The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការលក់​ខុនដូ​នៅ​បាងកក​ ស្ថិតក្នុង​អត្រា​ទាប​បំផុត

ការលក់​ខុនដូ​នៅ​បាងកក​ ស្ថិតក្នុង​អត្រា​ទាប​បំផុត

Content image - Phnom Penh Post
ទិដ្ឋភាព​សំណង់​អគារ​ខុនដូ និង​លំនៅឋាន​នៅ​ទីក្រុង​បាងកក​។ រូបថត AFP

ការលក់​ខុនដូ​នៅ​បាងកក​ ស្ថិតក្នុង​អត្រា​ទាប​បំផុត

បាងកកៈ ការលក់​សម្រាប់​ការផ្គត់ផ្គង់​ខុនដូ​ថ្មី​នៅ​ទីក្រុង​បាងកក​នៅ​ត្រីមាស​ទី​ ៤ ត្រូវ​បាន​ព្យាករ​ថា​នឹង​ធ្លាក់​ចុះមក​នៅ​ត្រឹម​កម្រិត​ទាប​បំផុត បើ​ក្រុមហ៊ុន​អភិវឌ្ឍន៍ បន្ត​ការដាក់​បញ្ចូល​ខុនដូ​ថ្មីៗ​ទៅក្នុង​ទីផ្សារ​តាម​ការគ្រោងទុក​។

លោក Phattarachai Taweewong អនុប្រធាន​នាយកដ្ឋាន​ស្រាវជ្រាវ​របស់​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​អចលនទ្រព្យ Colliers International Thailand បាន​ឲ្យ​ដឹងថា ការផ្គត់ផ្គង់​ខុនដូ​ថ្មី​ដែល​គ្រោងទុក​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​ត្រីមាស​ទី​ ៤ គឺ​ច្រើនពេក​។

លោក​ថ្លែងថា​៖ «​ទោះបី​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ជាច្រើន​បាន​កាត់បន្ថយ​ការផ្គត់ផ្គង់​ខុនដូ​ថ្មី​របស់​ពួកគេ​នៅ​ត្រីមាស​ទី​ ៤ ​ក៏​ដោយ ក៏​ការពន្យារពេល​ការផ្គត់ផ្គង់​នេះ​រហូត​ដល់​ឆ្នាំក្រោយ​នៅតែ​ច្រើនពេក​ដែរ​»​។ លោក​បន្តថា​៖ «​ពួកគេ​គួរតែ​កែតម្រូវ​បន្ថយ​ចំនួន​ថែមទៀត​»​។

ក្រុមហ៊ុន Colliers ប៉ាន់​ប្រមាណ​ចំនួន​ការផ្គត់ផ្គង់​ខុនដូ​ថ្មី​ដែល​ត្រូវ​បាន​ដាក់លក់​នៅ ទីក្រុង​បាងកក​នៅ​ត្រីមាស​ទី​ ៤ មាន​ចំនួន​ពី​ ១៥ ០០០ ដល់​ ១៧ ០០០ ​យូនីត​។

ចំនួន​នេះ​គឺជា​ការធ្វើ​បច្ចុប្បន្នភាព​ថ្មី​បំផុត បន្ទាប់ពី​ការដក​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន​ដោយ​ត្រូវ​ពន្យារពេល​ទៅ​ឆ្នាំក្រោយ​។

ទោះបី​ជា​ត្រូវ​កាត់បន្ថយ​ចំនួន​នេះ​ក៏ដោយ ក៏​ការផ្គត់ផ្គង់​ខុនដូ​ថ្មី​នៅ​ត្រីមាស​នេះ​នៅ​តែ​ខ្ពស់​ដដែល​។ គម្រោង​ជាច្រើន​ត្រូវ​បាន​ពន្យារពេល​ចាប់ពី​ឆមាស ទី​១ បន្ទាប់ពី​ការទប់ស្កាត់​ការខ្ចីប្រាក់​ថ្មីៗ​ដែល​បានចាប់ផ្ដើម​អនុវត្ត​កាលពី​ថ្ងៃទី​ ១ ​ខែ​មេសា​។

លោក Phattarachai បាន​ថ្លែងថា​៖ «​អត្រា​ការលក់​នៅ​ត្រីមាស​ទី​ ២ និង​ទី​ ៣ មាន​កម្រិត​ទាប​បំផុត​ក្នុង​ចំនួន​តិចជាង​ ៥០ ​ភាគរយ​»​។ លោក​បន្តថា​៖ «​ទំនុកចិត្ត​ខ្សោយ​នឹង​បន្ត​ទៅ​ដល់​ឆ្នាំក្រោយ ប្រសិន​បើ​មិន​មាន​ការលើក​ទឹកចិត្ត​ដើម្បី​ជំរុញ​តម្រូវការ​»​។

អត្រា​នៃ​ការផ្គត់ផ្គង់​ខុនដូ​ថ្មី​ដែល​បានដាក់​លក់​នៅ​ត្រីមាស​ទី​ ២ ​គឺ​ទាប​បំផុត​នៅ​រយៈពេល​ ២០ ​ត្រីមាស​កន្លងមក ឬ​រយៈពេល​ ៥ ​ឆ្នាំ​។ អត្រា​ទាប​បំផុត​ចុង​ក្រោយនេះ​គឺ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០១៤ ក្នុង​ចំនួន​ ៣៥ ​ភាគរយ​ដោយសារ​វិបត្តិ​នយោបាយ ប៉ុន្តែ​វា​បាន​កើនឡើង​ដល់​ ៦៤ ​ភាគរយ​នៅ​ត្រីមាស​ទី​ ២​។

