The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការ​មិន​បែងចែក​ប្រព័ន្ធ​លូទឹក​ដាច់​ពី​គ្នា​ បង្ក​បញ្ហា​ដល់​សុខុមាលភាព​សង្គម

ការ​មិន​បែងចែក​ប្រព័ន្ធ​លូទឹក​ដាច់​ពី​គ្នា​ បង្ក​បញ្ហា​ដល់​សុខុមាលភាព​សង្គម

Content image - Phnom Penh Post
ស្ថាបត្យករ វិស្វករ និង​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​៖ «​អាជ្ញាធរ​ក្រុង​ភ្នំពេញ គួរ​គិតគូរ​អំពី​ប្រព័ន្ធ​លូទឹក​ស្អុយ​ឲ្យ​បាន​ច្រើន​ជាង​ការ​ចំណាយ​ជួសជុល​សួនច្បារ​»​។ ហុង មិនា

ការ​មិន​បែងចែក​ប្រព័ន្ធ​លូទឹក​ដាច់​ពី​គ្នា​ បង្ក​បញ្ហា​ដល់​សុខុមាលភាព​សង្គម

ការ​សាងសង់​ប្រព័ន្ធ​លូ​ដែល​គ្មាន​ស្តង់ដារ និង​មិន​មាន​ការ​ញែក​ប្រព័ន្ធ​លូទឹក​ភ្លៀង និង​ទឹកស្អុយ​ដាច់​ពី​គ្នា​ពិត​ជា​បង្ក​ហានិភ័យ​ដល់​សុខភាព​ប្រជាពលរដ្ឋ ខណៈ​បុរី​នានា​នៅ​កម្ពុជា​មិន​បាន​វិនិយោគ​លើ​ផ្នែក​ដែល​គេ​មើល​រំលង​នេះ​ឡើយ​។

ស្ថាបត្យករ​សិក្សា​ប្លង់​អគារ​សន្តិភាព និង​ជា​សាស្ត្រាចារ្យ​ផ្នែក​នគរូបនីយកម្ម និង​ស្ថាបត្យកម្ម​នៃ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​លោក ជា ប៊ុនស៊ាង បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មីៗ​នេះ​ថា​បច្ចុប្បន្ន​នៅ​តាម​បុរី ឬ​គម្រោង​អភិវឌ្ឍន៍​នានា​នៅ​រាជធានី​ភ្នំពេញ​ភាគច្រើន​មិន​ទាន់​បាន​គិតគូរ​ពី​បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ​ក្រោម​ដី​នេះ​នៅ​ឡើយ​ដោយ​ពួកគេ​សាងសង់​ប្រព័ន្ធ​លូ​រួម​បញ្ចូល​គ្នា​រវាង​លូទឹក​ភ្លៀង និង​លូ​ទឹកស្អុយ​ដែល​ធ្វើឲ្យ​ពេល​ភ្លៀង​មក ទឹក​លូ​ស្អុយ​ខ្ពុរ​ឡើង​ពេញ​ថ្នល់​ខ្វះ​អនាម័យ មាន​ក្លិន​ស្អុយ និង​ចម្លង​មេរោគ​ផ្សេងៗ ដូចជា រោគ​សើស្បែក និង​ជំងឺ​ផ្តាសាយ​ជាដើម​។

លោក​បន្ត​ថា៖ «​ការ​រៀបចំ​ឲ្យ​មាន​ប្រព័ន្ធ​លូ​ដាច់​ចេញ​ពី​គ្នា​រួម​ជាមួយ​លម្ហ​បៃតង​លើស​ពី​ ៣០ ​ភាគរយ​ដោយ​ដាំ​ដើមឈើ​ដូចជា​ក្នុង​គម្រោង​ណា​មួយ​ធ្វើឲ្យ​សហគមន៍​អ្នក​រស់នៅ​ចៀស​ផុត​ពី​បញ្ហា​នានា​ដូចជា ទឹក​លិច ក្លិន​លូ និង​កម្ដៅ​ជាដើម​ពោល​គឺ​ទទួល​បាន​ផាសុកភាព សុខភាព​ល្អ និង​បរិស្ថាន​បៃតង​ស្អាត​ផង​ដែរ​»​។

លោក​បន្ត​ថា៖ «​នៅពេល​ទឹកភ្លៀង​ស្ងួត​ហើយ​ខ្យល់​បក់​មក ធ្វើឲ្យ​មេរោគ​ហើរ​តាម​ខ្យល់ មក​ចំឡង​មនុស្ស និង​ធ្វើឲ្យ​ប្រជាជន​កើត​ជំងឺ​ផ្តាសាយ និង​ជំងឺ​ដទៃ​ទៀត​។ នេះ​ជា​មូលហេតុ​ដែល​ការ​សាងសង់​ប្រព័ន្ធ​លូ​ក្រោម​ដី​មិន​បាន​បែងចែក​ឲ្យ​ដាច់​រវាង​លូ​ទឹកស្អុយ និង​លូទឹក​ភ្លៀង​ដាច់​ពី​គ្នា​»​។

