ក្រុងបាងកកៈ ការស្ទង់មតិ​របស់​ក្រុមហ៊ុន​អចលនទ្រព្យ Plus Property បាន​ឲ្យ​ដឹងថា ខុនដូ​នៅ​ទីក្រុង​ហួហ៊ីន និង​ទីក្រុង​ឆាអាំ​មាន​ចក្ខុវិស័យ​ល្អប្រសើរ​ដោយ​ការលក់​ខុនដូ​ដែល​មាន​ទីតាំង​នៅ​ជិត​ឆ្នេរសមុទ្រ​កើនឡើង​ដល់ ៨១ ភាគរយ​។ នេះ​បើ​យោង​តាម​កាសែត​បាងកក​ប៉ុស្តិ៍​។

ការស្ទង់មតិ​នេះ​បាន​ឲ្យ​ដឹងថា​៖ «​ប្រហែល ៣ ៧០០ យូនីត ឬ ៧០ ​ភាគរយ [​នៃ​ខុនដូ​សម្រាប់​លក់​ក្នុង​អំឡុង​ការស្ទង់មតិ​នេះ​] គឺ​បាន​មកពី​គម្រោង​នៅ​ជិត​ឆ្នេរ​។ តំបន់​នេះ​មាន​អនុបាត​លក់​ខ្ពស់​បំផុត​ចំនួន ៨១ ​ភាគរយ​ ដោយ​តម្លៃ​ការលក់​ជា​មធ្យម​ចំនួន ៨៨ ០០០ បាត (២ ៩០៣ ដុល្លារ​) ក្នុង​ ១ ​ម៉ែត្រការ៉េ ដែល​ទាប​ជាង​ជិត ៣០ ​ភាគរយ​ ធៀប​នឹង​តម្លៃ​ជា​មធ្យម​សម្រាប់​តំបន់​មាត់សមុទ្រ​ដែល​ថ្លៃ ១២០ ០០០ បាត​ ក្នុង​ ១ ​ម៉ែត្រការ៉េ​»​។

លោកស្រី Suwannee Mahanarongchai នាយករង​ផ្នែក​គ្រប់គ្រង​យុទ្ធសាស្ដ្រ​ពាណិជ្ជកម្ម និង​ការគ្រប់គ្រង​ទ្រព្យសកម្ម​នៅ​ក្រុមហ៊ុន Plus Property បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា មាន​ខុនដូ​ប្រហែល ៥ ២០០ យូនីត​ ដាក់​លក់​នៅ​ទីក្រុង​ហួហ៊ីន​ក្នុង​អំឡុង​ពេល​ធ្វើការ​ស្ទង់​មតិ​រយៈពេល​ ៦ ​ខែ​ ដែល​បញ្ចប់​នៅ​ខែ​មិថុនា​ឆ្នាំ​នេះ​។

មាន​ការផ្គត់ផ្គង់​ខុនដូ​សរុប​ចំនួន ១១ ៧០០ យូនីត និង​មាន​អនុបាត​លក់​ចំនួន ៧៦ ភាគរយ​ សម្រាប់​ទីក្រុង​ហួហ៊ីន និង​តំបន់​ឆាអាំ​។ តម្លៃ​លក់​ជា​មធ្យម​សម្រាប់​តំបន់​ទាំងអស់​នៅក្នុង​តំបន់​នេះ​មាន​តម្លៃ ៩០ ០០០ ​បាត​ ក្នុង​ ១ ​ម៉ែត្រការ៉េ​។

ក្នុង​រយៈពេល ៣ ​ឆ្នាំ​កន្លង​មក​នេះ ខុនដូ​ប្រហែល​ពី ១ ០០០ ដល់ ២ ០០០ ​យូនីត ​នៃ​ការផ្គត់ផ្គង់​ថ្មី​បាន​ដាក់​ចូល​ទីផ្សារ​រាល់​ឆ្នាំ​។

ជាង ៥០ ​ភាគរយ​ នៃ​ការផ្គត់ផ្គង់​មាន​ទីតាំង​នៅ​តំបន់​ឆាអាំ​ជា​ទី​ដែល​គម្រោង​អចលនទ្រព្យ​ជាទូទៅ​មាន​ទីធ្លា​ធំ​ជាង​នៅ​ទីក្រុង​ហួហ៊ីន​។

ប៉ុន្តែ​អត្រា​ការលក់​នៅ​ទីក្រុង​ហួហ៊ីន​បាន​ប្រសើរ​ជាង​ការលក់​នៅ​តំបន់​ឆាអាំ ដោយសារ​តែ​ទីក្រុង​ហួហ៊ីន​បាន​បង្ហាញ​ភាពឆើតឆាយ​ដែល​រួមមាន​មន្ទីរពេទ្យ ផ្សារ​ទំនើប​ធំៗ ផ្សារ​ទំនើប​សហគមន៍ សួន​ទឹក និង​ទីវាល​លេង​កូន​ហ្គោល​។