លោក Phattarachai បាន​ឲ្យ​ដឹងថា តម្រូវការ​ខុនដូ​នៅ​ឆ្នាំ​នេះ​បាន​ធ្លាក់​ចុះ​ដោយសារ​តែ​ការធ្លាក់ចុះ​កំណើន​សេដ្ឋកិច្ច​តម្លៃ​ប្រាក់​បាត​កើនឡើង និង​ការកម្រិត​កម្ចី​ធៀប​នឹង​តម្លៃ (LTV)​។ លោក​បន្តថា​តួលេខ​ពេញ​មួយឆ្នាំ​នេះ​នឹង​ធ្លាក់ចុះ​ ៣០ ​ភាគរយ​ពី​ធម្មតា​ ៣៥ ០០០ ទៅ​ ៤០ ០០០ ​យូនីត​មក​នៅ​ ២៥- ០០០ ទៅ ៣០ ០០០ ​យូនីត​។

ក្នុង​ចំណោម​ចំនួន​ធម្មតា​នៃ​តម្រូវការ​ខុនដូ អ្នកទិញ​ពិត​មាន​ចំនួន​ ៦០ ​ភាគរយ ក្រុម​វិនិយោគិន​តំណាង​ ៣០​ ​ភាគរយ និង​អ្នកទិញ​បរទេស​បំពេញ​ចំនួន​ដែល​នៅសល់​។ ប៉ុន្តែ​ក្រុម​វិនិយោគិន និង​អ្នកទិញ​បរទេស​បាន​បាត់​បន្តិច​ម្ដងៗ​ពី​ទីផ្សារ​នេះ​ដោយសារ​ការទប់ស្កាត់ LTV ការធ្លាក់ចុះ​ពិភពលោក និង​ការ​កើន​ថ្លៃ​ប្រាក់​បាត​។

លោក Phattarachai ថ្លែងថា​៖ «​ក្រុមហ៊ុន​អភិវឌ្ឍន៍​មួយ​ចំនួន​មិនអាច​ពន្យារពេល​ការដាក់​លក់​បាន​ទេ ដោយសារ​តែ​ពួកគេ​បារម្ភ​ថា នេះ​នឹង​ប៉ះពាល់​ដល់​ការកំណត់​ទិសដៅ​មុន​ការលក់ និង​ផែន​ការពាណិជ្ជកម្ម​សម្រាប់​ឆ្នាំក្រោយ​»​។ លោក​បន្តថា​៖ «​ប្រសិនបើ​ក្រុមហ៊ុន​អភិវឌ្ឍន៍​មិន​កែតម្រូវ​បន្ថយ​ចំនួន​បន្ថែម​ទៀត​ទេ ស្ដុក​នឹង​កើនឡើង​ជាមិនខាន​»​។

ក្រុមហ៊ុន Colliers ឲ្យ​ដឹងថា ការផ្គត់ផ្គង់​ខុនដូ​ថ្មី​ដែល​បាន​ដាក់​លក់​នៅ​ត្រីមាស​ទី​ ៣ ​នេះ​មាន​ចំនួន​សរុប ១១ ០៥៩ យូនីត​ពី​គម្រោង​ ២៤ ដែល​មាន​តម្លៃ​សរុប ៤៦,៦៦ ​ពាន់​លាន​បាត​។ ក្នុងចំណោម​ចំនួន​នោះ ៦៦ ​ភាគរយ​បាន​មកពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​ចុះបញ្ជី​។

អត្រា​ការលក់​នៅ​ត្រីមាស​ទី​​ ៣ បាន​កើនឡើង​ដល់​ ៤៥ ​ភាគរយ​ពី​ ៤០ ​ភាគរយ​កាលពី​ត្រីមាស​ទី​ ២ ប៉ុន្តែ​វា​បាន​ធ្លាក់ចុះ​ពី​ ៦៤ ​ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ ប្រហែល​ ៦៨ ​ភាគរយ​ក្នុង​ចំណោម​យូនីត​ដែល​បាន​លក់​បាន​មកពី​ក្រុមហ៊ុន​ចុះបញ្ជី​។

ការផ្គង់ផ្គង់​ថ្មី​មាន​តម្លៃ​ចន្លោះ​ពី ១០០ ០០០ ទៅ ២០០ ០០០ ​បាត​ក្នុង​មួយ​ម៉ែត្រការ៉េ​កើនឡើង​ខ្ពស់​ដល់​ ៤៧ ​ភាគរយ​។

លោក Phattarachai បាន​ឲ្យ​ដឹងថា ការផ្គត់ផ្គង់​ខុនដូ​ថ្មី​ភាគច្រើន​បំផុត​ដែល​បាន​ដាក់​លក់​នៅ​ត្រីមាស​ទី​ ៣ មាន​ចំនួន​ច្រើន​ជាង​ ១០០០ យូនីត​ក្នុង​មួយ​គម្រោង​។ ភាគច្រើន​នៅក្នុង​ទីតាំងនៅ​ជិត​ផ្លូវ​ឆ្លងកាត់​ច្រើន​ដែល​កំពុង​សាងសង់​ដូចជា​ផ្លូវ​រថភ្លើង​ក្រោម​ដី Orange Line៕ បាងកក ប៉ុស្តិ៍/LA

អត្ថបទគួរចាប់អារម្មណ៍