The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការរស់នៅ​តាម​ខុនដូ ​នឹង​កាន់តែ​ពេញនិយម​នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ

ការរស់នៅ​តាម​ខុនដូ ​នឹង​កាន់តែ​ពេញនិយម​នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ

Content image - Phnom Penh Post
ទិដ្ឋភាព​អគារ​ខុនដូ​ខ្ពស់ៗ​ក្នុង​រាជធានី​ភ្នំពេញ​។ ហេង ជីវ័ន

ការរស់នៅ​តាម​ខុនដូ ​នឹង​កាន់តែ​ពេញនិយម​នៅក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ

ភ្នំពេញ: ការរស់នៅ​តាម​ខុនដូ​នៅ​រាជធានី​ភ្នំពេញ​នឹង​កាន់​តែ​មាន​ភាព​ពេញនិយម​ខ្លាំង​ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ខាងមុខ​ទៀត ខណៈ​ការសាងសង់​លំនៅឋាន​បុរី​នឹង​ខិត​ទៅ​កាន់តែ​ឆ្ងាយ​ពី​ទីក្រុង​។ នេះ​បើ​តាម​នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន VTRUST APPRAISAL​។

ក្នុង​វេទិកា​ជាមួយ​អ្នក​សារព័ត៌មាន​ស្តីពី «​ស្ថានភាព​អចលនវត្ថុ​នៅ​កម្ពុជា​ក្នុងពេល​បច្ចុប្បន្ន និង​ថ្ងៃ​អនាគត​» កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន VTRUST APPRAISAL បាន​ថ្លែងថា ដោយសារ​ការសាងសង់​បុរី​នឹង​ហៀរ​ទៅ​កាន់តែ​ឆ្ងាយ​ពី​ទីក្រុង​ប្រហែល​ពី ២០ ​គីឡូម៉ែត្រ និង​រហូតដល់ ៣០ ​គីឡូម៉ែត្រ​ នៅ​ឆ្នាំ​ ២០៣០ ​នោះ វិស័យ​ខុនដូ​នឹង​មាន​ការរីកចម្រើន​។

លោក​ថ្លែងថា​៖ «​និន្នាកា​នេះ [​អាច​ធ្វើឲ្យ​] អគារ​ខ្ពស់ៗ [​ខុនដូ​] ក្នុង​ក្រុង​វា​ត្រូវប៉ាន់​វិញ​។ ពេលដែល​ផ្ទះ​សង់​ដែល​សង់​ផ្ទាល់​ដី [​ដូចជា បុរី​] កាន់តែ​ងាក​ទៅ​ឆ្ងាយ​ពី​ទីក្រុង ក្មេងៗ​ជំនាន់​ក្រោយ​គាត់​អាច​ពេញនិយម​រស់នៅ​ក្នុង​ខុនដូ ព្រោះ​ខុនដូ​អាច​សង់​ក្នុង​ក្រុង​បាន​»​។

យោងតាម​សៀវភៅ​ស្តីពី «​ភ្នំពេញ​ឆ្នាំ​ ២០៣០៖ ការព្យាករ​ចំនួន ១០ សម្រាប់​វិស័យ​អចលនវត្ថុ​» ដែល​ស្រាវជ្រាវ និង​ចងក្រង​ដោយ​ក្រុមហ៊ុន VTRUST APPRAISAL លោក សីហា បាន​ថ្លែង​ថា​ចាប់ពី​ឆ្នាំ​ ២០០០ ដល់​ឆ្នាំ​ ២០៣០ ការផ្គត់ផ្គង់​លំនៅឋាន​មាន​ចំនួន​ ៤,៥ សែន​ខ្នង ខណៈ​ការផ្គត់ផ្គង់​ខុនដូ​ជាង​ ៣ ​សែន យូនីត​នៅ​ទីក្រុង​ភ្នំពេញ​។

លោក​ថ្លែងថា​៖ «​ដោយសារ​មាន​ការហូរចូល​វិនិយោគិន​បរទេស​មក​ប្រទេស​កម្ពុជា ​ដូចជា ចិន ជប៉ុន កូរ៉េខាងត្បូង បាន​ធ្វើឲ្យ​វិស័យ​អចនលទ្រព្យ​មាន​សម្ទុះ​យ៉ាង​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​»​។