លោក​សាស្ត្រចារ្យ ជា ប៊ុនស៊ាង បាន​បន្ត​ថា​តាម​ការ​សង្កេត​របស់​លោក​កន្លង​មក​បុរី ឬ​គម្រោង​លំនៅឋាន​ភាគច្រើន​នៅ​ប្រទេស​កម្ពុជា​គឺ​ធ្វើ​របង​ខ្ពស់ៗ​បន្ថែម​មាន​ការ​បែងចែក​រវាង​តំបន់​អ្នក​មាន​ជីវភាព​ខ្ពស់ ជីវភាព​មធ្យម​ និង​ជីវភាព​ទាប​ដែល​ធ្វើឲ្យ​មនុស្ស​ពិបាក​ទំនាក់ទំនង​គ្នា​ប្រចាំ​ថ្ងៃ​។

លោក​បណ្ឌិត សេង ប៊ុនរិទ្ឋ ទីប្រឹក្សា​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ជា​អគ្គនាយក​ក្រុមហ៊ុន RLS International បាន​ថ្លែង​ទទួល​ស្គាល់​ថា​នៅ​តាម​បណ្តា​ទីក្រុង​របស់​ប្រទេស​កម្ពុជា ភាគច្រើន​មិន​ទាន់​គិតគូរ​ពី​ការ​បែងចែក​ប្រព័ន្ធ​ញែក​រវាង​លូទឹក​ភ្លៀង និង​លូទឹក​ស្អុយ​នៅ​ឡើយ​ទេ​ដោយសារ​កង្វះ​ខាត​ធនធាន​មនុស្ស និង​ធនធាន​ហិរញ្ញវត្ថុ ប៉ុន្តែ​ការ​រៀបចំ​ប្រព័ន្ធ​បែប​នេះ​គួរ​តែ​ធ្វើ​ឡើង​ឲ្យ​បាន​គ្រប់​ ខេត្ត-ក្រុង​ នៃ​ទីក្រុង​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ជួយ​លើក​កម្ពស់​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​។

លោក​បន្ត​ថា​ ការ​បែងចែក​រវាង​លូទឹក​ភ្លៀង និង​លូទឹក​ស្អុយ​ក៏​នឹង​ជួយ​បង្ការ​ពី​ផលប៉ះពាល់​លើ​គុណភាព​ទឹក​ក្រោម​ដី និង​ទឹក​សម្រាប់​ប្រើប្រាស់​ផង​ដែរ​។ ផ្ទុយ​ទៅ​វិញ​វា​នឹង​មាន​ហានិភ័យ​ដល់​សុខភាព​ខ្ពស់ ប្រសិន​ជា​ទឹកស្អុយ​មិន​ត្រូវ​បាន​ចម្រោះ​ព្រោះ​តាមរយៈ​ការសិក្សា​បាន​រកឃើញ​ថា​ប្រជាពលរដ្ឋ​នៅ​ក្រុង​ភ្នំពេញ​មាន​ហានិភ័យ​ខ្ពស់​ណាស់​ដល់​សុខភាព ប្រសិន​បើ​ពួកគាត់​បាន​ជីក​អណ្តូង​យក​ទឹក​មក​ប្រើប្រាស់​ព្រោះ​មាន​ពួកគាត់​មួយ​ចំនួន​ធំ​ប្រើប្រាស់​អាង​ផ្ទុក​លាមក ឬ​អាងទឹក​ក្រោម​បង្គន់​ដែល​មិន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​ដោយ​គ្រាន់តែ​ជា​អាង​ធ្វើ​តាម​ការ​នឹក​ឃើញ និង​មិន​បាន​បិទ​បាត​អាង​ដែល​បង្ក​ឲ្យ​ទឹកស្អុយ​ជ្រាបចូល​ប្រភព​ទឹក​នៅ​ខាង​ក្រោម​ដី​ដែល​ពួកគាត់​កំពុង​ប្រើប្រាស់​។

ទោះ​ជា​យ៉ាង​ណា​លោក​ឧកញ៉ា លី ហួរ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា​បាន​បដិសេធ​នឹង​ការ​លើក​ឡើង​ខាង​លើ​ដោយ​លោក​បាន​ថ្លែង​ថា បុរី​លំនៅឋាន​នៅ​កម្ពុជា​ភាគច្រើន​បាន​គិតគូរ​ពី​សុខមាលភាព​អ្នក​រស់នៅ​ក្នុង​បុរី​ខ្លាំងណាស់​ព្រោះ​ «​យើង​អភិវឌ្ឍ​ដោយ​មាន​ការ​ទទួល​ខុសត្រូវ​ផ្នែក​សង្គម​»​។

លោក​បន្ត​ថា​៖ «​នៅ​តាម​បុរី​នីមួយៗ​ជា​បុរី​មាន​ស្តង់ដារ​តែងតែ​បាន​គិតគូរ​ពី​ការ​រៀបចំ​ប្រព័ន្ធ​លូ​ឲ្យ​មាន​ភាព​ដាច់​ពី​គ្នា​រវាង​លូទឹក​ភ្លៀង និង​លូទឹក​ស្អុយ​ដើម្បី​បញ្ចៀស​ហានិភ័យ​ដល់​សុខភាព​អ្នក​រស់នៅ​»៕

Content image - Phnom Penh Post
ការ​ចំណាយ​លើ​ការ​ជួសជុល​សួនច្បារ​ពុំ​សូវ​ឆ្លើយតប​តម្រូវការ​ជាក់ស្តែង​របស់​ប្រជាជន​មាន​ប្រាក់​ចំណូល​តិច​។ ហុង មិនា

អត្ថបទគួរចាប់អារម្មណ៍