មាន​តំបន់​ចំនួន​ ៣ នៅក្នុង​ទីក្រុង​ហួហ៊ីន ដែល​ខុនដូ​ត្រូវបាន​អភិវឌ្ឍ​រួមមាន​តំបន់​មាត់សមុទ្រ តំបន់​ជិត​តំបន់ឆ្នេរ និង​តំបន់​ជើងភ្នំ​។ តំបន់​នៅ​ជិត​ឆ្នេរ​មាន​ភាព​ពេញនិយម​ខ្លាំង​បំផុត ដោយសារ​តែ​វា​មាន​តម្លៃ​ទាប​ជាង​តំបន់​មាត់សមុទ្រ ហើយ​មាន​ទីតាំង​នៅ​ជិត​សមុទ្រ​ជាង​បើ​ធៀប​នឹង​តំបន់​ជើងភ្នំ​។

ចាប់តាំងពី​ឆ្នាំ​ ២០១៧ មក​គម្រោង​សរុប​ចំនួន ៤ ត្រូវ​បាន​ដំណើរការ​នៅក្នុង​តំបន់ឆ្នេរ​គម្រោង​ចំនួន ៣ នៅ​ក្រៅ​តំបន់​ទីប្រជុំជន​របស់​ទីក្រុង​ហួហ៊ីន និង​ជាប់​ជាមួយ​នឹង​ផ្លូវជាតិ Phetkasem​។ ទីតាំង​នេះ​មាន​ន័យ​ថា ការធ្វើ​ដំណើរ​អាច​មាន​ភាពងាយស្រួល ហើយ​អ្នកស្នាក់​នៅ​អាច​ធ្វើ​ដំណើរ​ងាយស្រួល​ទៅ​តំបន់ឆ្នេរ ផ្សារទំនើប និង​មន្ទីរពេទ្យ ខណៈ​ដែល​តម្លៃ​ទាប​ជាង​តំបន់ឆ្នេរ​។

កតា្ត​វិជ្ជមាន​មួយ​ដែល​រួមចំណែក​ដល់​ចំណាប់អារម្មណ៍​ប្រកប​ដោយ​ស្ថិរភាព​សម្រាប់​ខុនដូ​នៅ​ទីក្រុង​ហួហ៊ីន​គឺថា​តំបន់​នេះ​នៅតែ​ជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​កម្សាន្ត​ដ៏ពេញនិយម​បំផុត​សម្រាប់​ភ្ញៀវទេសចរ​មកពី​ទីក្រុង​បាងកក​។ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​មុន​កន្លងមក​នេះ ​ចំនួន​ភ្ញៀវទេសចរ​ថៃ និង​បរទេស​ទៅ​ទីក្រុង​ហួហ៊ីន​បាន​កើនឡើង ៦ ​ភាគរយ​ ក្នុង ១ ​ឆ្នាំ​។

យោងតាម​កាសែត​បាងកក​ប៉ុស្តិ៍​ការមកដល់​ភ្ញៀវទេសចរ​ទៅ​ទីក្រុង​ហួហ៊ីន ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង​ដោយសារ​តែ​ការអភិវឌ្ឍ​ផ្លូវដែក​ល្បឿន​លឿន និង​ការពង្រីក​ព្រលានយន្តហោះ​។ ខណៈ​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​កាន់តែ​ច្រើន​ដំណើរការ​ជើងហោះហើរ​ត្រង់​ជា​លក្ខណៈ​អន្តរជាតិ​ទៅ​ទីក្រុង​ហួហ៊ីន ការណ៍​នេះ​ត្រូវបាន​រំពឹងថា​នឹង​រួមចំណែក​ដល់​ការមកដល់​ភ្ញៀវទេសចរ​បរទេស​បន្ថែម​ទៀត​។

អ្នកស្រី Suwannee បាន​ថ្លែងថា​៖ «​ទីក្រុង​ហួហ៊ីន មាន​ចក្ខុវិស័យ​កំណើន​នៅពេល​អនាគត ដោយសារ​ផែនការ​របស់​រដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ការតភ្ជាប់​ផ្លូវដែក​ល្បឿន​លឿន​សម្រាប់​ភាគខាងត្បូង​។ ខ្សែ​ផ្លូវដែក​ល្បឿន​លឿន​ដែល​ឆ្លងកាត់​តាម​ទីក្រុង​ហួហ៊ីន គឺជា​ដំណាក់កាល​ដំបូង​នៃ​ផែនការ​នេះ​»​។

ដំណាក់កាល​ទី​ ១ រួមបញ្ចូល​ទៅក្នុង​របៀបវារៈ​អភិវឌ្ឍន៍​រយៈពេល​មធ្យម​របស់​រដ្ឋាភិបាល​ដោយ​សេវា​គ្រោង​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​ ២០១៧​។

នៅពេល​ដំណើរការ​សេវា​នេះ ការជិះរថភ្លើង​ទៅកាន់​ទីក្រុង​ហួហ៊ីន​នឹង​ចំណាយពេល​តិច​ជាង​កាក់​កណ្តាល​នៃ​ការចំណាយ​ពេលបច្ចុប្បន្ន​តាមរយៈ​រថយន្ត​៕ LA