភព​ទុន​ ១ ​ផ្នែក​ទទួល​បាន​មកពី​ក្រៅ​ប្រទេស​»​។

លោក​បន្ថែមថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវបាន​រំពឹងថា នឹង​មាន​អត្រាកំណើន​អវិជ្ជមាន​ក្នុង​ឆ្នាំ​ ២០២០ នេះ​ដែល​ជា​កំណើន​ទាប​បំផុត​ចាប់ពី​ឆ្នាំ​ ១៩៩៥ មក​។ ប៉ុន្តែ​បើ​ជំងឺ​កូវីដ ១៩ អាច​ទប់ស្កាត់​បាន​ត្រឹម​ចុង​ឆ្នាំ​ ២០២០ នេះ កំណើន​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២១ អាច​នឹង​ងើប​ឡើងវិញ​ក្នុង​ទម្រង់​ជា​អក្សរ «V»​។

លោក សឹង ភន នាយក​ប្រតិបត្តិ​ឥណទាន​នៃ​ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា នៅក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ ការផ្តល់​កម្ចី​ទិញ​ផ្ទះ​ទៅ​ឲ្យ​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា​បាន​ធ្លាក់ចុះ​តិចតួច ព្រោះ​ក្នុង​អំឡុងពេល​នៃ​រីករាលដាល​ជំងឺ​កូ​វីដ​ ១៩ នេះ​ធនាគារ​បាន​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្លាំង​ទៅលើ​ការផ្តល់​ឥណទាន​ដល់​វិស័យ​ដែល​ប៉ះពាល់​ខ្លាំង​ពិសេស​សហគ្រាស ធុន​តូច និង​មធ្យម​។

លោក​ថ្លែងថា​៖ «​ការផ្តល់​ឥណទាន​របស់​អេស៊ីលីដា​បាន​ធ្លាក់​ចុះក្រោម ១ ​ភាគរយ​នៅក្នុង​ឆមាស​ទី​ ១ បើ​ធៀប​នឹង​ចុងឆ្នាំ​មុន ប៉ុន្តែ​ខ្ញុំ​រំពឹងថា​វា​នឹងមាន​សម្ទុះ​ឡើងវិញ​នៅក្នុង​ឆមាស​ទី​ ២ នេះ​»​។

បើ​តាម​លោក សឹង ភន រហូតមកដល់​ពេលនេះ​ការផ្តល់​ឥណទាន​ទិញ​ផ្ទះ​របស់​ធនាគារ​អេស៊ីលីដា​មាន​ប្រមាណ ១៤២ ​លាន​ដុល្លារ​។

ប្រធាន​សមាគម​អចលនទ្រព្យ​សកល និង​ជា​ប្រធាន​ក្រុមហ៊ុន KW Sam Sn Realty Co., Ltd លោក សំ សុខនឿន បាន​និយាយ​ថា ការផ្តល់​ឥណទាន​របស់​ធនាគារ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ ក៏ដូចជា​ផ្តល់​ឱកាស​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​អាច​មាន​ផ្ទះ​ផ្ទាល់ខ្លួន ពីព្រោះ​បច្ចុប្បន្ន​មិនសូវ​មាន​ប្រជាជន​ណា​មាន​ប្រាក់​ទាំង​ដុល​យក​ទៅ​ទិញ​អចលនទ្រព្យ​ទេ​។

លោក​បន្តថា ការផ្តល់​ឥណទាន​ក្នុង​វិស័យ​អចលនទ្រព្យ​ក៏​បាននិង​កំពុង​បង្កើត​ឱកាស​ការងារ​ជាច្រើន​នៅ​កម្ពុជា​ផងដែរ​។

លោក​បន្តថា​៖ «​ការកើនឡើង​នៃ​ប្រាក់កម្ចី​ទិញ​ផ្ទះ​របស់​ធនាគារ គឺជា​សញ្ញាណ​ដែល​បង្ហាញថា វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​នៅតែ​មាន​ដំណើរ​ទៅមុខ​ល្អ​»​។

ទោះយ៉ាងណា​លោក​អះអាង​ថា ទន្ទឹមនឹង​កំណើន​នៃ​ការផ្តល់​ឥណទាន​ទិញ​ផ្ទះ​ពី​សំណាក់​ធនាគារ​នេះ និន្នាការ​នៃ​ការទិញ​ផ្ទះ​តាមរយៈ​ការបង់​រំលស់​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ក៏​កើតមាន​ច្រើន​ផងដែរ​។

ជាមួយ​នឹង​ក្តី​សុទិដ្ឋិនិយម​លោក សំ សុខនឿន បាន​ប្រាប់​ថា​ការផ្តល់​ឥណទាន​ទិញ​ផ្ទះ​របស់​វិស័យ​ធនាគារ​នៅ​កម្ពុជា​នឹង​មាន​សម្ទុះ​ទៀត​នៅពេល​ខាងមុខ ខណៈ​អត្រា​ការប្រាក់​របស់​ធនាគារ​ក៏​នឹង​ធ្លាក់ចុះ​បន្ថែមទៀត​ដែរ ព្រោះ​បើ​និយាយ​ពី​អត្រា​ការប្រាក់​ធនាគារ​នៅ​កម្ពុជា​នាពេល​នេះ​គឺ​នៅ​មាន​កម្រិត​ខ្ពស់ បើ​ធៀប​ជាមួយ​នឹង​ប្រទេស​ដទៃ​ទៀត​៕