លោក​បញ្ជាក់ថា បច្ចុប្បន្ន​ខុនដូ​កំពុង​សាងសង់ និង​ស្ថិតក្នុង​គម្រោង​សាងសង់​មាន​សរុប​ជាង ៦ ​ម៉ឺន​យូនីត​ក្នុង​នោះ​ជាង ២ ​ម៉ឺន​យូនីត​បាន​សាងសង់​​រួចរាល់ ខណៈ​ការផ្គត់ផ្គង់​ខុនដូ​មាន​ ១ ​ម៉ឺន​យូនីត​ក្នុង​មួយឆ្នាំៗ​នៅ​ទីក្រុង​ភ្នំពេញ​។

លោក​បន្ថែមថា បើ​គិត​ចាប់ពី​ឆ្នាំ​ ២០០០ ដល់ ឆ្នាំ​ ២០១៩ លំនៅឋាន​ក្នុង​បុរី​មាន​ជាង ១៥ ​ម៉ឺន​ខ្នង​ ដែល​បាន​សាងសង់​រួចរាល់ និង​ជាង​ ១៥ ភាគរយ​ទៀត​កំពុង​បន្ត​ការសាងសង់​។ ចំណែក​សព្វថ្ងៃនេះ​មាន​ការផ្គត់ផ្គង់​លំនៅឋាន​ជាង​ ២ ម៉ឺន​ខ្នង​ក្នុង​មួយ​ឆ្នាំៗ​។

ថ្លែង​ក្នុង​វេទិកា​ម្សិលមិញ​នេះ​ផងដែរ​លោក ម៉ាន់ ច័ន្ទឌី អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEAA) ថ្លែងថា ក្រៅពី​ការវិនិយោគ​ក្នុង​វិស័យ​អគារ​ខុនដូ និង​លំនៅឋាន​នាពេល​បច្ចុប្បន្ន​ការវិនិយោគ​ដីឡូត៍ ក៏​មាន​ស្ថានភាព​ល្អប្រសើរ​ផងដែរ​សម្រាប់​អ្នកមាន​ចំណូល​មធ្យម និង​មាន​ចំណូ​ទាប​។

ទោះបី​យ៉ាណា​លោក​ឲ្យ​ដឹងថា មុននឹង​សម្រេច​ទិញ​ដីឡូត៍​នៅ​ទីតាំង​ណាមួយ អ្នកទិញ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា តើ​ទីតាំង​នោះ​មាន​គម្រោង​អភិវឌ្ឍន៍​ណាមួយ​ដែល​មាន​ក្នុង​ផែនការមេ​របស់​រដ្ឋាភិបាល​ដែរ​ឬ​ទេ​?

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា សន្សំ​លុយ​ទិញ​ដីឡូត៍ ល្អ​ប្រើ​ជាង​សន្សំ​លុយ​ជាមួយ​ធនាគារ​។ តែ​សូម​ឲ្យ​ពិនិត្យមើល [​ក្រុមហ៊ុន​] អចលនទ្រព្យ​ឲ្យ​ច្បាស់លាស់ សិក្សា​ពី​ប្លង់ [​គម្រោង​] ពី​អាជ្ញាប័ណ្ណ [​អាជីវកម្ម​] ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀសវាង​​កុំ​ចាញ់បោក​គេ​»​។

នៅ​ឆមាស​ទី​ ១ ​ឆ្នាំ​នេះ​ក្រសួង​រៀបចំ​ដែនដី បាន​អនុម័ត​គម្រោង​សាងសង់​ជាង ២ ០០០ គម្រោង ហើយ​ទុនវិនិយោគ​វិស័យ​សំណង់​មាន​តម្លៃ ៣ ៣៩២ ​លាន​ដុល្លារ​ កើនឡើង ៥៧,៥៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំមុន​៕ LA

អត្ថបទគួរចាប់អារម្មណ៍